«ឱស្ត្រីដ៏ស្អាតអើយ! នគរនេះតាមពិតដើមឡើយ សោយរាជ្យដោយព្រះបិតាយើង! ពេលនេះទ្រង់កំពុងសម្រាកជាថ្ម!»
ខ្ញុំសួរវិញទាំងទទួលអារម្មណ៍ពីរឿងអកុសលនេះ ទុកដូចជារឿងរបស់ខ្លួនឯងពិតៗ៖
«ហេតុអី? តើមេធ្មប់ណាដែលមានមន្តអាគមកំណាច រហូតដល់ជប់ព្រះជាយា និងព្រះរាជារហូតក្លាយទៅជាដុំសិលា?!»
«នាងអើយ! គឺនគរទាំងមូលតែម្ដងដែលបានក្លាយទៅជាថ្ម!»
ឃើញខ្ញុំលែងហូបចុក ព្រោះពិបាកចិត្ត ទ្រង់បានរៀបរាប់ឱ្យដឹងថា៖
«ដើមឡើយ ប្រជារាស្ត្រទូទាំងនគរនេះបានគោរពសាសនាផ្សេង ដែលបូជាព្រះអគ្គីជាគោល! ពេលយើងមានព្រះជន្ម៧វស្សា ព្រះរាជបិតាបានស្វះស្វែងរកគ្រូនានាមកបង្រៀនគម្ពីរធម៌ និងសាសនានេះដល់យើង! កាលណោះមានយាយចាស់ម្នាក់ដែលបានចូលសាលាជំនុំ ហើយបង្ហាញពីតម្រិះជ្រាលជ្រៅ ធ្វើឱ្យព្រះបិតានិងមាតាសព្វព្រះទ័យ ប្រគល់ការសិក្សារបស់យើងទៅឱ្យលោកយាយនោះ! ដោយលួចលាក់ លោកយាយនោះតែងតែបង្រៀនយើងពីគម្ពីរកូរ៉ាន់របស់ឥស្លាម ដែលផ្ទុយស្រលះនឹងសាសនាគោលរបស់នគរ!
ពេលដែលយើងរៀនចេះសព្វក៏ដល់ពេលដែលត្រូវអភិសេកមហេសី! លោកយាយបានស្លាប់ទៅ ទុកនូវគម្ពីរកូរ៉ាន់ចងដៃយើងជាសម្ងាត់! ប៉ុន្តែយប់ដ៏អាស្រូវមួយពិតជាបានកើតមានឡើងដល់នគររបស់យើង! អារក្សកំណាចមួយដែលបានឆ្លងកាត់ទីនេះ បានចុះមកដាក់បណ្ដាសាឱ្យរបស់មានជីវិតទូទាំងនគរក្លាយទៅជាថ្ម លែងកម្រើកក្នុងពេលត្រឹមតែបីថ្ងៃ ទោះបីជារាស្ត្រខំប្រឹងបូជាភ្លើងយ៉ាងណា នៅតែមិនអាចបន្សាបមន្តអាគមខ្មៅបាន លើកលែងតែយើងម្នាក់ដែលអាចសូត្រតាមគម្ពីរធម៌ឥស្លាមគេចបានពីគ្រោះនោះជារៀងរហូតមក!»
ខ្ញុំទូលសួរទ្រង់ឡើងថា៖
«ព្រះរាជបុត្រានឹងនៅទីនេះលុះក្ស័យព្រះជន្មឬយ៉ាងណា?!»
ព្រះអង្គបែរជាសួរមកខ្ញុំវិញ ដោយសេចក្ដីស្នេហាពេញក្នុងដួងកែវនេត្រា៖
«យើងចង់ឱ្យនាងព្រមនៅទីនេះ ទទួលយល់ព្រមតាមឧបនិស្ស័យរបស់យើង!»
ដោយឃើញព្រះរាជបុត្រនេះពិតជាឆ្លងកាត់សេចក្ដីកំព្រារងាឯកា គួរឱ្យអាណិតជាងខ្ញុំទៅទៀត ទើបខ្ញុំដាច់ចិត្តវាចាតបវិញ៖
«ខ្ញុំម្ចាស់យល់ព្រម លុះត្រាតែព្រះរាជបុត្រស្របតាមលក្ខខណ្ឌថា នឹងយាងទៅកម្សាន្តនៅក្រុងបាដាដបានម្ដង! ស្គាល់ញាតិមិត្តគ្រួសារខ្ញុំម្ចាស់! ចំណែកខ្ញុំម្ចាស់ក៏ត្រូវរៀបទុកដាក់របរជំនួញផ្ដាំផ្ញើនឹងបងស្រីឱ្យស្រេចបាច់ផងដែរ!»
ព្រះអង្គនៅតែមានចិត្តរារែកក្នុងការចាកចេញឆ្ងាយពីព្រះរាជនគរកម្សត់នេះ។ ចុងក្រោយ ខ្ញុំបាននិយាយអង្វរពេញមួយរាត្រី ហើយព្រមដោះស្បៃឱ្យទ្រង់ឃើញភាពស្មោះត្រង់លើផ្ទៃមុខ ទើបព្រះរាជបុត្រាសម្រេចចិត្តព្រមយាងមកនគរខ្ញុំ។ មុនពេលចេញវិលទៅកាន់កំពង់ផែ ព្រះរាជបុត្របានចូលទៅកាន់រាជឃ្លាំងខ្ចប់នូវរាជទ្រព្យមួយចំនួនធំមកតាមខ្លួន។
មកដល់សំពៅ បងស្រីរបស់ខ្ញុំទាំងពីរហាក់ភ័ន្តភាំងទៅហើយ នឹងសម្រស់ដ៏ថ្លៃថ្នូររបស់ទ្រង់។ យប់នោះ អ្នកទាំងពីរត្រូវបានទ្រង់ប្រទានអលង្ការកំពូលរតនវត្ថុលើលោកជាទីគាប់ចិត្តទៀត។ ខ្ញុំយល់ថា ប៉ុណ្ណេះពួកគាត់នឹងសោយសុខជារៀងរហូតទៅហើយ ប៉ុន្តែតាមពិត អ្វីដែលធ្វើឱ្យពួកគាត់បាយមិននឹក ទឹកមិនស្រេក គឺច្រណែននឹងភ័ព្វវាសនាប្អូនខ្លួនឯង។
ពេញមួយរាត្រី ពួកគេបានតាមដេញសួរមូលហេតុដែលបណ្ដាលឱ្យខ្ញុំមានភ័ព្វវាសនា រកជួបរាជបុត្រាសង្ហារគួរឱ្យបេតីនេះ។ ដោយខ្ញុំមិនដឹងចិត្តដ៏មានពិសពុលរបស់បងៗ ក៏និយាយគ្រប់សព្វបែបយ៉ាងប្រាប់ទៅពួកគេ នាំឱ្យពួកគេលង់ចិត្តរឹតតែជ្រៅ។
រាល់ពេលយប់ឡើង ទ្រង់តែងនៅតែក្បែរៗខ្ញុំ ហើយបបួលសាសងមិនចេះហត់នឿយ ព្រោះថាជាយូរមកហើយ ទ្រង់គ្មានគូសន្ទនាផង កុំថាឡើយដល់អ្នកដែលអាចចែករំលែកជីវិតជាមួយគ្នា។
យើងមិនបានដឹងទេថា សុភមង្គលនេះបានក្លាយជារឿងដ៏ឈឺចាប់របស់បងស្រីទាំងដែលគ្មានគូ។ ពួកគេចាប់ចិត្តគិតច្រណែនខ្ញុំតាំងពីថ្ងៃដំបូង រហូតដល់សំពៅយើងធ្វើដំណើរបានជាច្រើនថ្ងៃដោយមានព្រះអង្គម្ចាស់ស្រស់សង្ហាមកជាមួយ។
«ឱប្អូនអើយ! ជីវិតពួកយើងទាំងបីមាននិស្ស័យជាបងប្អូនរហូតមកហើយ! ពេលនេះបងៗក្លាយជាស្រីមេម៉ាយរស់គ្មានវណ្ណៈ ម្ដេចនាងនេះមិនសុំរាជបុត្រឱ្យតម្កើងយកបងខ្លួនទាំងពីរឱ្យក្លាយជាភរិយាទីពីរនិងទីបីផងដែរទៅ កុំឱ្យនៅជាមេម៉ាយយ៉ាងអភ័ព្វដូច្នេះ?»
ចាប់ពីពេលនោះ ទ្រង់មិនដែលស្ដីរកបងៗទាំងពីរទេ ហើយតែងតែទូន្មានខ្ញុំថា ឱ្យប្រយ័ត្ននារីទាំងពីរដែលមានចិត្តពេញដោយតណ្ហាលោកិយ។ ខ្ញុំមានភាពសោមនស្សនឹងជីវិតខ្លួនឯងពេក ក៏ភ្លេចគិតពីទំហំនៃចិត្តច្រណែនឈឺផ្សាដែលអាចបង្កទៅជាគ្រោះថ្នាក់បាន។
ទីបំផុត ចិត្តព្យាបាទនិងការលោភលន់ ពិតជាបានជំរុញឱ្យពួកគេរៀបចំផែនការធ្វើបាបខ្ញុំ។
យប់ឡើងយើងបានឃើញបាដាដពីចម្ងាយដោយភ្លើងគប់។ មិននឹកស្មានថា ពេលខ្ញុំនិងរាជបុត្រកំពុងលង់លក់ បងស្រីទាំង២បានចូលដៃគ្នាលើកពីរនាក់ខ្ញុំបោះចូលទៅក្នុងសមុទ្រ ឱ្យស្លាប់លែងទើសមុខពួកគេ។
រាជបុត្រមិនចេះហែលទឹកក៏លង់សុគត ចំណែកខ្ញុំម្ចាស់វិញភ្ញាក់ដឹងខ្លួនវិញនៅអណ្ដែតកណ្ដាលសមុទ្រ ទម្រាំឃើញពួកអ្នកសំពៅមួយអណ្ដែតមកដល់ជួយសង្គ្រោះ ដោយបោះក្ដារឱ្យតោង បានតោងអណ្ដែតមកទើរនឹងកោះមិនដែលស្គាល់មួយ។
កំពុងតែបេះផ្លែឈើ ស្រាប់តែពស់ធំមួយប៉ុនដើមត្នោតបង្ហាញខ្លួន វារយ៉ាងលឿនហុយដីគេចចេញពីគ្រុឌយក្ខមួយនៅនឹងមុខខ្ញុំ។
វាជាពស់យក្ខពិតមែន តែវាចេះស្រក់ទឹកភ្នែក ធ្វើឱ្យខ្ញុំលែងខ្លាច ទៅជាកើតចិត្តអាណិត។ ទ្រាំមិនបានក៏រំពៃរកបានដុំថ្មភ្នំមួយដុំប៉ុនៗបាតដៃ គប់គ្រុឌនោះហើយគប់ទៀត មិនឈប់រហូតដល់ស្លាប់។
ខ្ញុំភ័យពេកក៏សន្លប់ខ្លួនឯងទៅ។
ពេលដឹងខ្លួនមកវិញមិនឃើញខ្លួនឯងធ្លាក់អនាថានៅលើកោះទៀតឯណា បែរជានៅដេកក្នុងផ្ទះមានទាសកររោមបម្រើគក់ច្របាច់ជុំជិត។
«នារីដ៏ស្អាតនេះ តើយើងធ្លាប់ទិញនាងមកពីពេលណា?»
ទាសីនោះប្រាប់វិញថា៖
«នាងម្ចាស់អើយ! ខ្ញុំគឺជាសត្វពស់អារក្សស្រីដែលត្រូវបានអ្នកជួយសង្គ្រោះ ហើយគ្រុឌកំណាចនោះជាអារក្សប្រុសដែលតែងតែដេញប្រចឹកធ្វើបាបខ្ញុំយកជីវិត! ឥឡូវអ្នកមកទាន់ ហើយជួយសង្គ្រោះខ្ញុំ! ដើម្បីសងគុណអ្នក ខ្ញុំបានហោះទៅរកមើលកញ្ចក់អតីតកាលពីរឿងរបស់អ្នក! ខ្ញុំបានជប់បងស្រីកំណាចទាំងពីររបស់អ្នក ពេលដែលពួកគេកំពុងអរសប្បាយនៅផ្ទះ ព្រោះបានទ្រព្យ! ឥឡូវគេក្លាយជាឆ្កែញីពីរនេះ ហើយបានដាក់បណ្ដាសាមិនឱ្យក្លាយមកជាមនុស្សជារៀងរហូត!»
ខ្ញុំនិយាយទៅកាន់អារក្សពស់នោះថា៖
«តោងនាងហោះត្រលប់ទៅរកសេរីភាពក្នុងជីវិតនាងដូចដើមវិញចុះ!»
អារក្សពស់អរណាស់ ក៏ថើបបាតជើង ហើយលាខ្ញុំចេញទៅ។
ចាប់ពីពេលនោះមក ខ្ញុំក៏បានរស់សុខសាន្តជាមួយឆ្កែទាំងពីរនេះរហូតរៀងមក។»
………………………..
អារក្សស្ដាប់ហាក់ចាប់អារម្មណ៍ស្ងើចសរសើរយ៉ាងខ្លាំង។ គេងាកទៅសួរសត្វឆ្កែទាំងពីរថា ពិតឬមិនពិត?
លុះដល់ឆ្កែងក់ក្បាលយល់ស្រប អារក្សបានឆ្លើយឡើងថា៖
«ល្អណាស់! ពិតជារឿងដ៏ចម្លែកមិនដែលឮ! យើងព្រមគោរពសន្យា ឱ្យឈាមអ្នកជំនួញនេះ១ភាគ៣ទៀតទៅឱ្យនាង!»
«លោកក៏នឹងចង់បានឈាមអ្នកជំនួញ ដែលនៅសល់១ភាគ៣ចុងក្រោយនេះដែរឬ?»
ម្ចាស់លាងក់ក្បាល ហើយនិយាយតប៖
«ត្រូវណាស់! លោកស្ដាប់សិនទៅថា តើខ្ញុំនេះអាចយកឈាមនោះបានដែរទេ?! សត្វលានេះតាមពិតគឺជាភរិយារបស់ខ្ញុំ!»
អារក្សសួរវិញទាំងឆ្ងល់៖
«ហេតុអ្វី? តើនាងប្រព្រឹត្តអ្វីខុស ដូចឆ្កែនិងក្ដាន់ដែរ?»
………………………….
ពេលនាងឃើញខ្ញុំ នាងបានក្រោកឡើងមក ហើយប្រញាប់ប្រញាល់ដើរមកទល់មុខខ្ញុំ!
មុនពេលខ្ញុំយារដាវកាត់ផ្ដាច់រាងកាយអាក្រាតរបស់ស្រីព្រាយនេះ វាហាមាត់ខ្សឹបខ្សៀវសូត្រគាថាខ្លាំងៗថា៖
«អាប្ដីមិនល្អ ឯងគួរតែមានរូបរាងជាសត្វឆ្កែប្រសើរជាងមកឈរស្រេកឃ្លាននៅក្នុងបន្ទប់ឋានសួគ៌នេះ!»
ខ្ញុំទើបតែដឹងពេលនោះថា នាងចេះវិជ្ជានេះ តែហួសពេលហើយ ព្រោះភ្លាមៗនោះ ខ្ញុំបានក្លាយទៅជាសត្វឆ្កែមួយយ៉ាងបន្ទាន់!
នាងបានដាក់ខ្ញុំចងជាប់សសរ ហើយបន្តស្នេហាថ្នាក់ថ្នមប្រុសស្នេហ៍នោះមិនចេះហត់ រហូតដល់ភ្លឺទើបផ្ងារដេកអាសអាភាសលក់ស្កប់ស្កល់ ទុកឱ្យអាទាសករក្រោកមកធាក់ដេញខ្ញុំចេញពីផ្ទះយ៉ាងឈឺចាប់!
«អាឆ្កែឯងទៅឱ្យផុតទៅ បើមិនចង់ឱ្យអញកាប់ឯងព្យួរ!»
ខ្ញុំបានរត់តាមរយៈទ្វារក្រោយយ៉ាងរហ័ស រហូតដល់មុខផ្ទះអ្នកលក់ធញ្ញជាតិម្នាក់ ខ្ញុំចាប់ផ្ដើមអង្គុយពួនក្បែរបាវធំៗ ហើយស្រែកយំ! នៅពេលដែលម្ចាស់តូបចេញមកឃើញខ្ញុំ គាត់បានចាប់អារម្មណ៍ ហើយបីខ្ញុំ នាំខ្ញុំចូលទៅក្នុងផ្ទះទុកជាសត្វចិញ្ចឹម!
ខ្ញុំរស់នៅក្នុងស្ថានភាពជាសត្វមិនអាចនិយាយបាន និងត្រូវស៊ីឆ្អឹងឆ្អែងបន្តជីវិត រហូតដល់ពេលមួយ គាត់បាននាំខ្ញុំទៅជប់លៀងនៅផ្ទះមន្ត្រីធំឯទីក្រុង!
ខ្ញុំនៅអង្គុយក្បែរជើងគាត់ ប៉ុន្តែមន្ត្រីទាំងអស់សុទ្ធតែជាមនុស្សដែលខ្ញុំស្គាល់!
នៅពេលកូនស្រីរបស់មន្ត្រីធំបានលើកភេសជ្ជៈចេញមក នាងបានក្រឡេកមកមើលខ្ញុំដោយភាំង! ចុងក្រោយ នាងដើរមកក្បែរ ហើយសួរខ្ញុំតិចៗថា៖
«អ្នកជាមនុស្សពិតមែនទេ?!»
«កូនស្រីកល្យាណរបស់យើង! នាងចង់ប្រាប់ភ្ញៀវពុកថា នាងចេះភាសាសត្វឬអ្វី?»
នាងប្រកែកវិញភ្លាមថា៖
«ឪពុករបស់ខ្ញុំ! នេះជាបុរសម្នាក់ត្រូវអំពើគេ! តោងតែពុកអនុញ្ញាតដើម្បីឱ្យខ្ញុំបានជួយប្រោសជីវិតគេ!»
ឪពុករបស់នាងបានសួរទៀតថា៖
«បុរសម្នាក់ក្នុងខ្លួនឆ្កែនេះទៅវិញ?»
នាងឆ្លើយថា៖
«ឆ្កែនេះហើយ! តាមពិតជាបុរសល្អម្នាក់ដែលជាជំនិតរបស់ព្រះអង្គ! ខ្ញុំអាចដោះលែងគាត់ពីអំពើធ្មប់ពុកជឿទេ?!»
«ដើម្បីព្រះអាឡោះ! ចូរកូនស្រីលែងគាត់ទៅ តែត្រូវធ្វើក្នុងទីស្ងាត់ កុំឱ្យគាត់ខ្មាសគេ!»
ដូច្នេះនាងបានបណ្ដើរយកសត្វឆ្កែទៅក្នុងបន្ទប់ ហើយសូត្រទឹកមួយផ្តិលពេញមកចាក់ស្រោចពីលើដោយនិយាយពាក្យដដែលៗថា៖
«បើអ្នកឯងពិតជាមិនមានកម្មពៀរព្យាបាទអ្នកណា ចូរចេញពីសំណុំ ហើយវិលត្រឡប់ទៅរូបរាងធម្មជាតិរបស់អ្នកវិញ!»
ហើយខ្ញុំនិយាយឡើងថា៖
«ប្អូនស្រីដ៏ល្អអើយ! ខ្ញុំមានបំណងចង់ឱ្យអ្នកផ្លាស់ប្ដូរការរស់នៅ ទៅជាភរិយារបស់ខ្ញុំ ព្រោះអ្នកមានចិត្តល្អនឹងខ្ញុំ អាចរំពឹងទុកចិត្តបាន!»
ខ្ញុំបាននាំនាងមកផ្ទះតាមទ្វារមុខ។
ពួកទាសកររត់មកទទួលម្ចាស់ គ្មានអ្នកណាដឹងថា ខ្ញុំបានមកម្ដងហើយ ដោយត្រូវគេបណ្ដេញចេញក្នុងភាពជាសត្វឆ្កែនោះទេ។
ពួកគេប្រាកដជាងឿងឆ្ងល់ណាស់ ថាហេតុអ្វីខ្ញុំមកផ្ទះ បែរជាតែងតាំងប្រពន្ធថ្មី?
ពេលនោះនាងប្រពន្ធដើមរបស់ខ្ញុំបានដើរចេញមកដល់។
វាពាក់ស្បៃមុខធ្វើរម្យទមបំបាត់សារជាតិកាមគុណរបស់វា។
ខ្ញុំរំពៃរកមើលអាស្បែកខ្មៅ តែមិនបានឃើញវាឡើយ។
«អាចោរទាសករល្មោភកាមម្នាក់នោះ ពួកឯងចាប់វាមកឱ្យខ្ញុំវាយនឹងខ្សែតីទៅ!»
ពេលពួកទាសករធ្វើតាមបញ្ជាខ្ញុំ។ នាងប្រពន្ធទុរយសធ្វើជាយំយែកស្រែកទួញឡើងថា៖
«ព្រះអាឡោះអើយ! តាមពិតប្ដីដែលខ្ញុំខំរង់ចាំ បាននាំស្រីធ្មប់ម្នាក់មកផ្ទះទៅវិញ!»
នាងបានស្រែកដដែលៗនេះខ្លាំងៗ ធ្វើឱ្យម្ដាយខ្ញុំដែលបានឮហើយខឹងក្រោធជាខ្លាំង។
ទោះបីជាគាត់ជរាអស់កម្លាំងមិនអាចក្រោកពីគ្រែបាន តែពេលនេះគាត់ឱ្យបម្រើសែងចេញមក។
នៅកណ្ដាលផ្ទះ គាត់បានចង្អុលប្រពន្ធថ្មីខ្ញុំថា៖
«តើឯងជាធ្មប់មែនទេ?»
នាងឈ្ងោកមុខ ហើយឆ្លើយថា៖
«ភរិយាដើមនោះទេដែលជាមនុស្សផិតក្បត់! ខ្ញុំនឹងឱ្យគេចេញពីទីនេះ ទើបប្ដីខ្ញុំអាចបានសុខ!»
គាត់ឮហើយខឹងជាខ្លាំង ក៏ស្រែកឱ្យទាសករបណ្ដេញនាងចេញ តែខ្ញុំបានចេញមុខការពារនាងយ៉ាងដាច់អហង្ការ ថាបើអ្នកណាមកប៉ះពាល់បណ្ដេញភរិយាថ្មីនេះនឹងត្រូវ៥០០រំពាត់។
«អំពើផិតក្បត់នៅលើលោកនេះពិតជាខ្លាំងក្លាមែន! ដូច្នេះហើយកូនស្រីសុខចិត្តចុះទៅជ្រមុជនឹងទន្លេឱ្យស្លាប់ទៅចុះ ព្រោះប្ដីត្រូវមន្តអាគមស្រីធ្មប់ ឈប់មានចិត្តអាណិតស្រលាញ់លើភរិយា!»
នាងនោះនិយាយហើយរត់គេចចេញទៅបាត់ ធ្វើឱ្យម្ដាយខ្ញុំក្រោធក្រៃលែង ស្រែកយំដាក់បណ្ដាសាខ្ញុំ៖
«ឱព្រះអាឡោះអើយ! កូនប្រុសខ្ញុំនេះហើយ ជាប្ដីមិនធ្វើតាមគម្ពីរ! សូមឱ្យវាទាំងពីរនេះក្លាយជាស្មូម បើកូនប្រសាធំខ្ញុំមិនឃើញមកវិញ!»
«បណ្ដាសានេះអាចក្លាយជាមហិទ្ធិឫទ្ធិ លុះត្រាតែប្ដីខ្ញុំនេះបានធ្វើខុស! ពុំនោះទេ គាត់នឹងត្រូវរស់ក្នុងសភាពជាសេដ្ឋីរហូតទៅ!»
ម្ដាយខ្ញុំមិនព្រមមើលមុខប្រពន្ធក្រោយរបស់ខ្ញុំឡើយ។ មុនពេលគាត់ឱបទុក្ខព្រួយចូលទៅក្នុងបន្ទប់ គាត់បាននិយាយថា បើខ្ញុំចង់ការប្រពន្ធប៉ុន្មានក្ដី គាត់ជាម្ដាយក្មេកមិនព្រមនិយាយរកឡើយ គឺគាត់ទទួលស្គាល់ជាមួយតែប្រពន្ធដើមម្នាក់នេះដាច់ខាត លុះណាខ្ញុំព្រមតាមរក ហើយរួមរស់ជាមួយវានោះវិញដូចមុន ទើបគាត់ទទួលប្រពន្ធបីទៀត។
«ពេលនាងនោះចង់ធ្វើអ្វីប្ដីប្រពន្ធយើង វានឹងមិនបានសម្រេចដាច់ខាត!»
ពួកយើងបានដេកលក់ដោយសុភមង្គល។
ច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំមិនដែលបាននឹកនាអ្វីទៅដល់ប្រពន្ធកំណាចនោះទៀតឡើយ តែខែរងាមួយនាងបានវិលមកផ្ទះជាមួយនឹងរូបរាងជាស្មូម។
ពេលបម្រើបើកទ្វារ នាងបានរត់ចូលមកសំពះ និងថើបជើងប្ដីប្រពន្ធខ្ញុំសុំទោសគ្រប់យ៉ាង ហើយសុំធ្វើជាអ្នកបម្រើម្ដាយខ្ញុំមុនពេលគាត់ស្លាប់។
ដោយឃើញនាងបាត់ប្រាសចាករូបសម្រស់អស់ហើយ ខ្ញុំមិនគិតថានាងនឹងមិនមានតណ្ហាដូចមុនទៀត ក៏បានយល់ព្រម។
យប់ឡើងខ្ញុំបាននិយាយនឹងភរិយាខ្ញុំថា៖
«តើនាងខឹងបងទេ ដែលបានយកស្រីស្មូមនោះចូលផ្ទះ?!»
ប្រពន្ធខ្ញុំឆ្លើយវិញថា៖
«តើខឹងធ្វើអ្វីទៅ? ស្រីនោះគង់តែស្លាប់ទៅតាមអំពើអាក្រក់របស់ខ្លួនឯង!»
ខ្ញុំខ្ជិលយកពាក្យនេះទៅពិចារណាច្រើនក៏ដេកលង់លក់។
ព្រឹកក្រោយមកទៀត ប្រពន្ធខ្ញុំបានសុំខ្ញុំទៅលេងសាច់ញាតិនាងដែលមានជំងឺ។ ខ្ញុំបានឱ្យទាសករជាច្រើនអមដំណើរនាងទៅ ព្រោះគិតថានាងមានវិជ្ជាល្មមអាចការពារខ្លួនបាន ហើយលើទ្រូងរបស់ខ្ញុំក៏មានអក្សរដៅបីតួផង។
នាងដាស់ខ្ញុំ ហើយស្រែកឡើងថា៖
«ដល់ពេលរបស់អាឯងហើយ»
ខ្ញុំសួរនាងវិញថា៖
«នាងមិនទាន់បានដឹងកំហុសទេ?»
នាងបានតវ៉ាថា៖
«ផ្ទះនេះជារបស់អញ ឯងត្រូវតែចេញ!»
«នាងធ្វើខុសជាច្រើនលើក យើងមិនទាន់រករឿងពុកម្ដាយនាងផង យើងគួរតែឱ្យសាច់ញាតិគ្រួសារនាងដឹងទាំងអស់គ្នាថា នាងគឺជាប្រភេទមនុស្សមានតណ្ហាខ្ពស់ដូចសត្វកម្រោល!»
នាងបានសូត្រមន្តអាគម ហើយស្រែកថា៖
«ដូច្នេះហើយ មនុស្សដូចឯងមានន័យអ្វីឱ្យលើស តែពីសត្វលាមួយក្បាលទៅ? ឯងមិនចេះបម្រើស្រីហើយមិនឱ្យទាសករមកបម្រើយើង? ចូរឯងក្លាយខ្លួនមកជាសត្វលា-គមួយក្បាលជារៀងរហូត គ្មានអ្នកណាដោះលែងបាន!»
សម្ដីនាង គឺមានន័យយ៉ាងកំណាចថា បើទោះបីជាប្រពន្ធខ្ញុំវិលមកវិញក៏មិនមែនអាចជួយខ្ញុំបានទៀតនោះឡើយ។
ខ្ញុំភាវនាដល់ព្រះអាឡោះទាំងទឹកភ្នែក ដែលខ្លួនឯងចិត្តបានពេក សុខចិត្តយកនាងធ្មប់មកនៅក្រោមបាតជើងសាជាថ្មី និងក្លាយជាសត្វជារៀងរហូត។
ពេលនាងដួលចុះ ខ្ញុំឃើញប្រពន្ធខ្ញុំមកដល់ ហើយនៅពីក្រោយស្រីស្មូមនេះ។
គឺប្រពន្ធខ្ញុំដែលបានសង្ស័យ និងតាមដានស្រីនេះជានិច្ច។ តាមពិតវាមិនបានលះបង់ចិត្តព្យាបាទខ្ញុំពិតមែន។
«ស្រីស្មូមនេះបានចិញ្ចឹមអាទាសករស្បែកខ្មៅនៅក្រៅក្រុង ជាអ្នកបំប៉នតណ្ហា! រាល់យប់តែងតែលួចយកចំណីចេញទៅឱ្យវានោះឆីចម្អែត ហើយសប្បាយជាមួយគ្នា!»
ខ្ញុំសួរវិញទាំងមិនអស់ចិត្តថា៖
«ប៉ុន្តែអូនអើយ! នាងជាកូនស្រីមន្ត្រីត្រឹមត្រូវមានកេរ្តិ៍ឈ្មោះម្នាក់នៅនគររាគា មុនពេលបងបានទៅដណ្ដឹងនាងមករៀបការ នាងមានគ្រួសារត្រឹមត្រូវ តើហេតុអ្វីបានជាក្លាយមករបៀបនេះ?»
ប្រពន្ធខ្ញុំបានប្រាប់វិញថា ៖
«ប្ដីអើយ! អ្នកមើលឱ្យច្បាស់ទៅ! ភរិយាដែលអ្នកទៅដណ្ដឹងតាមពិតបានស្លាប់តាមផ្លូវដ៏ឆ្ងាយនោះដោយជំងឺ! ចំណែកនារីនេះជាស្មូមចេះមន្តអាគម និងមានជំងឺតណ្ហាព្យាបាលមិនជា! គេបានក្លាយមកជាជំទាវនៅតែមិនលះបង់ចិត្តត្រេកត្រអាល តែងប្រើពួកអ្នកបម្រើប្រុសៗជារឿយៗ! បើអ្នកណាមិនព្រមតាមវា គឺនឹងត្រូវជប់ឱ្យទៅជាសត្វ ហើយសម្លាប់បង់! តាមពិតប្រពន្ធមិនបានធ្វើដំណើរទៅណាទេ គឺធ្វើវិធីនេះដើម្បីឆាប់បានកម្ចាត់វា!»
ថ្ងៃនោះដែរ ខ្ញុំបានចេញទៅក្រៅក្រុងរកឃើញខ្ទមស្មូមនោះ ហើយអាប្រុសរបស់វាកំពុងដេករង់ចាំចំណី។
ខ្ញុំបានកាប់វាប្រល័យ ហើយត្រឡប់មកផ្ទះវិញ ប្រាប់រឿងគ្រប់យ៉ាងដល់ម្ដាយខ្ញុំ។ គ្រួសារខ្ញុំតែងតែរួមរស់សុខសាន្តដូច្នេះរហូត ដល់ថ្ងៃនេះឯង ប្រពន្ធខ្ញុំបានក្រោកពីគេង ហើយប្រាប់ថា មានអ្នកជំនួញកម្សត់ម្នាក់ជាប់សន្យាស្លាប់នៅដីអារក្សដែលត្រូវការឱ្យខ្ញុំនាំសត្វលានេះមកជួយជីវិតរបស់គេ ហើយនាងបង្ហាញផ្លូវឱ្យខ្ញុំបានមកដល់ទីនេះតែម្ដង!»
……………………………….
អារក្សបានបែរឆ្ពោះទៅរកសត្វលា ហើយសួរថា៖
«តើការនិទាននេះជាការពិតទេ?»
អារក្សបានកក្រើកអារម្មណ៍រីករាយ ហើយស្រែកឡើងថា៖
«ឱលោកអើយ! ក្នុងលោកនេះពិតជាមានរឿងចម្លែកៗជាងករណីបាត់បង់ជីវិតរបស់កូនប្រុសយើងទៅទៀត! យើងអរណាស់ ព្រោះថាយើងមិនមែនជាអ្នកដែលកម្សត់ជាងគេនោះឡើយ!»
«យើងព្រមរក្សាសន្យា ផ្ដល់ឱ្យឯងនូវចំណែកឈាម១ភាគ៣ដែលនៅសេសសល់នោះ! ឯងអាចមានសិទ្ធិចាត់ចែងអ្វីៗទៅលើបុរសនេះ តាមចិត្តជាមួយតាម្ចាស់ក្ដាន់ និងស្រីម្ចាស់ឆ្កែញី!»
ថាហើយ អារក្សក៏រលាយបាត់ខ្សុលបាត់ទៅក្នុងអាកាស។
តាចាស់ម្ចាស់ក្ដាន់ចាប់ផ្ដើមនិយាយឡើងមុនគេថា៖
«ហៃអ្នកជំនួញអើយ! ពេលនេះភ័ព្វដល់ហើយ អ្នកត្រូវបានវិលទៅជួបជុំប្រពន្ធកូនវិញ ម្ដេចក៏មិនប្រញាប់ចាកចេញពីទីឧបទ្រពនេះទៅ? ឈាមទាំងបីចំណែកដែលពួកយើងបានសុំ គឺដើម្បីរក្សាជីវិតឱ្យអ្នក! ចូរអ្នកជួបតែភ័ព្វល្អ និងតស៊ូធ្វើអំពើល្អរហូតទៅ!»
«បងៗរបស់ខ្ញុំអើយ! ម្ដេចពួកអ្នកមិនទទួលអ្នកជំនួញម្នាក់នេះមកទុកជាប្អូនរហូតតទៅ!»
គាត់បានអញ្ជើញពួកគេទៅលេងផ្ទះ រៀបចំសាច់ ភេសជ្ជៈនំនែកទទួល ហើយអង្វរឱ្យស្នាក់នៅជជែករៀនចំណេះដឹងអំពីគ្នាជាច្រើនខែ រហូតដល់ថ្ងៃបែកគ្នា ក៏សន្យាឧស្សាហ៍ទៅមក មិនតែប៉ុណ្ណោះក៏បានបែងចែកវត្ថុមានតម្លៃជាច្រើនទុកជាអនុស្សាវរីយ៍ផង។
ចាប់ពីពេលនោះមក អ្នកជំនួញមិនដែលប្រថុយធ្វើដំណើរតាមផ្លូវកាត់ទៀតនោះឡើយ៕
0 comments:
Post a Comment