រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

សៀវភៅ​លាក់​អាថាន់ (ភាគ​បញ្ចប់)

ភាគ​បញ្ចប់
ស្រមោល​ខ្មៅ​របស់​ព្រះ​ចន្ទ​កោង​ខ្នង​ពេល​នេះ​គ្របដណ្ដប់​មក​លើ​ផែនដី​ ធ្វើ​ឱ្យ​ផ្ទៃ​បន្ទប់​ទាំង​មូល​នេះ​ប្រែប្រួល​ទៅ​ជា​ងងឹតស្លុប​ ដូច​ផ្ទះ​ឈើ​ដែល​រៀបនឹង​លិច​ទឹក​ដែល​ខ្ញុំ​បាន​ឃើញ​មុន​ចុះ​ទូក​ដូច្នេះ​ដែរ។
ពេល​នេះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា​អ្វី​ទៅ​ហៅ​ថា​ការ​បញ្ជា​ខ្លួនឯង​មិន​កើត​នោះ។ អ័ព្ទ​គ្រប​ដណ្ដប់​ពាសពេញ ងងឹត​សូម្បីតែ​សម្លៀកបំពាក់​អ៊ី​ម៉ា ឯ​ដៃ​ខ្ញុំ​បោះ​ទៅ​ច្របាច់ក​គាត់​ទាញ​មក​បង្កើយ។
ចិត្ត​ខ្ញុំ​នៅ​គិត​ដឹង​អាក្រក់​ល្អ​ តែ​ដៃ​ខ្ញុំ​ពុំ​មែន​ជា​របស់ខ្ញុំ​ទៀត​ទេ។
«ឯង​ត្រូវ​ប្រយុទ្ធ​នឹង​វា ​កុំ​ចុះចាញ់​វា​ អា​ល្អិត!»
ខ្ញុំ​ច្របាច់​ក​លៀន​អណ្ដាត​ត្លែ​ហើយ ​គាត់​នៅ​ប្រឹង​និយាយ?
ប៉ុន្តែ​តើ​ប្រយុទ្ធ​ស្អី​ទៀត​ទៅ បើ​រាងកាយ​ខ្ញុំ​ត្រូវ​វា​បញ្ជា​បាន​អស់​ទៅ​ហើយ។
«ទឹកដី​ភ្លើង​ខ្យល់​ស្អី​ទៅ ​លោក​យាយ​អើយ?!»
ខ្ញុំ​គិត​ទាំង​អស់​សង្ឃឹម​ ហើយ​ឱន​ទៅ​ត្របាក់​ដៃ​លោកគ្រូ​អ៊ី​ម៉ា​​ដែល​ខំ​លើក​មក​ច្បាម​ប្រឆាំង​នឹង​ខ្ញុំ។ ឈាម​គាត់​ហូរ​​ច្រោក ធ្វើ​ឱ្យ​ចង្កូម​ខ្ញុំ​កាន់​តែ​ស្រេក​ឃ្លាន។
«ឯង​មិនមែន​មេ​ធ្មប់​ទេ! ​ឯង​ស្បថ​ទៅ?»
ខ្ញុំ​មិន​អាច​ឆ្លើយ​អ្វី​បាន​ទេ។ បណ្ដាសា​មួយ​ពាន់​ឆ្នាំ​ដ៏​ព្រៃផ្សៃ​របស់​ព្រះ​ចន្ទ​ខ្មៅ​បាន​ផ្ដួល​រំលំ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​បាន​ដោយ​ជោគជ័យ ជីវិត​របស់​គាត់​ពេលនេះ​ក៏​កាន់​តែ​ខើច​ទៅ​ហើយ។ ឱ​លោកគ្រូ​អើយ!
ជា​ចុង​ក្រោយ​ លោក​អ៊ី​ម៉ា​បាន​ចចេស​ប្រើ​ពេលវេលា​តិចតួច​ដែល​នៅសល់​នេះ​ចរចា​ជាមួយ​សំឡេង​មិន​សូវ​ឮ៖
«វុទ្ធី! ម្ដាយ​ឯង​ស្រលាញ់​ឯង!»
ខ្ញុំ​យំ​ហើយ​ស្រែក​ថា «ម៉ាក់»​ មួយ​ទំហឹង តាម​កម្លាំង​ដែល​មាន ​ទោះបីជា​សំឡេង​ខ្ញុំ​ជា​សំឡេង​សត្វ​សាហាវ ​តែ​ខ្ញុំ​ស្រែក​ម្ដង​ហើយ​ម្តង​ទៀត។
រហូតដល់​អ្វីមួយ​ក្ដៅ​សន្ធោ​បោក​មក​ចំ​ខ្លួន​ខ្ញុំ​ ហើយ​ធាក់​ឱ្យ​ខ្ញុំ​ប៉ើង​ទៅ​ជញ្ជាំង​របូត​ដៃ​ពី​គ្រូ​អ៊ី​ម៉ា។ ស្រមោល​មួយ​បង្ហាញខ្លួន​នៅ​ក្បែរ​បង្អួច​ បន្ទាប់មក​ជៀត​ហួស​របាំង​កញ្ចក់​ឈាន​ចូល​មក​ដល់​ស្រាល​ស្ងើក ​ហើយ​រសាត់​ទៅ​ក្នុង​រាងកាយ​លោកគ្រូ​អ៊ី​ម៉ា​ដូច​វេទមន្ត។
លោកគ្រូ​អ៊ី​ម៉ា​ក្រោក​ឡើង​បាន​មុន​ខ្ញុំ​ ហើយ​ជា​បណ្ដើរ​ៗ​ រាងកាយ​គាត់​ក្លាយ​ទៅ​ជា​ពណ៌​ក្រហម ចំណែក​ខ្ញុំ​នៅ​ឈឺ​ចុកចាប់​រក​អ្វី​ថ្លែង​មិន​បាន។ ភ្នែក​ខ្ញុំ​ស្រវាំង​ តែ​ខ្ញុំ​ប្រឹង​មើល​ថា​មាន​អ្វី​ទៅ​កំពុង​កើត​មាន​ឡើង​? លោកគ្រូ​អ៊ី​ម៉ា​ដើរ​មួយៗ​មក​ក្បែរ​ខ្ញុំ ហើយ​មុខ​គាត់​ប្រែប្រួល​ទៅជា​អ្នក​ផ្សេង។
«លោកគ្រូ​អ៊ី​ម៉ា!»
អូ​សំឡេង​ខ្ញុំ​មិន​មែន​ជា​សូរ​គ្រហឹម​ទៀត​នោះ​ទេ ខ្ញុំ​ប្រហែល​រួច​របូត​ពី​បណ្ដាសា​នេះ​ ប៉ុន្តែ… មើល​ចុះ​លោកគ្រូ​អ៊ី​ម៉ា​ដុះ​ចង្កូម​ហើយ ដៃ​ជើង​ទាំងមូល​របស់​គាត់​ចាប់ផ្ដើម​ហើម​ប៉ោង​បញ្ចេញ​រោម​វែងៗ​ ចំណែក​ក្រចក​ដៃ​គាត់​រឹង​វែង​ស្រួច​កំពុង​លូក​មក​រក​ទះ​ខ្ញុំ។
ដៃ​ខ្ញុំ​រាវ​ដល់​ចង្កេះ ហើយ​ក្ដាប់​ជាប់​កាក់​បុរាណ​យ៉ាង​ណែន។​
នេះ​ជា​ដំណាក់​កាល​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ​មុន​ពេល​រង​ការ​ទះ​ខ្វាច​របស់​សត្វ​ចម្លែក​ដែល​គ្រប់គ្រង​រាងកាយ​លោកគ្រូ។
ខ្ញុំ​ដឹង​ថា​បើ​កាក់​នេះ​បោះ​ទៅ​ត្រូវ​វា​ នោះ​វា​នឹង​រលាយ​ពី​ភព​ផែនដី តែ…. បើ​វា​ចប់​មែន…. បណ្ដាសា​នេះ​នឹង​នៅ​ជាមួយ​ខ្ញុំ​អស់​មួយ​ជីវិត។
«មិន​អី​ទេ! ឯង​ងាប់​មុន​សិន​ទៅ ​អា​នរក​! ចំណែក​អញ អញ​នឹង​ទៅ​ឱ្យ​ឆ្ងាយ​ មិន​យាយី​មនុស្ស​ទេ! អញ​នឹង​ធ្វើ​ជា​មេ​ធ្មប់​ចុង​ក្រោយ​គេ​នៅ​លើ​លោក​នេះ!»
ខ្ញុំ​ប្រើ​កម្លាំង​ទាំង​ស្រុង​ក្នុង​ល្បឿន​រហ័ស​ដូច​ផ្លេកបន្ទោរ​គប់​កាក់​បុរាណ​វឹង​ទៅ​រក​លោកគ្រូ​អ៊ី​ម៉ា។
កាក់​នេះ​តូច​កំប៉ិច​សោះ​ តែ​គាត់​ទ្រហោយំ​ដូចជា​ត្រូវ​បាន​ដុត​កម្លោច។
ស្រមោល​អម្បាញ់មិញ​បោល​ក្ឌាំង​ចេញពី​ខ្លួនប្រាណ​គាត់ ​ហើយ​រមួល​ដេក​ទៅ​លើ​ដី​ស្រែក​រោទ៍​ឈឺចាប់។
ខ្ញុំ​ងាក​ទៅ​រក​លោកគ្រូ គាត់​មិនបាន​សម្លឹង​មើល​មក​ខ្ញុំ​ទេ ​ប៉ុន្តែ​ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​គាត់​កំពុង​សម្លឹង​ទៅ​រក​ស្រមោល​នោះ​ហាក់​សោកស្ដាយ​ជា​ខ្លាំង។
ខ្ញុំ​មិន​អាច​វិលត្រឡប់​មក​ជា​មនុស្ស​ធម្មតា​ដូច​ដើម​វិញ​ទៀត​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ចំពោះ​ការដែល​អាច​បំផ្លាញ​វា​ក្នុង​ពេល​នេះ។
លោកគ្រូ​អ៊ី​ម៉ា​ខំ​និយាយ​ទៅ​រក​វា​ដែល​កំពុង​ប្រកាច់​រមួល៖
«ឯង​ឆាប់​ដោះ​បណ្ដាសា​ទៅ យើង​ស្បថ​ថា​នឹង​អភ័យទោស​ឱ្យ​ឯង!»
អារម្មណ៍​ស្រងេះស្រងោច​មួយ​បាន​កើតឡើង​ក្នុង​បេះដូង​របស់ខ្ញុំ​ ហើយ​ខ្ញុំ​ចង់​ប្រាប់​គាត់​ភ្លាមៗ​ថា ​កុំ​ឱ្យ​ទៅ​និយាយ​ហេតុផល​នឹង​ពួក​អា​នរក​នេះ។
ស្រមោល​ខ្មៅ​ស្រាប់តែ​បញ្ចេញ​កែវភ្នែក​ពណ៌​ខៀវ​មុត​សម្លក់​មក​រក​លោកគ្រូ។ វា​លែង​ប្រកាច់ ហើយ​មើល​ទៅ​វា ​ដូចជា​មិន​ស្លាប់​ទេ។ វា​លើក​ដៃ​មួយ​វាត់​ទៅ​រក​លោកគ្រូ​អ៊ី​ម៉ា ​ធ្វើ​ឱ្យ​គាត់​ខ្ទាត​ម្ខាង ​ហើយ​សន្លប់​ស្ងៀម​ឈឹង។
ខ្ញុំ​ពេលនេះ​ហាក់​ដូច​ជា​ជឿ​តិចតួច​ណាស់​ថា កាក់​បុរាណ​អាច​បំផ្លាញ​វា​នេះ​ឱ្យ​ជាប់​គាំង​១០០០​ឆ្នាំ​ទៀត​ ដូច​ពាក្យ​លោកយាយ​អ្នកបួស​បាន​និយាយ​ប្រាប់​មក​ ឬ​មួយ​ក៏​វា​រស់​មក​វិញ​ព្រោះ​មហិទ្ធិឫទ្ធិ​វា​បាន​គ្រប​ដណ្ដប់​ពី​លើ​ឥទ្ធិពល​នៃ​កាក់​បុរាណ​នេះ​ទៅ​ទៀត?
ខ្ញុំ​ឱប​ទ្រូង​ដែល​ឈឺ​អួល ហើយ​រក​មធ្យោបាយ។ នៅ​ពេល​ដែល​ជីវិត​ពួក​យើង​បាន​បាន​ថយ​ទៅ​រក​យុគសម័យ​ដ៏​ងងឹត​ងងុល​ក្នុង​ពិភព​នៃ​មន្តអាគម​នេះ យើង​ដឹង​ថា គ្រប់​យ៉ាង​ជិត​ត្រូវ​បាន​បំផ្លាញ​អស់​ទៅ​ហើយ នៅ​ទី​បញ្ចប់ ​យើង​នឹង​គង់តែ​វិនាស ដូច្នេះ​ហើយ ខ្ញុំ​ខំ​ពិនិត្យ​មើល​កិរិយា​អា​ស្រមោល​សាមាន្យ​នោះ​មិន​ប្រិច​ភ្នែក។
ខ្ញុំ​យល់​ថា​ការ​ដេកចាំ​ស្លាប់​គឺ​ជា​អំពើ​កំសាក។ លោកគ្រូ​អ៊ី​ម៉ា​គឺជា​សក្ខីភាព​នៃ​ការ​តស៊ូ​ដ៏​មហិមា​ហើយ​ខ្ញុំ​ស្រាប់តែ​ចង់​តស៊ូ​ឱ្យ​ពេញ​ញ​ទំហឹង​ប្រឆាំង​នឹង​អា​មន្ត​កំបាំង​ខ្មៅ​អប្រិយ​នេះ។
មាត់​អា​ស្រមោល​ខ្មៅ​បើក​ចំហ​នៅ​ក្នុង​សំឡេង​ស្រែក​ហៅ​ដោយ​កំហឹង​របស់​វា ភ្នែក​របស់​វា​ក៏​សម្លឹង​មើល​ខ្ញុំ ​ប៉ុន្តែ​ទោះ​បី​ជា​វា​ខំ​បំភ័យ​ខ្ញុំ ខ្ញុំ​លែង​គិត​ភ័យខ្លាច​អ្វី​ទៀត​ហើយ។
ខ្ញុំ​យោង​ខ្លួន​ឡើង​ ហើយ​បិទ​ភ្នែក​ តែ​មាត់​ស្រែក​គំរាមកំហែង​ដោយ​ដំណើរការ​អណ្ដាត​បបូរមាត់​ធ្មេញ​ពេញ​ទំហឹង​ស្រែក​ឮ​ៗ​ថា៖
«មេឃ​ដី​ភ្លើង​ខ្យល់ អ្នក​ឯង​នៅ​ឯ​ណា? អ្នក​ឯង​នៅ​ឯ​ណា! មក​ទីនេះ​មួយ​រំពេច! ​មក​មើល​សត្រូវ​អ្នក​ឯង​ វា​កំពុងតែ​ចង់​គ្រប់គ្រង​ពិភពលោក​នេះ! មក​ភ្លាម​ ហើយ​កម្ចាត់​វា​ទៅ!»
ម្រាមដៃ​ខ្ញុំ​ផ្គុំ​ចូល​គ្នា​សំពះ ​ហើយ​បិទ​ភ្នែក​ជានិច្ច។ ខ្ញុំ​និយាយ​ដដែលៗ​ ព្រោះ​តាម​បទពិសោធន៍​នៃ​ការ​អាន​របស់ខ្ញុំ មេឃ​ដី​ភ្លើង​ខ្យល់​ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ភព​ផែនដី​នេះ​ ក៏​ជា​ធាតុ​អរូប​ដែល​អ្នកមាន​ជំនឿ​លើ​វេទមន្ត​អាថ៌កំបាំង​ទាំងឡាយ​តែង​អំពាវនាវ​ប្រើប្រាស់​ជា​ជំនួយ​ថាមពល។
ប្រហែល​ជា​វា​នោះ​វាត់​ដៃ​មក​វាយ​រារាំង​បញ្ឈប់​ការ​អំពាវនាវ​របស់ខ្ញុំ បាន​ជា​ស្មា​ខ្ញុំ​ម្ខាង​ត្រូវ​ទង្គិច​ម៉ាំង ​ហើយ​ឈឺ​ស្ពឹក​ដូច​ឆក់​ខ្សែភ្លើង។ ខ្ញុំ​ស្រែក​អូយ​ទាំង​ដង្ហក់​ក្នុង​ការ​ឈឺចាប់។
ខ្ញុំ​បើក​ភ្នែក​មក​វិញ ឃើញ​អា​ស្រមោល​ខ្មៅ​នៅ​កៀក​បង្កើត ហើយ​ប្រើ​ភ្នែក​នឹង​មាត់​របស់​វា​មក​គំរាម​កំហែង​ខ្ញុំ។ ខ្ញុំ​រឹតតែ​ផ្គុំ​ម្រាមដៃ​របស់ខ្ញុំ​ចូល​គ្នា ​ហើយ​ស្រែក​ឡើង​នូវ​ពាក្យ​ដដែលៗ ប៉ុន្តែ​គ្មាន​អ្វី​កើត​ឡើង​ទាំង​អស់​ មេឃ​ដី​ភ្លើង​ខ្យល់​មិន​ដឹង​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ឯ​ណា​ទេ គ្មាន​អ្នក​ណា​អើពើ​នឹង​ខ្ញុំ​ទៀត​ឡើយ។
ខ្ញុំ​តាំង​អារម្មណ៍ ​បង្ខំ​ខ្លួនឯង​លួងលោម​ចិត្ត​គិត​ទៅដល់​ភាព​ស្រស់​ស្អាត​ និង​កក់ក្ដៅ​នៃ​សេចក្ដី​ស្នេហា​របស់​ម្ដាយ​ខ្ញុំ ហើយ​ធ្វើ​ពើ​ដូច​ជា​ខ្លួនឯង​មិនមែន​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ តែ​អំណាច​នៃ​ភាព​ឈឺចាប់​ធ្វើ​ឱ្យ​ខ្ញុំ​ទន់​ទៅ​ៗ ​ហើយ​បិទ​ភ្នែក​សន្លប់។
ខ្ញុំ​បាន​វិល​ទៅ​រក​រឿង​ជា​ច្រើន​នៅ​ក្នុង​ការ​ស្រមៃ​រញ៉េរញ៉ៃ​ ពាក់​ព័ន្ធ​តាំងពី​អតីតកាល​រហូត​ដល់​ដំណាក់​កាល​ស្នេហា​ជាមួយ​សង្សារ​របស់ខ្ញុំ​ដែល​ខ្ញុំ​ស្រលាញ់​ជាង​គេ។ ខ្ញុំ​ឃើញ​ខ្លួនឯង​ស្ថិត​នៅ​ក្នុង​ផ្ទះ​ឈើ​រ៉ូមែនទិក​មួយ​មាន​ចង្កៀង​ប្រេង​ដុត​បំភ្លឺ​នៅ​ក្នុង​បន្ទប់​ក្បែរ​គ្រែ​របស់ខ្ញុំ​យ៉ាង​ស្រទន់។
ប៉ុន្តែ​ក្រោយ​មក​ នាង​បាន​ក្រោក​ឡើង​ចាក​ចេញ​ពី​ខ្ញុំ ហើយ​ប្រែប្រួល​រាងកាយ​របស់​នាង​ទៅ​ជា​មេ​ធ្មប់​មួយ​ ខ្ញុំ​ស្រាប់តែ​ចេះ​វេទមន្ត​ ហើយ​ចាប់ផ្ដើម​ជួយ​នាង​ដោយ​សូត្រ​ចេញ​នូវ​បាលី​ប្លែកៗ​ជា​ច្រើន។
ពេល​ខ្ញុំ​សូត្រ​បាលី​ នាង​ស្រាប់តែ​ដឹង​ខ្លួន​ ហើយ​បាន​ក្រសោប​ដៃ​ខ្ញុំ​ជាប់​ដោយ​ពោល​ប្រាប់៖
«ធី​ឯង​មិន​ត្រូវ​គិត​ថា​ធី​ឯង​មិន​អាច​យក​ឈ្នះ​វា​នោះ​ទេ! សូម​ស្រមៃ​គិត​ថា​វា​នឹង​ក្លាយ​ទៅ​ជា​ផ្សែង! ហើយ​អំណាច​របស់​វា​នឹង​បាត់បង់​ទៅ​ជា​រៀង​រហូត!»
ខ្ញុំ​រក្សា​ការ​ដកដង្ហើម​នឹងន ​ហើយ​ឆ្លើយ​ឡើង​តប​នឹង​នាង​វិញ៖
«ខ្ញុំ​ត្រូវ​ការ​ពេល​វេលា! ខ្ញុំ​ត្រូវ​ការ​អារម្មណ៍​ស្ងប់​ និង​ការ​ស្មិងស្មាធិ៍!»
«ព្យាយាម​ទៅ! ព្យាយាម​ម្ដង​ទៀត​ណា​ធី!»
នាង​បាន​ផ្ដល់​មក​ឱ្យ​ខ្ញុំ​នូវ​បាតដៃ​ដ៏​កក់ក្ដៅ​របស់​នាង​នៅ​ក្នុង​ប្រអប់ដៃ​ខ្ញុំ​ ហើយ​បេះដូង​ខ្ញុំ​បាន​ឃើញ​សេចក្ដី​ស្នេហា​នៅ​ក្នុង​កែវភ្នែក​ព្រួយបារម្ភ​របស់​នាង។
«ទោះបី​​ខ្ញុំ​ជា​អ្វី​ក៏​ដោយ ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន!»
ខ្ញុំ​បិទ​ភ្នែក​និង​ពន្យឺត​ការ​ដកដង្ហើម ព្យាយាម​ជាថ្មី​ម្ដង​ទៀត​ដោយ​ជម្រះ​ចិត្ត​របស់ខ្ញុំ​អំពី​អ្វី​គ្រប់​ យ៉ាង​ ហើយ​ស្រែក​ហៅ​មេឃ​ដី​ភ្លើង​ខ្យល់។
ភ្លើង​ចាប់ផ្ដើម​ឆេះ​សន្ធោ​នៅ​ពី​មុខ​ខ្ញុំ ហើយ​សមុទ្រ​កញ្ជ្រោល​ធ្លាក់​ពី​លើ​មេឃ​មក​វិញ។ នៅ​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ភាវនា ខ្ញុំ​មើល​ឃើញ​ដើម​ឈើ​ទោរទន់​ព្រោះ​អំណាច​ខ្យល់​បោក​បាច​ ហើយ​ភព​ផែនដី​បោក​រញ្ជួយ​។
«​នឹង​ហើយ! បាន​សម្រេច​ហើយ! ធ្វើ​វា​បន្ត​ទៅ មេឃ​ដី​ភ្លើង​ខ្យល់​បញ្ចេញ​ឫទ្ធានុភាព​ហើយ!»
នាង​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ ហើយ​រូបភាព​ទាំង​នេះ​កំពុង​រលាយ​បាត់​សន្សឹម​ៗ​ទៅ នាំ​ទៅ​ទាំង​រូបរាង​សង្សារ​សម្លាញ់​របស់ខ្ញុំ​ម្នាក់​នេះ​ផង​ដែរ។ នៅ​ចំ​ពី​មុខ​ ខ្ញុំ​បាន​ឃើញ​មុខ​អា​ស្រមោល​ខ្មៅ​វិញ ​ហើយ​គឺ​វា​កំពុង​ឈឺចាប់​ ចំណែក​បង្អួច​ទាំងឡាយ​បាន​របើក​ខ្ចាយ​នាំ​មក​នូវ​ពន្លឺ​ព្រះអាទិត្យ​និង​ភាព​ស្រលះ​សុខសាន្ត​ត្របាញ់​ចូល​មក​បំផ្លាញ​ស្រមោល​វា​នោះ​បន្តិច​ម្ដង។
«១០០០​ឆ្នាំ​ទៀត យើង​ជួប​គ្នា!»
វា​និយាយ​ទាំង​ឈឺចាប់​មក​កាន់​ខ្ញុំ​ មុន​ពេល​វា​រលាយ​សូន្យ​ទៅ​ក្នុង​ខ្យល់។ ខ្ញុំ​ស្រែក​តាម​ពី​ក្រោយ៖ «មិន​បាច់​ទេ! ឯង​មិន​បាច់​មកវិញ​ទេ​ អា​នរក!»
ជាមួយ​នឹង​ការ​ដង្ហក់​ហត់​មិន​ធ្លាប់​មាន ខ្ញុំ​មាន​អារម្មណ៍​ថា ​កម្លាំងចិត្ត​ខ្ញុំ​បាន​ស្រក​ចុះ​វិញ​ ពេល​ដែល​អស់​សង្ឃឹម​ថា ខ្ញុំ​នឹង​មិន​អាច​ចាក​ចេញ​ពី​បណ្ដាសា​នេះ​ជា​រៀង​រហូត។
«កូន​ពិតជា​សោកស្ដាយ​ម៉ាក់ តែ​កូន​នឹង​ផ្សង​ធ្វើ​ជា​កូន​ម៉ាក់​គ្រប់​ៗ​ជាតិ!»
ទម្ងន់​នៃ​ការ​មិន​សប្បាយ​ចិត្ត ធ្វើ​ឱ្យ​ធ្ងន់​ក្នុង​ទ្រូង​ខ្ញុំ ​លំបាក​ក្នុង​ការ​ដកដង្ហើម​ តែ​ខ្ញុំ​ប្រឹង​លូន​ទៅ​រក​គ្រាហ៍​លោកគ្រូ​ឡើង។
ប៉ះ​សាច់​គាត់​កាល​ណា ​សាច់​គាត់​ក្ដៅ​គគុក ខ្ញុំ​មិន​ដឹង​ថា អ្វី​កើត​ឡើង​ចំពោះ​គាត់​នោះ​ទេ។
ដៃ​គាត់​ដុះ​ក្រចក​វែង​ខុប ​ហើយ​មិន​បាន​ថយ​វិញ​ទេ ​ភ្នែក​គាត់​ក៏​របើក​មក​ខ្វាក​ ហើយ​ក្រហម​ដូច​មាន​ភ្លើង​កំពុង​ឆេះ។
«ឯង​រត់​ទៅ!»
គាត់​និយាយ​ភាសា​មនុស្ស​ពាក់​កណ្ដាល គ្រហឹម​សំឡេង​សត្វ​សាហាវ​លាយ​ផង។ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ​ហេតុអ្វី​មេ​ធ្មប់​ដូច​ខ្ញុំ​បែរ​ជា​ត្រូវ​រត់?
«ម៉េច​ហើយ​លោកគ្រូ​អ៊ី​ម៉ា? វា​នោះ​រលាយ​បាត់​ហើយ!»
«តែ​យើង​គឺ​ជា​មេ​ធ្មប់​! យើង​នឹង​ស្រេក​ឈាម​មនុស្ស​ជា​រៀង​រហូត! ឯង​រត់​ទៅ ​ហើយ​រក​មធ្យោបាយ​ដោះ​បណ្ដាសា​នេះ​ឱ្យ​យើង! មុន​​​ពេល​យើង​ដឹង​ថា ខ្លួន​យើង​គ្មាន​លទ្ធភាព​រក​វិធី​ប្រឆាំង​នឹង​វេទមន្ត​នេះ ​យើង​បាន​យក​វា​មក​ដាក់​ក្នុង​ខ្លួន​យើង​វិញ ទុក​ឱ្យ​ឯង​រួចខ្លួន​ទៅ​ចុះ!»
ខ្ញុំ​វិលវល់​ ហើយ​សម្លឹង​ខ្លួនឯង​ពីលើ​ដល់​ក្រោម​អរ​ផង​ភ័យ​ផង។ គាត់​ទើប​ជា​មេ​ធ្មប់​នៅ​ទី​បញ្ចប់?
គាត់​គ្រហឹម ខ្ញុំ​លែងដៃ​ខ្សាក ​ហើយ​ស្រវា​ថយក្រោយ។ ទោះ​យ៉ាង​ណា​ ខ្ញុំ​នៅតែ​សួរ៖
«ខ្ញុំ​មិន​យល់​ពី​រឿង​រញ៉េរញ៉ៃ​នេះ​សោះ! តែ​ខ្ញុំ​មិន​ខ្វល់​ទេ​ លោកគ្រូ​ដូរ​ចុះ​ឡើង​បាន ក៏​គួរ​តែ​ជួយ​ខ្លួន​ឯង​បាន? អា​ព្រះ​ចន្ទ​ខ្មៅ​នោះ​ជាប់​គាំង​១​ពាន់​ឆ្នាំ​ទៅ​ហើយ យើង​គួរតែ​អាច​ដឹង​វិធី​ស្រាយ​បណ្ដាសា​វា​ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់!»។
«យើង​គួរ​ ប៉ុន្តែ​យើង​មិន​អាច! គ្រូ​មិន​អាច! គ្រូ​បរាជ័យ​ហើយ! ពេល​នេះ​គ្រូ​ចង់​ស៊ី​ឯង គ្រូ​ចង់​ឃើញ​មនុស្ស​ស្លាប់​ទើប​មិន​ពិបាក​ដូច​ពេល​នេះ!»
ខ្ញុំ​ថយ​ក្រោយ​រហូត​ទល់នឹង​កន្លៀត​ទ្វារ ​ហើយ​ឱប​ជង្គង់​ផ្ទប់​ដើម​ទ្រូង​ជាមួយ​កែវភ្នែក​បិទ​តឹង។ ចិត្ត​ខ្ញុំ​តឹង​តែង ​ឯ​មាត់​ពោល​ពាក្យ​ដដែលៗ​ឥត​ឈប់ឈរ៖
«មេឃ​ដី​ភ្លើង​ខ្យល់ សូម…សូម … ខ្ញុំ​សូម​អង្វរ!»
ខ្ញុំ​និយាយ​រហូតដល់​ទឹកភ្នែក​និង​ការ​អស់សង្ឃឹម​បោល​សម្រុក​មក​កំដរ​សំឡេង​ខ្ញុំ។
ខ្ញុំ​មិន​បាន​មើល​ឃើញ​លោកគ្រូ​ ក៏​មិន​អាច​ឈាន​មួយ​ជំហាន​ណា​ដើម្បី​រត់​យករួចខ្លួន​ដែរ។ សំឡេង​សត្វ​ចម្លែក​ចាប់ផ្ដើម​សើច​ផង​គ្រហឹម​ផង វា​គឺ​ជា​សញ្ញា​ពេញលេញ​នៃ​វិញ្ញាណ​និង​ភស្តុតាង​ដែល​ថា​ស្រមោល​ព្រះ​ចន្ទ​ខ្មៅ​បាន​រលត់​រលាយ​ទៅ ​ប៉ុន្តែ​គ្រប់យ៉ាង​នៅ​តាម​បំផ្លាញ​ផែនដី​នេះ​នៅ​ឡើយ។
នៅ​ពេល​ដែល​ខ្ញុំ​បើកភ្នែក​ប្រឈម​មុខ​​​ជា​ថ្មី​ម្ដង​ទៀត ​ព្រោះ​ត្រចៀក​ស្ដាប់​លែង​ឮ​អ្វី​ មិន​មាន​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់​នេះ​ទៀត​សោះ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ចាក​ចេញពី​ពេល​ណា​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​ខ្លាច​ណាស់​ថា​គាត់​កំពុង​ចេញ​ទៅ​បង្ក​ចលាចល។
«លោកគ្រូ​អ៊ី​ម៉ា!» ខ្ញុំ​ស្រែក​ឡើង។
ស្ងាត់​ច្រៀប​ គ្មាន​អ្នក​ឆ្លើយ ​ខ្ញុំ​បាន​បាត់បង់​ការ​ទប់​អារម្មណ៍ ​ហើយ​ជ្រួលច្របល់​ភ័យ​ជា​ខ្លាំង។ តើ​ខ្ញុំ​ត្រូវ​កម្ចាត់​គាត់​មុន​ពេល​មាន​អ្នក​រង​គ្រោះ​ទី​បី? ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​របៀប​ណា?
«មេឃ​អើយ​ដី​អើយ ធាតុ​ទាំង​បួន​ជួយ​ខ្ញុំ​ផង!»
ខ្ញុំ​ស្រមៃ​ឃើញ​ស្ថានភាព​ខ្លួនឯង​ដែល​មុន​នេះ​មិន​អាច​បញ្ជា​ដៃ​ជើង​កើត​ មិន​អាច​សូម្បីតែ​និយាយ​ចេញ​នូវ​អ្វី​ដែល​​ខ្លួន​បាន​គិត​ជា​ភាសា​មនុស្ស។
ខ្ញុំ​នឹក​ដល់​ស្នាម​ប្រឡាក់​នៃ​ឈាម​ពាសពេញ​ភព​ផែនដី​នេះ​ ខ្ញុំ​ស្រមៃ​ឃើញ​គ្រូធ្មប់​ដែល​សម្លាប់​រង្គាល​អ្នកបម្រើ​និង​អ្នកផ្ទះ​គាត់។ កុំព្យូទ័រ​ខ្ញុំ​ដែល​ដេក​ដួល​លើ​ឥដ្ឋ​ស្រាប់តែ​បើក​ចេញ​ពន្លឺ​អេក្រង់​ដូច​មាន​អ្នក​ណា​ម្នាក់​បាន​បើក​វា?
«រនាប​បាក់​ឱ្យ​យក​រនាប​ជួស!»
ខ្ញុំ​ក្រោក​ទៅ​ទាញ​កុំព្យូទ័រ​នោះ​មក ​ហើយ​ខ្ញុំ​តាំងចិត្ត​ចង់​វិល​ទៅ​រក​ទីនោះ​វិញ​ ស្វែងរក​អ្នកតា​ម្ចាស់​ដី​និង​ដូនជី។ ខ្ញុំ​អត់ធ្មត់​បើក​កុំព្យូទ័រ។
«វុទ្ធី! គ្រូ​នៅ​ទីនេះ!»
ខ្ញុំ​បើក​ភ្នែក​ធំៗ​សម្លឹង​មើល​ទៅ​រូបលោក​គ្រូ​អ៊ី​ម៉ា​ដែល​នៅ​ស្ងៀម​ដូច​គំនូរ​ក្នុង​ទំព័រ​ដំបូង​នៃ​សៀវភៅ។
ខួរ​ក្បាល​របស់ខ្ញុំ​ភាំង​នៅ​ចំពោះ​មុខ​ហេតុការណ៍​នេះ ស្រាប​តែ​អក្សរ​លោត​មក​បន្ត៖
«មុន​ពេល​រាងកាយ​គ្រូ​លូតលាស់​ទៅ​ជា​ខ្លារខិន គ្រូ​បង្ខាំង​ខ្លួនឯង​នៅ​ក្នុង​នេះ! បើ​៧​ថ្ងៃ​ ឯង​រក​វិធី​ដោះ​បណ្ដាសា​មិន​បាន គ្រូ​នឹង​ជាប់​នៅ​ទីនេះ​រហូត​ទម្រាំ​១០០០​ឆ្នាំ​ទៀត! លោក​នេះ​នឹង​សុខសាន្ត​បាន​១០០០​ឆ្នាំ​ទៀត!»
ខ្ញុំ​ដឹង​ថា គាត់​ពិត​ជា​មាន​វិជ្ជា​អាគម​ជ្រៅជ្រះ​ បានជា​មានលទ្ធភាព​អា​ចរក​វិធី​អស់​នេះ​បាន​ ដូច​ជា​ផ្ទេរ​បណ្ដាសា​ធ្មប់​នេះ​ពី​ខ្ញុំ​ទៅ​គាត់ ​ហើយ​បង្ខាំង​ខ្លួន​គាត់​ទៅ​ក្នុង​សន្លឹក​សៀវភៅ ​ហើយ​អាច​ឆាត​មក​ខ្ញុំ​ទៀត?
នៅ​ខាង​ក្រោម​នោះ​មាន​ប៊ូតុង​ចុច​តប​ដែរ? ហួសចិត្ត​ណាស់​ដែរ តែ​ខ្ញុំ​ពិតជា​ត្រូវការ​វា។ ខ្ញុំ​សរសេរ​ទៅ​រក​លោកគ្រូ​វិញ៖
«ប្រាប់​មក ខ្ញុំ​ត្រូវ​ធ្វើ​អ្វី?!»
«អាន​សៀវភៅ​នេះ​សា​ដើម​ ហើយ​រក​មើល​ចំណុច​ខ្សោយ​របស់​វា!»
ខ្ញុំ​ចាប់ផ្ដើម​បើក​អាន​រឿង​និទាន​ភ្លាម។
ពិត​ណាស់​ថា​ខ្ញុំ​មាន​ពេល​ដល់​ទៅ​៧​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត​អ្វី​ថា​អាច​ដោះស្រាយ​ប្រស្នា​នេះ​បាន​ពិត​មែន។
ខ្ញុំ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ការ​មើល​ឃើញ​ធីតា សង្សារ​ខ្ញុំ​នៅ​ក្នុង​សៀវភៅ​នេះ?
«ធីតា???!»
ខ្ញុំ​ហៅ​នាង​តិចៗ​ទាំង​តក់ស្លុត។ មែន​ហើយ​មុន​នេះ​ពេល​សន្លប់​ នាង​ក៏បាន​បង្ហាញខ្លួន​ក្នុង​សុបិន​របស់ខ្ញុំ? ពេល​នេះ​នាង​ស្ថិត​នៅ​ក្នុង​សៀវភៅ​នេះ​ ហើយ​ខ្ញុំ​ឃើញ​នាង​អង្គុយ​កណ្ដាល​រង្វង់​ភ្លើង។
ខ្ញុំ​អន្ទះសា​ចង់​ហក់​ចូល​ទៅ​ដើម្បី​ការពារ​នាង តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា?
«ធីតា​បង​ចង់​ចូល​ទៅ!»
ខ្ញុំ​ខ្សឹប​ប្រាប់ ​Screen ។ នាង​នៅ​តែ​មិន​ឆ្លើយ​ ប៉ុន្តែ​សន្សឹម​ៗ នាង​លើក​កាំបិត​ខ្លី​មួយ​មុខ​សស្ងាច​ចេញ​មក ហើយ​អារ​ដៃ​ខ្លួន​ឯង​យឺតៗ​ក្រោម​ភាព​តក់ស្លុត​របស់ខ្ញុំ។
នាង​កំពុង​ដាក់​បណ្ដាសា?
អារម្មណ៍​មួយ​ប្រាប់​ខ្ញុំ​របៀប​នេះ តែ​ខ្ញុំ​មិន​ដឹង​ឡើយ​ថា នាង​កំពុង​ដាក់​ទៅ​អ្នក​ណា ហើយ​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា?
«កុំ!» ខ្ញុំ​និយាយ​ដោយ​គ្មាន​កម្លាំងកំហែង និង​គ្មាន​សង្ឃឹម។
លោហិត​នាង​ហូរ​ច្រោក​ក្រហម​រងាល​បាចសាច​ទៅលើ​ភ្នក់ភ្លើង។
«​នាង​ស្លាប់​ហើយ នាង​មិន​ឈឺ​ទេ វុទ្ធី​! នោះ​គ្រាន់​តែ​ជា​ព្រលឹង!»
នេះ​ជា​អក្សរ​ឆាត​ដែល​លោកគ្រូ​សរសេរ​មក​ ហើយ​ខ្ញុំ​តប​ទៅវិញ​ដូច​ផ្លេកបន្ទោរ៖
«ទេ!»
បើ​ទោះ​បី​ជា​នាង​ស្លាប់​ក៏​ខ្ញុំ​ភ័យខ្លាច​ណាស់ ​ពេល​ឃើញ​នាង​នៅ​ក្នុង​នេះ​ ហើយ​ធ្វើ​របៀប​នេះ។
«ធីតា​កំពុង​យក​វិញ្ញាណ​របស់​​នាង​ដើម្បី​បណ្ដេញ​បណ្ដាសា​ស្រមោល​ខ្មៅ!» លោកគ្រូ​សរសេរ​មក​បន្ត។
ខ្ញុំ​មើល​ទៅ​ពី​ក្រោយ​ខ្នង​នាង​ នោះ​គឺ​តំបន់​ព្រៃ​ងងឹត​លើស​ពី​អ្វី​ដែល​ហៅថា​ព្រឺព្រួច តែ​មាត់​ខ្ញុំ​ចចេស​និយាយ៖
«ខ្ញុំ​ចង់​ឱ្យ​លោកគ្រូ​បញ្ឈប់​នាង!»
«នាង​ជា​ក្មេង​ស្រី​ដ៏​ល្អ​ម្នាក់! នាង​បាន​កំណត់​ទិសដៅ​ច្បាស់ ហើយ​នាង​មានអំណាច​ដើម្បី​បំបាត់​ឥទ្ធិ​ពលព្រះ​ចន្ទ​ខ្មៅ​ឱ្យ​វា​រលាយ​សូន្យ​ទៅ​ពី​ផែនដី​នេះ​ ហើយ​បណ្ដាសា​ទាំង​ឡាយ​របស់​វា​នឹង​ខូច​អសារ​ទាំង​ស្រុង!»
«លោកគ្រូ​ប្រើប្រាស់​នាង​មែន​ទេ? ប្រើ​ខ្ញុំ​​តែ​ម្នាក់​ហើយ ​នៅ​មិន​ល្មម​ចិត្ត?»
នាង​ស្រែក​ទាំង​កំហឹង។ តែ​គាត់​សរសេរ​មក​ទៀត៖
«នាង​បាន​ស្លាប់​ក្នុង​ថ្ងៃ​រៀបការ​នោះ​ទៅ​ហើយ បាន​ជា​គ្រូ​ទៅ​រក​នាង!»
«អត់​ទេ!»
មាត់​ខ្ញុំ​រឹត​បន្តឹង​សំឡេង​៖
«យើង​ត្រូវតែ​ជួយ​នាង​ឱ្យ​រស់​វិញ!»
«មនុស្ស​ស្លាប់​ហើយ ​មិន​អាច​រស់​វិញ​ទេ!»
ឈាម​នាង​នៅ​តែ​ស្រក់​ស្រោច​ទៅ​លើ​ភ្លើង ហើយ​មើល​ទៅ​នាង​ហាក់​កាន់​តែ​ទន់ខ្សោយ ​បម្រុង​តែ​នឹង​ដួល​ដេក​ទៅលើ​ភ្នក់​អគ្គិ។ ខ្ញុំ​ស្លុតចិត្ត​ ត្បិត​គិត​ថា​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​រៀបការ ​ប្រហែល​ជា​មក​ពី​នាង​មិន​ចង់​រៀបការ​ តាម​ការ​រៀបចំ​របស់​ម្ដាយ​ឪពុក​ជា​ឯកឧត្ដម​របស់​នាង គឺ​នាង​នៅ​តែ​ស្រលាញ់​ខ្ញុំ​ ដូច្នេះ​ហើយ​បាន​ជា​មុន​នេះ​ព្រលឹង​នាង​បាន​ជួយ​ខ្ញុំ។
«ខ្ញុំ​នឹង​ទៅ​នៅ​កន្លែង​របស់​នាង!»
ខ្ញុំ​ខាំ​មាត់​និយាយ​ ហើយ​បិទ​ភ្នែក​ភាវនា​ដូច​កាលពី​មុន​នេះ។
«ឯង​កុំ​ចូល​មក! បើ​ឯង​ចូល​មក ​ពួក​យើង​នឹង​ជាប់​គាំង​នៅ​ទីនេះ​ជាមួយ​គ្នា! មាន​រឿង​ច្រើន​ណាស់​ដែល​ឯង​អាច​ធ្វើ! ទុក​ឱ្យ​នាង​ធ្វើ​ពិធី​នេះ​សិន​ទៅ! វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់! ទោះបី​យ៉ាង​ណា​ នាង​បាន​ស្លាប់​ហើយ!»
លោកគ្រូ​អ៊ី​ម៉ា​កាន់តែ​និយាយ​ ចិត្ត​ខ្ញុំ​រឹតតែ​មិន​ព្រម​ឯកភាព។
«លោកគ្រូ​មិន​យល់​អ្វី​ទៅ​ជា​ស្នេហា​ទេ​ លោកគ្រូ​អ៊ី​ម៉ា!»
ខ្ញុំ​និយាយ​រឿង​នេះ បណ្ដាល​ឱ្យ​នាង​បែរ​មក​ភ្លាម។ មើល​ទៅ​នាង​កំពុង​តែ​យំ​នៅ​ក្នុង​ការ​ឈឺចាប់​ដ៏​ជ្រៅ​មួយ ​ហើយ​កែវ​ភ្នែក​របស់​នាង​មាន​ពេញ​ទៅ​ដោយ​ការ​ប្ដឹង​ផ្ដល់​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​ព្រហ្ម​លិខិត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​លែង​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។
«អាណាចក្រ​នេះ​ត្រូវតែ​បិទ​ទ្វារ ​រហូត​ពេល​ដែល​ភ្លើង​នេះ​រលត់!» នាង​ស្រែក​ឡើង។
«អ៊ីចឹង​អូន​នៅ​ធ្វើ​អី​? ចេញ​មក​វិញ​មក!»
«ព្រោះ​ព្រះ​ចន្ទ​ពណ៌​ខ្មៅ​ក៏​នឹង​វិនាស​សូន្យ​ទៅ ជាមួយ​ការ​បិទ​ទ្វារ​នេះ​ដែរ! ​បណ្ដាសា​វា​លែង​មាន​លើ​លោក​នេះ ​លោកគ្រូ​នឹង​ចេញ​រួច​វិញ​ ចំណែក​សៀវភៅ​នេះ​នឹង​ឆេះ​បាត់​ទៅ​ដោយ​ខ្លួន​វា!»
ខ្ញុំ​បិទ​ភ្នែក ហើយ​សមាធិ​ទាំង​ចិត្ត​តក់ស្លុត។
«មេឃ​ដី​ភ្លើង​ខ្យល់​!»
ខ្ញុំ​ហៅ​ដដែលៗ ហៅ​ហើយ​ហៅ​ទៀត ហៅ​រហូត​ដល់​គ្រប់យ៉ាង​ដែល​ត្រជាក់​បំផុត​គួរ​ឱ្យ​ព្រឺព្រួច​បោក​បាច​មក​លើ​រាងកាយ​ខ្ញុំ។
ដៃ​មួយ​ក្ដៅ​ដូច​ភ្លើង​លូក​មក​ចាប់ដៃ​ខ្ញុំ ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ក្រញាង​ ហើយ​បើក​ភ្នែក​ច្រាន​ចេញ។
នេះ​គឺ​ស្ត្រី​ស្អាត​របស់​ខ្ញុំ នាង​មិនមែន​ទន់​ល្ហិតល្ហៃ​ដូច​ខ្ញុំ​បាន​ឃើញ​អម្បាញ់មិញ​ទេ​ នាង​ស្លៀក​រ៉ូប​ផ្កា​យ៉ាង​ស្អាត​ ហើយ​សក់​របស់​នាង​ប៉ើង​សិច​ស៊ី​តាម​កម្លាំង​ខ្យល់។
នាង​អូស​ដៃ​ខ្ញុំ​ឱ្យ​រត់​តាម ប៉ុន្តែ​ខ្ញុំ​មិន​អាច​រត់​លឿន ​ព្រោះ​ជើង​របស់ខ្ញុំ​ទាំង​គូ​​ហាក់​ដូច​ជា​ធ្ងន់​ហើយ​ភ្នែក​ខ្ញុំ​មិន​អាច​មើល​ឃើញ​ទិដ្ឋភាព​អ្វី​ ក្រៅពី​ភាព​ព្រិល​ដូច​កាល​ពី​ខ្ញុំ​បាន​ទៅ​ដល់​ស្ពាន​ហើយ​ឃើញ​មនុស្ស​ខ្លារខិន។
«បាន​ការ​ហើយ? ខ្ញុំ​ពិត​ជា​ចូល​មក​បាន​មែន​ជាមួយ​នឹង​ពាក្យ​បួន​ម៉ាត់ មេឃ​ដី​ភ្លើង​ខ្យល់?»
ខ្ញុំ​ងាក​មក​មើល​នាង ​ហើយ​មើល​ដៃ​នាង​ដែល​ចាប់​កដៃ​ខ្ញុំ​ ហើយ​ងើប​មុខ​មក​មើល​ស្នាមញញឹម​របស់​នាង។
«អូន​សម្លាប់​ខ្លួន?!»
នាង​ស្រងូត ហើយ​ឈប់​រត់ នាង​ប្រហែលជា​ទើប​នឹង​ចាប់អារម្មណ៍​ថា​ខ្លួនឯង​ស្លាប់? ប៉ុន្តែ​បន្ទាប់​មក​ នាង​ក៏​ញញឹម​វិញ​ ព្រោះ​ឃើញ​ខ្ញុំ​នៅ​ចំពោះ​មុខ។
«អូន​រស់​ធ្វើ​អី បើ​នៅ​ជាមួយ​ប្រុស​ផ្សេង!»
ខ្ញុំ​ស្រក់​ទឹក​ភ្នែក​តក់ៗ​ជំនួស​ឱ្យ​ពាក្យ​សម្ដី។
ខ្ញុំ​ស្មានថា​ពិភពលោក​នេះ​អាក្រក់​ឃោរឃៅ ចំពោះ​ក្មេង​ប្រុស​កំព្រា​ឪពុក​ម្នាក់​នេះ​ ប៉ុន្តែ​ការ​ពិត…..  អូ​ខេ​ស្លាប់​ក៏​ស្លាប់​ទៅ! យើង​ស្លាប់​ជា​មួយ​គ្នា។
ខ្ញុំ​ដកដង្ហើម​វែង​ ហើយ​និយាយ​លាយ​ញញឹម​សប្បាយ​ចិត្ត៖
«អ៊ីចឹង​បង​ទៅ​ជា​មួយ​អូន!»
នាង​ក៏​ញញឹម​វិញ​ដោយ​ថ្ពក់​ម្រាមដៃ​នាង​ជាមួយ​ខ្ញុំ​យ៉ាង​តឹង​ជាង​មុន។ ខ្ញុំ​ដកដង្ហើម​ជ្រៅ​យ៉ាង​ធូរស្រាល​ក្នុង​បេះដូង​ ហើយ​ពួក​យើង​បាន​បោះជំហាន​ទៅមុខ​បន្ត​ទៀត តែ​មាន​អារម្មណ៍​ដូច​ជា​ពីរ​នាក់​ខ្ញុំ​កំពុងតែ​ជាន់​ដី​ផុង​ៗ​ធ្លាក់​ចុះ បន្ទាប់​មក អ្វីៗ​គ្រប់​យ៉ាង​ក្លាយ​ជា​ងងឹត។ ជុំ​វិញ​ខ្លួន​មានតែ​ក្លិន​ខ្មោះ។
«វុទ្ធី?» ធីតា​ខ្សឹប​ហៅ​ខ្ញុំ។
«បាទ?»
«រក​មើល​ពាសពេញ​ទីនេះ​គ្រប់​ទីកន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន! រក​កន្លែង​ណា​មួយ​ដែល​មាន​សរសេរ​ពាក្យ​ថា លើក​លែង​តែ!»
«លើកលែង​តែ????»
«ត្រូវ​ហើយ! នៅ​ទីនោះ ​យើង​នឹង​អាច​សរសេរ​បន្ថែម​កែប្រែ​អត្ថន័យ​សៀវភៅ ដក​អា​ថា​ន់​របស់​វា​ចេញ​ឱ្យ​សាបសូន្យ​ជួយ​លោកគ្រូ​អ៊ី​ម៉ា!»
«អូន​ដឹង​រឿង​លោកគ្រូ​ដែរ?!»
«ខ្ញុំ​ជា​វិញ្ញាណ ​ខ្ញុំ​ដឹង​ទាំងអស់!»
នាង​លើក​បង្ហាញ​ចង្កៀង​មួ​យមក​ ខ្ញុំ​អាច​មើល​ឃើញ​ជញ្ជាំង​ដែល​មាន​អក្សរ​ជា​ច្រើន​ញាប់​ហើយ​តូច​ល្អិត។ គ្រប់​យ៉ាង​ដូចជា​ពិភពលោក​ទាំង​មូល​ដែល​ត្រូវ​មាន​ទីក្រុង​តូច​ៗ​ជា​ច្រើន​មើល​ពី​ទី​ឆ្ងាយ​ឃើញ​យ៉ាង​តូច​ល្អិត ហើយ​កាន់​តែ​ពិនិត្យមើល​ក៏​រួម​តូច​ទៅៗ​ ដូច​ជា​ជួរ​អក្សរ​រាប់​លាន​ពាក្យ​ស្ថិត​នៅ​​ពី​ក្រោយ​ផ្ទាំង​កញ្ចក់​ដ៏​ធំ​គ្មាន​ព្រំ​ដែន។
នាង​អូស​ដៃ​ខ្ញុំ​ជានិច្ច ផ្លូវ​នៅ​ខាង​មុខ​ផ្លាស់ប្ដូរ​ទៅ​ក្នុង​ភាព​ងងឹត​ម្ដង​ទៀត ហើយ​ខ្ញុំ​ចាប់ផ្ដើម​ថប់​ដង្ហើម​ឡើង​ៗ​ ដូច​ជា​កំពុង​ត្រូវ​វង្វេង​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នោះ។
«ធី​ឯង​ជិត​អស់​ពេល​នៅ​ទីនេះ​ហើយ! ត្រូវ​ស្រូត​ឡើង!»
ខ្ញុំ​ជឿ​នាង។ ខ្ញុំ​ប្រហែលជា​ត្រូវ​បែក​ពី​នាង​ជា​រៀង​រហូត​ហើយ​ ពេល​ដែល​រក​អក្សរ​នោះ​មិន​ឃើញ។
យើង​មក​ដល់​ជញ្ជាំង​មួយ​ថ្មី​ ហើយ​ស្ថានភាព​ដដែល​គឺ​ដូច​រាវ​ម្ជុល​ក្នុង​ទឹកសមុទ្រ។
«យើង​រក​មិន​ឃើញ​ទេ!» នាង​និយាយ​ទាំង​ហាក់​បាត់​អស់​សេចក្ដី​សង្ឃឹម ​និង​ចាប់ផ្ដើម​អន្ទះសា។ ខ្ញុំ​បាន​ដឹង​ដៃ​នាង​ប្រែប្រួល​ពី​ក្ដៅ​ទៅ​ជា​ត្រជាក់។
«បង​រក​វា​ឱ្យ​ឃើញ​ហើយ​បញ្ឈប់​វា! សូម​ឱ្យ​វេទមន្ត​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ​ដែល​គាំទ្រ​មនុស្ស​ល្អ​ អំពើ​ល្អ​ និង​ស្នេហា​ដ៏​ស្មោះសរ​របស់​យើង​ជួយ​ដល់​ពួក​យើង!»
នាង​ចាប់ផ្ដើម​រលាយ​ក្នុង​ប្រអប់​ដៃ​ខ្ញុំ។ ខ្ញុំ​បែរ​មក​រក​ធីតា​ទាំង​តក់ស្លុត។ តើ​សង្សារ​ខ្ញុំ​ពិត​ជា​រលាយ​វិញ្ញាណ​ជា​រៀង​រហូត​ដោយសារ​បរាជ័យ​នេះ?
ខ្ញុំ​ស្រក់​ទឹកភ្នែក​ ហើយ​មាន​អារម្មណ៍​ថា​អំណាច​អ្វី​មួយ​បាន​ហៅ​ឱ្យ​ខ្ញុំ​លើក​ដៃ​ទៅ​វាយ​ប្រឆាំង​ជញ្ជាំង​ថ្ម។
ខ្ញុំ​ភ្ញាក់​ព្រោះ​ដៃ​ខ្ញុំ​ប៉ះ​ទី​ណា​ អក្សរ​ទីនោះ​ចាប់ផ្ដើម​រលប់។ ប្រាជ្ញា​ខ្ញុំ​កើត​ចេញ​មក​យ៉ាង​លឿន​នូវ​គំនិត​ថ្មី​និង​បន្ទាន់។ ខ្ញុំ​ចាប់ផ្ដើម​ពិនិត្យ​អក្សរ​ទាំង​នោះ ​ហើយ​លុប​ខ្លះ​ទុក​ខ្លះ។ ទីបំផុត​ពាក្យ​«លើកលែង​តែ» កាន់​តែ​លេច​រូបរាង​ ក្រោយ​ពេល​ខ្ញុំ​លុប​ស្រៈ​ដៃ​ជើង​វា​ចេញ​ ហើយ​​វា​រត់​មក​ផ្គុំ​គ្នា។
ពេល​ដែល​ខ្ញុំ​បាន​ពាក្យ «លើកលែងតែ» ពេញលេញ ធីតា​ចាប់ផ្ដើម​បិទ​ភ្នែក​ ហើយ​ទន់​ខ្លួន​ ចាំបាច់​ខ្ញុំ​ត្រូវ​តែ​ប្រើ​ដៃ​ម្ខាង​គ្រាហ៍​នាង។
មាត់​នាង​និយាយ​ម្ហបៗ៖
«ពេល​នេះ​ធី​ឯង​សរសេរ​បាន​ឬ​នៅ? សាក​មើល​ទៅ​ធី!»
ខ្ញុំ​ចាប់ផ្ដើម​ប្រើ​ម្រាម​ដៃ​គូស​បន្ទាប់ពី​ពាក្យ​លើកលែងតែ….
«ពិតជា​បាន​មែន​ហើយ! ឱ្យ​បង​សរសេរ​ថា​ម៉េច​ទៅ?!»
នាង​ត្រេកអរ​ណាស់​ ខំ​ត្រដរ​និយាយ​ទាំង​បិទ​ភ្នែក៖
«សរសេរ​គ្រប់​យ៉ាង​ណា​ដែល​បង​ចង់​បាន! អា​ថាន់​នេះ​មាន​មហិទ្ធិឫទ្ធិ​ធ្វើ​បាន​ទាំងអស់! ឆាប់​សរសេរ ដូចជា លោកគ្រូ​អ៊ី​ម៉ា​ក្លាយ​មក​ជា​មនុស្ស​ធម្មតា…..»
នាង​កំពុង​និយាយ​ពី​អ្នក​ផ្សេង ​តែ​ខ្ញុំ​គិត​ពី​នាង​ជា​អាទិភាព។
ដៃ​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​បន្ត​ពី​ពាក្យ​លើកលែង​តែ…. គឺ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​វុទ្ធី បាន​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ជញ្ជាំង​នេះ ធីតា​សង្សារ​របស់​គេ​នឹង​រស់​ឡើង​វិញ ពួកគេ​នឹង​នៅ​ជាមួយគ្នា​ដល់​ចាស់​បណ្ដាសា​លើ​លោកគ្រូ​អ៊ី​ម៉ា​ត្រូវ​រលាយ​ខូច​បង់ គាត់​ក្លាយ​ជា​មនុស្ស​ធម្មតា ពិភពលោក​នេះ​លែង​មាន​សៀវភៅ​លាក់​អាថាន់ ហើយ…..។
ទ្វារ​មួយ​លេច​ឡើង​ក្នុង​ជញ្ជាំង ​វា​ថែមទាំង​ហូរ​មក​នូវ​ចរន្ត​ឈាម​ក្រហមច្រាល​យ៉ាង​សាហាវ​ជុំវិញ​ជ្រុង​របស់​វា។
ធីតា​បើកភ្នែក​ហើយ​ស្រែក៖
«តោះ​ធី​ យើង​រត់​ចេញ! ទ្វារ​នរក​បើក​ហើយ!»
នាង​ទាញ​ខ្ញុំ​បក​ក្រោយ តែ​ខ្ញុំ​ទៅ​បាន​បន្តិច​ក៏​វិល​មក​វិញ…. ទ្វារ​ចំហ​ទៅ​ហើយ….. ខ្យល់​បោក​មក​កាន់​តែ​ខ្លាំង​ នាំមក​នូវ​កំណួច​ធូលី​ក្រាស់​ឃ្មឹក ខ្ញុំ​ប្រញាប់​សរសេរ​បញ្ចប់​៖
«ហើយ​អា​ព្រះ​ចន្ទ​ពណ៌​ខ្មៅ​នឹង​រលាយ​សូន្យ​បាត់​​ពី​ផែនដី​នេះ​ជា​រៀង​រហូត!»
មេឃ​ក្រឡាប់ចាក់​ ខ្ញុំ​ឮ​តែ​សំឡេង​នាង​ស្រែក​ល្វើយ​ចុង​ក្រោយ៖
«ធី!!!»
យើង​បាន​របូតដៃ​ចេញពី​គ្នា​ ហើយ​ខ្ញុំ​ត្រូវ​បាន​កួច​ទៅ​ក្នុង​ទ្វារ​នោះ។
«អត់​អី​ទេ! ភារកិច្ច​ខ្ញុំ​ចប់​ហើយ! ស្លាប់​ទៅ ក៏​បិទ​ភ្នែក​ជិត!»
ខ្ញុំ​គិត​ហើយ​បណ្ដោយ​ខ្លួន​ឱ្យ​អណ្ដែត​ស្រាល​ស្ងើក​ទៅ​តាម​កំណួច​ខ្យល់​នរក។
ហើយ​សាជាថ្មី ខ្ញុំ​លែង​ដឹង​អ្វី​ទាំង​អស់។
ពន្លឺ​ព្រះអាទិត្យ​ឆ្លងកាត់​បំភ្លឺ​មក​លើ​មុខ​និង​ភ្នែក​ខ្ញុំ។ ខ្ញុំ​មមី​ភ្នែក ដកដង្ហើម​ស្រូប​យក​ក្លិន​នៃ​ពិភព​មនុស្ស ហើយ​ការងារ​ដំបូង ខ្ញុំ​ត្រូវតែ​ប្រាកដ​ថា នេះ​គឺជា​ការ​ពិត​មិនមែន​សុបិន។
«យើង​ពិតជា​នៅ​រស់​ ឬ​មិន​មែន​ជា​យើង?​»
ខ្ញុំ​បាន​សួរ​ខ្លួនឯង។
«ល្អ​ណាស់! យើង​នៅ​រស់​ទេ!» សំឡេង​លោកគ្រូ​អ៊ី​ម៉ា​ឆ្លើយ​មក​រក​ភាព​ស្ងាត់ស្ងៀម​របស់ខ្ញុំ។
ខ្ញុំ​បើកភ្នែក​សម្លឹង​ជុំវិញ​ខ្លួន នេះ​មិន​មែន​ជា​បន្ទប់​គាត់​ផង។
«តើ​ពួក​យើង​កំពុង​នៅ​កន្លែង​ណា?»
«នៅ​ក្នុង​មន្ទីរពេទ្យ! សន្តិសុខ​ឡើង​មក​ពេល​គេ​ឮ​សំឡេង​អីវ៉ាន់​ក្នុង​ផ្ទះ​រមៀល​បាក់បែក ហើយ​គេ​គិត​ថា​ពួក​យើង​ផ្ទុះ​ហ្គាស!» ខ្ញុំ​ប្រមូល​ស្មារតី​ដើម្បី​សប្បាយ​ចិត្ត​ក្នុង​ការ​បាន​រស់​ជា​ថ្មី​ម្ដង​ទៀត។
«អរគុណ​ណាស់​មេឃ​ដី​ភ្លើង​ខ្យល់​!» ខ្ញុំ​និយាយ​ខ្សឹប។
……………………….
ក្រោយ​ចេញពី​មន្ទីរពេទ្យ ខ្ញុំ​បាន​ទៅ​រក​ធីតា​នៅ​ផ្ទះ។ ម្ដាយ​នាង​ប្រាប់​ថា​នាង​ឈឺ​ធ្ងន់​ណាស់​ ដេក​មិន​ដឹង​ខ្លួន​ជា​មនុស្ស​រុក្ខជាតិ​៥​ថ្ងៃ​ទៅ​ហើយ។ ពេទ្យ​ថា​នាង​គ្មាន​សង្ឃឹម​ទេ​ តែ​ខ្ញុំ​ធានា​នឹង​គាត់​ថា​នាង​នឹង​ជា​ឡើង​វិញ។
ខ្ញុំ​នៅ​ជាមួយ​នាង​រហូតដល់​យប់​​ដែល​វិញ្ញាណ​នាង​បាន​វិល​មក​រក​រាងកាយ​វិញ។
ស្នេហា​ពួក​យើង​គ្មាន​អ្នកណា​ជំទាស់​ទៀត​នោះ​ឡើយ ប៉ុន្តែ​ប្រហែលជា​គ្មាន​អ្នក​ណា​នឹង​ព្រម​ជឿ​ទេ​ពី​អ្វី​ដែល​ពួក​យើង​បាន​ជួប​កន្លង​មក ព្រោះ​គ្រប់​យ៉ាង​ជុំវិញ​សៀវភៅ​លាក់​អា​ថាន់​ និង​ ព្រះ​ចន្ទ​ពណ៌​ខ្មៅ​ក្លាយ​ទៅ​ជា​រឿងនិទាន។
ប៉ុន្តែ​គ្រប់គ្នា​មិន​បាន​គិត​ទេ​ថា ប្រសិន​គ្មាន​ការ​ពិត ក៏​មិន​អាច​មាន​រឿង​និទាន​ដែរ។
ត​ទៅ​ខ្ញុំ​បាន​រៀបចំ​ទីតាំង​ថ្វាយ​អ្នកតា​ម្ចាស់​ដី​ឡើង​វិញ ហើយ​គោរព​បូជា​រាល់​ថ្ងៃ​សីល​ធ្វើ​ឱ្យ​ម្ដាយ​ខ្ញុំ​រីករាយ​ជា​ខ្លាំង។
ប្ដូរ​ពី​ការ​អាន​សៀវភៅ​ចម្លែក​ៗ ខ្ញុំ​មាន​ចំណូលចិត្ត​ថ្មី​ជា​អ្នក​សរសេរ​វិញ​ម្ដង។ សៀវភៅ​ដែល​ខ្ញុំ​បង្ហោះ​លើ​ Internet នៅ​យប់​នេះ មាន​ចំណងជើង​ថា «អំពើ​ល្អ ស្នេហា​ល្អ មនុស្ស​ល្អ ជា​កម្លាំង​គូ​នឹង​មេឃ​ដី​ភ្លើង​ខ្យល់»
ចប់​ដោយ​បរិបូរណ៍

0 comments:

Post a Comment