រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

គ្រូស្នេហ៍ (ភាគ​ទី​៤)

ភាគ​ទី​៤
ចិត្ត​ខ្ញុំ​កំពុង​គ្រឺត​ក្នាញ់​គេ ស្រាប់​តែ​គេ​ឆាត​មក។
«Hi»
​នេះ​លេង​មែន​ទែន​ហើយ​តើ? ​មិន​ត្រឹមតែ​ Accept​ ភ្លាម ថែមទាំង​ Chat​ មក​ភ្លែត!
​ខ្ញុំ​ក្ដៅ​ចិត្ត​ព្រោះ​ប្រចណ្ឌ​ពេញ​បន្ទុក។ ​ដៃ​ខ្ញុំ​សរសេរ​តប​ទៅ​វិញ៖
«​កូន​អ្នក​ណា​គេ​ស្អាត​ម៉េះ?!»
​គេ​មិន​ឆ្លើយ​សំណួរ​ខ្ញុំ ​តែ​សួរ​វិញ​ទៀត៖
«​បង​ឯង​ធ្លាប់​យល់សប្ដិ​របៀប​ខ្ញុំ​មែន​អត់​? ​ធ្លាប់​មាន​អារម្មណ៍​ដូច​ស្គាល់​អ្នក​ណា​ម្នាក់​មែន​អត់​? តែ​មិន​ដឹង​គេ​ជា​អ្នកណា?»

ខ្ញុំ​លែង​ខឹង​ ហើយ​អាណិត​គេ​ភ្លាម គឺ​អាណិត​សឹង​តែ​មិន​ទប់​ចិត្ត​មិន​ឱ្យ​នឹក​គេ​បាន​សោះ។
​ខ្ញុំ​ងប់​នឹង​ភាព​ស្លូតត្រង់​របស់​គេ។ ​ខ្ញុំ​ដឹង​ថា​គេ​ឆាត​ឆាប់​យ៉ាង​នេះ​ មក​តែ​ពី​គេ​អន្ទះសា​ចង់​ដឹង​ពី​ប្រុស​ម្នាក់​ដែល​បាន​ចូល​មក​ដិតដាម​ក្នុង​ជីវិត​គេ​ បាន​សេចក្ដី​ថា​ គេ​ក៏​កំពុង​រស់នៅ​ជាមួយ​ស្នេហា​នោះ​ដូច​ខ្ញុំ​ដែរ ​គ្រាន់តែ​ថា​ខ្ញុំ​នេះ​បាន​ដឹង​ពី​ហេតុ​ផល​គេ​វិញ គេ​មិន​ដឹង​អី​សោះ តែ​គេ​ប្រហែល​ជា​នៅ​ចងចាំ​ព្រាលៗ​ស្លាកស្នាម​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​យើង។
«​ធ្លាប់​អី? ​កំពុង​តែ​មាន​អារម្មណ៍​បែប​នេះ​រាល់ថ្ងៃ!»
​ខ្ញុំ​ឆ្លើយ​យ៉ាង​ប្រញាប់។ ​គេ​តប​មក​វិញ​ទៀត៖
«​មែន? ​ហើយ​បង​អាច​ប្រាប់​ខ្ញុំ​បាន​ទេ?»
«​អត់​បាន​ទេ! ខ្ជិល​និយាយ​ឆាត​ណាស់! ចាំ​ជួប​គ្នា​ខាង​ក្រៅ​និយាយ​ត​ទល់​ម៉ង​ទៅ​ស្រួល​ជាង!»
«បាន!»
​គេ​ឆ្លើយ​រហ័ស​ណាស់ ​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​រឹតតែ​ភ្លើតភ្លើន​ ប៉ុន្តែ​រំពេច​នោះ គេ​ដូរ​ចិត្ត​ ហើយ​ឆាត​ត្រឡប់​មក​ទៀត៖
«ភ្លេច! ម៉ាក់​ខ្ញុំ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ទេ​បង!»
​ខ្ញុំ​នឹក​អាណិត​គេ​ក្ដុកក្ដួល​ចិត្ត​ជា​ខ្លាំង។ ​ខ្ញុំ​សរសេរ​វិញ​យ៉ាង​ញាប់៖
«​ហេតុ​អី? យើង​ធ្វើ​អី​ខុស?! ដឹង​ទេ​ថា​ឃុំ​មនុស្ស​វា​ខុស​ច្បាប់?!​ យើង​ធំ​ហើយ​ម៉េច​ព្រម​ឱ្យ​គេ​ឃុំ​?»
«​មិនមែន​ទេ! ​មក​ពី​ខ្ញុំ​ខ្លួនឯង​មាន​ជំងឺ បាន​ជា​មិន​អាច​បណ្ដោយ​ឱ្យ​ទៅ​ណា​តែ​ឯង​បាន​!»
​ចិត្ត​ខ្ញុំ​កាន់តែ​វេទនា​ ពេល​ឮ​ពី​ស្ថានភាព​រស់នៅ​របស់​គេ​។​ បើ​មិន​ដោយសារ​ខ្ញុំ គេ​មាន​ប្ដី​ជា​អ្នក​មាន​ក្លាយ​ជា​អ្នកស្រី​តូច​មាន​សេរីភាព ​មាន​អ្វី​គ្រប់​យ៉ាង​បាត់​ទៅ​ហើយ​។​ ពេល​នេះ គេ​បាត់បង់​ខ្លួន​ប្រាណ បាត់​បង់​គូ​ដណ្ដឹង បាត់បង់​សេរីភាព​ជា​មនុស្ស​ធម្មតា កេរ្តិ៍​ឈ្មោះ​និង​អនាគត តើ​ខ្ញុំ​រ៉ាប់រង​រួច​ទេ​ ប៉ះប៉ូវ​សង​គេ​ដោយ​របៀប​ណា​។

​ខ្ញុំ​សួរ​ពេល​ដែល​ទឹកភ្នែក​ខ្លួនឯង​ស្រក់​ខ្ចាយ​មក​លើ​ទូរសព្ទ៖
«​យើង​ឈឺ​អី​? ​ក្នុង​ខ្លួន​ចេះ​តែ​យ៉ាងម៉េច​?»
«​សុខភាព​ខ្ញុំ​អត់​អី​ទាំង​អស់!​ ប៉ុន្តែ​ស្មារតី​ខ្ញុំ​មិន​សូវ​ល្អ ពេល​ខ្លះ​វង្វេង ពេល​ខ្លះ​នឹក​ឃើញ​ដល់​រឿង​មិន​ពិត​ ដែល​ខ្ញុំ​មិន​ដឹង​ថា​ធ្លាប់​ជួប​ពិត​មែន ​ឬ​​គ្រាន់តែ​ជា​យល់សប្ដិ​! ​ម៉ាក់​ថា​ខ្ញុំ​ត្រូវ​អំពើ​គេ ហើយ​អ្នក​គ្រប់​គ្នា​ក្នុង​ផ្ទះ គេច​ៗ​ពេល​ខ្ញុំ​ខំ​ទៅ​និយាយ​សួរ​នាំ​គេ! អ្នក​បម្រើ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឆ្លើយ​ឆ្លង​អ្វី​នឹង​ខ្ញុំ​ទេ! ខ្ញុំ​អផ្សុក​ណាស់!»
​ខ្ញុំ​ជូត​ទឹក​ភ្នែក ហើយ​សរសេរ​ទៅ​កាន់​គេ​៖
«​មាន​បង​នៅ​ស្ដាប់​យើង​និយាយ​បាន យើង​និយាយ​គ្នា​តាម​សម្រួល​ណា!»
«​ហើយ​បង​ឯង​ឈ្មោះ​អ្វី?!»
«​ដេវីដ​!»
«​ចុះ​បង​ឯង​ធ្លាប់​មាន​ការ​ស្រមៃ​ទេ​? គឺ​ស្រមៃ​ឃើញ​មនុស្ស​ដែល​យើង​មិន​ដែល​ស្គាល់ ហើយ​ស្រមៃ​ថា​ជិតស្និទ្ធ​មាន​អារម្មណ៍​កក់ក្ដៅ​ខ្លាំង​ណាស់!»
​ខ្ញុំ​ញញឹម​ពេល​ដឹង​ថា​គេ​ក៏​កំពុង​មាន​អារម្មណ៍​តែ​មួយ​ដូច​ខ្ញុំ​បេះបិទ​។ ​មិនមែន​ស្នេហា​នោះ​មាន​តែ​ចំពោះ​រាង​កាយ​ ហើយ​បាត់​ទៅ​តាម​ការ​សាបរលាប​នៃ​មន្តអាគម​នោះ​ទេ ​ប្រហែលជា​សេចក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​ដ៏​ជ្រាលជ្រៅ​ចំពោះ​គេ​ បង្កើត​ឱ្យ​គេ​នូវ​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ហើយ​មើល​ទៅ​?
«​អត់​ទេ​!​ បង​ស្រមៃ​ឃើញ​តា​រាវី​!»
​គេ​នៅ​ស្ងាត់ស្ងៀម​អស់​បន្តិច​ ទើប​ធ្វើ​មុខ​ឆ្ងល់​ផ្ញើ​មក​ខ្ញុំ។
​បន្ទាប់​មក​គេ​ក៏​សរសេរ​ទៀត៖
«​យើង​ធ្លាប់​ស្គាល់​គ្នា​ទេ​?»
«​ធ្លាប់!​ យើង​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ពី​ជាតិ​មុន​មក​! ​បង​ធ្លាប់​ឱប​អូន ហើយ​បង​ធ្លាប់​ប្រាប់​តារាវី​ថា ឱ្យ ស្រលាញ់​បង​ជានិច្ច ឃើញ​ប្រុស​ណា​មិន​ឱ្យ​មើល ឃើញ​ប្រុស​ណា​មិន​ឱ្យ​ស្រលាញ់! មិន​ឱ្យ​មាន​ប្រុស​ណា​ក្រៅ​ពី​បង​!»
​នាង​បាត់​ស្ងាត់​ឈឹង តែ​ខ្ញុំ​ដឹង​ថា​នាង​មិន​បាន​ទៅ​ណា​នោះ​ទេ គឺ​នាង​នៅ​ភាំង​ប្រាកដ​ណាស់។ បើ​នាង​នៅ​ចាំ​អនុស្សាវរីយ៍​ពួក​យើង​បាន​ រឿង​អ្វី​នាង​ចាំ​ពាក្យ​ពេចន៍​របស់ខ្ញុំ​មិន​បាន?
«​តា​រាវី?»
​ខ្ញុំ​ឆា​តទៅ​ទាញ​អារម្មណ៍​នាង​ឱ្យ​មូល​មក​វិញ ស្រាប់តែ​នាង​ឆាត​មក​វិញ​ទៀត៖
«​បង​ឯង​និយាយ​ដូច​ពាក្យ​ដែល​ខ្ញុំ​ធ្លាប់​ឮ?!»
«​ត្រូវ​ហើយ! ​ព្រោះ​យើង​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​!»
«​តែ​ពេល​នេះ ​បើ​ខ្ញុំ​យក​ទៅ​ប្រាប់​គេ គេ​នឹង​ថា ខ្ញុំ​មាន​ជំងឺ​រវើរវាយ​!»
«​មិនបាច់​ប្រាប់​អ្នក​ណា​ទេ​ឮ​អត់​?​ ដឹង​តែ​យើង​ពីរ​នាក់​ទៅ​បាន​ហើយ!»
«​អ៊ីចឹង​អ្ហេស​?​ ហើយ​ចុះ​ក្រោយៗ​បង​ដេវីដ​ឆាត​មក​ទៀត​ដែរ​ទេ​?»
«​បង​ឆាត​រាល់ថ្ងៃ​!»
«​ចុះ​បង​ដេវីដ​មាន​រូបរាង​ពិត​ដែរ​ទេ​ ឬ​មួយ​មាន​ត្រឹមតែ​ក្នុង​ក្ដី​ស្រមៃ​?!»

តិច​គេ​សរសៃប្រសាទ​មែនទែន​ទៅ​ដែល​ត្រូវ​មនុស្សម្នា​រើសអើង​យូរ​ពេក​?​ នៅ​តែ​ឯង​ដូច្នេះ​យូរ​ពេក​?
​តាម​ការ​រំជួល​ចិត្ត​ដោយ​សេចក្ដី​អាណិត​ស្រលាញ់ ខ្ញុំ​ដាច់​ចិត្ត​សរសេរ​៖
«​បង​ដេវីដ​នឹង​ដណ្ដឹង​តារាវី​រៀបការ​ជា​ភរិយា​ក្នុង​ជាតិ​នេះ​ទៀត តារាវី​ព្រម​ដែរ​ទេ​?»
​គេ​មិន​និយាយ​អ្វី ​ហើយ​បន្តិច​ក្រោយ​មក​គេ ​Offline។

ប្រការ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​បាយ​មិន​នឹក ទឹក​មិន​ស្រេក​ពេញ​មួយ​ថ្ងៃ​ទល់​យប់។
​ឃើញ​ដូច្នោះ ​អ្នក​បម្រើ​រត់​ទៅ​ប្រាប់​ម៉ាក់ គាត់​ក៏​ឡើង​មក​ដល់ ​ហើយ​អង្គុយ​ក្បែរ​ខ្ញុំ​។​
​ខ្ញុំ​មិន​មាត់​មិន​ក​អ្វី​មួយ​ម៉ាត់ ថែម​ទាំង​លើក​ខ្នើយ​មក​ខ្ទប់​មុខ​គេច​ពី​គាត់​ ស្រាប់តែ​គាត់​អង្អែល​ដៃ​ខ្ញុំ​ហើយ​និយាយ​លួងលោម៖
«​ទុក​ពេល​ឱ្យ​ម៉ាក់​បន្តិច! ​ចាំ​ម៉ាក់​រក​វិធី​ទៅ​ជូនពាក្យ​បង​ហ្គិច​វិញ!»
​ខ្ញុំ​អរ​ណាស់​ងើប​មុខ​មក​វិញ​ភ្លាម​ ហើយ​សំណូម​ពរ៖
«​ម៉ាក់​ទៅ​និយាយ​កូនស្រី​ឯកឧត្ដម​តារា​ឱ្យ​ហើយ​ទៅ​! ​បាន​ទេ?»
​គាត់​ទីទើរ ​ខ្ញុំ​ឱប​គាត់ គាត់​ក៏​ងក់​ក្បាល​យឺត​ៗ​៖
«​ចាំ​ម៉ាក់​រក​ពួកម៉ាក​ពីរ​បី​នាក់​ឱ្យ​គេ​ចូល​ទៅ​ស៊ើប​មុន​សិន​! ​ម៉ាក់​ខ្លាច​ចូល​ទៅ​គេ​មិន​ឱ្យ ​គេ​មិន​រាក់ទាក់ នាំ​តែ​ពិបាក!»
​ខ្ញុំ​សប្បាយ​ចិត្ត​ទុក​ជា​មុន​ស្រេច​ទៅ​ហើយ​ គ្រាន់តែ​ឮ​ប៉ុណ្ណេះ​។​
​ដូច​ការ​គ្រោង​ទុក ចាស់ៗ​បាន​និយាយ​ត្រូវ​គ្នា នៅតែ​សួរ​ចិត្ត​ក្មេងៗ​ទេ​។ ឋានៈ​គ្រួសារ​ទាំង​សងខាង​គ្មាន​អ្វី​ជា​ឧបសគ្គ​នោះ​ឡើយ ចំណែក​ខាង​ស្រី​ គេ​ខ្លាច​តែ​ប្រវត្តិ​កូន​ស្រី​គេ អ្នក​ក្រ​មិន​ហ៊ាន ​អ្នក​មាន​មិន​ចូល​តែ​ប៉ុណ្ណោះ​។

​ថ្ងៃ​ធ្វើ​ពិធី​ឆី​ស្លា​ គឺ​ជា​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បង្ហាញ​ខ្លួន​ទៅ​ជួប​គេ​ត​ទល់។
​គេ​ចុះ​មក​សុភាពរាបសារ​ ហើយ​មិន​បាន​តែង​ខ្លួន​អ្វី​ច្រើន​ តែ​ខ្ញុំ​នឹក​គេ​ស្ទើរ​តែ​ស្ទុះ​ទៅ​ឱប​គេ​កណ្ដាល​ចំណោម​ទៅ​ហើយ។
​គេ​ឱន​មុខ​រហូត ចំណែក​ឫកពា​គេ​ទៀត​សោត​គ្មាន​ត្រង់​ណា​សម​ថា ​គេ​ជា​មនុស្ស​ស្រី​រាយមាយ​ មាន​ប្ដី​មុន​រៀបការ​នោះ​ទេ។
​រឿង​នេះ នឹក​ឃើញ​កាល​ណា​កាន់​តែ​មាន​វិប្បដិសារី​មួយ​ម៉ឺន​ជំពូក។

​ទោះបីជា​យ៉ាង​ណា​ ពេល​នេះ​ខ្ញុំ​បាន​ឱកាស​ថែ​ទាំ​នាង​មើល​ថែ​នាង ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ប្ដី​ល្អ​ម្នាក់​ដែល​នាង​មិន​អាច​ឱ្យ​អ្នក​ណា​រិះគន់​ពេបជ្រាយ​បាន​ទៀត​ឡើយ​ក្នុង​ជាតិ​នេះ​។​
​សំឡេង​អ្នកបម្រើ​ជំនិត​របស់​ម៉ាក់​ខ្ញុំ​លាន់​មក​ខ្សឹបៗ​ឮ​ប៉ះ​ត្រចៀក​ខ្ញុំ​៖
«​ខ្ញុំ​ភ័យ​ណាស់​បង​ជំទាវ​! ​មិញ​ខ្ញុំ​ជួប​អ្នក​បម្រើ​ផ្ទះ​នេះ គឺ​បង​ដា! បង​ដា​ជា​អ្នកស្រុក​ជាមួយ​ខ្ញុំ​!​ គាត់​លួច​ខ្សឹប​ប្រាប់​ថា​ ក្រោយ​ពី​មាន​រឿង​គូ​ដណ្ដឹង​ផ្ដាច់​ពាក្យ​ព្រោះ​ក្អួត​ឈាម​ថ្ងៃ​ចូល​រោង អ្នក​នាង​ផ្ទះ​នេះ​ក៏​មាន​គេ​ចូល​សួរ​បន្ត​បន្ទាប់​ដែរ​! តែ​រាល់​ដង​ឱ្យ​តែ​ពេល​ដែល​ចុះ​មក​ដល់​ឃើញ​មុខ​កូន​កំលោះ​ នាង​តែង​តែ​គ្រវីក្បាល​បដិសេធ ​ហើយ​រត់​បាត់! ​មិន​ដឹង​ថា​មក​ពី​ហេតុ​អ្វី​ដែរ! ​ដោយសារ​តែ​យ៉ាង​ហ្នឹង​ហើយ​បាន​ជា​អ្នក​រាល់គ្នា​គិត​ថា ​នាង​មាន​ជំងឺ​ឆ្កួត ឬ​ត្រូវ​អំពើ​គេ​នៅ​ឡើយ​!»
​ម្ដាយ​ខ្ញុំ​លើក​ដៃ​រឹត​ទ្រូង​ ហើយ​ងើយ​ផ្ចង់​សម្លឹង​ទៅ​ភាគី​កូន​ក្រមុំ​ដែល​ជ្រប់​មុខ​ហាក់​គ្មាន​សួស្ដី​។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​គាត់​គិត​ហើយ គឺ​គាត់​កំពុង​គិត​ថា ចុះ​បើ​កូន​ប្រុស​គាត់​តែ​មួយ​គត់​នេះ ត្រូវ​នាង​បដិសេធ?
​ខ្ញុំ​ឃើញ​ម៉ាក់​ងាក​ទៅ​មើល​ជំទាវ​ម្ដាយ​គេ​និង​ប៉ា​ឯកឧត្ដម​របស់​គេ។
​អភិជន​ទាំង​ពីរ​នាក់​នោះ មើល​ទៅ​ទំនង​ជា​កំពុង​បុក​ពោះ​ដូច​គ្នា ​គឺ​ស្លេកស្លាំង​នឹង​ចរិត​ប្លែកៗ​របស់​កូន​ក្រមុំ​។ ខ្ញុំ​ដឹង​ថា​ពួកគាត់​បាន​ខាតបង់​កិត្តិយស​ច្រើនដង​មក​ហើយ ​ដោយសារ​តែ​បុត្រី​តែ​មួយ​នេះ ប៉ុន្តែ​ចិត្ត​ជា​ឪពុក​ម្ដាយ​មិន​អាច​បិទ​ភ្នែក​ចោល​កូន​ក្នុង​សភាព​ឥត​កោះ​ត្រើយ​បែបនេះ​បាន​ឡើយ​។

​ខ្ញុំ​សម្លឹង​ទៅ​គេ​ម្ដង។
«​អូន​មិន​បដិសេធ​បង​ទេ មែន​ទេ​!?»
​ខ្ញុំ​សួរ​ខ្លួន​ឯង​តិចៗ។
​មាត់​ខ្ញុំ​ទន្ទេញ​ចាំ​នូវ​អាគម​ស្នេហ៍​ដំរី​ដែល​សូត្រ​ដាក់​ស្រី​ណា ​ស្រី​នោះ​នឹង​ក្លាយ​មក​ជា​របស់​ខ្ញុំ​ តែ​ខ្ញុំ​នឹង​មិន​ធ្វើ​អំពើ​បែប​នេះ​មក​លើ​នាង​ជា​លើក​ទី​ពីរ​ឡើយ​។​
​ដៃ​ខ្ញុំ​ចង់​ចុច​ឆាត​ ហើយ​បញ្ជូន​ទៅ​​រក​នាង​ក៏​មិន​បាន​ ព្រោះ​នាង​គ្មាន​ទូរ​សព្ទ​នៅ​ក្បែរ​ឡើយ​។

​ខ្ញុំ​និយាយ​ក្នុង​បេះដូង​ស្ងាត់​ៗ ហើយ​អធិដ្ឋាន​ផ្ញើ​ជា​សម្ងាត់​ទៅ​រក​បេះដូង​នាង​៖
«​ស្រលាញ់​បង​ជានិច្ច​ណា៎​!»
​នាង​ស្រាប់តែ​ងើប​មុខ​មក​។​
​ខ្ញុំ​ភាំង​នឹង​សម្រស់​ដូច​គំនូរ​របស់​នាង​។​
​នាង​ស្រាប់តែ​ធ្វើ​មុខ​ភ័យ​ស្លេក ពេល​ឃើញ​ខ្ញុំ​។​ មាត់​ខ្ញុំ​ខំ​ញញឹម​ តែ​នាង​ដូចជា​ប្រុង​តែ​នឹង​រត់​?
​ខ្ញុំ​ស្លន់ស្លោ​។​
​ប្រសិន​នាង​គ្រវីក្បាល​បន្តិច​ ឪពុក​ម្ដាយ​នាង​នឹង​បញ្ជូន​ពួក​យើង​ឱ្យ​ចាក​ចេញពី​ផ្ទះ​នេះ​ភ្លាមៗ​មិន​ខាន​ទេ​។

​ខ្ញុំ​ឃើញ​ម្ដាយ​នាង​ខំ​លូកដៃ​ទៅ​កាន់​ដៃ​នាង​ កុំ​ឱ្យ​សតិ​មាន​បញ្ហា​របស់​នាង​រើ​ឡើងវិញ​។​
​គាត់​ក៏​ពិតជា​ចង់​ឱ្យ​នាង​មាន​ប្ដី​ដែរ​ ព្រោះ​មិន​អាច​មើលថែ​នាង​យ៉ាង​នេះ​រហូត​ដល់​ចាស់​ទេ។ ទោះ​យ៉ាង​ណា ​គាត់​ត្រូវ​តែ​រក​បុរស​ម្នាក់​ដែល​យោគយល់​ដល់​ស្ថានភាព​ជំងឺ​នាង។

​មាត់​នាង​ចាប់​ញ័រ ហើយ​ក្បាល​នាង​រៀប​តែ​គ្រវី​ពេល​ឃើញ​ខ្ញុំ។ ខ្ញុំ​រិះគិត​ទាំង​រន្ធត់​ថា ​តើ​ស្នេហ៍​ដំរី​នោះ​ពិត​ជា​សាហាវ ដល់​ថ្នាក់​ឱ្យ​នាង​មិន​អាច​សម្លឹង​ប្រុស​ណា​បាន​ជា​រៀង​រហូត​មែន​ឬ​អ្វី​?
​ខ្លួន​នាង​ញ័រ​រង្គើ ធ្វើ​ឱ្យ​គ្រប់​គ្នា​ចំហ​មាត់​ធ្លុង។
​ខ្ញុំ​ដឹង​ថា​បើ​កុំ​តែ​ស្រលាញ់​កូន​ពេក ម្ដាយ​ខ្ញុំ​មិន​មក​ដល់​ទី​នេះ​ទេ ហើយ​ពេលនេះ បើ​ខ្ញុំ​មិន​ធ្វើ​អ្វី​ម្យ៉ាង​នោះ​ ម្ដាយ​ខ្ញុំ​នឹង​វេច​បង្វេច​នាំ​កូន​ប្រុស​រត់​មិនទាន់​ឥឡូវ​ហើយ​។

«​កុំ​ភ័យ​ណា៎!​ ​គឺ​បង​!»
​គ្រប់​គ្នា​ប្រហែល​ភាន់ភាំង ​ពេល​ឃើញ​ខ្ញុំ​និយាយ​កណ្ដាល​ចំណោម​របៀប​នេះ​។​ ចំណែក​ម្ដាយ​ខ្ញុំ​ គាត់​ស្រលាំងកាំង​តែ​ម្ដង​។ ​គ្រួសារ​ទាំង​ពីរ​ជា​គ្រួសារ​មាន​របៀបរបប​ណាស់។​ តាម​ធម្មតា ​ក្មេងៗ​មិន​ហ៊ាន​កម្រើក​ផង​នៅ​មុខ​ចាស់ទុំ កុំ​ថា​ឡើយ​មក​និយាយ​ពាក្យ​រ៉ូមែនទិក​អស់​ទាំង​នេះ តែ​ខ្ញុំ​ត្រូវតែ​បង្ការ​អ្វី​មួយ​នៅ​មុន​ពេល​នាង​រត់​បាត់។​
​ខ្ញុំ​បន្ថែម​ឃ្លា​ទី​ពីរ​៖
«​បង​មក​ដណ្ដឹង​តារាវី​ជា​ភរិយា ហើយ​ស្រលាញ់​បង​ជានិច្ច​ឮ​អត់​?»
​ម្ដាយ​ខ្ញុំ​កាន់តែ​ញាប់​ញ័រ​ដែល​ខ្ញុំ​មក​និយាយ​ស្ដី​យ៉ាង​នេះ​នៅ​មុខ​ប៉ា​ម៉ាក់​គេ​ ទាំង​ដែល​គេ​មិន​ទាន់​បាន​ថា​លើក​កូន​ឱ្យ​យើង​ផង​?
​ស្រាប់តែ​នាង​ងើប​មុខ​មក​ខ្ញុំ​ ហើយ​សម្លឹង​ភ្លឹក​។​
​នាង​ធ្វើ​មុខ​ដូច​ឆ្ងល់ ​តែ​បន្ទាប់​មក​រក​កល​ចង់​ញញឹម​។​
​គ្រប់​គ្នា​នៅ​បើក​ភ្នែក​គ្រលួង​ៗ  រហូត​ដល់​ខ្ញុំ​ប្រឹង​ញញឹម​ទៅ​រក​នាង ទើប​នាង​ញញឹម​ស្រស់​មួយ​ទំហឹង​មក​កាន់​ខ្ញុំ​។

​ខ្ញុំ​ក្រឡេក​មើល​ដៃ​នាង​ដែល​ដក​ចេញ​ពី​ម្ដាយ ហើយ​ខ្លួន​នាង​លែង​ញ័រ​រង្គើ​។​
​ខ្ញុំ​ញញឹម​ទាំង​រលីង​រលោង​ទឹកភ្នែក​ ហើយ​សួរ​នាង​៖
«​វី​ព្រម​រៀបការ យក​បង​ដេវីដ​ជា​ប្ដី​ដែរ​ទេ​?!»
​នាង​ញញឹម​ ហើយ​ងក់​ក្បាល​ញាប់​ឡើង​ៗ​។​
​ខ្ញុំ​ញញឹម​ ហើយ​ជូត​ទឹកភ្នែក ព្រមទាំង​និយាយ​ទៅកាន់​នាង​៖
«​សន្យា​នឹង​បង​ណា៎​! ​បើ​រៀបការ​នឹង​បង វី​ឈប់​ឈឺ ឈប់​ខ្លាច​មនុស្ស​ប្រុស ​ហើយ​ឈប់​ចុះចាញ់​ព្រហ្មលិខិត​! វី​ត្រូវតែ​រឹងមាំ ដើម្បី​ដើរ​លេង​ជុំវិញ​ពិភពលោក​នេះ​ជាមួយ​បង​!»
​នាង​ញញឹម​លើស​ដើម​ ធ្វើ​ឱ្យ​ប៉ា​ម៉ាក់​នាង​ស្រក់​ទឹកភ្នែក​ច្រោក​អាណិត​ខ្ញុំ​ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​កូន​គាត់​។​
«​តារា​វី​យល់ព្រម​!»​
នាង​ឆ្លើយ​តិចៗ​។​
​ទោះ​បី​យ៉ាង​ណា ការ​ផ្ដល់​ចម្លើយ​វិជ្ជមាន​របស់​នាង ធ្វើ​ឱ្យ​ម៉ាក់​ខ្ញុំ​កាន់តែ​ភាំង​ ព្រោះថា​នេះ​ជា​សំឡេង​លើក​ដំបូង​របស់​នាង​ដែល​គ្រប់​គ្នា​បាន​ស្ដាប់​ឮ តែ​ជា​ចម្លើយ​ដែល​គ្មាន​អ្នកណា​ស្មាន​ដល់​។​

ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ចេញ​ចូល​ផ្ទះ​នាង​របៀប​ជា​គូ​ដណ្ដឹង​។
​ត្បិត​តែ​ថា​គេ​មិន​ទាន់​ទុកចិត្ត​ឱ្យ​ខ្ញុំ​នាំ​នាង​ដើរលេង ​តែ​អ្នក​ផ្ទះ​នាង​តែងតែ​តាមដាន​គ្រប់​ទង្វើ​នឹង​ការ​អត់ធន់​របស់​ខ្ញុំ ​ដើម្បី​ដឹង​បាន​ថា ខ្ញុំ​នេះ​អាច​នឹង​ថែ​ទាំ​នាង​ពេញ​មួយ​ជីវិត​ដែរ​ឬ​ទេ​នោះ​។​
​គ្រប់យ៉ាង​ដំណើរការ​ទៅ​ដោយ​រលូន ព្រោះ​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​សូម្បី​តែ​គិត​ថា​ នឹង​ចោល​នាង​ទៅ​រក​ស្រី​ផ្សេង​ឯ​ណា​នោះ​ឡើយ ដឹង​អី​ល្ងាច​មួយ​…
«​បង​ចង់​សុំ​ម៉ាក់​និង​ប៉ា​នាំ​វី​ចេញ​ក្រៅ​ខ្លះ ទៅ​ Shopping ​ទៅ​មើល​នេះ មើល​នោះ​នឹង​គេ​!»
​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ដូច្នេះ ធ្វើ​ឱ្យ​នាង​អរ​ជា​ខ្លាំង។
«​មែន​អ្ហី?​ វី​ខាន​បាន​ទៅ​ណា​យូរ​ហើយ!»
​ខ្ញុំ​អាណិត​នាង​ណាស់​ដែល​ទីបំផុត​មាន​ជីវិត​របៀប​នេះ។ ទីបំផុត​ពេល​ខ្ញុំ​លើក​ហេតុផល​សព្វ​បែប​យ៉ាង​ទៅ​ពុក​ម្ដាយ​នាង​អនុញ្ញាត។

​ស្អែក​ឡើង ខ្ញុំ​ទៅ​រក​នាង​តាំង​ពី​ព្រឹក​ ហើយ​នាំ​នាង​ចេញ​រក​អាហារ​ពេល​ព្រឹក​នៅ​ក្រៅ​តែ​ម្ដង។
​ពេល​បើក​ឡាន​ជូន​នាង ខ្ញុំ​សង្កេត​ឃើញ​ថា​តារាវី​ត្រេកអរ​ជា​ខ្លាំង​​​នៅ​ពេល​ដែល​បាន​នៅ​តែ​ពីរ​នាក់​ខ្ញុំ។
«​អាទិត្យ​ក្រោយ ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​យើង​ហើយ បង​ចង់​ឱ្យ​វី​រើស​គ្រឿង​អលង្ការ​ជាមួយ​គ្នា!»
​នាង​កាន់​តែ​សប្បាយ​ចិត្ត។ ​ពេល​ដែល​ឡាន​ស៊ីញ៉ូ​អែប​ក្បែរ​ហាង​មាស នាង​ស្រាប់តែ​ស្លេក​ស្លាំង​ ធ្វើ​ឱ្យ​ខ្ញុំ​នៅ​ពិនិត្យមើល​ទាំង​បារម្ភ។

«​កើត​អី​? ​មុខ​ស្លេក​ម៉េះ?»
​គេ​មិន​ទាន់​បាន​ឆ្លើយតប​នឹង​ខ្ញុំ​ថា​យ៉ាងណា​ផង ស្រាប់តែ​ក្អួត​ឈាម​មក​រ៉ាវ​ប្រឡាក់​ពេញ​ខ្លួនប្រាណ​។​
​ខ្ញុំ​ស្រែក​ហៅ​ឈ្មោះ​គេ​ ព្រោះ​រន្ធត់​ពេក ​ចំណែក​គេ​ខ្លួនឯង​ក្អួត​ រួច​ទន់​ដៃ​ជើង​សន្លប់​ទន់​​ក​ល្ងៀក​។​
​ហេតុ​អី​?
​ខ្ញុំ​បក​ឡាន​ថយ​ក្រោយ​ដូច​ព្យុះ​សំដៅ​មន្ទីរពេទ្យ​។​

ប៉ា​ម៉ាក់​នាង​មក​ដល់ គាត់​មើល​ថែ​នាង ពេល​ពេទ្យ​រក​មូលហេតុ​មិន​ឃើញ ឯ​នាង​ប្រក្រតី​វិញ​។​
​ខ្ញុំ​ចាក​ចេញ​មក​ក្រៅ ហើយ​រក​ទិញ​ប្រដាប់​អាគម​អូមអាម​ដែល​ខ្ញុំ​ខាន​ប៉ះពាល់​យូរ​ហើយ​នោះ​ មក​បម្រុង​ធ្វើ​ពិធី​គន់គូរ​មើល​។​
​មិន​ទាន់​បាន​មក​ដល់​ផ្ទះ​ផង ខ្ញុំ​បាន​បើក​ឡាន​កាត់​តាម​វត្ត​នោះ​។​
​ភ្នែក​ខ្ញុំ​ក្រឡេក​ឃើញ​ព្រះ​គ្រូ​សង្ឃរាជ​ឈរ​នៅ​ចំ​កណ្ដាល​ខ្លោងទ្វារ​មើល​មក​ខ្ញុំ។
​អ្វី​មួយ​ដាស់​ចិត្ត​ខ្ញុំ​ឱ្យ​ព្រឺ​សម្បុរ។

​ខ្ញុំ​សម្រេច​ចិត្ត​បក​ឡាន ​ហើយ​ចូល​ទៅ​រក​លោក។ ព្រះ​គ្រូ​មិន​បាន​នៅ​ក្បែរ​ខ្លោងទ្វារ​ ដូច​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មុន​នេះ​ទេ​។ ​ដូច្នេះ ខ្ញុំ​បាន​ចូល​ទៅ​រក​លោក​ដល់​កុដិ​តែ​ម្ដង។
«ចៅ​ឯង​ត្រូវតែ​ដោះស្រាយ​កែខៃ​ មុន​ពេល​ញោមស្រី​នោះ​គ្រោះ​ដល់​ជីវិត!»
«​ហេតុ​អី​?»
​ខ្ញុំ​សួរ​យ៉ាង​ខ្លី​ដោយ​ឥត​ព្រាងទុក។
​ព្រះ​គ្រូ​មិន​បាន​បកស្រាយ​អ្វី​ មាន​តែ​ទូន្មាន​បន្ថែម៖
«​ទៅ​វិញ​ឆាប់​រៀបចំ​លះបង់​អ្វីៗ​ដែល​ជា​ភាព​មន្ទិល​នោះ​ទៅ!​ ក្រែង​នៅ​ទាន់​ពេល​!»
«​ហេតុ​អី​ទៅ​?»
​ខ្ញុំ​សង្ខើញ​សួរ​ ព្រោះ​ទញ់​ទាល់​និង​តក់ស្លុត​។​
​ស្ថានភាព​នាង​នៅ​ក្នុង​ឡាន​សន្លប់​ស្រោច​ឈាម​ពេញ​ខ្លួន​នៅ​ដិតដាម​នឹង​កែវភ្នែក​ខ្ញុំ​។​
​ខ្ញុំ​ដឹង​ព្រះ​គ្រូ​សំដៅ​លើ​អ្វី តែ​ខ្ញុំ​ធ្វើ​មិន​ដឹង ​ហើយ​បញ្ចេញ​កំហឹង​។​
​ព្រះ​គ្រូ​ធ្មេច​ព្រះ​នេត្រ​សម្ងំ ខ្ញុំ​និយាយ​បន្ថែម​ទាំង​មិន​សុខចិត្ត​៖
«​ខ្ញុំ​លុបលាង​ហើយ​ទេ​តើ​!​ ខ្ញុំ​ព្រម​ថែទាំ​គេ ប៉ះប៉ូវ​សង​គេ ដោយ​អាយុជីវិត​ស្លាប់​រូប​ដើរ​មក​ខ្ចី​ខ្លួន​ប្រាណ​អ្នកដទៃ​នៅ​យ៉ាង​អនាថា​ទៅ​ហើយ តើ​គិត​ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៀត​ទៅ?!»
«​អាត្មា​ប្រាប់​ហើយ ​ញោម​ចង់​ស្រាយ​អ្វីៗ​ទាំងអស់​ត្រូវ​លះបង់​វិជ្ជាការ សល់​តែ​បាតដៃ​ទទេ!​»
​ខ្ញុំ​ច្រឡោត​តូង​ចាកចេញ​ទាំង​ខឹង​សម្បារ។
​ខ្ញុំ​មិន​អាច​ទទួល​យក​ហេតុផល​ទាំង​នេះ​បាន​ទេ ទោះបី​ចិត្ត​ខ្ញុំ​កាន់តែ​បារម្ភ​ឡើង​ៗ​ក្ដី​។

​ជិះ​បាន​មក​ដល់​កណ្ដាល​ផ្លូវ​ អ្នក​ផ្ទះ​ខល​មក​ប្រាប់​ថា ពេទ្យ​មិន​ឱ្យ​ចេញ​ទៅ​ផ្ទះ​ទេ ​ហើយ​ឱ្យ​រក​ឈាម​មក​ត្រៀម។
​ខ្ញុំ​ងងឹត​មុខ​ស្លុប ក្រពុល​ចិត្ត​បើក​ឡាន​វេរ​ចុះ​ឡើង​ ចង់តែ​ស្រែក​ឱ្យ​កប់​អាកាស​តវ៉ា​នឹង​ព្រហ្ម​លិខិត  អស់​ចិត្ត​អស់​ចង់​ ទម្រាំ​នឹង​សម្រេច​ចិត្ត​បត់​ទៅ​រក​លោកតា​វិញ​។​
«​ធ្វើ​អី​ធ្វើ​ទៅ​!​ ឱ្យ​តែ​គេ​ជា​!»
​លោកតា​សង្ឃរាជ​ដកដង្ហើម​ធំ ហើយ​ងាក​ទៅ​បង្គាប់​ហៅ​អាចារ្យ៖
«​នាំ​ញោម​នេះ​ទៅ​ជួប​តា​ញ៉េន​!​ ត្រូវ​ចាំ​!​ មិន​ឱ្យ​ហួស​ម៉ោង​១១​យប់​នេះ! ​ស្រូត​ទៅ​! គ្រឿង​រណ្ដាប់​ពិធី​ត្រូវ​រក​មក​ឱ្យ​ទាន់​!»
​អាចារ្យ​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ក្រុង។
​មេឃ​ព្រាលៗ​សល់​តែ​ពន្លឺ​ថ្ងៃ​ខ្សោយ​ៗ​រៀប​លិច​ទៅ​ហើយ​ យើង​មក​ដល់​ភូមិ​មួយ​ក្បែរ​បឹង​។ ​នេះ​ជា​តំបន់​ទុរគត​ជន​ក្រីក្រ​ដែល​មាន​ក្លិន​មិន​ផាសុកភាព​សោះ​។​
​តា​អាចារ្យ​ចូល​ទៅ​រក​បុរស​ចំណាស់​ម្នាក់​ស្លៀក​ក្រមា ​ហើយ​ទុក​ខ្ញុំ​ក្នុង​ឡាន​។ ​ខ្ញុំ​សម្លឹង​ទៅ​ពួកគេ​ខ្សឹប​គ្នា​ពី​ចម្ងាយ។
​ខ្ញុំ​អាច​សង្ស័យ​ពួក​គេ ​តែ​មិន​អាច​សង្ស័យ​ព្រះសង្ឃ​ឡើយ។ ដូច្នេះ​ហើយ​ខ្ញុំ​រុញ​ទ្វារ​បើក​ដើរ​ចុះ។
​កាត់​ពី​មុខ​សំរាម​សព្វ​អន្លើ ខ្ញុំ​ឃើញ​ប្រទាល​មួយ​ចំនួន​។​

ម្ចាស់ផ្ទះ​កំព្រួក​នេះ​ជា​អ្នក​លេង​អថ័ន​ពិត​ណាស់​ ព្រោះ​នេះ​ជា​អារម្មណ៍​របស់​អ្នក​មាន​បទពិសោធន៍​ដូច​ខ្ញុំ​។​
​ខ្ញុំ​ផ្គុំ​ដៃ​ឱន​សំពះ ​ពេល​ដែល​តា​នោះ​សម្លឹង​ខ្ញុំ​មុត​​អើយ​មុត​។​ មិនទាន់​ដើរ​ដល់​ផង គាត់​លើក​ម្រាមដៃ​រាប់​ចុះឡើង​ ហើយ​ឱន​សម្លឹង​ស្នាមជើង​ខ្ញុំ​។​
«​ចៅ​កើត​ថ្ងៃ​សៅរ៍​?»
​ខ្ញុំ​ភាន់​។​

លោក​នេះ​ក្រៅ​ពី​ខ្ញុំ​ នៅ​មាន​គ្រូ​ពូកែ​ដល់​ថ្នាក់​នេះ​? ​ឃើញ​មុខ​ស្គាល់​ដល់​ថ្ងៃ​កើត​?
​យប់​ហើយ គាត់​មើល​ដានជើង​ខ្ញុំ​ឃើញ​ដែរ​ បើ​គាត់​ចាស់​យ៉ាង​នេះ​?
«​បាទ​!»
«​ចូល​ក្នុង​ផ្ទះ​!»
​គាត់​បញ្ជា​ខ្ញុំ ម្ល៉ោះ​ហើយ​ទោះបីជា​មាន​អារម្មណ៍​ចម្លែក​យ៉ាងណា ​ខ្ញុំ​នៅតែ​ដើរចូល​ទៅ​យឺត​ៗ​។

​ក្នុង​ផ្ទះ​ងងឹត​ ហើយ​មាន​មុង​ធំ​មួយ​កួច​ចង​ស្រាប់​ឡើង​ទៅ​លើ​ ធ្វើ​ឱ្យ​គ្រែ​ដេក​មាន​ស្ថានភាព​ស៊ុបទ្រុប គួរ​ឱ្យ​ចង់​ដក​ថយ ប៉ុន្តែ​ក្លិន​ធូប​បាន​បង្វែរ​ខ្ញុំ​ទៅ​រក​អាសនៈ​មួយ​ធំ​។​ ទីនោះ​បែរជា​មាន​ការរៀបចំ​ស្អាត​ខ្ជាប់​ខ្ជួន ​ហើយ​អុជ​ភ្លើង​ឱឡារិក។
​តា​ស្លៀក​ក្រ​ម៉ា​ គាត់​ឱន​សរសេរ​អ្វី​មួយ​ញាប់​ណាស់​ មុន​ពេល​ហុច​ទៅ​ឱ្យ​អាចារ្យ ​ហើយ​ដេញ​តឿន៖
«​រក​របស់​នេះ​មក​ឱ្យ​លឿន​បន្តិច!»
​ខ្ញុំ​លូក​រក​លុយ​ ហើយ​និយាយ៖
«​ទិញ​រណ្ដាប់​មែន​ទេ? ​អស់​ប្រហែល​ប៉ុន្មាន!»
​តា​ម្ចាស់​ផ្ទះ​រា​ដៃ ​ហើយ​និយាយ៖
«​មិន​មែន​លុយ​ចៅ​ឯង ប្រើ​មិន​បាន​ទេ!»
​ខ្ញុំ​ឆ្ងល់​សូម្បី​តែ​លុយ​ឧកញ៉ា​ដេវីដ​ក៏​គាត់​ដឹង​។​
​ខ្ញុំ​ហួសចិត្ត​ណាស់​ មាន​តែ​អង្គុយ​ចុះ​មក​លើ​កៅអី​ ហើយ​និយាយ​ទាំង​អស់​កម្លាំងចិត្ត​។​
«​ខ្ញុំ​មានរឿង​អី​?​ ហេតុ​អី​បានជា​គេ​ក្អួត​ឈាម​?»
«​អុជ​ធូប​ទៅ​!»
​ខ្ញុំ​បែរ​ទៅ​មើល​ជើងធូប ​ហើយ​ដក​​ដង្ហើម​ធំ​ មុន​ពេល​ក្រោក​ទៅ។
«​សូម​ជួយ​គេ​ឱ្យ​ឆ្លង​ផុត ខ្ញុំ​ព្រម​លះបង់​វិជ្ជាការ​ធ្វើ​ជា​មនុស្ស​ធម្មតា​វិញ​!»
​តា​ហុច​កន្ត្រៃ​មក​ភ្លាម ​ពេល​ដែល​ខ្ញុំ​ដោត​ធូប​រួច​កាលណា​។​
«​កាត់​សក់​?»
​ខ្ញុំ​សួរ​ទាំង​ចង់​រត់ចោល​ទី​នេះ​ម្ដង​ៗ។​
​ជា​អ្នក​លេង​មន្ត​អាគម ខ្ញុំ​ដឹង​ថា​សក់​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ទ្រទ្រង់​រាសី​និង​ធាតុ​នានា​។​ ការ​កាត់សក់​មក​ធ្វើ​ពិធី គឺ​ជា​ការ​យក​អាយុ​ជីវិត​មក​លលេង​ច្បាស់​ហើយ​។

​ខ្ញុំ​ញ័រ​ដៃ​ ពេល​គាត់​ងក់​ក្បាល ​ហើយ​រុញ​កន្ត្រៃ​មក​ទៀត​។​
​គាត់​និយាយ​មួយៗ​៖
«​អន្ទិត​ឯង​ជា​គ្រូ​ដែរ​!​ អំពើ​ក្អួត​ឈាម ដាក់​ហើយ​ដោះ​មិន​ចេញ​ទេ​!​ អន្ទិត​ឯង ដូរ​ចុះ​ឡើង​ឱ្យ​គេ​រស់ តែ​អន្ទិត​ឯង​ក៏​មិន​ព្រម​ស្លាប់​ម៉េច​នឹង​ចប់​រឿង?! ​ពេលនេះ​នៅ​ទាន់​ពេល! ​តា​ជួយ​បាន​! ​តែ​អាគម​មន្ត​វិជ្ជាការ​នឹង​រលាយ​អស់​ណា៎​!​ ស្ដាប់​ឱ្យ​បាន​!»
​ភ្នែក​ខ្ញុំ​សម្លឹង​កន្ត្រៃ ហើយ​ទទួល​វា​មក​ទាំង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ខ្លួនឯង​ហើប​ជើង​ពី​ដី​ម្ដង​ៗ​។
ទឹកភ្នែក​ខ្ញុំ​ស្រក់​ដូច​មនុស្ស​ស្រី​។​
«​តើ​ខ្ញុំ​នៅ​ដឹង​ខ្លួន នៅ​ស្គាល់​ខ្លួន​ឯង ​នៅ​ស្គាល់​គេ​ទៀត​ដែរ​ទេ?​!»
​នេះ​ជា​សំណួរ​ដែល​ខ្ញុំ​សួរ ​នៅ​ពេល​ហុច​សរសៃ​សក់​ទៅ​ដាក់​លើ​ថាស​គាត់​។​
​ខ្ញុំ​មិន​ខ្លាច​ទេ​ថា​បាត់​អ្វីៗ តែ​ខ្ញុំ​ខ្លាច​ខ្ញុំ​ឡេឡឺ សូម្បី​តែ​គេ​ក៏​ខ្ញុំ​លែង​ចាំ​។​
​គាត់​និយាយ​ទាំង​លើក​ទៀន​មួយ​អុជ​ជាស្រេច​ហុច​មក​ឱ្យ​ខ្ញុំ​កាន់​៖
«​នៅ​! តែ​…..»
«​តែ​អី​ទៅ?​»
​ខ្ញុំ​សង្ខើញ​សួរ​។

«​គេ​ទេ​ដែល​ប្រហែល​ជា​មិន​ចងចាំ​រឿង​ចៅ​ឯង​!»
​បេះដូង​ខ្ញុំ​រយះ​រយាយ​ ហើយ​លួច​គិត​ទាំង​ចិត្ត​ខ្សឹកខ្សួល​ថា ដោយសារ​តែ​ស្នេហា​ខុស​ឋានៈ​របស់​ខ្ញុំ​ចំពោះ​គេ​បាន​បង្ក​បញ្ហា​ច្រើន​ពេក​ហើយ​។​
​ទោះបី​អ៊ីចឹង​ក្ដី តើ​ឱ្យ​ខ្ញុំ​សុខចិត្ត​សុខកាយ ទទួលយក​វា​តាម​សម្រួល​បាន​ដែរ​?​ លទ្ធផល​របៀប​នេះ​?​រស់​ដោយ​គេ​ភ្លេច​យើង ​តើ​រស់​ដោយ​របៀប​ណា​?
«​តា​ឱ្យ​ចៅ​ស្លាប់​តែ​ម្ដង​ទៅ​អ៊ីចឹង​?»
​ខ្ញុំ​ពេបមាត់​និយាយ​ផង​យំ​ផង​។​
​គាត់​មិន​មាត់ ចាប់​ផ្ដើម​រៀប​ចំ​ថាស​សក់​ខ្ញុំ​ជាមួយ​ប្រទាល​មួយ​ចំនួន ​ហើយ​អាចារ្យ​ក៏​វិល​មក​វិញ​លា​ស្បោង​មក​បង្ហាញ​ឱ្យ​មើល​នូវ​ផ្កា​ជា​ច្រើន​ពណ៌​ ព្រម​ទាំង​កំបោរ​ក្រហម​មួយ​ដៃ​ផង​។​
«​ចៅ​ឯង​មិន​បាន​យក​មក​តាម​ទេ​!​ ទ្រព្យ ចិត្ត និស្ស័យ​! អស់ទាំង​នេះ​មិនមែន​របស់​យើង​ សង​គេ​វិញ​ទៅ​!»
​ខ្ញុំ​ទន់​ជង្គង់​លុត​ចុះ​ ហើយ​បិទ​ភ្នែក​ស្រែកយំ​។​
​ដៃ​ខ្ញុំ​លើក​ប្រណម​ ហើយ​គាត់​ចាប់​ផ្ដើម​លាប​កំបោរ​លើ​ចន្លោះ​ថ្ងាស​ឱ្យ​ខ្ញុំ​។​
​ពេល​គាត់​សូត្រ​ខ្សឹបៗ ខ្ញុំ​ក៏​និយាយ​ខ្សឹបៗ​៖
«​បង​ស្រលាញ់​អូន​ណាស់ ​តា​រាវី​! កុំ​ភ្លេច​បង​ណា៎! ​តា​រាវី​!»
​ខ្ញុំ​ទន្ទេញ​ប្រណាំង​ប្រឆាំង​នឹង​ការ​សូត្រ​របស់​គាត់ ​រហូត​ដល់​ទទួល​អារម្មណ៍​ថា ​រាល់​ពេល​ដែល​ស្រទាប់​ផ្កា​ និង​ទឹកមន្ត​ស្រោច​មក​លើ​ខ្ញុំ ខ្ញុំ​ចេះ​តែ​ងោកងុយ​ទន់​កាយ​អង្គុយ​លែង​ចង់​ជាប់ រហូត​ដល់​នាទី​ចុង​ក្រោយ ​ខ្ញុំ​បើក​ភ្នែក​ធ្ងន់​សែន​ធ្ងន់​ មុន​ពេល​ដួល​សន្លប់​ស្ដូក។

0 comments:

Post a Comment