រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

កំណប់​អាថ៌កំបាំង ​

ខ្ញុំ​មក​លេង​ស្រុក​កំណើត​ក្រោយ​ពី​បញ្ចប់​គម្រោង​​ការងារ​នៅ​កោះកុង។ ខ្ញុំ​ត្រូវ​សម្រាក​រង់ចាំ​រហូត​គម្រោង​ថ្មី​ធ្លាក់​មក ប្រហែល​ជា​២​​អាទិត្យ​ទៀត​ទើប​ខ្ញុំ​មក​លេង​ស្រុក​ដោយសារ​ខ្ជិល​នៅ​ភ្នំពេញ។ ខ្ញុំ​មក​ដល់​កំពង់​ចាម​រាង​រសៀល​បន្តិច​ទៅ​ហើយ តែ​យ៉ាង​ណា ខ្ញុំ​នៅ​សល់​ពេល​គ្រប់​គ្រាន់​ដើម្បី​ទៅ​លេង​ញាតិ​មិត្ត ក្រុម​គ្រួសារ​ដែរ លុះ​ម៉ោង​ប្រហែល​ជា​​៧​​យប់​មកដល់​ផ្ទះ​តា​ខ្ញុំ​វិញ។
ជា​ការ​ពិត​ណាស់​​ ការ​ធ្វើ​ដំណើរ​ផ្លូវ​ដ៏​ឆ្ងាយ ធ្វើ​ឱ្យ​ខ្ញុំ​អស់​កម្លាំង​យ៉ាង​ខ្លាំង​ចៀស​មិន​ផុត។ ក្រោយ​ពី​ហូប​អាហារ​ពេល​យប់​ជាមួយ​ប៉ា​ម៉ាក់​​រួច​​ ខ្ញុំ​នៅ​ជជែក​លេង​ជាមួយ​ពួក​គាត់​មួយ​សន្ទុះ រួច​ខ្ញុំ​ក៏​រៀបចំ​ចូល​គេង​ពី​ក្បាល​ព្រលប់​បន្តិច ប៉ុន្តែ​មុន​នឹង​ចូល​គេង ខ្ញុំ​បាន​ទៅ​អុជ​ធូប​ដល់​តា​ខ្ញុំ​ដែល​បាន​ស្លាប់​តាំង​ពី​ខ្ញុំ​នៅ​តូច​កើត​ទើប​តែ​បាន​មួយ​ខួប​ពីរ​ខួប​ម្ល៉េះ។
ប៉ា​ខ្ញុំ​តែង​តែ​ឱ្យ​ខ្ញុំ​អុជ​ធូប​រៀងរាល់​ពេល​ខ្ញុំ​មក​លេង ឬ​ថ្ងៃ​សីល រហូត​ដល់​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ បន្ទាប់​មក ខ្ញុំ​ក៏​ទៅ​គេង​ដោយ​​អស់​កម្លាំង គ្រាន់​តែ​ដាក់​ក្បាល​ដល់​កន្ទេល​ភ្លាម​ ខ្ញុំ​គេងលក់​យ៉ាង​ឆ្ងាញ់​តែ​ម្តង ប៉ុន្តែ​ស្រាប់​តែ​ពាក់​កណ្ដាល​អធ្រាត្រ ខ្ញុំ​យល់​សប្ដិ​ចម្លែក​មួយ​។​ ព្រលឹង​ខ្ញុំ​ឃើញ​ថា មនុស្ស​ម្នាក់​ឈរ​នៅ​ចុងជើង​ខ្ញុំ​កំពុង​គេង ហើយ​ស្រែក​ហៅ​ខ្ញុំ​៖
​«អា​ចៅ! ក្រោក​ឡើង!»​​
ខ្ញុំ​បើក​ភ្នែក​មក​ក៏​ឃើញ​តា​ម្នាក់​កំពុង​ញញឹម​ដាក់​ខ្ញុំ​ ខ្ញុំ​ក៏​ងើប​អង្គុយ។ ខ្ញុំ​មិន​ដែល​ជួប​គាត់​ពីមុន​ទេ តែ​មាន​អារម្មណ៍​ធ្លាប់​ឃើញ​ដូចជា​តា​ខ្ញុំ​ក្នុង​រូបថត។ គាត់​ជា​តា​ខ្ញុំ។​ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រួច​ឧទាន​ថា៖
​«តា???​ លោកតា​មែនទេ? ​លោកតា​មក​រក​លេង​ខ្ញុំ មែន​ទេ?​»
​«តា​មាន​របស់​មួយ​ចង់​ឱ្យ​ចៅឯង!» គាត់​តប​ទាំង​មុខ​នៅ​ញញឹម​ជាប់។​
​«​របស់​អី​ទៅ​លោកតា?» ខ្ញុំ​សួរ​ទាំង​ឆ្ងល់។​
​«ជា​របស់​សំខាន់​មួយ​ដែល​តា​កប់​ទុកចោល​យូរ​ហើយ​ ប៉ុន្តែ​ចៅ​ត្រូវ​ចាំ​ថា ​របស់​កាន់​តែ​ល្អ កាន់​តែ​ពិបាក​យក! ក្នុង​សម័យ​សង្គ្រាម តា​យក​វា​ទៅ​កប់​ដោយ​​បញ្ចុះ​អ្នក​ការពារ​នៅ​ជាមួយ​ផង! ដូចនេះ ចៅ​មាន​សំណាង​បាន​របស់​នោះ​ឬ​អត់ ​អាស្រ័យ​លើ​ចៅ​ខ្លួនឯង​ហើយ!»
​«អ្នក​ការពារ​អី​ទៅ?» ខ្ញុំ​ព្យាយាម​សួរ​បញ្ជាក់។
​«តា​មិន​អាច​ប្រាប់​បានទេ តែ​ចៅ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា ត្រូវតែ​ក្លាហាន មិន​តក់​ស្លុត មិន​ថា​ឃើញ​អ្វី​កើតឡើង​ក៏​ដោយ​ ចៅ​ត្រូវ​ជម្នះ​ឧបសគ្គ​បី​ដើម្បី​បាន​របស់​នោះ! បើ​សិន​ជា​ចៅ​ខ្លាច​ រាថយ ឬ​រត់​ត្រលប់​ក្រោយ ចៅ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត!»
​«ត្រូវ​មាន​គ្រោះ​ដល់​ស្លាប់​ផង?»​ ខ្ញុំ​សួរ​ទាំង​បារម្ភ។
​«ត្រូវ​ហើយ! ល្បែង​មួយ​នេះ​គឺ​ត្រូវ​យក​ជីវិត​ទៅ​ភ្នាល់!​ តើ​ចៅ​ហ៊ាន​លេង​ដែរ​ទេ?»
ខ្ញុំ​គិត​ថា ជាតិ​ជា​កូនប្រុស ខ្ញុំ​ធ្លាប់​ជួប​ខ្មោច ជួប​ព្រាយ រឿង​សាហាវ​ៗ​រាប់​មិន​អស់​ ខ្ញុំ​ចូល​ចិត្ត​ផ្សងព្រេង​ស្រាប់​ រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ខ្លាច?។ គិត​រួច​ទើប​ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា៖
«ខ្ញុំ​ហ៊ាន​លោកតា!!»
​គាត់​សើច​យ៉ាង​ខ្លាំង ហើយ​ពោល​៖
«ល្អ​ខ្លាំង​ណាស់! អ៊ីចឹង​ទើប​សម​ជា​ចៅ​របស់​យើង!!»​ ឮ​ពាក្យ​ហ្នឹង ខ្ញុំ​នឹក​ឃើញ​ប៉ា​ខ្ញុំ​ធ្លាប់​ប្រាប់​ថា តា​របស់​ខ្ញុំ​គឺជា​មេទ័ព​មួយ​រូប​ក្នុង​សម័យ​អាណានិគម​បារាំង។ គាត់​ចេះ​ច្រើន​ណាស់។ ពេល​គាត់​ឈប់​សើច គាត់​និយាយ​បន្ត​ទៀត​ថា៖
«តា​បាន​កប់​លាក់​របស់​ស័ក្ដិសិទ្ធិ​ជាច្រើន​ខាង​ជើង​ដើម​ជ្រៃ​ក្បែរ​បច្ឆា​វត្ត!​ ពេល​ចៅ​ឯង​ដើរ​ទៅ​ដល់​គល់​ដើម​ជ្រៃ​នោះ ចៅ​ឯង​ដើរ​ទៅ​ទិស​ខាង​ជើង​៧​ជំហាន ចៅ​នឹង​ឃើញ​ថ្ម​៣​ដុំ​តម្រៀប​គ្នា​ជា​មុំ​ចង្ក្រាន! ចូរ​ចៅ​​ជីក​ចន្លោះ​កណ្ដាល​ដុំ​ថ្ម​នោះ​យក​ចុះ ប៉ុន្តែ​ត្រូវ​ចាំ​ជានិច្ច​ថា ដាច់​ខាត​ត្រូវតែ​ក្លាហាន មិន​តក់​ស្លុត មិនថា​ជួប​នឹង​អ្វី​ក៏ដោយ! ជួប​មនុស្ស​វាយ​មនុស្ស ជួប​ខ្មោច​វាយ​ខ្មោច ជួប​ព្រាយ​វាយ​ព្រាយ​! ប្រសិន​ជា​ចៅឯង​ចាញ់​​ ចៅឯង​អាច​ស្លាប់​ ហើយ​ក្លាយ​ជា​អ្នកយាម​របស់​នៅ​បន្ត! ចៅឯង​ត្រូវតែ​ចាំ​ពាក្យ​តា​ប៉ុន្មាន​ឃ្លា​ហ្នឹង ​កុំ​ឱ្យ​ភ្លេច​ឱ្យ​សោះ!!»
«តា!​ ហេតុ​អី​ពួក​អ្នកយាម​របស់​ទាំងនោះ​កាច​ៗ​ម្ល៉េះ​លោកតា?»
«ព្រោះ​ថា តា​ជា​អ្នក​ធ្វើ​អ៊ីចឹង​ របស់​ទាំងនោះ​សុទ្ធតែ​ជា​របស់​សំខាន់​ណាស់! តា​ត្រូវតែ​រក​អ្នក​ការពារ​ខ្លាំង​ដើម្បី​ការពារ​របស់​នោះ ចៀសវាង​ធ្លាក់​ចូល​ក្នុង​ដៃ​មនុស្ស​មិនល្អ!​​​ តា​ឃើញ​ចៅ​ឯង​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​មក​ហើយ តា​ជឿ​ថា​ចៅ​អាច​ធ្វើ​បាន! ចៅ​ត្រូវ​ទៅ​ក្នុង​ពេល​ឥលូវ​នេះ ហើយ​ទៅ​តែម្នាក់​ឯង​គត់! បើ​អ្នក​ទី​២​ដឹង​ របស់​នោះ​នឹង​ត្រូវ​ព្រះធរណី​ស្រូប​លាក់​បាត់​តែ​ម្ដង!»
ខ្ញុំ​ចង់​សួរ​ត​ទៀត ប៉ុន្តែ​ខ្ញុំ​ភ្ញាក់​ពី​គេង​ទៅ​ហើយ មេឃ​ងងឹត​ស្លុប ខ្ញុំ​មើល​ម៉ោង​ទើប​តែ​១​រំលង​អធ្រាត្រ​ប៉ុណ្ណោះ។ ខ្ញុំ​ដេក​គិត សុបិន​នេះ​ហាក់​ដូចជា​ការពិត ខ្ញុំ​នៅ​ចងចាំ​ទាំង​អស់។ តើ​ខ្ញុំ​ពិត​ជា​ហ៊ាន​ទៅ​មែន​ឬ? សំណួរ​រាប់​ពាន់​ចាប់​ផ្ដើម​ផុស​ពេញ​ខួរ​ក្បាល​ខ្ញុំ។ ​ថ្មើរ​នេះ​ នាទី​នេះ ខ្ញុំ​ដើរ​ទៅ​ទី​ស្មសាន​ព្រោះ​តែ​យល់​សប្ដិ​មួយ តើ​ស័ក្ដិសម​ដែរ​ឬ​អត់​? តើ​វា​ជា​ការពិត​ដែរ​​អត់​? ពិតជា​ចម្លែក​ខ្លាំង​ណាស់​ តើ​ខ្ញុំ​គួរ​ជឿ​អត់​ហ្ន៎? ជើង​លេខ​ខ្ញុំ​ជួប​ខ្មោច​រាល់​តែ​ពេល ចុះ​បើ​ទៅ​ជួប​ខ្មោច​ទៀត ធ្វើ​យ៉ាង​ម៉េច? រត់? តែ​ច្បាស់​ណាស់​ថា តា​ខ្ញុំ​ឱ្យ​វាយ… អូរ!​ ឱ្យ​វាយ​យ៉ាង​ម៉េច បើ​ឃើញ​ម្ដងៗ រត់​បាត​ជើង​ស​ព្រាត​បែបនេះ?។​
ចម្លែក​ពេក​ទេ​ដឹង សុខ​ៗ​ដើរ​ទៅ​ទី​បច្ឆា​ទាំង​កណ្ដាល​អធ្រាត្រ​ស្ងាត់​? ទោះ​ជា​យ៉ាង​ណា ក៏​គួរ​តែ​ទៅ​មើល ព្រោះ​អី​ច្បាស់​ពេក​ណាស់​ លោកតា​មក​ពន្យល់​សប្ដិ​ឱ្យ​ទៅ​ជីក​កំណប់​ ម្យ៉ាង​ខ្ញុំ​ក៏​បាន​និយាយ​ថា​ ទៅ​រួច​ហើយ​ដែរ​ក្នុង​យល់​សប្ដិ​អម្បាញ់មិញ។ ខ្ញុំ​គួរតែ​សាក​ល្បងមើល គិត​រួច​ហើយ​ខ្ញុំ​ក៏​ក្រោក​ឡើង​មក​យក​ពិល ហើយ​បើក​ទ្វារ​តិចៗ ខ្លាច​មាន​នរណា​ភ្ញាក់។ ​មិន​យូរ​ប៉ុន្មាន​ក៏​ចុះ​មកដល់​ដី​យក​ចបជីក ស្រាប់​តែ​ប្រទះ​ភ្នែក​ឃើញ​អាវ​ធំ​ប៉ា​ខ្ញុំ​ដែល​ព្យួរ​លើ​សសរ​កន្លោង ​​ខ្ញុំ​ក៏​លើក​យក​មក​ពាក់ រួច​ក៏​ដើរ​សំដៅ​ទៅ​វត្ត​ទាំង​កណ្ដាល​​​​រាត្រី។ មក​ដល់​ខាងក្រៅ​ស្ងាត់​​ច្រៀប​ ព្រោះ​​ថ្មើរ​នេះ​មនុស្ស​កំពុង​តែ​គេង​លង់លក់​យ៉ាង​ស៊ប់​​គ្រប់​ៗ​គ្នា ឯ​មេឃ​ងងឹត​ព្រាលៗ​ដោយ​សារ​ពន្លឺ​ព្រះ​ចន្ទ​បាំង​ដោយ​ដុំ​ពពក។
ខ្ញុំ​ដើរ​បណ្ដើរ​​ គិត​​បណ្ដើរ ឧបសគ្គ​បី​យ៉ាង​នោះ​គឺ​ជា​អ្វីខ្លះ? កំណប់​នោះ​គឺជា​អ្វី? តើ​ខ្ញុំ​ត្រូវ​ប្រឈម​នឹង​វា​តាម​របៀប​ណា​ខ្លះ​ទៅ?​
ទោះ​មក​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ ពេល​កំពុង​ធ្វើ​ដំណើរ​ ខ្ញុំ​នៅ​តែ​គិត និង​ឆ្ងល់​ខ្លួនឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ដែល​ធ្វើ​ដំណើរ​ទៅ​វត្ត ទៅ​ទី​បច្ឆា ទៅ​ទី​កប់​ខ្មោច​ទាំង​រាត្រី​​បែប​នេះ។​ អាកាសធាតុ​ត្រជាក់​ស្រេង​ស្រៀវ​ដល់​ឆ្អឹងខ្នង តាម​ផ្លូវ​អម​ដោយ​ដើមឈើ​តូច​ធំ​សងខាង​បក់​រេរាំ​តាម​កម្លាំង​ខ្យល់​។ និយាយ​តាម​ត្រង់​ទៅ ផ្លូវ​នេះ​ថ្មើរ​ហ្នឹង​ពិត​ជា​ស្ងាត់​​មែនទែន ខ្ញុំ​ចាប់​ផ្ដើម​ភ័យ​បុកពោះ​តិចៗ ចាប់​ផ្ដើម​បារម្ភ​ខ្លាំង​ទៅ​ៗ តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ​មិន​ឈប់​។ ខ្ញុំ​និយាយ​ដាក់​ខ្លួន​ឯង​ថា៖
«អ្វី​ដែល​យើង​​​សម្រេច​ចិត្ត​រួច​ហើយ យើង​ត្រូវតែ​ជម្នះ​រាល់​ឧបសគ្គ! ​ណ្ហើយ​! ទោះ​ជា​វា​ជា​រឿង​មិន​ពិត​ក៏​យើង​អាច​វាស់​ស្ទង់​សមត្ថភាព វាស់​ស្ទង់​ភាព​ក្លាហាន​របស់​ខ្លួន​ឯង​ដែរ!!»
ខ្ញុំ​កំពុង​គិត​អ្វី​ផ្ដេសផ្ដាស​ដើម្បី​ការពារ​ការ​សម្រេច​ចិត្ត​លើក​នេះ។ ពេល​កំពុង​ស្លុង​អារម្មណ៍ ស្រាប់​តែ​មាន​សត្វ​អ្វី​មួយ​រត់​បោល​កាត់​មុខ​យ៉ាង​លឿន ខ្ញុំ​ភ្ញាក់​សឹងតែ​រាក​នោម​ទៅ​ហើយ ពេល​បញ្ចាំង​មើល​ទៅ ឃើញ​ឆ្មា​មួយ​ខ្មៅ​ក្រឹប រត់​ចូល​គុម្ពោត​ព្រៃ​នៅ​ផ្លូវ​ម្ខាង​ទៀត តែ​មុន​នឹង​ចូល វា​ងាក​សម្លឹង​មើល​ខ្ញុំ​ក្នុង​ក្រសែ​ភ្នែក​ដ៏​មុត​ស្រួច ហាក់​ដូចជា​​​មិន​ចង់​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។
«យី! អា​ឆ្មា​ចង្រៃ…..» ​ខ្ញុំ​ជេរ​វា​តិចៗ ដើម្បី​បន្លប់​ភាព​ភ័យ​ខ្លាច​ដែល​កំពុង​​គ្រប់​ដណ្ដប់​លើ​រាងកាយ​របស់​ខ្ញុំ តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នៅតែ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ដដែល។ ខ្ញុំ​ដើរ​កាត់​មួយ​ផ្លូវ​ហើយ មួយ​ផ្លូវ​ទៀត ខ្ញុំ​មិន​ហ៊ាន​ងាក​ក្រោយ ឬ​ងើយ​មើល​ទៅ​លើ​ទេ។ ខ្ញុំ​ចេះ​តែ​ខ្លាច​ថា មាន​ស្រមោល​ខ្មៅ​មួយ​ ស្លៀក​ស សក់​អន្តេ​អន្តាយ​ដើរ​ពី​ក្រោយ​ខ្ញុំ ឬ​ក៏​មាន​ស្អី​មួយ​កំពុង​អង្គុយ​សំយុង​ជើង​សម្លឹង​ខ្ញុំ​ក្នុង​កែវភ្នែក​កាច​សាហាវ​ពី​លើ​ដើម​ឈើ​មក។ សល់​ប្រហែលជា​៥០០​​ម៉ែត្រ​ទៀត​ដល់​វត្ត​ហើយ ខ្ញុំ​មិនទាន់​ជួប​ឧបសគ្គ​ទី​មួយ​នៅ​ឡើយ។ ខ្ញុំ​គិត​ថា​ តិច​ការ​យល់សប្ដិ​នោះ​មិនមែន​ជា​ការ​ពិត​ទៅ។ ដើរ​បណ្ដើរ គិត​បណ្ដើរ ធ្វើ​ឱ្យ​កាន់​តែ​ខ្លាច។ ភ្លាម​ៗ​នោះ ខ្ញុំ​នឹក​ឃើញ​ពាក្យ​លោកតា​ខ្ញុំ​ប្រាប់​ថា៖
«ចៅឯង​មិន​ត្រូវ​ខ្លាច​ទេ! បើ​សិន​ជា​ចៅ​ខ្លាច​ តក់​ស្លុត ​ចៅ​អាច​នឹង​ក្លាយ​ជា​អ្នកយាម​កំណប់​ជំនួស! របស់​កាន់​តែ​ល្អ កាន់​តែ​ពិបាក​​យក!»​​ គិត​ឃើញ​ដូច​នោះ ខ្ញុំ​ម្នីម្នា​ផ្លាស់​ប្ដូរ​ការ​គិត​វិញ​ថា បើ​សិន​ជា​ជួប​ខ្មោច​ត្រូវ​និយាយ​ត​ទល់​ ឬ​រក​​ផ្លូវ​ប្រយុទ្ធ​យ៉ាង​ម៉េច​ៗ​វិញ។
តាម​ពិត​វា​មិន​បាន​ជួយ​អី​ច្រើន​នោះ​ទេ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​​ក៏​វា​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាហាន​បន្តិច​ដែរ។ ​នរណា​ទៅ​ដឹង​ថា កំណប់​នោះ​មាន​អ្វីខ្លះ ខ្ញុំ​មិន​លោភលន់​មាសប្រាក់​អី​ទេ​ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​អ្វី​ប្លែកៗ។ ខ្ញុំ​ចង់​ដឹង​ចង់​ឃើញ​អ្វី​ដែល​ជា​អាថ៌កំបាំង ម្យ៉ាង​ទៀត វា​ជា​កេរ​ដែល​លោកតា​ខ្ញុំ​បន្សល់​ទុក​ឱ្យ ខ្ញុំ​ត្រូវ​តែ​យក​វា​មក​រក្សាទុក។ ស្រមោល​ទី​បច្ឆា​ចាប់​ផ្ដើម​ឃើញ​លឹមៗ ចេតិយ​និង​ផ្នូរ​ខ្មោច​ក៏​នៅ​រាយប៉ាយ​ជុំវិញ​ហ្នឹង ឯ​ដើម​ជ្រៃ​ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ដែរ ខ្ញុំ​ចាប់​ផ្ដើម​ព្រឺ​សម្បុរ ផឺត​ពោះ​ម្ដង​ទៀត។ ខ្ញុំ​ដឹង​ច្បាស់​ថា អ្វី​ដែល​យល់​សប្ដិ​ឃើញ គឺជា​ការ​ពិត​យ៉ាង​ប្រាកដ ព្រោះ​មាន​ដើម​ជ្រៃ​នៅ​ខាង​ជើង​បច្ឆា​ពិត​ដូច​សម្ដី​លោកតា​ប្រាប់​មែន។
ខ្ញុំ​ពិតជា​មិន​ចាំ​មែន​ថា មាន​ដើម​ជ្រៃ​ដុះ​ក្បែរ​បច្ឆា​វត្ត​នោះ ព្រោះ​មិន​សូវ​ហ៊ាន​មក​លេង​ទីនេះ​ទេ​តាំង​ពី​មុន​ៗ​មក។​ បេសកកម្ម​របស់​ខ្ញុំ​ចាប់​ផ្ដើម​ហើយ ល្បែង​មួយ​នេះ​គឺ​ការ​​យកជីវិត​ទៅ​ភ្នាល់។ បើ​ចង់​បាន​ ត្រូវ​តែ​ហ៊ាន​ចំណាយ។ ក្លាហាន ​មិន​ខ្លាច​ៗៗៗ! ខ្ញុំ​និយាយ​ដាក់​ខ្លួន​ឯង​ពាក្យ​ទាំងនេះ។ ខ្យល់​ដ៏​ត្រជាក់​បក់​កាត់​ខ្ញុំ​មួយ​វឹប​ៗ ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​សម្បុរ​ខ្ញាក​ៗ​តែ​ម្ដង។ ខ្ញុំ​ដើរ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ចាំ​មើល​ថា​ តើ​ឧបសគ្គ​ទី​មួយ​នោះ​គឺ​ជា​អ្វី​ទៅ?
ក្នុង​ដំណើរ​មួយៗ​យឺត​ៗ​ ហាក់​ដូច​ជា​មិន​ចង់​ឱ្យ​ដល់​គោលដៅ តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​ពង្រឹង​ភាព​ក្លាហាន​របស់​ខ្លួនឯង​ទើប​ត្រូវ​ជាង។ ពេល​ដើរ​ទៅ​មុខ​បាន​បន្តិច​ ស្រាប់​តែ​ខ្ញុំ​ឃើញ​ស្រមោល​ខ្មៅ​ស្ទុងៗ​៣​នាក់​កំពុង​អង្គុយ​ដំ​កង់​នៅ​លើ​ទី​បច្ឆា​នោះ​ទាំង​ងងឹត​ស្លុប​ដោយ​បាំង​ស្រមោល​ដើមឈើ។ ខ្ញុំ​ចេះ​តែ​គិត​ក្នុង​ចិត្ត ​ថ្មើរ​នេះ​ទៅ​ហើយ នរណា​មក​អង្គុយ​លេង​ទី​នេះ​ទៀត វា​ឡូយ​ត្រង់​កន្លែង​ណា​មិន​អង្គុយ បែរ​ជា​មក​អង្គុយ​នៅ​លើ​បច្ឆា​ហ្នឹង​ទៅ​ទៀត។ ប្រហែលជា​ពួក​ក្មេង​ហិត​កាវ​អី​ទេ​ដឹង ព្រោះ​ទីនេះ​ស្ងាត់​ខ្លាំង​ណាស់ ពួក​វា​អាច​មក​សម្ងំ​ហិត​នៅ​ទី​នេះ​អី​ក៏​ថា​​បាន។
ខ្ញុំ​លួច​សរសើរ​ក្នុង​ចិត្ត​ថា ពួក​នោះ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ​មើល​ទៅ។ ​ខ្ញុំ​ពន្លត់​ភ្លើង​ពិល អារម្មណ៍​ចាប់​ផ្ដើម​ជ្រួលច្របល់​ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ ត្បិត​អី​លោកតា​ហាម​ផ្ដាច់​មិន​ឱ្យ​អ្នក​ទី​២​ដឹង​ជា​ដាច់​ខាត។ បើ​ដើរ​វា​ង​ក៏​ពិបាក​ ព្រោះ​ដើម​ជ្រៃ​នោះ​រំលង​ពី​ទី​បច្ឆា​ហ្នឹង​ប្រហែល​ជា​​៣០​ម៉ែត្រ​ប៉ុណ្ណោះ​។ ពេល​ជីក​នៅ​តែ​ឮ​សូរ​ដល់​ពួក​ហ្នឹង​ដដែល​ជា​ដដែល។ កំពុងតែ​គិត​មិន​ចេញ​ហ្នឹង ​ខ្យល់​បក់​មក​សែន​ត្រជាក់​ ខ្ញុំ​រងា​ផង ចេះតែ​ព្រឺ​សម្បុរ​មិន​បាត់​ផង។​ ខ្ញុំ​នៅ​ឈរ​គិត​ទ្រឹង​មួយ​កន្លែង​…អេ៎! ពួកវា​ប្រហែល​ជា​ឃើញ​ខ្ញុំ​ទេ​ដឹង ព្រោះអី​ពួកវា​កំពុង​ក្រោក​ឡើង ហើយ​ដើរ​មក​កន្លែង​ខ្ញុំ​កំពុង​ឈរ​ធ្មឹង​នៅ​ឡើយ។ ខ្ញុំ​មើល​ច្រឡំ​ទេ​ដឹង ពន្លឺ​ព្រះចន្ទ​ព្រាលៗ បូក​ផ្សំ​នឹង​ចម្ងាយ​រាង​ឆ្ងាយ​បន្តិច​ផង ខ្ញុំ​មើល​ឃើញ​ពួកគេ​ដូចជា​ផ្សែង​ៗ​អណ្ដែត​មក។
សតិសម្បជញ្ញៈ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា មិនមែន​ជា​ពួក​ក្មេង​ហិត​កាវ​ឡើយ គឺជា​ខ្មោច​យ៉ាង​ពិត​ប្រាកដ។ យី​ពួកវា​ចង់​ធ្វើ​ស្អី​អ៊ីចេះ​ ស្រាប់​តែ​ភ្លាម​នោះ ខ្ញុំ​នឹក​ឃើញ​សម្ដី​តា​ខ្ញុំ​ថា ជួប​អី​វាយ​ហ្នឹង។ មនុស្ស​ម្នាក់​វាយ​ខ្មោច​បី???​​ រឿង​នេះ​សូម្បី​តែ​យល់​​សប្ដិ​ក៏​ខ្ញុំ​មិន​ហ៊ាន​គិត​ផង។ គិត​អី​មិន​ទាន់​ចេញ​ផង ស្រមោល​ទាំង​បី​ក៏​រំកិល​មក​ជិត​ដល់​ខ្ញុំ​ទៅ​ហើយ។ ពួកគេ​ទាំង​នោះ​ស្លៀក​សម្លៀកបំពាក់​បែប​បុរាណ​បន្តិច ខ្ញុំ​ដក​ដង្ហើម​យ៉ាង​វែង​ចូល​សួត រង់​ចាំ​តាម​សម្រួល ហើយ​គិត​ថា ពួកវា​ប្រហែលជា​អ្នក​យាម​កំណប់​ដែល​លោក​តា​ខ្ញុំ​សម្លាប់​ជា​ប្រាកដ។ បើ​លោកតា​ឱ្យ​មក​យក គាត់​ដឹង​ច្បាស់​ណាស់​​ថា ខ្ញុំ​ប្រាកដ​ជា​យក​ឈ្នះ​បាន។
គិត​ឃើញ​អ៊ីចឹង ខ្ញុំ​ក៏​បោះ​ជំហាន​ដើរ​ទៅ​មុខ។ ​លុះ​គម្លាត​ពី​គ្នា​ប្រហែល​ជា​៥​ជំហាន​ពី​គ្នា ខ្ញុំ​ក៏​ឈប់ វា​ក៏​ឈប់។ ពួកវា​ចាប់​ផ្ដើម​លង​បន្លាច​ខ្ញុំ អា​មួយ​នោះ​សម្លក់​ខ្ញុំ ភ្នែក​ប៉ោង​សឹង​ផ្ទុះ​ចេញ​មក​ក្រៅ​ទៅ​ហើយ អា​មួយ​ទៀត​ប្រឹង​លាន​អណ្ដាត​ធ្លាក់​មក​ដល់​ទ្រូង កម្រើក​ខ្វើកៗ​ទៅ​មក​ៗ ឯ​អា​មួយ​ទៀត​មួល​ក​ផ្ដាច់​មក​កាន់​នៅ​ហ្នឹង​ដៃ។
ខ្ញុំ​ប្រឹង​ទប់​អារម្មណ៍​មិន​ខ្លាច ហើយ​ខ្ញុំ​ឈរ​ស្ងៀម​ចាំ​មើល​ពួកវា​ធ្វើ​អី​បន្ត​ទៀត ក្រោយ​មក​ពួក​វា​ក៏​ឈប់​លង​ធ្វើ​សកម្មភាព​គួរ​ឱ្យ​ខ្លាច​ទាំង​នោះ ហើយ​មាន​ម្នាក់​ដៃ​កាន់​ដំបង​ផង​យារ​ប្រុង​វាយ​សំពង​ខ្ញុំ ខ្ញុំ​ក៏​មិន​ឱ្យ​ចាញ់​ចិត្ត​ដែរ ​ខ្ញុំ​គេច​ផុត​ រួច​ក៏​វាយ​សន្ធាប់​ទៅវិញ។ មួយ​ទល់​បី​ក៏​មិន​ខ្លាច​ដែរ​ពេល​នេះ ព្រោះ​អី​បើ​ខ្ញុំ​មិន​ឈ្នះ​ទេ ប្រាកដ​ណាស់​ខ្ញុំ​ច្បាស់​ជា​ត្រូវ​ពួក​វា​យក​ព្រលឹង​ឱ្យ​នៅ​យាម​របស់​​នោះ​ជំនួស​ជា​ប្រាកដ។ យ៉ាង​ហោច​ណាស់ ខ្ញុំ​ធ្លាប់​បាន​រៀន​ក្បាច់​គុន​ខ្លះ​ដែរ​ តែ​វាយ​ពួកវា​ហាក់​ដូចជា​មិន​ឈឺ​សោះ ចុង​ក្រោយ​ខ្ញុំ​ត្រូវ​ពួកវា​ផ្ដួល​ ហើយ​សង្កត់​ជាប់​។​ ខ្ញុំ​ឮ​ខ្មោច​ម្នាក់​និយាយ​ថា ពេល​នេះ​ឯង​ត្រូវ​តែ​ស្លាប់ ហើយ​មក​យាម​ជំនួស​យើង។
ហា​ហា​ហា! សំឡេង​របស់​វា​សើច​បង្អូស​ៗ​ ហើយ​ធំ​គ្រលរ គ្រាន់​តែ​សំឡេង​ហ្នឹង​ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​គាំង​បេះដូង​ដែរ។​​ ខ្ញុំ​ឃើញ​អា​មួយ​ទៀត​កំពុង​ឈរ​យា​ដំបង​ប្រុង​វាយ​ ខ្ញុំ​ក៏​ស្រែក​ថា ឈប់​សិន។ ខ្ញុំ​ស្រែក​ឱ្យ​ពួក​វា​ពន្យារ​ពេល​បន្តិច ដើម្បី​ឱ្យ​ខ្ញុំ​មាន​ឱកាស​ខ្លះ​នឹក​គុណ​ដល់​ឪពុក​ម្ដាយ នឹក​សុំទោស​ដល់​​លោកតា​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ដែល​គាត់​ទុក​ដាក់​លើ​ខ្ញុំ​បាន។ ស្រាប់​តែ​ពេល​នោះ​មាន​រឿង​ចម្លែក​កើត​ឡើង កម្លាំង​ដែល​សង្កត់​ខ្ញុំ​មិន​ឱ្យ​រើ​រួច​ទាំង​ប៉ុន្មាន​ស្រាប់​តែ​ស្រាល​ៗ​ទៅ ពេល​បើក​ភ្នែក​មក​វិញ វិញ្ញាណ​ទាំង​បី​បាន​រលាយ​បាត់​មិន​ដឹង​ទៅ​ណា។ ខ្ញុំ​នៅ​ដេក​ស្ដូកស្ដឹង​តែ​ឯង។
ដល់​ពេល​អ៊ីចឹង ខ្ញុំ​ក៏​ឆ្ងល់​ដែរ ព្រោះ​មិន​ដឹង​ពី​មូលហេតុ ប៉ុន្តែ​ប្រហែល​មក​ពី​ការ​ដឹង​គុណ​ឪពុក​ម្ដាយ​ ឬ​លោកតា​ទេ​ដឹង​ដែល​ជួយ​ការពារ​ខ្ញុំ​ពី​ពួក​អរូបី​នេះ។
ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ខ្លួនឯង នេះ​ខ្ញុំ​ឆ្លងកាត់​វិញ្ញាសា​ទី​១​ហើយ​ឬ?​ អម្បាញ់មិញ ម៉ា​ញាក់​សាច់​ដែរ។ ខ្ញុំ​ក្រោក​ឡើង​ម្នីម្នា​ដើរ​ទៅ​មុខ​បន្ត​ទៀត រួច​ក៏​ដើរកាត់​ទី​បច្ឆា​នោះ ខ្ញុំ​ចេះ​តែ​ស្រមៃ​ឃើញ​ពួកវា​​​ឈប់​ កន្លែង​ហ្នឹង ហើយ​ពួក​អមនុស្ស​ទាំង​នោះ​អង្គុយ​អម្បាញ់មិញ។ ខ្ញុំ​ស្រូត​ដើរ​ឱ្យ​លឿន​ដើម្បី​ឱ្យ​ផុត​ រួច​ក៏​មក​ដល់​ដើម​ជ្រៃ។ ខ្ញុំ​គិត​បន្ត​ថា ឧបសគ្គ​ទី​១​លំបាក​ប៉ុណ្ណឹង ចុះ​អា​ទី​២ ទី​៣​លំបាក​យ៉ាង​ម៉េច​វិញ​ទៅ។ កំពុង​ស្លុង​អារម្មណ៍​គិត ស្រាប់​តែ​ពេល​នោះ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង រួច​ក៏​ស្ងាត់​ទៅ​វិញ។
ខ្ញុំ​ចាប់​ផ្ដើម​ឮ​សំឡេង​សម្រើប​ជើង​ជាន់​លើ​ស្លឹកឈើ​ងាប់​។ ខ្ញុំ​ក៏​ឈប់​ដើរ រួច​បញ្ចាំង​ពិល​មើល​ជុំវិញ​ ប៉ុន្តែ​មិន​ឃើញ​ស្អី​ទាល់​តែ​សោះ ខ្ញុំ​ឆ្ងល់​អា​សំឡេង​ហ្នឹង​មក​ពី​ណា។ ខ្ញុំ​នៅ​តែ​ឈរ​ស្ងៀម​នៅ​ឡើយ ឯ​សំឡេង​ស្រិបៗ​លាន់​ឮ​តាម​ចង្វាក់​ជំហាន​ម្ដង​ខាង​ឆ្វេង ម្ដង​ខាង​ស្ដាំ យូរ​ៗ​ទៅ​ស្រាប់តែ​បាត់​ ឮ​សូរ​នៅ​ពី​ក្រោយ​ខ្នង​តែ​ម្ដង ខ្ញុំ​ងាក​មើល​យ៉ាង​រហ័ស តែ​សំណាង​ល្អ មិន​ឃើញ​អ្វី​ឡើយ។​ ខ្ញុំ​ធូរ​ទ្រូង​បន្តិច​ ប៉ុន្តែ​ខ្ញុំ​ព្រឺ​សម្បុរ​ពី​ចុង​ជើង​ដល់​ចុង​សក់​ ខ្ញុំ​ស្ទាប​មើល​សក់​ទៅ​រឹង​ដូច​ឫស​ឫស្សី​អ៊ីចឹង។ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា មាន​អ្វី​ម្យ៉ាង​សម្លឹង​មើល​ខ្ញុំ ប៉ុន្តែ​វា​ឆ្ងាញ់​ត្រង់​ខ្ញុំ​មើល​មិន​ឃើញ​ស្អី​ទាល់​តែ​សោះ។ ក្រោយ​មក​ទៀត ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ចុក​ពោះ​ឆៀប​ៗ សំឡេង​ខ្យល់​បក់​ប៉ះ​ស្លឹក​ជ្រៃ​លាន់​ឮ​សូរ​រ៉ាវៗ ខ្ញុំ​មិន​អស់​ចិត្ត ខ្ញុំ​ងើយ​ទៅ​​​លើ។
ពុទ្ធោ ពុទ្ធំ ខ្ញុំ​ព្យាយាម​ទប់​ស្មារតី​មិន​ឱ្យ​តក់​ស្លុត ខ្ញុំ​ឃើញ​ស្រី​ម្នាក់​សក់​វែងអន្លាយ​រសាត់​​អណ្ដែត​តាម​កម្លាំង​ខ្យល់​ កំពុង​ឈរ​លើ​មែក​ជ្រៃ​សម្លឹង​មក​ខ្ញុំ​ក្នុង​កែវភ្នែក​យ៉ាង​មុត​ស្រួច។​ ភ្នែក​ហ្នឹង ​ហើយ​នឹង​អា​ភ្នែក​ឆ្មា​ខ្មៅ​ដែល​ខ្ញុំ​ជួប គឺ​ភ្នែក​តែ​មួយ​តែ​ម្ដង។ ខ្ញុំ​ជួប​តែ​ខ្មោច​ស្រី​សក់​វែង បើ​ជួប​ខ្មោច​ស្រី​កាត់​សក់​ខ្លី​បែប​កូរ៉េ​ប្រហែល​ជា​ត្រជាក់​ភ្នែក ផ្លាស់​ប្ដូរ​បរិយាកាស​ខ្លះ​មិន​សូវ​ខ្លាច​ទេ​មើល​ទៅ។ វា​សម្លឹង​ៗ​មិន​ដាក់​ភ្នែក មិន​ប្រិច​សោះ​តែ​ម្ដង​ សង្ស័យ​មិន​ដែល​ឃើញ​មនុស្ស​ទេ​មើល​ទៅ។ ខ្ញុំ​ក៏​មើល​មិន​ទម្លាក់​ភ្នែក​ដែរ ចង់​ដឹង​ថា តើ​វា​នឹង​ធ្វើ​អី​ខ្ញុំ?។ តាម​ពិត​ខ្ញុំ​មិន​ចង់​មើល​វា​ប៉ុន្មាន​ទេ ព្រោះ​មុខ​វា​អាក្រក់​ពន់​ពេក ខ្ញុំ​ឃើញ​សាច់​មុខ​វា​រលួយ​ដោយ​ដុំ​ៗ កែវ​ភ្នែក​ធំ​ក្រឡោត សាច់​វិញ​ពណ៌​ឡើង​ខៀវ។
ខ្ញុំ​ភ័យ​ផង ខ្លាច​ផង ចុកពោះ​ផង…. ខ្ញុំ​ឆ្ងល់​ថា ម៉េច​បាន​សុខ​ៗ​ចុក​ពោះ ​មួយ​សន្ទុះ​ទើប​ខ្ញុំ​នឹក​ឃើញ​ថា​ មួយ​នេះ​មិន​មែន​ខ្មោច​ធម្មតា​ទេ គឺ​ជា​ព្រាយ​ដើម​ជ្រៃ​ហ្នឹង​ហើយ​ទើប​មាន​ឫទ្ធិ​អាច​ធ្វើ​ឱ្យ​ខ្ញុំ​ចុក​ពោះ​បាន។ ពេល​នេះ​ខ្ញុំ​មាន​ឱកាស​ប្រលង​ឫទ្ធិ​ជាមួយ​ព្រាយ​ហើយ​ទេ​តើ។ វា​បន្លឺ​សំឡេង​បែប​បង្អូស​ៗ​ថា៖
«​ឯង​ឆាប់​ត្រលប់​ទៅ​វិញ​ភ្លាម ប្រសិន​ជា​ចង់​រស់!​ ឆាប់​ទៅ​ក្នុង​ពេល​នេះ​ភ្លាម!!»
ទៅ​វិញ​ឬ? ខ្ញុំ​មក​ដល់​ដំណាក់​កាល​នេះ​ហើយ កុំ​សង្ឃឹម​សម្បត្តិ​ត្រឹម​ព្រាយ ខ្ញុំ​មិន​ខ្លាច​ទេ។
ខ្ញុំ​លូក​ដៃ​រាវ​ក្នុង​ហោប៉ៅ​អាវ​ប៉ា​ខ្ញុំ។ ខ្ញុំ​អរ​ផឺត​មិន​នឹក​ស្មាន​សោះ​ថា មាន​ដែក​កេះ​ក្នុង​នោះ។ ខ្ញុំ​បិទ​ភ្នែក​នឹក​គុណ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​តា​ខ្ញុំ រួច​ក៏​ប្រមូល​ស្លឹក​ឈើ ស្មៅ​ងាប់​ៗ​មក​ដាក់​ជុំ​វិញ​គល់​នោះ បន្ទាប់​មក​ខ្ញុំ​ទាញ​ដែក​កេះ​ចេញ​មក។ សំណាង​ខ្ញុំ​ហើយ​ដែល​យក​អាវ​ប៉ា​ខ្ញុំ​មក​ជាប់​ដែកកេះ​មក​តាម។

«ឥលូវ នាង​ថយ​ចេញ​ពី​មុខ​យើង​ ឬ​ចង់​អស់​ផ្ទះនៅ? យើង​ក៏​ចង់​ដឹង​ដែរ​ថា បន្ទាប់​ពី​ដើម​នេះ​ឆេះ​អស់​​ឬ​ងាប់​​ តើ​នាង​ទៅ​នៅ​ឯ​ណា​វិញ? នាង​ឯង​ខ្លាំង​មែន ប៉ុន្តែ​យើង​ដឹង​ចំណុច​ខ្សោយ​នាង​ឯង!» ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ពី​ចំណុច​ខ្សោយ​របស់​ព្រាយ​ពី​មុន​មក ទើប​ខ្ញុំ​ពោល​ទាំង​មាន​ទំនុក​ចិត្ត​ខ្ពស់​បែប​នេះ។
​«ឯង​ហ៊ាន?»
ព្រាយ​នោះ​ស្រែក​គំហក​សម្លុត​មក​វិញ។
​«រឿង​អី​ដែល​យើង​មិន​ហ៊ាន? ហា​ហា​ហា!»
ខ្ញុំ​សើច​ឌឺ​ដង និង​គំរាម​ទៅ​ព្រាយ​មុខ​អាក្រក់​នោះ​វិញ រួច​ខ្ញុំ​ក៏​ដុត​មែន។ ព្រាយ​នោះ​មិន​បង្អង់ ​​​ក៏​ហោះ​អណ្ដែត​ចុះ​មក​ក្រោម ឈរ​មុខ​ខ្ញុំ​ឃ្លាត​ពី​គ្នា​ប្រហែល​៣​ជំហាន។
ពោះ​ខ្ញុំ​ចុក​កាន់​តែ​ខ្លាំង ឈឺ​ដល់​រមួល​តែ​ម្ដង មិន​បង្អង់​យូរ ខ្ញុំ​ក៏​ដុត​បង្ខំ​ភ្លើង​ឱ្យ​ឆេះ​ឡើង។ ​ភ្លាមៗ​នោះ​មាន​ខ្យល់​បក់​មក​យ៉ាង​ខ្លាំង​ក្នុង​គោល​បំណង​ពន្លត់​ភ្លើង តែ​ហាក់​ដូចជា​មិន​ធ្វើ​ឱ្យ​ភ្លើង​ខ្ញុំ​រលត់ បែរ​ជា​ធ្វើ​ឱ្យ​ឆេះ​កាន់​តែ​ខ្លាំង។​ វា​ឃើញ​ខ្ញុំ​មិន​ខ្លាច វា​ក៏​យក​ដៃ​មក​ច្របាច់​ក​ខ្ញុំ ភ្លើង​នៅ​ជិត​ដៃ​ស្រាប់​ក៏​កន្ត្រាក់​មក​រោល​ដៃ​នោះ​ ខ្ញុំ​ឮ​សំឡេង​វា​ស្រែក​យ៉ាង​គ្រលួច​ រួច​ខ្ញុំ​គំរាម​វា​ម្ដង​ទៀត៖
​«បើ​នាង​មិន​ចាញ់​ទេ ខ្ញុំ​នឹង​កម្ទេច​ផ្ទះ​នាង​ឯង​ចោល​ក្នុង​ពេល​ហ្នឹង!» ខ្ញុំ​ម្នីម្នា​រក​មែក​ឈើ​ងាប់​ៗ​បន្ថែម​ទៀត​​ ព្រោះ​មើល​ទៅ​មែក​ឈើ​ដែល​ខ្ញុំ​រក​ពី​ដំបូង​នោះ​ក៏​ឆេះ​ជិត​អស់​ហើយ​ដែរ។ កាន់​តែ​យូរ​ទៅ ខ្ញុំ​កាន់​តែ​ក្លាហាន កាន់​តែ​ចូលចិត្ត​ល្បែង​មួយ​នេះ។ ព្រាយ​នោះ​មើល​ឃើញ​ខ្ញុំ​មិន​ខ្លាច ធ្វើ​អី​ខ្ញុំ​មិន​កើត ហើយ​ខ្លាច​អស់​ផ្ទះ​នៅ​ផង​មើល​ទៅ​ទើប​និយាយ​ថា៖
​«បាន​ហើយ ខ្ញុំ​ចាញ់​ឯង​ហើយ ឆាប់​ពន្លត់​ភ្លើង​ភ្លាម!»
ខ្ញុំ​មិន​ភ្លើ​សោះ​ ខ្ញុំ​និយាយ​តប​វិញ​ថា៖
«ឯង​ឆាប់​ធ្វើ​ឱ្យ​យើង​បាត់​ចុកពោះ​វិញ​សិន ហើយ​កុំ​លេង​ល្បិច​ឱ្យ​សោះ!»​
និយាយ​ចប់​ ខ្ញុំ​ឮ​សំឡេង​យំ​បង្អូស​យ៉ាង​វែង រួច​ក៏​រលត់​សូរ​ស្ងាត់​ទៅ ឯ​ពោះ​ខ្ញុំ​ក៏​បាត់​ចុក​ដូច​គេ​បេះ។ និយាយ​តាម​ត្រង់​ ខ្ញុំ​ស្អប់​អា​សំឡេង​បង្អូស​ៗ​ហ្នឹង​ណាស់​ ឆ្ងល់​ដែរ​បើ​បន្លឺ​ក្នុង​សំឡេង​ធម្មតា​ទៅ​វា​កើត​ស្អី។ ខ្ញុំ​គោរព​សម្ដី​ខ្ញុំ​ក៏​រើ​ពន្លត់​ភ្លើង​នោះ​ចោល​អស់​ទៅ។ ទី​បំផុត ខ្ញុំ​បាន​ឆ្លងកាត់​ដំណាក់​កាល​ទី​២​ហើយ។ ទី​១ ខ្មោច ទី​២ ព្រាយ ចាំ​មើល​អា​ទី​៣ វា​ជា​ស្អី??​ ទោះជា​មេឃ​ត្រជាក់​ តែ​ខ្ញុំ​បែរ​ជា​បែក​ញើស​ជោក​ខ្លួន បែក​ញើស​ដល់​ក្បាល​ទៀត។
ខ្ញុំ​គិត​ថា បើ​និយាយ​ប្រាប់​គេ​ពី​រឿង​យប់​នេះ តើ​នរណា​នឹង​ជឿ​ទៅ​ហ្ន៎។ ខ្ញុំ​ក៏​ដើរ​ទៅ​មុខ​បន្តិច​ក៏​ដល់​គល់​ដើម​ជ្រៃ រួច​ដើរ​ទៅ​ខាង​ឆ្វេង​៧​ជំហាន​ដូច​ក្នុង​យល់​សប្ដិ។ ពេល​នោះ​ខ្ញុំ​អរ​ផឺត​ព្រោះ​ពិត​ជា​ប្រទះ​ឃើញ​ដុំ​ថ្ម​បី​ដុំ ដាក់​តម្រៀប​ដូច​មុំ​ចង្ក្រាន​មែន។ បម្រុង​នឹង​កាប់​ ខ្ញុំ​ទច់​បន្តិច ព្រោះ​អី​លោកតា​ប្រាប់​ថា ត្រូវ​ជួប​ឧបសគ្គ​បី ពេល​នេះ​ទើប​តែ​ជួប​បាន​ពីរ ហើយ​ខ្ញុំ​ដល់​កន្លែង​ជីក​យក​កំណប់​ទៅ​ហើយ។ មុន​នឹង​ជីក ខ្ញុំ​បន្ធូរ​អារម្មណ៍​បន្តិច​រេ​ភ្នែក​មើល​ជុំវិញ​មួយ​ត្រួស ខ្ញុំ​មិន​ខ្វល់​ថា វិញ្ញាសា​ទី​៣​ជា​ស្អី​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​​បាន។
​នៅ​ជុំវិញ​ទី​នោះ ខ្ញុំ​ឃើញ​តែ​ស្រមោល​ដើម​ឈើ ស្រមោល​សំណង់​អគារ ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ព្រាលៗ ឯ​ពន្លឺ​ផ្កាយ​លើ​វេហា​​ជះ​ព្រិចៗ​ប្រៀប​ដូច​ជា​គ្រាប់​ពេជ្រ។ បរិយាកាស​នៅ​ទី​នោះ​ស្ងាត់​ជ្រងំ រក​តែ​ស្រមោល​អំពិលអំពែក​មួយ​ក៏​គ្មាន ផ្នូរ​ខ្មោច ចេតិយ​នៅ​ត្រៀបត្រា​ជុំវិញ​នោះ ​ខ្ញុំ​ឈរ​ម្នាក់​ឯង​គត់​ ទោះ​មនុស្ស​ដែល​ក្លាហាន​យ៉ាង​ណា​ក៏​គង់​រំភើប​ញាប់​ញ័រ​ដែរ។​ បន្ទាប់​ពី​នោះ​មក ខ្ញុំ​អង្គុយ​ចុះ ហើយ​ចាប់​ផ្ដើម​ជីក។ ពេល​កំពុង​ឱន​លុង​រណ្ដៅ​បាន​ជម្រៅ​ប្រហែល​ជា​៣​តឹក ស្រាប់​តែ​ខ្ញុំ​ឮ​​សំឡេង​ឈីត! ឈីត! នៅ​លើ​ក្បាល។ ខ្ញុំ​ងើយ​ក្បាល​រក​មើល​យឺត​ៗ ទាំង​ចិត្ត​គិត​ថា​ ច្បាស់​ជា​អា​ឧបសគ្គ​ទី​៣​ជា​ប្រាកដ។
ពេល​នោះ​ខ្ញុំ​ឃើញ​សេនា​ជន​មួយ​ក្បាល​យ៉ាង​ធំ​កំពុងតែ​បើក​ពពារ​ដាក់​ខ្ញុំ។ ខ្ញុំ​នឹក​ក្នុង​ចិត្ត ពេល​នេះ​កំណប់​ច្បាស់​ជា​យក​បាន​ជា​ប្រាកដ។ ខ្ញុំ​ធ្លាប់​ជួប​ម្ដង​ដែរ​សេនាជន​ហ្នឹង​ ទើប​ខ្ញុំ​មិន​ខ្លាច​​ ខ្ញុំ​ដឹង​ថា ពស់​ហ្នឹង​ជា​របស់​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី គេ​មិន​ឱ្យ​ប៉ះពាល់​ទេ វា​ធ្វើ​បាប​អ្នក​ដែល​អាក្រក់ ឬ​បំពាន​ដល់​ម្ចាស់​វា។ បើ​យើង​មិន​បំពាន​វា ក៏​វា​មិន​បំពាន​យើង​ដែរ។ ពស់​នេះ​ប្រហែលជា​ចង់​សាក បន្លាច​ឱ្យ​ខ្ញុំ​ខ្លាច ហើយ​រត់​ចេញ​ហើយ​មើល​ទៅ។ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​មិន​ខ្វល់​នឹង​វា ហើយ​លើក​ដៃ​សំពះ​ រួច​និយាយ​បួង​សួង​៖
«ខ្ញុំ​មក​យក​កំណប់​នេះ​តាម​ការ​ពន្យល់​សប្ដិ​របស់​តា​ខ្ញុំ! ខ្ញុំ​មិន​ដែល​គិត​ចង់​បៀតបៀន​នរណា ឬ​គិត​ថា​នឹង​យក​របស់​ដែល​យក​បាន​ទៅ​ព្យាបាទ​អ្នក​ដទៃ​ក៏​គ្មាន​ដែរ! ខ្ញុំ​មក​យក​ក៏​ខ្ញុំ​មិន​ប៉ះពាល់​បង្ក​ជម្លោះ​ជាមួយ​អ្នក​ថែរក្សា​ណា​ដែរ! ប្រសិន​បើ​ខ្ញុំ​មាន​និស្ស័យ​ត្រូវ​បាន​របស់​អស់​នេះ សូម​ឱ្យ​សេនាជន​លោក​ម្ចាស់​អញ្ជើញ​ទៅ​វិញ​ចុះ!»
ប្រៀប​ដូចជា​សត្វ​នេះ​ចេះ​ស្ដាប់​សម្ដី​មនុស្ស គ្រាន់​តែ​ពោល​ចប់​ ខ្ញុំ​ឮ​សូរ​ខ្សាក​ៗ គឺ​ពស់​នោះ វា​ថយ​ចេញ​ទៅ​វិញ តែ​វា​វារ​យឺត​ៗ ហាក់​ដូចជា​អាល័យ​របស់​អ្វី​ម្យ៉ាង។ ខ្ញុំ​មិន​បង្អង់​ទៀត​ក៏​ប្រញាប់​ជីក​បន្ត ​ព្រោះ​ខ្លាច​មេឃ​ភ្លឺ​ ឬ​អ្នក​យក​ទឹក​ត្នោត​ដើរ​មក​ឃើញ។ ជីក​បាន​ប្រហែល​​មួយ​ម៉ែត្រ ខ្ញុំ​ក៏​ជីក​ប៉ះ​កេះ​មួយ​ឮ​សូរ​ប៉ូង។ ខ្ញុំ​ត្រេក​អរ​ម្នីម្នា​កាយ​លើក​ហិប​ចេញ​មក។
ហិប​នោះ​ប្រហែល​ជា​៥​តឹក​បួន​ជ្រុង មាន​ទម្ងន់​ធ្ងន់​ណាស់​ដែល​ខ្ញុំ​ប្រឹង​លើក​យ៉ាង​ណា​ក៏​មិន​រួច តាម​មើល​ប្រហែល​ជា​៣​​នាក់​ទើប​អាច​យក​វា​ចេញ​ពី​រណ្ដៅ​នោះ​បាន។ ក្រោយ​ពី​ប្រឹង​ប្រហែល​ជា​កន្លះ​ម៉ោង​មិន​បាន​ការ​មក ខ្ញុំ​ក៏​កាប់​ទម្លុះ​​ហិប​នោះ​តែ​ម្ដង។ ពេល​ធ្លុះ​មួយ​ហើយ ស្រាប់​តែ​ប្រទះ​ហិប​មួយ​​ក្នុង​ហ្នឹង​មួយ​ជាន់​ទៀត។ អី​ក៏​កំប្លែង​ម្ល៉េះ ខ្ញុំ​ចេះ​តែ​គិត​ក្នុង​ចិត្ត។ សល់​ប៉ុន្មាន​ជាន់​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវតែ​បើក​យក​ឱ្យ​បាន​ដែរ។ ខ្ញុំ​យារ​ចប​ជីក​កាប់​យ៉ាង​ខ្លាំង ក៏​ធ្លុះ​ដូច​ចិត្ត​ប៉ង តែ​ទង្គិច​នឹង​អ្វី​មួយ​ដូចជា​ថ្ម​ លាន់​សូរ​ផាំង។ ខ្ញុំ​ឱន​ចុះ​កាយ​លើក​យក​ចំណាំង​ឈើ​ចេញ ពេល​បញ្ចាំង​ពិល​ទៅ​ ខ្ញុំ​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ ខ្ញុំ​ឈរ​ស្ទើរ​តែ​គ្មាន​ដង្ហើម ពេល​ឃើញ​របស់​នោះ។
តាម​ពិត ខ្ញុំ​ឃើញ​ព្រះ​កេស​ព្រះ​មួយ​អង្គ​យ៉ាង​ធំ​ធ្វើ​ពី​ថ្ម​ភក់។ វា​ហួស​នឹង​ការ​ស្មាន​របស់​ខ្ញុំ​ថា​ កំណប់​នោះ​គឺ​ព្រះ​កេស​ព្រះ។ ខ្ញុំ​ប្រឹង​លើក​យក​ព្រះ​កេស​នោះ​ចេញ ស្រាប់​តែ​ក្រឡេក​ឃើញ​ក្រណាត់​កញ្ចប់​តូច​មួយ​ពណ៌​ខៀវ និង​សាស្ត្រា​ស្លឹក​រឹត​២ដុំ។ ខ្ញុំ​ក៏​ស្រាយ​កញ្ចប់​នោះ​មើល​ក៏​ឃើញ​ព្រះ​សិអារ្យមេត្រី​មួយ​អង្គ​ធ្វើ​ពី​សំរឹទ្ធិ​ទំហំ​ប៉ុន​៣​ធ្នាប់​ដៃ ព្រះ​តូច​ៗ​ប៉ុន​កូន​ដៃ​ធ្វើ​ពី​លង្ហិន២​​ សំរឹទ្ធិ​៥ ប្រាក់​១​ និង​មួយ​ទៀត​ជា​ខ្នាយ វា​ប្រហែល​ជា​ខ្នាយ​តាន​ហើយ​មើល​ទៅ។ ឯ​ក្រណាត់​មាន​រូប​យ័ន្ត ខ្ញុំ​ក៏​មិន​ដឹង​ថា​ជា​យ័ន្ត​អី​ដែរ​ ព្រោះ​ខ្មែរ​យើង​មាន​យ័ន្ត​ច្រើន​ប្រភេទ​ណាស់​។ ខ្ញុំ​រើ​អាន​សាស្ត្រា​ស្លឹករឹត ក្រោម​ពន្លឺ​ពិល​ខ្ញុំ​ឃើញ​អក្សរ​ពិបាក​អាន​បន្តិច ហើយ​វា​រូបរាង​ស្រដៀង​អក្សរ​បច្ចុប្បន្ន​ដែរ គេ​ដាក់​ថា​ សាស្ត្រា​ពិជ័យ​សង្គ្រាម។
ខ្ញុំ​ឃើញ​ពី​របៀប​បញ្ជា​ទ័ព ការ​តាំង​ជំរំ​អី​ជាដើម។ សាស្ត្រា​មួយ​ទៀត គេ​ដាក់​តម្រា​បុរាណ។ ក្នុង​នោះ​មាន​បាលី​ជាច្រើន ដូចជា​បាលី​លើក​កម្លាំង បាលី​ឃាត់​ឈាម បាលី​ស្នេហ៍ បាលី​បំបាំង​ខ្លួន បាលី​បង្រួញ​ដី បាលី​ចង​មាត់​ពស់​ជាដើម។ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ក៏​រើ​លើក​យក​ហិប​តូច​នោះ​ចេញ​មក​ក្រៅ រួច​ដាក់​របស់​ទាំង​ប៉ុន្មាន​ចូល​ទៅ​ក្នុង​នោះ​វិញ​ ដើម្បី​ងាយ​ស្រួល​លី​យក​ទៅ​ផ្ទះ។ ឆ្ងល់​ដែរ​ពេល​ក្នុង​រណ្ដៅ​ធ្ងន់​មហា​ធ្ងន់​លើក​មិន​រួច​ ដល់​ពេល​នេះ​ស្រាល​ល្មម​នឹង​កម្លាំង។ ​ក្រោយ​ពី​រៀបចំ​រួច​រាល់​ ខ្ញុំ​ក៏​កាយ​ដី​លុប​​រណ្ដៅ​នោះ​វិញ។ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​វិញ​ទាំង​សប្បាយ​ចិត្ត​ឥត​ឧបមា ពេល​ដើរ​ផុត​ពី​កន្លែង​នោះ​ខ្ញុំ​ងាក​មើល​ក្រោយ ស្រមៃ​ដល់​ហេតុការណ៍​អម្បាញ់មិញ។ លា​ហើយ​ទី​បច្ឆា លា​ហើយ​ព្រាយ​ដើម​ជ្រៃ លា​ហើយ​សេនាជន លា​ហើយ​ចេតិយ ផ្នូរ​ខ្មោច សូម​វិញ្ញាណ​ទាំង​៣​​ដែល​នៅ​យាម​រក្សា​កំណប់​នេះ​ពី​មុន​ទៅ​ចាប់​ជាតិ​ចុះ។ តាម​ផ្លូវ​មក​វិញ លែង​ស្ងាត់​ទៀត​ហើយ ព្រោះ​ពេល​នេះ​ម៉ោង​ជិត​​៥​ ទៅ​ហើយ មាន់​រងាវ​ឆ្លើយឆ្លង​ពេញ​ភូមិ។
អ្នក​ស្រុក​មួយ​ចំនួន​តូច​ក៏​ភ្ញាក់​ពី​និន្ទ្រា​ហើយ​ដែរ។​ ពេល​មក​ដល់​ផ្ទះ ខ្ញុំ​យក​ចប​និង​អាវ​ដាក់​កន្លែង​ដដែល​វិញ បន្ទាប់​មក​ខ្ញុំ​ក៏​រើ​យក​ព្រះ​តូច​ៗ​ និង​សាស្ត្រា​ស្លឹករឹត​នោះ​ចេញ​ដាក់​ចូល​ក្នុង​វ៉ាលិស​ផ្ទាល់​ខ្លួន។ ឯ​ព្រះ​កេស​ព្រះ​មួយ​នោះ ខ្ញុំ​ដាក់​ក្នុង​ហឹប​ដដែល។ ខ្ញុំ​សម្ងំ​គេង​វិញ​ដោយ​ឆ្ងល់​ពី​ព្រះ​កេស​នោះ ខ្ញុំ​គិត​ថា ​ចាំ​សួរ​ចាស់​ៗ ប្រហែល​ជា​មាន​អ្នក​ដឹង​ពី​ប្រវត្តិ​កំណប់​ព្រះ​កេស​មួយ​ហ្នឹង។ ខ្ញុំ​គេង​មិន​លក់​ភ្លាម​ទេ ខ្ញុំ​នឹក​គិត​ស្រមៃ​ដល់​ហេតុការណ៍​ដែល​កើត​ឡើង​មួយ​កំណាត់​យប់​នេះ​មិន​ឈប់ ​តែ​មួយ​សន្ទុះ​ធំ​ក្រោយ​មក ខ្ញុំ​ក៏​គេង​លក់​ទៅ។
ពេល​ខ្ញុំ​ភ្ញាក់​មក​វិញ ម៉ោង​ជាង​៨​ព្រឹក​ទៅ​ហើយ ប៉ា​ម៉ាក់​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​គេង​យូរ​ៗ ទើប​គាត់​មិន​ដាស់​​ហើយ​មើល​ទៅ។ ខ្ញុំ​បាន​ទៅ​ជួប​គាត់​ទាំង​២ ​ហើយ​និយាយ​តំណាល​រឿង​ទាំង​ប៉ុន្មាន​ឱ្យ​គាត់​ស្ដាប់ តែ​ខ្ញុំ​មិន​និយាយ​ថា ខ្ញុំ​យក​បាន​អី​ខ្លះ​នោះ​ទេ។ និយាយ​ចប់​ខ្ញុំ​ក្រោក​ទៅ​លើក​យក​ព្រះ​កេស​ព្រះ​មក ហើយ​លើក​ចេញ។ ពេល​ឃើញ​ទើប​ប៉ា​ខ្ញុំ​ប្រាប់​ថា៖
«ជា​ព្រះ​កេស​ព្រះ​អង្គ​ធំ​នៅ​វត្ត​សព្វ​ថ្ងៃ​ដែល​បាត់​រាប់​សិប​ឆ្នាំ​មក​ហើយ! ព្រះ​កេស​ដែល​ឃើញ​សព្វ​ថ្ងៃ គឺ​ចាក់​ស៊ីម៉ងត៍​ធ្វើ​ក្រោយ​ទេ! ​ប៉ា​ធ្លាប់​ឃើញ​នេះ​កាល​ប៉ា​នៅ​តូច​ៗ!»
ពេល​ឮ​អ៊ីចឹង ខ្ញុំ​ចេះ​តែ​ឆ្ងល់ បើ​បែប​នោះ​​មាន​តែ​តា​ខ្ញុំ​ជា​អ្នក​លួច។ ចុះ​គាត់​លួច​យក​មក​កប់​ទុក​ធ្វើ​អី? ការ​ធ្វើ​បែប​នេះ​មាន​ប្រយោជន៍​អី?
វា​មិន​សម​ថា សុខ​ៗ​គាត់​ធ្វើ​អ៊ីចឹង។ អ្វីៗ​សុទ្ធ​តែ​ជា​អាថ៌កំបាំង មាន​តែ​សំណួរ ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ។ ឬ​ឯ​របស់​ផ្សេងៗ​ទៀត ខ្ញុំ​មិន​ចម្លែក​នោះ​ទេ ចាស់ៗ​បុរាណ ហើយ​គាត់​ជា​មេ​ទ័ព​ទៀត កន្សែង​យ័ន្ត ខ្នាយ​តាន់​ ព្រះពុទ្ធ​រូប​ សាស្ត្រា​គម្ពីរ​អី​ហ្នឹង គាត់​ត្រូវតែ​មាន​អ៊ីចឹង​ហើយ។ ប៉ា​ខ្ញុំ​និយាយ​បន្ថែម​ថា៖
«តា​ឯង​ប្រសិន​ជា​រស់​មក​ដល់​សព្វ​ថ្ងៃ​ ក៏​អាយុ​ប្រហែល​ជាង​​១០០ដែរ ព្រោះ​តា​ឯង​អាយុ​ជិត​៤០​ទៅ​ហើយ​បាន​ប៉ា​កើត!​ រាល់​ថ្ងៃ​ហ្នឹង​ប៉ា​អាយុ​៦០​ប្លាយ​ហើយ​ហ្នឹង!»
ប៉ា​ខ្ញុំ​និយាយ​បន្ថែម​ទៀត​ថា៖
«តា​ឯង​ចេះ​បង្រួញ​ដី ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ​ត្រឹម​ធូប​មួយ​ដើម​ទេ!»​
ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូចជា​ជ្រុល​ពេក​ទេ​ដឹង សូម្បី​បើក​ឡាន​ក៏​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ដែរ ចុះ​ត្រឹម​ដើរ ម៉េច​នឹង​ត្រឹម​ធូប​មួយ​ដើម​កើត​ តែ​ក៏​មិន​និយាយ​ប្រកែក​អី​ដែរ ក្រោយ​មក​បន្តិច ខ្ញុំ​នឹក​ឃើញ​បាលី​បង្រួញ​ដី​ដែល​ខ្ញុំ​ឃើញ​ក្នុង​សាស្ត្រា​ស្លឹករឹត។ វា​ប្រហែល​ជា​ការ​ពិត​មែន​ហើយ​មើល​ទៅ។ ប៉ា​ខ្ញុំ​និយាយ​ទាំង​ស្ដាយ​បន្ត​ទៀត​ថា៖
«មិន​ដឹង​យ៉ាង​ម៉េច គាត់​មិន​ព្រម​បង្ហាត់​អ្វី​ដែល​គាត់​ចេះ​ដល់​កូន​ៗ​សោះ សូម្បី​តែ​ម្នាក់ រហូត​ដល់​គាត់​ឈឺ​ស្លាប់​កាល​ពី​ជាង​៣០​ឆ្នាំ​មុន! ពេល​នោះ​កូន​ឯង​ទើប​តែ​​កើត​បាន​ប៉ុន្មាន​ខែ គាត់​ពរ​ឯង​រួច​និយាយ​ថា ស្ដាយ​ណាស់​ អា​ចៅ​ឯង​កើត​យឺត​ពេក!»​
មក​ដល់​ត្រឹម​នេះ​ទើប​ខ្ញុំ​យល់​ថា គាត់​ចង់​ប្រគល់​របស់​ទាំង​នេះ​មក​ខ្ញុំ​ជា​ប្រាកដ​ តែ​ដោយ​សារ​តែ​ខ្ញុំ​មិន​ទាន់​ដឹង​ក្ដី​ទើប​គាត់​យក​ទៅ​កប់​ទុក ចាំ​ខ្ញុំ​ធំ​មាន​សមត្ថភាព​ទៅ​ជីក​យក។ របស់​ដែល​យើង​ត្រូវ​បាន ទោះ​ជា​ទៅ​ដល់​ណា ពេល​យូរ​ប៉ុណ្ណា ក៏​គង់​នឹង​បាន។ តាម​ខ្ញុំ​ដឹង​របស់​អស់​ហ្នឹង ហាក់​ដូច​ជា​មាន​វិញ្ញាណ ពោល​ទាល់​តែ​មាន​និស្ស័យ​ទើប​នៅ​ជាមួយ​បាន។
ខ្ញុំ​ផ្ដាច់​ខ្លួន​ពី​ការ​ស្រមៃ​រួច​ស្ដាប់​ប៉ា​ខ្ញុំ​និយាយ​បន្ត៖
«កំណប់​នីមួយៗ​មិនមែន​ចេះ​តែ​បាន ងាយ​ស្រួល​យក​នោះ​ឡើយ។ តាម​ទម្លាប់​ពេល​គេ​ជីក​យក​ គេ​តែង​តែ​បំបែក​ក្រឡ​ឬ​ហិប​នោះ​ក្នុង​រណ្ដៅ​នោះ​តែ​ម្ដង​ទើប​គេ​អាច​យក​របស់​​បាន។ បើ​មិន​ដូច្នេះ​ទេ​ គេ​នឹង​ឃើញ​តែ​ក្រឡ រី​ហិប​ធ្លុះ​បាត​ដោយ​សារ​តែ​របស់​ទាំង​នោះ​ស្រុត​ចុះ​ទៅ​ក្រោម​បាត់»
ឮ​អ៊ីចឹង​ខ្ញុំ​ភ្ញាក់​ព្រើត ខ្ញុំ​មិន​ដឹង ចឹង​សោះ​បាន​ជា​យប់​មិញ​ខ្ញុំ​លើក​យក​ចេញ​មិន​រួច ​ដល់​ខ្ញុំ​កាប់​ ជម្រុះ​ក្ដារ​ឃើញ​បដិមា ឃើញ​អី​ហើយ​ទើប​លើក​រួច។ ប្រហែល​ជា​មាន​ថាមពល​ងងឹត​អ្វី​ម្យ៉ាង​បាន​ជួយ​ខ្ញុំ​ឱ្យ​យក​កំណប់​នោះ​បាន​ជា​ប្រាកដ។ ចុង​ក្រោយ​ប៉ា​ខ្ញុំ ឱ្យ​ខ្ញុំ​យក​ទឹក​ដូង​មក​លាង​ព្រះ​កេស​ព្រះ​នេះ​ ដើម្បី​យក​ទៅ​ដាក់​នៅ​វត្ត​វិញ។ ពេល​ខ្ញុំ​កំពុង​លាង ខ្ញុំ​រក​មើល​ក្រែង​លោ​មាន​ស្នាម​ឆែប​ដោយ​សារ​ខ្ញុំ​កាប់​ត្រូវ។ ខ្ញុំ​ឃើញ​វា​មាន​ស្នាម​បន្តិច​ តែ​សំណាង​ល្អ​ដែល​មើល​ធម្មតា​មិន​ឃើញ​ឡើយ​លុះ​ត្រា​តែ​ប្រឹង​ពិនិត្យ​បាន​ឃើញ។
គេ​ក៏​យក​ព្រះ​កេស​កសាង​សម័យ​ក្រោយ​ចេញ ហើយ​ដាក់​ព្រះកេស​តាំង​ពី​បុរាណ​ចូល​ជំនួស​វិញ​ ក្រោម​ការ​អបអរ​ពី​សំណាក់​ ព្រះសង្ឃ អាចារ្យ ដូនជី គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ។ រី​ឯ​ថា​ ហេតុអ្វី​បាន​ជា​តា​ខ្ញុំ​កាត់​យក​ព្រះ​កេស​នេះ​ទៅ​កប់​នៅ​តែ​ជា​ងងឹត​​ គ្មាន​ចម្លើយ គ្មាន​នរណា​ដឹង​ សូម្បី​តែ​ប៉ា​ខ្ញុំ​ឬ​ចាស់​ៗ​ក្ដី។
ខ្ញុំ​លាក់​អាថ៌​កំបាំង​ថា ខ្ញុំ​យក​បាន​របស់​ផ្សេង​ទៀត ពិត​ណាស់​ខ្ញុំ​មិន​ចង់​ឱ្យ​លេច​ឮ​ដំណឹង​នេះ​ទៅ​ក្រៅ​នោះ​ទេ។ ពេល​អ្នក​ផ្សេង​សួរ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជីក​បាន ខ្ញុំ​ឆ្លើយ​យ៉ាង​ខ្លី ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ។ ពេល​មក​ភ្នំពេញ​វិញ ខ្ញុំ​រៀប​ហ៊ឹង​មួយ​សម្រាប់​ទុក​បូជា ព្រះ​សិអារ្យមេត្រី​ និង​ព្រះ​ផ្សេង​ៗ​ដែល​ខ្ញុំ​ជីក​បាន។
ចំពោះ​កន្សែង​វិញ ខ្ញុំ​រក​គ្រូ​ម្នាក់​មើល គាត់​ថា​ជា កន្សែង​តេជះ គាត់​ឱ្យ​ខ្ញុំ​ដេរ​ជា​អាវ​ពាក់។ វា​ជា​ឧបករណ៍​ដែល​ការពារ​យើង​ពី​អាវុធ​ក្នុង​សង្គ្រាម​ពី​បុរាណ ឯ​សម័យ​គ្មាន​សង្គ្រាម​នេះ​ ខ្ញុំ​អាច​ពាក់​វា​ការពារ​ពី​ខ្មោច​ព្រាយ ឬ​ភយន្តរាយ​ទាំង​ពួង​បាន​ដែរ។
ខ្ញុំ​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​ងារ​ យក​សាស្ត្រា​ទាំង​ពីរ​មក​វាយ​ជា​សៀវភៅ​ក្នុង​កុំព្យូទ័រ​ដើម្បី​ងាយ​ស្រួល​ទុកដាក់ និង​រក្សា​វា​ឱ្យ​គង់វង្ស​យូរអង្វែង​ទៅ​ត្បិត​វា​ជា ក្បួន​បូរាណ​ ខ្ញុំ​មិន​ចង់​បាត់​បង់​វា​នោះ​ទេ។ ក្រោយ​ពី​ចម្លង​អត្ថបទ​ទាំង​ប៉ុន្មាន​ចប់​សព្វ​គ្រប់​អស់​ ខ្ញុំ​ក៏​យក​វា​ទៅ​ទុក​ក្នុង​កញ្ចក់​បិទ​ជិត​រួច​ទៅ​ដាក់​លើ​ហ៊ឹង។
រំលង​បាន​មួយ​អាទិត្យ ខ្ញុំ​យល់​សប្ដិ​ឃើញ​ម្ដង​ទៀត។ព្រលឹង​ខ្ញុំ​ឃើញ​ទស្សនីយភាព​ទាំង​ឡាយ​ហាក់​ដូច​ជា​មើល​រឿង​ក្នុង​កុន​អ៊ីចឹង ពោល​គឺ​ខ្ញុំ​បាន​ត្រឹម​តែ​មើល​ឃើញ ប៉ុន្តែ​មិន​មាន​សកម្មភាព​ឬ​និយាយ​អ្វី​ឡើយ។
ក្នុង​រាត្រី​ស្ងាត់​ ព្រលឹង​ខ្ញុំ អណ្ដែត​ទៅ​ដល់​វត្ត​នៅ​ឯ​ខេត្ត​កំពង់ចាម​ហ្នឹង។ ទៅ​ដល់​ទីនោះ​ស្ងាត់​ជ្រាប​ ស្រាប់​តែ​ខ្ញុំ​ឃើញ​បុរស ៣​ នាក់​ពាក់​ខោ​អាវ​បែប​បុរាណ កំពុង​ឱប​ព្រះ​កេស​ព្រះ​រត់​ចេញ​ពី​វិហារ។ ខ្ញុំ​ឃើញ​ពួក​វា​រត់​ ហើយ​​ក៏​មក​ដល់​ដើម​ជ្រៃ ហើយ​ក៏​វាក់អ៊ើ​ជាមួយ​បុរស​ចំណាស់​ម្នាក់​កំពុង​លុង​រណ្ដៅ​កប់​អ្វី​ម្យ៉ាង។
បុរស​នេះ​ច្បាស់​ណាស់​​គឺ​ជា​តា​ខ្ញុំ​ហ្នឹង​ឯង។ និម្មិត​តែ​ឃើញ​ ពួក​នោះ​ជា​ចោរ​លួច​កាត់​ព្រះ​កេស​ព្រះ​ដូច​នោះ គាត់​ក៏​ស្ទុះ​ទៅ​កាប់​សម្លាប់​ទាំង ៣ នាក់​នោះ​ចោល។ ពួក​នោះ​ប្រឹង​រត់​គេច​តែ​គេច​មិន​ផុត​ ចុង​ក្រោយ​ត្រូវ​ស្លាប់​ទាំង​បី។ ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​តា​ខ្ញុំ​កាប់​ដាច់​ក្បាល។ ក្រោយ​ពី​សម្លាប់​ហើយ​ គាត់​ពោល​​ថា៖
«ទោស​របស់​ពួក​ឯង​ធ្ងន់​ណាស់​ហ៊ាន​លួច​របស់​ក្នុង​សាសនា ពួក​ឯង​ត្រូវ​តែ​នៅ​យាម​ព្រះកេស​នេះ​ និង​សម្បត្តិ​របស់​យើង​នៅ​កន្លែង​ហ្នឹង​ រហូត​ដល់​មាន​នរណា​មាន​រិទ្ធិ​គ្រប់​គ្រាន់​មក​ជីក​យក​កំណប់​នេះ​ទៅ!កូន​ៗ​យើង​គ្មាន​នរណា​មាន​និស្ស័យ​ជាមួយ​របស់​នេះ​ទេ។ យើង​ត្រូវ​តែ​កប់​វា​ដើម្បី​រង់​ចាំ»
បន្ត​មក​ទៀត ខ្ញុំ​ឃើញ គាត់​យក​ព្រះ​កេស​ព្រះ​ដាក់​ក្នុង​ហឹប​ជាមួយ​កូន​កន្សែង​ និង​សាស្ត្រា​ហើយ​កាយ​ដី​លុប​វិញ​ទៅ​​វិញ​ដោយ​យក​ដុំ​ថ្ម​បី​ដាក់​តម្រៀប​គ្នា​ជា​មុំ​ចង្ក្រាន​ផង។ បន្ទាប់​មក គាត់​ព្យាយាម​បង្ហាប់​ដី​នោះ​ រួច​ប្រមូល​ស្លឹក​ឈើ​ដាក់​រាយ​ពី​លើ។
ចុង​ក្រោយ តា​ខ្ញុំ​ក៏​អូស​សាក​សព​អ្នក​ទាំង​បី​ទៅ​ដាក់​ក្នុង​ទី​បច្ឆា ដោយ​មិន​ភ្លេច​យួរ​ក្បាល​បុរស​ម្នាក់​ដែល​កាប់​ជ្រុះ​ដាច់​ពី​ក​ ឈាម​​នៅ​ហូរ​តក់​ៗ​នៅ​ឡើយ​ផង។ ​ខ្ញុំ​ឃើញ​គាត់​អុជ​ធូប​ ៦ សរសៃ​រួច​និយាយ​អី​ជីប​អូចៗ​ ហើយ​គាត់​យក​ទៅ​ដោត​ ៣ សរសៃ​នៅ​ក្រោម​ដើម​ជ្រៃ និង​ ៣ សរសៃ​ទៀត​នៅ​ខ្ទម​អ្នកតា​មួយ​ ចម្ងាយ​ប្រហែល​ជា ២០០ ម៉ែត្រ​ពី​ទី​នោះ។ ពេល​នោះ​ស្រាប់​តែ​មាន​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង​ដូច​ពេល​ខ្ញុំ​ទៅ​ជួប​ប្រយុទ្ធ​ជា​មួយ​ព្រាយ​នោះ​ដែរ។ បន្ទាប់​ពី​ចប់​រួច​រាល់​ខ្ញុំ​ឃើញ​គាត់​ដើរ​លី​ចប​កាន់​ដាវ​ត្រលប់​មក​ផ្ទះ​វិញ។
ខ្ញុំ​ក៏​ភ្ញាក់​មក​វិញ​ទាំង​បែក​ញើស​ជោក​ខ្លួន​តែ​ម្ដង។ អាថ៌កំបាំង​ចាប់​ផ្ដើម​ដោយ​សុបិន​ ពេល​នេះ​អាថ៌កំបាំង​ត្រូវ​បាន​បើក​កកាយ​ដឹង​ពី​ការ​ពិត​ក៏​ដោយសារ​សុបិន។ ខ្ញុំ​ក៏​ភ្ញាក់​ឡើង​ដោយ​ញញឹម​ជាប់​ ត្បិត​អី​ពេល​នេះ​អាថ៌​កំបាំង​លែង​មាន​ក្នុង​ចិត្ត​ខ្ញុំ​ទៀត​ហើយ។
ចប់​

0 comments:

Post a Comment