មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ
ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ
ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា
ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?
ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ ឯសត្វអកនោះកាលណាទំហើយ
ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។
យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ
ក៏គិតក្នុងចិត្តថា
“យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ
ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ
មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ
ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ
ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង
” ។
ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង
ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង
ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។
ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។
ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល
បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ
ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ
កាលបានទៅដល់ហើយក៏ដើរផ្លូកចុះផ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។
បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហមៗលើចុងឈើ
ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា “អកអូរៗ” គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា៖
ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ
យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ ស្ទុះលោតប្រូង
រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា “ស្លាប់ទៅ ! អាខ្មោច
ធ្វើអ្វីដូច្នោះ”។ ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ
ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់ ស្ទើរនឹងស្លាប់ខ្លួន
ព្រោះមិនដែលបង់គំនិតដល់ម្លឹងសោះ រួចខ្លានឹកថា “ឥឡូវបុរសនេះឃើញអញតែម្នាក់ឯង
បើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត គេនឹងកាន់តែដឹងច្រើនឡើង
កើតមានកេរ្ត៍ឈ្មោះអាក្រក់ណាស់ បើដូច្នោះអញសូកគាត់ កុំនិយាយប្រាប់នរណាតទៅទៀតឡើយ”
។
ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថ
ឱ ! អ្នកអើយ !
ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក
ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំ
កុំនិយាយទៅណាមកណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក ។
បុរសតបវិញថា៖
ខ្លាឯងឲ្យអ្វីអញ។
ខ្លាថា
ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ
យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ ។
បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា រួចហើយវិលទៅផ្ទះអាត្មាវិញ, លុះព្រឹកឡើង
មកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ
ជាប្រក្រតីមិនហ៊ានខាន ។
កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់
នាងភរិយាឆ្ងល់ លុះវេលាយប់ក៏សួរដោយស្ងាត់ថា៖
អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន
ក្ដាន់ក៏មាន ឈ្លូសក៏មាន។
ប្ដីថាអញដាក់អន្ទាក់
ប្រពន្ធថា
អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ !
ប្អូនឲ្យត្រង់ទៅមើល ។
បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថា ខ្លាកាលណាវានឹងមក
ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង ។ ប្រពន្ធនោះក៏ជឿ ។
លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង លុះទៅដល់ស្រាប់តែ ឃើញខ្លាអង្គុយជ្រហមៗ
ចាំនៅកន្លែងនោះ ។ លុះបុរសដើរទៅដល់ខ្លាប្រាប់ថា៖
អើ ! បុរសឯងមកហើយ
អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ
អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយប្រាប់គេ ?។
បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអ្វីទេ
គ្រាន់តែអង្វរទៅខ្លាវិញថា៖
បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ
តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង ។
ខ្លាក៏ព្រមថា៖
អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញ អញស្ដោះទឹកមាត់ចាំ
តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង ។
បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត ព្រោះតែមាត់មិនជិត
បានជាខ្លាវាស៊ី, ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះ
ហើយថា៖
ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា
។
ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត ។
ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន ដើរមកតាមផ្លូវយំបណ្ដើរផង, ដល់ពាក់កណ្ដាលផ្លូវ
ប្រទះនឹងទន្សាយៗសួរថា៖បុរសឯងដើរទៅណាយំផងដូច្នេះ
មានទោសទុក្ខដូចម្ដេច ? ។
បុរសនោះ ថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។
ទន្សាយឆ្លើយថា៖
ឱ ! បើដូច្នោះ
ភ័យអ្វី បុរសឯងទៅរកតែចេក១ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ។
បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត
ហើយជូនទៅលោកសុភាទន្សាយថា៖
ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ។
សុភាទន្សាយថា៖
អើ ! អ្នកឯងទៅជាមួយនឹងយើង
ចាំមើលខ្លានោះឲ្យជាក់។
រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ
ដើម្បីមើលទៅឲ្យបានឆ្ងាយ ។
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក
ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ
រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា៖
ហ្ន ! មកហើយលោក។
សុភាទន្សាយប្រាប់ថា៖
កុំមាត់ ! ចាំវាមកជិតសិន។
ខ្លាដើរមកកាន់តែជិត សុភាទន្សាយពមចេកមួយក្នុងមាត់
ហើយស្រែកគ្រហែមឡើងថា៖
អ៊ែមៗស៊ីខ្លា៥មិនស្កាំផ្ទៃ ស៊ីត្រប់ខាប៉ុនកូនដៃ ស្អាកស្ទើរបែក
អ៊ែមៗ។
ខ្លាឮសម្លេងធំក្រអួនថា៖ “ស៊ីខ្លា៥មិនស្កាំផ្ទៃ” ក៏ស្ទុះថយក្រោយ ។
សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ ។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ
រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ ស្វាឃើញខ្លារត់ស្រែកសួរថា
បងខ្លា រត់មានការណ៍អ្វី ?។
ខ្លាឮហើយឈប់ ឆ្លើយតបទៅវិញ៖
ទេ ! ទេ !វ៉ិអើយ ! អាណាក៏ធំម្ល៉េះ
ស៊ីខ្លាដល់ទៅ៥មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី។
ស្វាសួរថា៖
បងឯងឃើញដែរឬអ្វី ?” ។
ខ្លាថា៖
ទេ ! ឮតែមាត់ ។
ស្វាសួរថា
មាត់ត្រង់ណា ?
ខ្លាតបថា៖
នៅបៀតដំបូកឯដើមពង្រនោះណា។
ស្វាថា៖
ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង។
ខ្លាតបថា៖
មិនមែនទេ សម្ដីសុភាណាដូច្នោះ។
ស្វាថា៖
ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល
ខ្ញុំជូនទៅ។
ខ្លាមិនព្រមទៅថា៖
ក្រែងបងស្វាឯងរត់ចោលអញ
តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង
ស្លាប់អញហើយ។
ស្វានិយាយម្ដងទៀតថា៖
បើបងឯងខ្លាចខ្ញុំរត់ចោល
យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ
កុំរត់ចោលគ្នាវ៉ី ! ។
ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។
បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា៖
លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក!
សុភាទន្សាយថា៖
កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម
ចាំវាមកជិតបន្តិច នឹងមើលវា។
សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត
ស្វាសួរថាត្រង់ណាបងខ្លា ? ។ ខ្លាថា៖
ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ។
សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា៖
យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម! មើលមាយាទអាស្វានេះ!។
ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់
ហើយគិតក្នុងចិត្តថា៖
យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ!។
ស្វាស្រែកថា៖
បងខ្លា ឈប់សិនៗ ខ្លាក៏មិនព្រម
ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ
ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី
ស្លាប់ខ្លួនខូចអសារឥតការ ។
មាត់មានដប មាត់មានឆ្នុក
0 comments:
Post a Comment