រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

សៀវភៅ​លាក់​អាថាន់ (ភាគ​ទី​៣)

ខ្ញុំ​ស្រែក​ភ្លាត់​សំឡេង​ទាំង​ដឹង​ថា ការ​មិន​អាច​ទប់​ចិត្ត​របស់ខ្ញុំ​លើក​នេះ​នឹង​ធ្វើ​ឱ្យ​ខ្លួនឯង​ខាន​បាន​ឱកាស​វិល​ទៅ​ឃើញ​មុខ​ម៉ាក់​ជា​រៀង​រហូត។
ក្នុង​ពេល​ចិត្ត​កំពុង​ពេញ​ដោយ​វិប្បដិសារី ស្រាប់តែ​មុខ​អ្នក​ម៉ាក់​អណ្ដែត​មក​ព្រាលៗ​នៅ​ចំ​ពី​មុខ​ខ្ញុំ។
ខ្ញុំ​បើក​ភ្នែក​ព្រឹមៗ ហើយ​គិត​ថា​បំណាច់​នឹង​ស្លាប់​ខ្ញុំ​ត្រូវតែ​បាន​ស្ទាប​ថ្ពាល់​ម្ដាយ​ខ្ញុំ​ម្ដង​ទៀត​ជា​ចុង​ក្រោយ​ដែរ។
គិត​ហើយ​ ខ្ញុំ​លូក​ដៃ​ទៅ​កាន់​ថ្ពាល់​ក្រៀមក្រំ​របស់​គាត់។
ស្នាម​សើច​របស់​គាត់​លេច​ឡើង​មក​ភ្លាមៗ ហើយ​ខ្ញុំ​ក៏​ឃើញ​មុខ​គាត់​ច្បាស់​ឡើងៗ​នៅ​ក្នុង​បន្ទប់​ដេក​របស់ខ្ញុំ។ មុន​ពេល​ដៃ​ខ្ញុំ​ប៉ះ​ទៅដល់​សាច់​គាត់​ ខ្ញុំ​បែរជា​ប្ដូរ​វា​មក​ឱប​ក្បាល​ខ្លួនឯង​ហើយ​ស្រែក៖
«អូយ!»
ក្បាល​ខ្ញុំ​ឈឺ​ណាស់ ឈឺ​យ៉ាង​អាក្រក់​បំផុត។
ម៉ាក់​ឱន​មក​ឱប​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម​ប្រឹង​ពិនិត្យ​សម្លឹង​ជុំវិញ​ខ្លួន។
ជយោ!!! ខ្ញុំ​មក​វិញ​ហើយ!! ខ្ញុំ​បាន​មក​នៅ​ក្នុង​ផ្ទះ​ខ្លួនឯង​វិញ​ពិតមែន​ហើយ។
លោកគ្រូ​ពេទ្យ​សុខុម បង្ហាញ​ខ្លួន​នៅ​ពី​ក្រោយ​ខ្នង​ម៉ាក់​ខ្ញុំ​ជិត​បង្កើយ ខ្ញុំ​យល់​ហើយ​ថា​មាន​អ្វី​កើត​ឡើង​នៅ​ទីនេះ។
ម្ដាយ​ខ្ញុំ​ប្រហែលជា​បាន​ឃើញ​ខ្ញុំ​ទៅ​បាត់​ សល់​តែ​សំបក​ខ្លួន​ហើយ​គាត់​គិត​ថា​ខ្ញុំ​រើ​ជំងឺ​គាំង​បេះដូង​ដូច​រាល់ដង។
ពេល​នេះ​ខ្ញុំ​បាន​យក​ឈ្នះ​អា​ស្រមោល​ខ្មៅ​នោះ ហើយ​ខ្ញុំ​បាន​ចែវ​ទូក​ដល់​ច្រាំង​បាន​ជា​ចុង​ក្រោយ​ពួកវា​លូក​មក​តោង​ក​ខ្ញុំ បន្លាច​ខ្ញុំ​ ចង់​ទាញ​ទម្លាក់​ទៅ​ក្នុង​ទឹក?
អូយ! ខ្ជិល​គិត​ច្រើន​ណាស់!
ខ្ញុំ​ប្រហែល​ដេក​យូរ​ពេក សន្លប់​យូរ​ពេក​ហើយ ​បាន​ជា​ក្បាល​ឈឺ​យ៉ាង​នេះ។
គ្រូពេទ្យ​សុខុម​ហុច​ថ្នាំ​រម្ងាប់​ចិត្ត​ឱ្យ​ពីរ​គ្រាប់ តែ​ខ្ញុំ​មិន​លេប​វា​ទេ។ ឆ្លៀត​ពេល​ម្ដាយ​ខ្ញុំ​ជូន​ដំណើរ​ពេទ្យ​ចេញ​ទៅ ខ្ញុំ​បាន​ទម្លាក់​វា​ចោល​ទៅ​ក្នុង​ធុង​សំរាម។
ខ្ញុំ​មិន​ចង់​លេប​អ្វី​ទៀត​ទាំងអស់​ ព្រោះ​តែ​ខ្ញុំ​មិន​ចង់​ដេក​តទៅ​ទៀត ព្រោះ​ខ្លាច​ថា​ខ្ញុំ​លែង​បាន​វិល​មក​វិញ។
ពេល​ម៉ាក់​វិល​មក​វិញ ខ្ញុំ​ក្រោក​អង្គុយ​ ហើយ​ឱប​គាត់​យ៉ាង​ណែន បន្ទាប់មក ​ខ្ញុំ​យំ​ព្រោះ​និយាយ​អ្វី​ក៏​មិន​ចេញ​ទាំង​អស់។
«ម៉ាក់​សុំទោស! កាលពី​កូន​ឯង​នៅ​តូច ម៉ាក់​គិត​មិន​ដល់ បាន​ជា​ទៅ​ប្រជុំ ​ហើយ​ផ្ញើ​កូន​នឹង​អ្នក​ជិត​ខាង! គេ​មិន​ប្រយ័ត្ន គេ​បណ្ដាល​ឱ្យ​កូន​ឯង​ឃើញ​ភ្លើង​ឆេះ​ផ្ទះ បាន​ជា​កូន​ឯង​រន្ធត់​ពេក​ទៅ​ជា​ខ្សោយ​បេះដូង​ដល់​ឥឡូវ! វា​ជា​កំហុស​ម៉ាក់!»
ខ្ញុំ​មិន​អាច​និយាយ​ពន្យល់​អ្វី​ទៅ​កាន់​អ្នក​ម៉ាក់​ខ្ញុំ​បាន​ទេ​ពី​ការ​ពិត​ដ៏​ងងឹតងងល់​ដែល​ខ្ញុំ​បាន​ជួបប្រទះ​បាន​ត្រឹម​បន្លប់​សួរ​គាត់​ថា៖
«ម៉ាក់! ឯណា ​Laptop ​ខ្ញុំ?!»
«នៅ​ក្នុង​ថតតុ! ម៉ាក់​ទុក​ស្រួលបួល​ហើយ អត់​អ្នកណា​ប៉ះពាល់​ទេ!»
ខ្ញុំ​លួច​គិត​ម្នាក់ឯង​ថា​ ប្រហែលជា​គាត់​មិន​បាន​ឃើញ​សៀវភៅ​អកុសល​នោះ​ទេ​មើល៍​ទៅ?
«ម៉ាក់! កូន​ចង់​ទៅ​អុជ​ធូប​អ្នកតា​ម្ចាស់​ដី​ណា៎​ម៉ាក់!»
ក្ដី​ស្រពោន​ស្រាប់តែ​កើត​ឡើង​ភ្លាមៗ​ក្នុង​ភ្នែក​គាត់ ធ្វើ​ឱ្យ​ខ្ញុំ​រឹតតែ​កើត​ក្ដី​សង្ស័យ។
សភាព​ម្ចាស់​ដី​អាវ​ក្រហម​ដែល​ត្រូវ​របួស​នៅ​កណ្ដាល​ផ្ទះ​ឈើ​បាន​អណ្ដែត​ឡើង​មក​វិញ​ច្បាស់​ទែង​ក្នុង​គំនិត​ខ្ញុំ ការ​ចងចាំ​របស់ខ្ញុំ​ខ្លួន​ឯង ធ្វើ​ឱ្យ​ចិត្ត​ទៅជា​ឃ្លេងឃ្លោង​ហេងហាង​អស់​សង្ឃឹម។
ម្ដាយ​របស់ខ្ញុំ​ស្រាប់​តែ​និយាយ​ឡើង​ថា៖
«យប់មិញ​មិន​ដឹង​ពួក​ស្ទាវ​ស្រវឹង​ស្រា​ពី​ណា​មក​អត់​ការ​ធ្វើ វា​វាយ​បំបែក​ខ្ទេច​អាស្រម​ម្ចាស់​ដី​អស់! អ្នក​សង្កាត់​យើង​កំពុង​នាំ​គ្នា​រក​វិធី​សង់​ថ្មី​ឡើង​វិញ!»
បេះដូង​ខ្ញុំ​ដាច់ដោច។ ខ្ញុំ​ដឹង​ហើយ​អំពី​មូលហេតុ​ដែល​ថា​អាស្រម​អ្នកតា​ម្ចាស់​ដី​និង​រូប​សំណាក់​គាត់​ត្រូវ​បាន​បំផ្លាញ​ខ្ទេច តែ​ខ្ញុំ​និយាយ​អ្វី​មិន​ចេញ​បាន​ត្រឹម​ធ្វើ​មុខស្ងួត។
ម្ដាយ​ខ្ញុំ​រលីងរលោង​ប្រហែលជា​ស្ថានភាព​ខ្ញុំ​បែបនេះ​នាំ​ឱ្យ​គាត់​ទៅជា​ភ័យភិត​ពិតមែន​ហើយ។ព្រោះ​អត្តចរិត​ខ្ញុំ​កន្លង​មក ​មិនដែល​មាន​សភាព​អស់សង្ឃឹម​របៀប​នេះ​ឡើយ។
ខ្ញុំ​ខំ​ពន្យល់​លើកទឹកចិត្ត​គាត់​វិញ៖
«កូន​ជិត​ជា​ហើយ! ម៉ាក់​ឈប់​យំ​ទៅ!»
«ម៉ាក់​មាន​យំ​ឯណា!»
គាត់​ខំ​កុហក​ខ្ញុំ​ ធ្វើ​ឱ្យ​បេះដូង​ខ្ញុំ​កាន់តែ​ឈឺ។
បេសកកម្ម​ដំបូង​គេ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់​ឱ្យ​ខ្លួនឯង​ឆាប់​ជា​នឹង​អាច​ក្រោក​ដើរ​រួច។ ខ្ញុំ​ចង់​មាន​ប្រាជ្ញា​អាច​ដោះស្រាយ​រឿង​អស់​នេះ ​ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា​ ខ្ញុំ​ពិតជា​បាន​ដេក​សន្លប់​យល់សប្ដិ​អាក្រក់​ដោយសារ​ការ​គាំង​បេះដូង​ ឬ​មួយ​ខ្ញុំ​ពិតជា​ត្រូវ​បណ្ដាសា​សៀវភៅ​នោះ​មែន?
ល្ងាច​នោះ​ខ្ញុំ​ក្រោក​ចេញ​មក​មុខ​ផ្ទះ​ជាមួយ​ម៉ាក់។
ក្បាល​ខ្ញុំ​លែង​ឈឺ​ តែ​ចិត្ត​ខ្ញុំ​នៅ​ងងឹត​ទាំងស្រុង។
ម៉ាក់​ខ្ញុំ​រវល់​អង្គុយ​កំដរ​ខ្ញុំ​ គាត់​មិន​បាន​ធ្វើ​អ្វី​ទាំងអស់ ដូច​នេះ​ហើយ​ខ្ញុំ​ក៏​និយាយ​នឹង​គាត់​ថា៖
«ម៉ាក់​ទៅ​ធ្វើ​អី​ក៏បាន! កូន​នៅ​ទីនេះ​ម្នាក់ឯង​បាន!»
«Are you sure​?»
ម៉ាក់​តែងតែ​និយាយ​ជា​ភាសា​អង់គ្លេស​បែប​នេះ​មក​កាន់​ខ្ញុំ​ជា​រឿយ។ ខ្ញុំ​ប្រិច​ភ្នែក​ជា​ការ​បញ្ជាក់​នឹង​គាត់​ថា «មែន»។
ខ្ញុំ​ដឹង​ថា ម៉ាក់​ខ្ញុំ​មាន​ការងារ​ច្រើន​ណាស់ រក​តែ​ពេល​គេង​ឱ្យ​គ្រប់​ក៏​គ្មាន​ផង។ ថៅកែ​របស់​គាត់​ផ្ដល់​បៀវត្សរ៍​ឱ្យ​គាត់​យ៉ាង​ខ្ពស់ ​ប៉ុន្តែ​បាន​ទម្លាក់​ការងារ​ខ្លួនឯង​ទាំងស្រុង​មក​ឱ្យ​គាត់​រង​ជំនួស។
គាត់​បង្ខំចិត្ត​ចូល​ទៅ​ធ្វើ​ការងារ​គាត់​នៅ​ក្នុង​បន្ទប់​វិញ តែ​ខ្ញុំ​ដឹង​ថា ចិត្ត​គាត់​នៅតែ​ខ្វាយខ្វល់​លើ​ខ្ញុំ​ដូច្នេះ​ហើយ ​ខ្ញុំ​ខំ​ញញឹម​លើក​ទឹក​ចិត្ត​គាត់។
«តើ​ពិភពលោក​នេះ នៅ​តែ​ស្ថិត​ក្នុង​អំណាច​របស់​វេទមន្ត​ពិតមែន?»
ខ្ញុំ​គិត ​ហើយ​ដៀង​ភ្នែក​ទៅ​រក​មើល​អេក្រង់​ទូរទស្សន៍​អ្នកជិតខាង​ដែល​បាន​បង្ហាញ​ឡើង​ពី​រូបភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បារ៉ាក់ អូបាម៉ា។
វិទ្យាសាស្ត្រ​និង​​​តក្ក​នៅ​តែ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខ្ញុំ​រឹងមាំ​ឡើងវិញ​យ៉ាង​រហ័ស។
ខ្ញុំ​យល់​ថា ខ្ញុំ​ជា​ខ្លួន​ខ្ញុំ​ដដែល​ដូចដើម ខ្ញុំ​ជា​បញ្ញវន្ត ជា​អ្នក​បន្តវេន​ក្នុង​សម័យ​កាល​ដ៏​ទំនើប​ខ្ញុំ​នឹង​យក​ឈ្នះ​លើ​របស់​ខ្មៅ​ងងឹត​ទាំង​នោះ​បាន​ដោយ​ប្រាជ្ញា​របស់ខ្ញុំ​ ដូច​ដែល​លោកយាយ​អាវ​ស​បាន​ផ្ដាំ​មក។
«ទឹក ដី​ ភ្លើង ​ខ្យល់!»
អត់​ដឹង​ថា​ ហេតុអ្វី​ខ្ញុំ​នៅ​តែ​នឹក​ដល់​វា ហើយ​រក្សា​ការ​ទន្ទេញ​អំពី​ពាក្យ​ទាំង​បួន​ម៉ាត់​នេះ?
វា​ដូចជា​មេរៀន​ភូគព្ភសាស្ត្រ​របស់​ជនជាតិ​ចិន​ដែល​យក​មូលដ្ឋាន​ទឹកដី​ភ្លើង​ខ្យល់​ជា​ធាតុ​គោល ប៉ុន្តែ​តើ​វា​មាន​ទាក់ទង​អី​នឹង​រឿង​គ្រូធ្មប់​ព្រះ​ចន្ទ​ខ្មៅ​ដ៏​អន្យតិរ្ថិយ​នោះ?
ខ្ញុំ​ពិតជា​ត្រូវការ​កុំព្យូទ័រ​​របស់ខ្ញុំ​ណាស់​ពេល​នេះ។
សម័យកាល​នេះ​ទៅ​ហើយ ​កុំព្យូទ័រ​គឺ​ជា​ឃ្លាំង​ចំណេះ ហើយ​មាន​តែ​ចំណេះដឹង​មួយ​គត់​ទើប​ជា​ដំណោះស្រាយ​លើ​បញ្ហា​គ្រប់​យ៉ាង។
ខ្ញុំ​ក្រោក​ដើរ​តម្រង់​ទៅ​កាន់​រក​បន្ទប់​ខ្លួនឯង​ ហើយ​ហួស​ទៅ​លាងមុខ​ក្នុង​បន្ទប់​ទឹក។
ខ្ញុំ​ស្រលះ​មុខ​មាត់​ណាស់ ​ពេល​ដែល​បាន​លុបលាង​បណ្ដេញ​ចេញ​នូវ​បណ្ដា​ទុក្ខ​ព្រួយ​ផង​ទាំង​ឡាយ ​ប៉ុន្តែ…..
អូយ! បើ​ទប់ចិត្ត​មិន​បាន ​ខ្ញុំ​ស្រែក​កប់​អាកាស​បាត់​ទៅ​ហើយ។ ក្រចកដៃ​ខ្ញុំ​វែង​នោះ​វែង ​ហើយ​ខុប​ចូល​ក្នុង​ក្រាស​ឃ្មឹក​ទៀត?
ខ្ញុំ​បើក​ភ្នែក​ធំ​ក្រឡោត​ៗ​ លើក​ម្រាមដៃ​ខ្លួន​មក​មើល ​ហើយ​នឹក​ឃើញ​ទៅ​ដល់​ក្រចកដៃ​បុរស​ខ្លារខិន​នោះ។
«ខ្ញុំ​គឺ​ជា​មេ​ធ្មប់​ដូច​អា​ម្នាក់​នោះ​ដែរ​ហើយ?!»
ខ្ញុំ​ស្លុត​រន្ធត់​ ហើយ​ខំ​ការពារ​ខ្លួន​ថា​នេះ​ជា​ការ​ស្រមៃ។
ខ្ញុំ​ខំ​គិត​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា មុន​នេះ​បន្តិច​ប៉ុណ្ណោះ ពេល​គ្រូពេទ្យ​ហុច​ថ្នាំ​មក ខ្ញុំ​លា​បាត​ដៃ​ទៅ​ទទួល​យក។
អវយវៈ​ខ្ញុំ​នៅ​ប្រក្រតី​សោះ​ហ្នឹង? បើ​មិន​អ៊ីចឹង គ្រូពេទ្យ​និង​ម្ដាយ​ខ្ញុំ​ផ្អើល​ស្លាប់​ហើយ ​ហេតុ​អី​មិន​ដល់​ប៉ុន្មាន​នាទី​ផង វា​លូត​ឡើង​លឿន​ម្ល៉េះ?
ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​បាន​ជា​រត់​ទៅ​រក​ស្រោម​ដៃ​ក្រាស់​ៗ​មក​ពាក់​បិទបាំង​ប្រអប់ដៃ​ភ្លាម។
ចិត្ត​ខ្ញុំ​ស្លន់ស្លោ​ ហើយ​ចាប់ផ្ដើម​រត់​ទៅ​រក​កុំព្យូទ័រ​រុករក​តម្រុយ​នៃ​សៀវភៅ​នោះ។
«ម៉ាក់ WiFiយើង​ម៉េច​ហ្នឹង?!»
អ្នក​ម៉ាក់​ស្រែក​តប​មកវិញ​ពីក្រោយ៖
«ដាច់​បាត់​ហើយ​កូន! ថ្ងៃ​ចន្ទ​បាន​គេ​មក​មើល​ឱ្យ!»
ខ្ញុំ​ជ្រួញ​ចិញ្ចើម​គិត ​ហើយ​ស្ទុះ​ក្រោក​រៀបចំ​ខ្លួន​ចាកចេញ​ទៅ​បណ្ណាល័យ​សាលា។
«ម៉ាក់​កូន​ទៅ​សាលា​មួយ​ភ្លែត!»
«ប្រញាប់​ទៅ​ម៉េះ​កូន? មិនទាន់​ស្រួលខ្លួន​ទេ​ដឹង?»
«កូន​ឆាប់​មក​វិញ​ទេ​ម៉ាក់!»
ខ្ញុំ​ចាក​ចេញ​ទាំង​ចិត្ត​មួយ​មិន​ចង់​រឹង​ទទឹង​អ្វី​នឹង​ម្ដាយ​ទេ។
រួច​ពី​សេចក្ដី​ស្លាប់​លើក​នេះ ខ្ញុំ​ចង់​បូជា​ជីវិត​ខ្ញុំ​ដែល​នៅសល់​សម្រាប់​តែ​គាត់ ហើយ​ចង់​ធ្វើ​គ្រប់​យ៉ាង​តាម​តែ​គាត់​ប្រាប់ ប៉ុន្តែ​កាលៈទេសៈ​នេះ​ ខ្ញុំ​ពិត​មិន​អាច​រង់ចាំ​បាន​មែន ខ្ញុំ​ត្រូវតែ​ទៅ​រក​សៀវភៅ​នោះ​សាជាថ្មី​ដើម្បី​ស្វែងរក​អាថ៌កំបាំង​និង​ដំណោះស្រាយ​របស់​វា។
ប្រហែល​មុខ​ខ្ញុំ​ស្ងួត​ ឬ​មក​ពី​ខ្ញុំ​ពាក់​ស្រោមដៃ​ និង​ខោអាវ​ខោ​វែង​ជិត​ៗ​ពេក​បាន​ជា​គេ​គ្រប់​គ្នា​នៅ​ក្បែរ​ខាង​ងាក​មើល​មក​ខ្ញុំ​ហាក់​ចម្លែក?
….ខ្ញុំ​មិន​ខ្វល់! មនុស្ស​គ្រប់គ្នា​មិន​ដឹង​ពី​អវសាន​នៃ​ពិភពលោក​ និង​មិន​ដឹង​ឡើយ​ថា​ អា​លោក​ខែ​ខ្មៅ​នោះ​វា​អាក្រក់​ដល់​កម្រិត​ណា​ទេ។
បើ​ខ្ញុំ​ក្លាយ​ជា​ទាយាទ​នៃ​ព្រះ​ចន្ទ​ពណ៌​ខ្មៅ​ មែន​មិន​ត្រឹមតែ​អ្នក​ណា​ម្នាក់​ខ្ញុំ​ស្រលាញ់​ឬ​ស្អប់​នោះ​ឡើយ គ្រប់គ្នា​នៅ​ទីនេះ​នឹង​ក្លាយ​ទៅ​ជា​ផេះ។
ខ្ញុំ​ក៏​ដូចជា​មេ​ធ្មប់​ម្នាក់​នោះ​ដែរ ដែល​ត្រូវ​សម្លាប់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ខ្លួន​ដោយ​មិន​មាន​វិប្បដិសារី?
ដើរមក​កាត់​ពី​មុខ​អាស្រម​អ្នកតា ​ខ្ញុំ​ឈរ​ស្ងៀម​ហើយ​ទើប​ឱន​សំពះ។
«អ្នកតា​អើយ! អាច​ប្រាប់​បានទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​តទៅ​ទៀត!?»
គ្មាន​ចម្លើយ​ទេ គាត់​មិន​ដឹង​ទៅ​ណា​បាត់​ទៅ​ហើយ។
ខ្ញុំ​ស្រងូតស្រងាត់ ឱន​រើស​កម្ទេចកំទី​រៀបចំ​អាស្រម​ឱ្យ​គាត់​ឡើងវិញ ហើយ​ប្រមូល​ផេះ​និង​ជើង​ធូប​ដោយ​ក្ដី​អំណត់​ដាក់​ទុក​ត្រឹមត្រូវ​ទៅ​ក្នុង​កំប៉ុង​ដើម។
ផេះ​ប្រឡាក់​ពាសពេញ​ស្រោមដៃ​របស់ខ្ញុំ ហើយពី​ក្រោយ​ខ្នង​វិញ អ្នក​ម៉ាក់​ខ្ញុំ​បង្ហាញ​ខ្លួន​ដោយ​ទឹកមុខ​បារម្ភ​ជា​ខ្លាំង។
ខ្ញុំ​បែរ​ក្រោយ​យឺតៗ….
ម៉ាក់​ខ្ញុំ​តិច​លោ​ច្រឡំ​ថា​ខ្ញុំ​នេះ​សរសៃប្រសាទ​ហើយ​ទេ​ដឹង​ បានជា​គាត់​តាមដាន​ខ្ញុំ​ស្អិត​មក​ដល់​កន្លែង​នេះ?
ក្នុង​សភាព​ខូចចិត្ត ​ខ្ញុំ​ដើរ​ទៅ​រក​គាត់​ តែ​គាត់​លើក​ទូរសព្ទ​ដៃ​របស់ខ្ញុំ​បង្ហាញ​មក​ខ្ញុំ។
«គ្រូ ​Culture​ ឈ្មោះ​អ៊ី​ម៉ា គាត់​ឱ្យ​កូន​ឯង​ Call​ ទៅ​វិញ​ភ្លាម​ កូន​ធី!»
គឺ​ម៉ាក់​តាម​មក​យក​របស់​នេះ​ឱ្យ​ខ្ញុំ​សោះ?
ខ្ញុំ​ខំ​ញញឹម​ធ្វើ​ដូច​ស្រស់ស្រាយ ​តែ​ម៉ាក់​ខ្ញុំ​ដៀង​ភ្នែក​មក​មើល​ស្រោមដៃ​ខ្ញុំ។
ខ្ញុំ​និយាយ​បន្លប់​ការ​គិត​របស់​គាត់៖
«កូន​រងា​បន្តិច!»
គាត់​ដកដង្ហើម​វែង។ ម៉ាក់​តាម​ពិតជា​ម្ដាយ​ដ៏​ទាន់​សម័យ​ម្នាក់ ទម្លាប់​ម៉ាក់​គឺ​មិន​ដែល​បង្ខំ​កូន​ មិន​ចូលចិត្ត​ជជីក​សួរ​កូន ហើយ​គាត់​និយាយ​ខ្លី​តិចៗ​ប៉ុណ្ណោះ​ ទោះបីជា​ចិត្ត​គាត់​ពេញ​ទៅ​ដោយ​ការ​បារម្ភ​ឈឺឆ្អាល​ចំពោះ​ខ្ញុំ​យ៉ាង​ធំ​សែន​ធំ​ក្ដី។
គាត់​ធ្លាប់​ប្រាប់​ពួក​អ្នក​ស្គាល់​គ្នា​ថា ​គាត់​ស្រលាញ់​ខ្ញុំ​ណាស់ តែ​គាត់​មិន​និយាយ​ច្រើន​ ប្រហែល​ខ្លាច​ធ្វើ​ឱ្យ​កូន​តែ​ម្នាក់​នេះ​មាន​ចរិត​ស្រី​រញ៉េរញ៉ៃ​ដោយសារ​កា​រអ៊ូរទាំ​របស់​គាត់។
ខ្ញុំ​ពិត​ជា​កូនប្រុស​ពេញ​លក្ខណៈ​ម្នាក់ ហើយ​ជា​កូន​ប្រកបដោយ​គន្លង​ធម៌ នេះ​ខ្ញុំ​តាំង​ចិត្ត​ខ្លួនឯង ហើយ​ឱប​គាត់​វឹង​ តែ​ត្រូវ​គាត់​ច្រាន​ចេញ​ទាំង​ញញឹម។
«ឯង​ធ្វើ​អី​កណ្ដាល​វាល​ហ្នឹង ​វុទ្ធី?»
ខ្ញុំ​មិច​ភ្នែក​ដាក់​គាត់​ ហើយ​ដើរ​ចេញ​ទៅ៖
«ខ្ញុំ​ឆាប់​មក​វិញ​ទេ​ ម៉ាក់! ម៉ាក់​កុំ​ភ្លេច​ដាំ​បាយ​ឱ្យ​កូន​ផង!»
ខ្ញុំ​ទៅ​ដល់​កន្លែង​ដាក់​ម៉ូតូ ហើយ​អូស​វា​ចេញ​មក​មួយៗ។
ខ្ញុំ​ដឹង​ថា​គាត់​នៅ​ឈរ​នៅ​ទីនោះ​តាម​សង្កេត​ខ្ញុំ​ តែ​ខ្ញុំ​ធ្វើ​ព្រងើយ​ ដូច​ជា​ធម្មតា​មិន​មាន​អារម្មណ៍​ខ្វល់ខ្វាយ។ ម៉ាក់​ខ្ញុំ​មិន​ចង់​ឱ្យ​ខ្ញុំ​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ទន់ខ្សោយ​ចរិត​ស្រី ដូច្នេះ​ខ្ញុំ​ខំ​ធ្វើ​ជា​មនុស្ស​ប្រុស​ដែល​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ឱ្យ​គាត់​មើល ទោះ​ដំណាក់កាល​នេះ ជា​ពេល​ដែល​ដៃ​ខ្ញុំ​លូត​ក្រចក​ឡើង​វែង​ទៅ​ៗ​ជិត​ធ្លាយ​ស្រោមដៃ​ទៅ​ហើយ។
ហួស​ពី​ផ្ទះ​បាន​មិន​ដល់​ពីរ​រយ​ម៉ែត្រ ​ខ្ញុំ​ឈប់​ជំនិះ​ ហើយ​ចុច​ទៅ​រក​លោកគ្រូ​អ៊ីម៉ា។
ខ្ញុំ​មិន​ទាន់​បាន​ហា​មួយ​ណា​ម៉ាត់​ផង ​គាត់​និយាយ​មក​វិញ​មុន៖
«អា​ល្អិត! ឯង​កុំ​ទៅ​សាលា​ ហើយ​ត្រូវ​មក​ផ្ទះ​គ្រូ​ភ្លាម!»
ហេតុ​អី​គាត់​ហៅ​ខ្ញុំ​ថា​អា​ល្អិត​ដូច​បេះបិទ​សម្ដី​តា​ម្ចាស់​ដី​ក្នុង​សុបិន​បិសាច​នោះ ហើយ​ហេតុ​អី​គាត់​ដឹង​ថា​ខ្ញុំ​ចង់​ទៅ​សាលា?
អ្នក​ម៉ាក់​បាន​ជម្រាប​គាត់​មែន​ទេ?
«បាទ! តែ​ផ្ទះ​លោកគ្រូ​មាន​ WiFi​ ទេ?»
«មាន!»
ខ្ញុំ​សប្បាយ​ចិត្ត​ឆ្លើយ​ទៀត​ថា​អូខេ ​ហើយ​ចាប់ផ្ដើម​ចេញ​ដំណើរ។
ខ្ញុំ​មក​ដល់​អាផាតមែន​តូច​របស់​គាត់​ដែល​សុទ្ធតែ​ជនបរទេស​ស្នាក់នៅ។ មិន​បាច់​សុំ​សន្តិសុខ​ទេ​ ព្រោះថា​លោកគ្រូ​ម៉ាឡេ គាត់​បាន​មក​ឈរ​ចាំ​ខ្ញុំ​ចាំ​ស្រេច។
គាត់​អូស​ដៃ​ខ្ញុំ​យ៉ាង​រហ័ស ហើយ​ប្រាប់​ខ្ញុំ​ក្នុង​ជណ្ដើរ​យន្ត​ថា៖
«ក្រចក​ឯង​វែង​ធ្លាយ​ស្រោមដៃ​ហើយ!»
ខ្ញុំ​ឱន​មើល​វា​ទាំង​រន្ធត់។ អម្បាញ់មិញ​បើ​មិន​ត្រូវ​គាត់​ទាញ​ឡើង​មក​ភ្លាមៗ​នោះ​ទេ​ មាន​តែ​បណ្ដោយ​ឱ្យ​សន្តិសុខ​នោះ​ឃើញ​ក្រចក​ខ្ញុំ​ និង​ចំហ​មាត់​ស្លុត​មិន​ខាន។
ខ្ញុំ​កំពុង​ស្លន់​ចិត្ត ជណ្ដើរ​យន្ត​ឈប់​ ហើយ​គាត់​ក៏​រុញ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ដ៏​តូច​របស់​គាត់។
គ្រប់យ៉ាង​នៅ​ទីនេះ​ងងឹត​ណាស់…. គាត់​មិន​បាន​បើក​វាំងនន​យក​ពន្លឺ​ថ្ងៃ​ទេ។
ពេល​ខ្ញុំ​ចូល​ដល់ ​គាត់​បើកភ្លើង​ពណ៌​ពង​មាន់​មក​បំភ្លឺ។ ខ្ញុំ​រៀបនឹង​សួរនាំ​ដែល​គាត់​មើល​ទៅ​ហាក់​ចម្លែកៗ ​និង​មាន​អាថ៌កំបាំង​ច្រើន​ក្នុង​កាយវិការ​ដែល​ធ្វើ​មក​កាន់​ខ្ញុំ ហើយ​ថែមទាំង​ដឹង​រឿង​ខ្ញុំ​ដុះ​ក្រចក​វែង​ តែ​ក៏​មិន​ឃើញ​បញ្ចេញ​ភ្ញាក់ផ្អើល​សួរនាំ​សោះ?
ខ្ញុំ​កំពុង​ទីទើរ​រក​កន្លែង​ដាក់​កុំព្យូទ័រ គាត់​ចង្អុល​មុខ​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​ភិតភ័យ….
កុំ​ប្រាប់​ថា ខ្ញុំ​មាន​ក្បាល​ខ្លារខិន​ឱ្យ​សោះ​ណា?
«ស្អី​ហ្នឹង​លោកគ្រូ? អ្នក​ចង្អុល​ស្អី​ទៅ?!»
គាត់​រុញ​ខ្ញុំ​ឱ្យ​បែរ​ខ្លួន​ទៅ​នៅ​ពីមុខ​កញ្ចក់ ….. ពុទ្ធោ​អើយ! ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​ ប៉ុន្តែ​ស្បែក​មុខ​ខ្ញុំ​ចាប់​ផ្ដើម​ចេញ​ពភ្លាក់​តិច​ៗ​ហើយ ជា​ក្រឡា​សត្វ​ខ្លា​ពិត​មែន។
ខ្ញុំ​លែង​បាន​វិល​ទៅ​ជួប​ម៉ាក់​ហើយ​មែន​ទេ? ហេតុអ្វី​លឿន​ម្ល៉េះ?
ខ្ញុំ​ងាក​យឺតៗ​មក​រក​គាត់….. បុរស​នេះ​ប្រហែលជា​ដឹង​ពី​ហេតុផល​របស់ខ្ញុំ នេះ​បើ​ម៉ៃ​តាម​ទឹក​មុខ​គាត់…… អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​រើស​យក​វិធី​សួរនាំ​គាត់​មួយ​ៗ​ទាំង​ល្វើយ៖
«លោកគ្រូ​បាន​ដឹង​ពី​អ្វី​ខ្លះ​ទៅ?»
ធម្មតា​ខ្ញុំ​និយាយ​ភាសា​អង់គ្លេស​អៀន​ហើយ​រឹង​ណាស់ តែ​ពេលនេះ ​ខ្ញុំ​ស្រាប់តែ​អាច​ប្រើ​វា​បាន​យ៉ាង​ស្ទាត់​ជំនាញ។
ពេល​គ្រូ​ម៉ាឡេ​នៅ​ស្ងាត់​ស្ងៀម​ ខ្ញុំ​សួរ​ទៀត​ភ្លាម៖
«អ្នក​ដឹង​ពី​រឿង​មេ​ធ្មប់​នោះ​មែន​ដែរ​អត់?!»
លោកគ្រូ​បាន​ផ្លាស់ប្ដូរ​ទឹកមុខ គាត់​មិន​ឆ្លើយ​ បែរជា​ព្រមាន​ខ្ញុំ៖
«អា​ល្អិត​ឯង​មិន​ត្រូវ​ប្រាប់​អ្នកណា​ទាំង​អស់​ពី​វេទមន្ត​លោក​ខែ​ខ្មៅ​ដែល​ឯង​បាន​ឃើញ! សូម្បីតែ​ម្ដាយ​ឯង​ក៏ដោយ!»
ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​គាត់​ដឹង​រឿង​ទាំង​អស់​នេះ។ ខ្ញុំ​តប​វឹង៖
«ខ្ញុំ​មិន​បាន​និយាយ​អី​ទាំងអស់!»
«ត្រូវ​ហើយ​ព្រោះថា បើ​ឯង​ប្រាប់​ទៅ​អ្នក​ណា​ម្នាក់ គេ​នោះ​នឹង​ទទួល​នូវ​បណ្ដាសា​នេះ​បន្ត​ដែរ!»
ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ ហើយ​បើកភ្នែក​គ្រលួង។
«ហេតុអ្វី?»
មានតែ​ពីរ​ម៉ាត់​នេះ​គត់​ដែល​ខ្ញុំ​អាច​និយាយ​ចេញ។
«វា​ជា​អាថាន់​ដ៏​ជ្រៅជ្រះ​ដែល​បាន​ចង​មក​រាប់ពាន់​ឆ្នាំ! ឯង​មិន​យល់​ទេ​អំពី​ទំហំ​នៃ​គ្រោះថ្នាក់​របស់​វា​ចំពោះ​ពិភពលោក​នេះ!»
សម្ដី​លោកគ្រូ​បាន​អង្រួន​ក្បាល​របស់ខ្ញុំ​ឱ្យ​ឈឺ​ខ្ទោកៗ​ឡើង​ទៀត​ហើយ។
«ម៉េច​បាន​លោកគ្រូ​ដឹង​រឿង​អស់ទាំង​នេះ?»
គាត់​ឈប់​បន្តិច ​ដូចជា​មិន​ដាច់ចិត្ត​ឆ្លើយ តែ​ទី​បំផុត ​គាត់​ត្រូវតែ​និយាយ​ឱ្យ​ខ្ញុំ​យល់​ ព្រោះ​គាត់​មិន​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​ខុស៖
«ព្រោះ​អា​ល្អិត​ឯង​ត្រូវ​រងគ្រោះ​នេះ​ជួស​ខ្ញុំ! ខ្ញុំ​ជា​អ្នក​ផ្ទេរ​ទៅ​ឱ្យ​ឯង​នូវ​សៀវភៅ​មួយ​នេះ ធ្វើ​ឱ្យ​ឯង​ក្លាយ​ជា​មេ​ធ្មប់​ជំនួស​ខ្ញុំ!»
ខ្ញុំ​ពិត​ជា​ភ្ញាក់ ហើយ​នឹកឃើញ​ឡើងវិញ​គ្រប់​យ៉ាង។
យប់​នោះ ពេល​បែក​ចេញពី​គាត់​ទៅ ខ្ញុំ​ពិតជា​បាន​ទទួល Linkសៀវភៅ​នោះ​ពី​ជន​អនាមិក​ម្នាក់​ មែន​មិន​នឹក​ថា​ជា​គាត់​នេះ​ទេ។
ខ្ញុំ​ខឹង​ណាស់​ដែល​​​គាត់​ដឹង​ថា​ក្មេង​ម្នាក់​នេះ​មាន​និស្ស័យ​នឹង​រឿង​មន្តអាគម​ ក៏​បង្វែរ​គ្រោះ​ខ្លួន​គាត់​មក​ឱ្យ​ខ្ញុំ។
«ខ្ញុំ​នឹង​បន្ត​វា​ទៅ​ឱ្យ​សិស្ស​ទាំងអស់​ពេញ​សាលា!»
ខ្ញុំ​គំរាម​គាត់​ទាំង​ង​ឈឺចាប់។
«ឯង​មិន​ធ្វើ​ទេ!»
គាត​ឌឺ​ខ្ញុំ? ខ្ញុំ​ស្រែក​ឡូឡា៖
«លោក​ឯង​ចាំ​មើល​ទៅ! ខ្ញុំ​អាច! ខ្ញុំ​ប្រហែលជា​ស៊ី​លោក​ឯង​មុនគេ​ផង!»
គាត់​មិន​រវល់​នឹង​កំហឹង​ខ្ញុំ​ឡើយ ហើយ​អង្គុយ​ចុះ​បើក​កុំព្យូទ័រ​របស់​គាត់។ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ដែល​រំពេច​នោះ ​គាត់​បាន​បើក​ដល់​សៀវភៅ​នោះ​មែន ហើយ​លេច​ចេញ​នូវ​រូបរាង​បុរស​ខ្លារខិន​កាច​សាហាវ​ដូច​បេះបិទ​នឹង​ការ​បាន​ឃើញ​របស់ខ្ញុំ។
«ប្រសិន​បើ​ពេល​នេះ គ្រូ​បាន​ក្លាយ​ជា​ធ្មប់ គ្មាន​អ្នកណា​អាច​រក​ឃើញ​វិធី​កម្ចាត់​អាថាន់​ក្នុង​សៀវភៅ​នេះ​ឡើយ!!»
ខ្ញុំ​យល់​ហើយ គាត់​ប្រហែល​ដឹង​ថា​ខ្លួន​គាត់​មាន​សមត្ថភាព​ជាង​មនុស្ស​ធម្មតា​ក្នុង​ការ​ស្វែងរក​អាថ៌កំបាំង​ដោះស្រាយ​រឿង​នេះ​ ដូច្នេះ​បាន​ជា​គាត់​រើស​យក​ខ្ញុំ​មក​ជា​អ្នក​រង​គ្រោះ​ និង​ជា​គ្រឿង​ពិសោធន៍​របស់​គាត់។ ខ្ញុំ​នៅ​បន្ត​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​បំផុត។
«គ្រូ​ពិតជា​សោកស្ដាយ​ដែល​ចចេស​បើក​មើល​វា ហើយ​នាំ​ទុក្ខ​មក​ឱ្យ​ភព​ផែនដី​នេះ!»​
«ខ្ញុំ​មិន​ដឹង​ទេ! ខ្ញុំ​នឹង​មិន​ស្ដាប់​ហេតុផល​អ្វី​ឡើយ! លុះ​ត្រា​លោកគ្រូ​ដក​អា​ថា​ន់​ចោលម្សៀត​នេះ​ចេញពី​ខ្ញុំ​បាន​វិញ!»
មើល​ទៅ​លើ​ផ្ទៃមុខ​របស់​គាត់ វា​មិន​មែន​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ប្រទូសរ៉ាយ​នឹង​គាត់​ឡើយ ​គាត់​ហាក់​បី​ដូច​ជា​កំពុង​រិះគិត​រឿង​អ្វីមួយ​ស្មុគស្មាញ​ជា​ខ្លាំង។
ប៉ុន្តែ​ប្រសិន​បើ​គាត់​ពិត​ជា​មាន​ចេតនា​អាក្រក់​អាត្មានិយម​មែន គាត់​សម្ងំ​យក​រួច​ខ្លួន​បាត់​ទៅ​ហើយ​ ចាំបាច់​អី​ផ្សង​គ្រោះថ្នាក់​ហៅ​ខ្ញុំ​មក។
«គ្រូ​បាន​រក​មើល មិន​ដេក​មិន​ពួន ​តែ​រក​មិន​ឃើញ​ទេ​ថា​ធ្វើ​យ៉ាង​ណា​បាន?!»
«អ៊ីចឹង​ខ្ញុំ​មិន​ក្លាយ​ជា​មេ​ធ្មប់​ទទេ​ទៅ​ហើយ?!»
គាត់​មិន​ឆ្លើយ​នឹង​កំហឹង​នេះ ​តែ​ងាក​មក​ពន្យល់​ខ្ញុំ​យឺតៗ៖
«បន្តិច​ទៀត ឯង​នឹង​មាន​ចំណង់​អាហារ​ជា​ឈាម​មនុស្ស!»
ខ្ញុំ​ស្លុត ​ហើយ​ថយ​ក្រោយ។
ដៃ​ជើង​ខ្ញុំ​ចាប់​រមាស់ ហើយ​ផ្ទៃ​មុខ​ខ្ញុំ​ដូច​ជា​កំពុង​ដុះ​រោម????
«ទេ!»
ខ្ញុំ​បាន​ស្រែក​ភ្លាត់​សំឡេង ​ហើយ​ចង់​រត់​គេច​ខ្លួន​ទៅ​រក​ទី​ដែល​មាន​សុវត្ថិភាព គឺ​សុវត្ថិភាព​ដែល​កុំ​ឱ្យ​ខ្ញុំ​អាច​ធ្វើ​បាប​អ្នក​ណា​ទាំង​អស់។ នេះ​ជា​ការ​តាំងចិត្ត​របស់ខ្ញុំ។
មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ខ្ញុំ​ចាប់ផ្ដើម​និយាយ​ជម្លើយ​ទៅ​កាន់​គាត់៖
«មិន​មែន​មេ​ធ្មប់​ទេ! គឺ​ព្រាយ​ជញ្ជក់​ឈាម? បើ​អ៊ីចឹង​ ឈាម​លោកគ្រូ​ឯង​ហ្នឹង​ហើយ​ត្រូវ​សម្ពោធ​មុន​គេ!»
«បាន!»
គាត់​ឆ្លើយ​យ៉ាង​រហ័ស ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ស្លុត។
«ប៉ុន្មាន​នាទី​ទៀត​នេះ បើ​គ្រូ​រក​វិធី​ជួយ​ឯង​មិន​បាន ឯង​ផឹក​ឈាម​គ្រូ​ចុះ!»
ខ្ញុំ​យំ ព្រោះ​ខ្លួន​ខ្ញុំ​រមាស់​ឡើង​ៗ​ ហើយ​ខ្ញុំ​ដឹង​ថា​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សភាព​ដ៏​គ្រោះថ្នាក់។
ខ្ញុំ​ចាប់ផ្ដើម​គិត​ដល់​រឿង​ជា​ច្រើន។
«ចង​ខ្ញុំ​ភ្លាម​ទៅ!»
ខ្ញុំ​ស្រែក​សន្ធាប់ដាក់​លោក​គ្រូ​អ៊ី​ម៉ា តែ​គាត់​តែ​គាត់​បាន​គ្រវីក្បាល៖
«គ្មាន​អ្វី​មួយ​លើ​លោក​នេះ​អាច​ឃុំ​ឯង​បានទេ!»
«វា​ប្រាកដ​ជា​មាន!» ខ្ញុំ​ប្រកែក។
«អំពើ​ល្អ នៅ​តែ​គ្រប​ពី​លើ​អំពើ​អាក្រក់!»
«តែ​គ្រូ​បាន​រក​គ្រប់​វិធី​​ហើយ ​គ្រូ​នៅ​តែ​មិន​អាច​រក​ឃើញ​អ្វីមួយ​សោះ​សម្រាប់​បំបែក​អាថាន់​ដ៏​កំណាច​នេះ!»
«ទឹក​ ដី ​ភ្លើង​ ខ្យល់!»
ខ្ញុំ​ទន្ទេញ​ដោយ​មិន​ដឹង​ខ្លួន​ ព្រោះ​នឹក​ដល់​បណ្ដាំ​លោក​យាយ​អាវ​ស។
លោកគ្រូ​អ៊ី​ម៉ា​ចង​ចិញ្ចើម​សម្លឹង​មុខ​ខ្ញុំ។
ខ្ញុំ​ងក់​ក្បាល ហើយ​និយាយ​បន្ថែម​ភ្លាម៖
«គាត់​ឱ្យ​ខ្ញុំ​ទន្ទេញ​ពាក្យ​បួន​ម៉ាត់​នេះ! ដូនជី​នៅ​ក្នុង​ភព​ខ្មៅ​នោះ!»
ភ្នែក​លោកគ្រូ​សម្លឹង​ចុះទៅ​រក​កំភួនដៃ​របស់ខ្ញុំ ធ្វើ​​ឱ្យ​ខ្ញុំ​ឱន​សម្លឹង​ខ្លួនឯង​ដោយ​ភ្ញាក់ផ្អើល​បំផុត។ មាន​អ្វីមួយ​ដុះ​ចេញ​មក​នៅ​លើ​ដៃ​ខ្ញុំ​ខាង​ស្ដាំ នោះ​គឺ…… រូប​ព្រះ​ចន្ទ​ពណ៌​ខ្មៅ​ងងឹត…..
ខ្ញុំ​ស្រវា​លុប​វា​យ៉ាង​ញាប់ ​ប៉ុន្តែ​វា​មិន​រលុប​ទេ។
«ធ្វើ​ម៉េច​ឥឡូវ!? រក​មធ្យោបាយ​ទៅ​លោក​គ្រូ​អ៊ី​ម៉ា!» ខ្ញុំ​ស្រែកយំ។
ប្រហែលជា​ខ្ញុំ​បាន​ក្លាយ​ជា​មេ​ធ្មប់​១០០​ភាគរយ​ហើយ។
ក្រពះ​ខ្ញុំ​ឃ្លាន​កញ្ជ្រោល​ ភ្នែក​ខ្ញុំ​ក្ដៅ​អន្ទះអន្ទែង​យ៉ាង​ចម្លែក។
«ចុង​បញ្ចប់​នៃ​រឿង​នេះ កាលពី​សម័យ​មួយ​ពាន់​ឆ្នាំ​មុន ​វា​បាន​សរសេរ​ទុក​ថា​គ្មាន​មហិទ្ធិឫទ្ធិ​ណា​មួយ​លើ​លោក​នេះ អាច​ដោះចេញ​នូវ​បណ្ដាសា​នេះ​ជា​ដាច់​ខាត!»
គាត់​រអ៊ូ​ដោយ​អាន​ទំព័រ​ចុងក្រោយ​នៃ​សៀវភៅ​នោះ​នៅ​នឹង​មុខ​ខ្ញុំ​ឱ្យ​ខ្ញុំ​ស្ដាប់។ ខ្ញុំ​ដឹង​ថា​គាត់​អត់ធ្មត់​ ហើយ​ស្ងប់ស្ងាត់​ក្នុង​ការ​ស្វះ​ស្វែងរក​ដំណោះស្រាយ ​ទោះបីជា​គ្រោះថ្នាក់​ស្ថិត​នៅ​ចំពោះ​មុខ។
….ប៉ុន្តែ​ខ្ញុំ​ទ្រាំ​លែង​បាន​ទៅ​ហើយ។
ខ្ញុំ​ប្រមូល​ស្មារតី​ចុង​ក្រោយ ហើយ​ស្រែក​ឡើង​ថា៖
«រត់​ទៅ ​អ៊ី​ម៉ា!»
សំឡេង​ខ្ញុំ​ក្លាយ​ទៅ​ជា​សំឡេង​សត្វ ចំណែក​ដង្ហើម​ខ្ញុំ​នីមួយៗ​ក្លាយ​ទៅ​ជា​ការ​គ្រហឹម​ដ៏​កំណាច។
«តើ​ឯង​ជា​សត្វ​ល្អ ឬ​អាក្រក់?»
គាត់​សួរ​ខ្ញុំ​វិញ ​ហើយ​ងើប​មក​ឈរ​នៅ​ចំពោះ​មុខ​ការ​ស្រេក​ឃ្លាន​របស់​ខ្ញុំ។
ខ្ញុំ​ចង់​យំ​ស្រែក​ឱ្យ​គាត់​ជួយ​ តែ​សំណោក​ខ្ញុំ​បែរ​ជា​លាន់​មក​នូវ​អត្ថន័យ​ខុស​ស្រលះ​ពី​ការ​គិត​របស់​ខ្លួនឯង៖
«អញ​ត្រូវ​ការ​ពិភពលោក​នេះ!»

អានបន្ថែម : សៀវភៅ​លាក់​អាថាន់ (ភាគ​ទី​៤)

0 comments:

Post a Comment