ខ្ញុំដកដង្ហើមឃូរឮលាន់ដល់គ្រប់គ្នា ធ្វើឱ្យពួកគេស្រែកវ៉ាស ព្រោះភ័យលាយអំណរ តែចិត្តខ្ញុំឯណេះវិញ រំភើបសឹងហោះហើរបានព្រោះថា។
«រស់ម្ដងទៀតហើយ!»។
ម្ដាយឧកញ៉ាដេវីដតែម្នាក់គត់ដែលហ៊ានបើកកំណាត់សចេញ ស្វាគមន៍ការរស់រានជាថ្មីរបស់កូនប្រុស។ ក្រៅពីហ្នឹង គេភ័យខ្លាច សូម្បីតែតៃកុងក៏ជាន់ហ្វ្រ័ងផ្អើលមេឃដែរ។
ទីបំផុត ពួកគេដែលជាមនុស្សសម័យអ៊ីនធឺណិតមិនដែលជឿ ឬមួយយល់ដឹងពីអាថ៌កំបាំងព្រលឹងវិញ្ញាណនៅលើភពផែនដីទេនោះ ពេលនេះដូចជាកំពុងបង្ខំចិត្តជឿបណ្ដើរៗហើយ។ គេបាននាំខ្ញុំត្រលប់មកផ្ទះ ហើយនិយាយថាពេទ្យខ្មែរយ៉ាប់ ចោទមនុស្សថាស្លាប់ទាំងគ្នានៅរស់ជ្រងោ។
ខ្ញុំត្រលប់មកឈរជើងលើផែនដីសាជាថ្មីវិញក្នុងនាមជាកូនប្រុសអ្នកមាន។ ជីវភាពរស់នៅ និងការទាក់ទងមនុស្ស កាយវិការ សម្ដីសំដៅ ខ្ញុំត្រូវប្រយ័ត្នជាទីបំផុត ព្រោះមិនចង់ឱ្យពួកគេគិតថា ខ្ញុំនេះក្រោកមកពីឈឺឡើងឡប់អស់នោះទេ។
ទោះយ៉ាងណា បេះដូងខ្ញុំមានតែតារាវីម្នាក់ប៉ុណ្ណោះ។ ខ្ញុំតែងតែអង្គុយលើឡានសំងំលបមើលនាងចេញចូលមុខផ្ទះ។
ថ្ងៃណាមួយខ្ញុំនឹងដណ្ដឹងយកនាងមកជាប្រពន្ធ ប៉ុន្តែសំខាន់ត្រង់ថា ខ្ញុំមិនទាន់ដោះស្រាយរឿងដែលឧកញ៉ាដេវីដបានបន្សល់ទុកច្រើនមុខទៀតណាស់។ ពិសេសកិច្ចសន្យាដ៏សំខាន់មួយដែលខ្ញុំត្រូវតែបំពេញឱ្យបានខ្ជាប់ខ្ជួននោះ គឺការទុកម្ដាយរបស់គេជាម្ដាយខ្ញុំពិតៗ។
«អាវីដ តាំងពីក្រោកពីឈឺមក កូនឯងមិនដែលទៅលេងផ្ទះគូដណ្ដឹង ឬយកគូដណ្ដឹងចេញដើរលេងសោះកូន? ព្រឹកមិញជំទាវហ្គិចមកលេង ហើយនិយាយពីថ្ងៃខែរៀបការហើយ!»
ខ្ញុំមិនមាត់មិនក ប៉ុន្តែចិត្តកំពុងរកមធ្យោបាយយ៉ាងស្រួចស្រាល់។
ខ្ញុំគ្មានផ្លូវ ការចោលតារាវីកម្សត់របស់ខ្ញុំទេ។
នាងត្រូវបានគេទុកដូចមនុស្សស្មារតីមិនគ្រប់ ក្រោយពីការក្អួតឈាមមុនចូលរោងការ។
ប្រាថ្នារបស់ខ្ញុំដែលរស់មកវិញទៀតនេះ គឺមកធ្វើជាគោក្របីសេះប៉ះប៉ូវសងគេនូវកម្មពៀរផងទាំងពួង តើខ្ញុំមានរឿងអីត្រូវមករៀបការជាមួយកូនស្រីជំទាវហ្គិចដែលជាគូដណ្ដឹងឧកញ៉ាដេវីដនោះ?
រឿងសំខាន់មួយទៀតដែលខ្ញុំឈឺក្បាលគឺ សង្សារសំណព្វរបស់ឧកញ៉ាដេវីដឈ្មោះអាកា។
នាងខលមកខ្ញុំរៀងរាល់យប់ រកដេកពួនមិនបាន។
ស្រីៗពីរនាក់នេះពិតជាពិភពលោកបង្កើតឱ្យមកផ្ចាញ់ផ្ចាលខ្ញុំមិនលែងមែនឬ?
«បងឯងកុំអាងលេសក្រោកពីឈឺ ហើយមិនរវល់នឹងអាកាណា៎! ប្រយ័ត្នអាកាទៅរកដល់ផ្ទះទៅ! ឮនៅ?»
នេះជាសម្ដីនាងដែលមិនដឹងជាសង្សារទីប៉ុន្មានរបស់ឧកញ៉ាទេ។
ខ្ញុំពិបាកចិត្តបំផុតត្រង់ថា ម្ដាយឧកញ៉ាដេវីដមានជំងឺសរសៃឈាមនិងបេះដូង។ បើហ៊ានឱ្យគាត់ឃើញអាកា ប្រហែលគាត់ជាអ្នកត្រូវអូសចូលពេទ្យវិញម្ដង ព្រោះកាលីបអាកា ជាកាលីបនារីក្លឹប ជានារីដែលលេងខ្លួនជាងពួកស្រីស្ទាវផុនអាគាំងទៅទៀត។
ចិត្តខ្ញុំដំបូង ខ្ញុំមិនចង់ឱ្យពីរនាក់គេនេះរាំងផ្លូវយូរ។ ម្ដងម្កាលបានលួចគិតចង់ណាត់ពួកគេចេញមកឱ្យជល់គ្នា សូត្រមន្តអាគមស្នេហ៍ឱ្យកូនជំទាវហ្គិចស្រលាញ់ស្រីនិងស្រីជាមួយអាកាតែម្ដងឱ្យផុតទុក្ខ ប៉ុន្តែខ្ញុំងើបពីស្លាប់ ខ្ញុំគិតវែងឆ្ងាយណាស់រវាងបុណ្យនិងបាប។
ចិត្តខ្ញុំចង់សងតារាវីនូវជីវិតមួយពេញដោយសុភមង្គល។ ហើយមួយទៀត ខ្ញុំចង់ដើរតួជាកូនប្រុសល្អបំផុតសម្រាប់ម្ដាយឧកញ៉ាដេវីដ ដូច្នេះហើយខ្ញុំទទួលស្គាល់ថា ជីវិតគឺស្មុគ មិនថាក្លាយមកជាអ្នកមាន ប្រាក់ចាយវាល់លាន នៅតែមានចំណោទចោទឡើងគួរឱ្យធុញថប់។
«ក្មួយវីដ! ជំទាវមិនស្រួលខ្លាំងណាស់!»
គឺម្ដាយខ្ញុំមិនស្រួល ហើយអ្នកបម្រើស្រែកហៅខ្ញុំ។ ម្ដាយថ្មីរបស់ខ្ញុំនេះ យប់មិញគាត់ទើបតែមកពីពិភាក្សារឿងរៀបមង្គលការខ្ញុំជាមួយនឹងកូនជំទាវហ្គិច។ ប្រហែលជាគាត់សប្បាយចិត្តបានជាហូបច្រើន ហើយឡើងឈាម។
ខ្ញុំកំដរគាត់ទៅពេទ្យ ហើយនៅច្របាច់ដៃជើង និយាយលេងលួងលោមបញ្ចុកបាយទឹក និងថ្នាំរហូតដល់យប់បន្តិចចេញមកផ្ទះងូតទឹក ក៏ភ្លេចយកទូរសព្ទ ដើរដល់ឡានក៏បកត្រលប់ទៅក្នុងពេទ្យយកទូរសព្ទវិញ។ មកដល់មាត់ទ្វារបន្ទប់ ខ្ញុំឮអ្នកបម្រើជំនិតនិយាយខ្សឹបខ្សៀវនឹងម្ដាយខ្ញុំស្ងាត់ៗ៖
«ក្មួយវីដក្រោយពីគាំងបេះដូងរស់មកវិញកែចរិតមើលមិនធ្លុះសោះ! ខុសពីមុនទាំងស្រុងតែម្ដងហើយ បងជំទាវ!»
ឮអ្នកបម្រើនិយាយដូច្នេះ ខ្ញុំក៏នៅសំងំមើលប្រតិកម្មម្ដាយខ្ញុំទាំងបុកពោះតិចៗ ខ្លាចថាគាត់ក៏បានលបលួចកើតចិត្តសង្ស័យមកលើខ្ញុំ បន្ទាប់មក ឮគាត់ឆ្លើយដោយរំភើប៖
«ខ្ញុំមិននឹកស្មានថា ខ្ញុំមានវាសនាបានកូនកតញ្ញូយ៉ាងនេះនោះទេ តែប៉ុណ្ណឹង ខ្ញុំអស់ចិត្តហើយ!»
ខ្ញុំឮហើយ ក៏ពេញចិត្តជាខ្លាំង។
ទោះបីគាត់មិនបាននិយាយអ្វីចេញមកច្រើនជាងនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា គាត់កំពុងពេញចិត្តចំពោះអ្វីដែលគាត់បានឃើញរាល់ថ្ងៃនេះណាស់។
ខ្ញុំនិយាយតិចៗ ពេលបើកឡានម្នាក់ឯង៖
«ឧកញ៉ាដេវីដ ខ្ញុំមិនបានធ្វើឱ្យឯងខកចិត្តនោះទេ!»
ស្ងាត់ច្រៀប ខ្ញុំនិយាយបន្ថែម៖
«តែខ្ញុំមិនរៀបការនឹងគូដណ្ដឹងឯង ក៏ដូចជាមិនដើរតួជំនួសឯងជាមួយអាកានោះដែរ!»
«បើឯងមិនរៀបការ ម៉ាក់នឹងឈឺចិត្ត ឯងដឹងទេ?»
ខ្មោចឧកញ៉ានិយាយជាមួយខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់សឹងជាន់ហ្វ្រ័ងរបូត។
«ឯងកម្មក្រាស់ណាស់អ្ហី បានជាមិនព្រមទៅចាប់ជាតិឯណាឱ្យបាត់សោះ?»
ខ្ញុំឌឺទាំងខឹង ទោះបីមើលមិនឃើញអ្នកណាក៏ដោយ។
«អញចាំឯងការរួចសិន!»
«ឯងក្លាយជាខ្មោចហើយ នៅស្ដាយរឿងផ្សំដំណេកទៀតអ្ហី?»
ខ្ញុំចេះតែនិយាយតាមចិត្តខឹងប៉ុន្តែដឹងថា វានៅវិលវល់ ព្រោះម្ដាយវាមិនទាន់ធ្វើបុណ្យឱ្យ។
ដឹងអី វាមិនដឹងកម្សត់ខ្លួន បែរជាមកឌឺខ្ញុំមួយពាន់ៗ៖
«ផ្សំស្អីទៀតអ្ហា៎? ទាំងអាកា ទាំងកូនជំទាវហ្គិច អញផ្សំដំណេកហើយអស់ហើយ ហាសហា!»
ខ្ញុំឮហើយហួសចិត្ត នឹកមួម៉ៅមួយរំពេច ខ្ញុំគំហកកប់ៗ៖
«អាឧកញ៉ាតៃហោងឯងនេះ ធ្វើអ៊ីចឹងឱ្យអញរត់ទៅណារួច?»
«ហាសហា! ឯងរត់មិនរួចពីកូនជំទាវហ្គិចទេអាយ៉ាប់! សង្ស័យតែគេជាប់កូនក្នុងពោះហើយបានជាទាររៀបការឆាប់ៗវ៉ី!»
ខ្ញុំឮវាសើចចំអកខ្ញុំមិនឈប់ ខ្ញុំក៏គំហកបើកកន្លើត៖
«អ្ហែងជឿអញចេញពីខ្លួនដង្កូវរុកតណ្ហារបស់អ្ហែង ឱ្យម៉ាក់យំឡើងឈាមអត់?»
វាឈប់សើចភ្លែត ហើយនៅស្ងៀម។ ខ្ញុំគំហកបន្ត៖
«មុននេះអញគិតថាធ្វើបុណ្យឱ្យអ្ហែងបានទៅស្រួលខ្លួន អាឡូវអ្ហែងបង្ករឿង ដើរឌីតកូនគេពេញស្រុក! អ្ហែងជួញអញដេកគុក បានពីណានៅថែម្ដាយអ្ហែង!? អ្ហែងដឹងពេញមួយយប់នេះអញនៅពេទ្យ អត់បានធ្មេចម៉ាស្រលេតអត់? អ្ហែងឌឺអញហ្នឹង កាលអ្ហែងនៅរស់ធ្វើបានម៉ាចំណិតអញអត់?»
«មនុស្សយើងកាលនៅរស់មិនចេះគិតសោះថា ទង្វើខ្លួននឹងនាំមកនូវបញ្ហាអ្វីខ្លះ? ងាប់ទៅជាខ្មោចហើយ គួរចេះគិតជាងមុនផងទៅ!»
ស្រាប់តែឮសំឡេងឧកញ៉ាហេងស៊យគំហកមកវិញ៖
«អ្ហែងបិទមាត់ទៅ! អាឡូវយើងព្រមព្រៀងគ្នាល្អជាង! មួយ អ្ហែងការកូនអ៊ំហ្គិចទៅ! អាណិតគ្នា! ពីរ អ្ហែងការហើយត្រូវនៅខាងយើង ដើម្បីមើលថែម៉ា់ ព្រោះគាត់មានកូនតែមួយគត់ ហើយមិនដែលយកប្ដីទីពីរទេ ទោះបីគាត់មេម៉ាយតាំងពី២២ឆ្នាំក្ដី! បី អ្ហែងត្រូវតែជួយរកប្រុសល្អម្នាក់ឱ្យអាកា ឱ្យវាកសាងគ្រួសារ ហើយឱ្យលុយម៉ាដុំរកស៊ីទៅ!»
«អញនិយាយមិនទាន់ចប់! ចាំអញយប់នេះទៅតស៊ូនឹងម្ចាស់ដីក្រុមហ៊ុនកាស៊ីណូ ហើយអញនាំអ្ហែងលេងយករង្វាន់ធំៗឱ្យ! អ្ហែងចាំយកលុយ ដេកស៊ីម៉ាជីវិតហ្មងទៅ!»
ខ្ញុំហួសចិត្តក៏សើចចំអកវា៖
«កុំថាមុខអ្ហែងទៅវាយឈ្នះម្ចាស់ដីកាស៊ីណូដែលគេសែនស្រាជ្រូកខ្វៃប៉ូវរាល់ថ្ងៃ! ទោះអ្ហែងធ្វើបាន ក៏អញមិនលេងល្បែងធុនអ្ហែងដែរ! ឈប់អាគំនិតយ៉ាប់ៗ កាលនៅជាមនុស្សក៏បានត្រឹមប៉ុណ្ណឹង ងាប់ជាខ្មោចហើយក៏នៅតែប៉ុណ្ណឹងនុះទៀតទៅអ្ហា៎!»
«សុំតែកុំមកឱ្យអញឃើញមុខទៀតទៅបានហើយ!»
«ចុះអាឡូវអ្ហែងឃើញមុខអញ?»
ត្រូវហើយ ឮតែសំឡេង មិនបានឃើញទេ វាគ្រាន់តែនៅសល់ព្រលឹងតូចកំប៉ិចមួយ មិនមានលទ្ធភាពដល់ទៅបង្ហាញរូបនោះទេ។ ពុំនោះទេវាទៅបង្ហាញខ្លួនឱ្យម៉ាក់វាឃើញញយទៅហើយ។
ខ្ញុំនឹកអាណិតដែរ ក៏សម្រួលចិត្តមកវិញ ហើយនិយាយ៖
«ចាំអញរកលោកធ្វើបុណ្យឱ្យឯងស្រួលបួល ហើយទៅសោយសុខទៅ! កុំមកជំពាក់ជំពិននៅឋានកណ្ដាលទៀត! គ្រប់យ៉ាងអញចេះគិតហើយ!»
មិនទាន់បានទូលពីរឿងអីផង លោកមានដីកាមួយៗថា៖
«ម្នាលអន្ទិត! បើឯងចង់ស្រាយអ្វីៗទាំងអស់ ឯងត្រូវលះបង់វិជ្ជាការឯងទាំងអស់ ហើយមានសល់តែបាតដៃទទេ តើឯងព្រមទេ?!»
ខ្ញុំនៅស្ងៀម ព្រោះគិតមិនយល់។
បន្តិចមក ខ្ញុំទូលព្រះសង្ឃរាជពីរឿងចង់ធ្វើបុណ្យឧទ្ទិសកុសល។ លោកតាសង្ឃរាជក៏លែងមានដីកាអ្វី ហើយចាប់ផ្ដើមចាត់អាចារ្យរៀបចំធ្វើបុណ្យបញ្ជូនវិញ្ញាណឱ្យឧកញ៉ាដេវីដ។ ក្នុងចិត្តខ្ញុំមួយចប់តាមផ្លូវ ចេះតែយល់ថាលោកតានេះមានចំណេះខ្ពស់ អាចមើលដឹងថា ខ្ញុំនេះចេះរបៀនស្នេហ៍ ហើយអាចមើលធ្លុះដល់ថា ខ្ញុំនេះកំពុងតែមានទុក្ខ ព្រោះខ្ចីរូបគេមកប្រើ។ ចំណែករូបនេះបន្សល់ចំណងជាច្រើនប្រការត្រូវឱ្យខ្ញុំជាអ្នកស្រាយទៀត? ពេញមួយយប់នោះ ខ្ញុំដេកពិចារណាចុះឡើងនឹងដីកាព្រះសង្ឃរាជ។
«តើលោកតាមានវិធីជួយករុណា?»
«អើ!»
ខ្ញុំថ្វាយបង្គំបីដង ហើយក៏ទូលសួរ៖
«តើខ្ញុំករុណារស់បានយូរប៉ុណ្ណាទៀត!?»
ព្រះគ្រូមិនឆ្លើយ ហើយមានបង្គាប់៖
«ចៅបិទភ្នែកទៅ!»
ខ្ញុំប្រណម ហើយបិទភ្នែក។ ខ្ញុំវិលវល់ងងឹតស្លុប តែខ្ញុំតស៊ូអំណត់ចិត្តមិនព្រមបើកភ្នែកដាច់ខាត។ បន្តិចម្តងៗ ហាក់ភ្លឺស្រលះមកវិញ ហើយខ្ញុំចាប់ផ្ដើមមើលឃើញអនាគត។
ខ្ញុំឃើញតារាវីជាប្រពន្ធខ្ញុំ ហើយឃើញខ្លួនឯងមានកូនប្រុសស្រី៥នាក់។
ខ្ញុំញញឹមសប្បាយចិត្ត។ បន្ទាប់មក ខ្ញុំស្រងាកចិត្តវិញ ហើយចង់យំ ព្រោះឃើញម្ដាយខ្ញុំបច្ចុប្បន្ន ដែលជាម្ដាយឧកញ៉ាដេវីដនោះស្លាប់។ ក្រោយមកខ្ញុំខ្លួនឯងស្លាប់។
ខ្ញុំឃើញមនុស្សជុំវិញខ្លួនមកយំស្ដាយពេញពាស ភាគច្រើនប្លែកមុខមិនដែលស្គាល់ទេ ប្រហែលជាកូនចៅខ្ញុំជំនាន់ក្រោយ ពេលវាធំឡើងមកនោះហើយមើលទៅ។
ខ្ញុំធូរចិត្តបន្តិច ហើយបើកភ្នែកមកវិញ… លោកតាញញឹមនៅចំពោះមុខខ្ញុំ។ ខ្ញុំទូលភ្លាម៖
«ឱ្យតែបាននៅជាមួយគេ ចៅសុខចិត្តហើយ! តែម្ដាយចៅសព្វថ្ងៃនេះ គាត់អភ័ព្វណាស់ មេម៉ាយតាំងពីក្មេង មិនដែលបានសប្បាយចិត្ត មានកូនប្រុសតែមួយ វាធ្វើបាបបំផ្លាញគាត់រហូតទៀត! លោកតាជួយឱ្យគាត់រស់បានដល់១០០ឆ្នាំផង!»
«ចុះខ្ញុំនេះស្លាប់ហើយរស់មកវិញបាន! តាមពិតគ្រប់យ៉ាង គឺនៅក្នុងដៃមនុស្សតែទាំងអស់ ឱ្យតែមនុស្សមានឫទ្ធានុភាព អ្វីក៏អាចទៅរួចដែរ!»
«មិនពិតទេ! រឿងចៅឯងជារឿងជំពាក់ដែលត្រូវមកសង! សងចប់ ចៅឯងត្រូវទៅដដែល!»
ខ្ញុំមិនយល់ស្រប ក៏ថ្វាយបង្គំលាលោក ហើយគិតក្នុងចិត្តម្នាក់ឯងថា ខ្ញុំមិនស្របតាមវាសនាទេ។ ខ្ញុំមិនព្រមបំផ្លាញវិជ្ជាអាគមខ្លួនឯង ហើយត្រលប់ទៅបាតដៃទទេ គ្មានចេះអ្វីដើម្បីរង់ចាំដល់ថ្ងៃចុងក្រោយមកដល់ជាដាច់ខាត។
ពិភពលោកនេះត្រូវការបញ្ញា ឱកាស និងថាមពលទើបអាចឈរជើងបាន។ ពុំនោះទេ ខ្ញុំនឹងទៅទាំងវ័យក្មេង ដូចឧកញ៉ាដេវីដរូបពិតនោះមិនខាន។
ដូច្នេះខ្ញុំមើលឃើញអនាគតហើយ ខ្ញុំអាចរកវិធីជួយម្ដាយខ្ញុំ ជួយរករូបដូរឱ្យគាត់មករស់នៅទៀត រកវិធីដាក់ស្នេហ៍ឱ្យប្រុសផ្សេងមកស្រលាញ់ដណ្ដឹងអាកា និងកូនជំទាវហ្គិច។ ខ្ញុំអាចធ្វើអ្វីបានគ្រប់យ៉ាង ដរាបណាខ្ញុំនៅមានដង្ហើម ហើយខ្ញុំនៅចេះមន្តវិជ្ជាការអស់ទាំងនេះ។
«ប៉ុន្តែគ្រប់យ៉ាងលើលោកនេះមានកម្មនិងផល មានបាប មានបុណ្យ មានព្រេង មាននិស្ស័យ និងមានស្លាប់ មានកើត!»
ព្រះសង្ឃរាជមានដីកាបែបនេះពីក្រោយខ្នងខ្ញុំ ធ្វើឱ្យខ្ញុំឈានជើងទៅមិនចង់រួច តែខ្ញុំខំជម្នះដើររហូតដល់ឡាន ហើយបើកចេញវ៉ាវ។
«បើឯងចង់ប្រឆាំងក្រឹត្យក្រមធម្មជាតិ ឯងនឹងស្ដាយក្រោយ!»
ព្រះសង្ឃរាជផ្ដាំមកតាមខ្យល់។
ខ្ញុំបកត្រលប់មកផ្ទះ ត្រៀមខ្លួនទៅទទួលម្ដាយខ្ញុំចេញពីពេទ្យ។ នៅតាមផ្លូវ គាត់និយាយពីជំទាវហ្គិចរហូត ចិត្តខ្ញុំកំពុងច្របល់ ខ្ញុំក៏និយាយនឹងគាត់តិចៗថា៖
«ម៉ាក់! ខ្ញុំចង់ឱ្យម៉ាក់ទៅដណ្ដឹងកូនស្រីឯកឧត្ដមដារា!»
គឺតារាវីដែលមានតែម្នាក់គត់ក្នុងបេះដូងខ្ញុំ។
ស្រាប់តែម្ដាយខ្ញុំលើកដៃខ្ទប់ទ្រូង។ គាត់សម្លឹងមុខមេផ្ទះជំនិត ហើយមើលមកខ្ញុំទាំងអស់គ្នាតាមរយៈកញ្ចក់ឡាន។
ខ្ញុំប្រមូលសេចក្ដីក្លាហាន និយាយបញ្ជាក់ឱ្យវាឆាប់ចប់រឿងរ៉ាវ៖
«បាទ! គឺតារាវី! អ្នកនាងតារាវី!»
មិនដឹងថាគាត់ភាន់ភាំងនឹងសម្ដីសុភាពរបស់ខ្ញុំដែលផ្ទុយពីចរិតឧកញ៉ាដេវីដនោះឬអត់ទេ ប៉ុន្តែគាត់នៅស្ងៀមស្ងាត់ មិនមានប្រតិកម្មអ្វីនៅឡើយ ទោះបីទឹកមុខគាត់បង្ហាញថា ភ័យព្រួយ និងហួសចិត្តនឹងសំណើនេះក្ដី។
«ក្រែងពីមុនមក ក្មួយវីដបានយល់ព្រមថា រៀបការហើយមែនអត់នៀក? ហើយកូនស្រីឯកឧត្ដមតារានោះវិញ ឮតែពាក្យចចាមអារ៉ាមមិនល្អហូរហែ!»
អ្នកបម្រើនិយាយមក ពេលដែលម្ដាយខ្ញុំងាកទៅក្រៅកញ្ចក់ឡានទំនងទប់ចិត្ត។ ចំណែកខ្ញុំ គឺគ្មានផ្លូវដកថយឡើយ។
ខ្ញុំនិយាយតបមួយៗ៖
«ខ្ញុំស្រលាញ់គេខ្លាំងណាស់មីង! តាមពិតគេគួរឱ្យអាណិតទៅវិញទេ មកពីគ្រប់គ្នាចេះតែជឿពាក្យចចាមអារ៉ាម ហើយរើសអើងគេ!»
ម្ដាយខ្ញុំងាកមកមើលមុខខ្ញុំសាជាថ្មី។ ភ្លាមនោះ អ្នកបម្រើក៏ឱនមុខលែងហ៊ានប្រកែកប្រណាំងអ្វីនឹងខ្ញុំទៀតដែរ ខ្ញុំបានឱកាសក៏និយាយបន្តភ្លាម៖
«មីងម៉េចនឹងដឹងទៅ? ម៉ាក់ធ្លាប់សន្យានឹងខ្ញុំថា មិនបង្ខំខ្ញុំរឿងប្រពន្ធកូន ឱ្យខ្ញុំរៀបការជាមួយនារីដែលខ្ញុំមិនស្រលាញ់នោះទេ! ម៉ាក់ខ្ញុំថា ខ្ញុំស្រលាញ់ត្រង់ណា គាត់ព្រមចូលត្រង់ហ្នុង!»
«អត់ទេវីដ! ម៉ាក់មិនដែលសន្យាករណីអស់នេះទេ! សេរីភាពឯងក្នុងយុវវ័យ ម៉ាក់ទំយើជ្រុលហួសហេតុពេកហើយ អ៊ីចឹងរឿងអនាគតឯង ទុកឱ្យម៉ាក់ជាអ្នកសម្រេច!»
គាត់ប្រកែកមកកាន់ខ្ញុំហាក់ខឹង ធ្វើឱ្យខ្ញុំនឹកភ័យពីស្ថានភាពជំងឺគាត់ជាខ្លាំង។ ទោះបីយ៉ាងណា ខ្ញុំនៅតែព្យាយាមពន្យល់គាត់ទន់ភ្លន់៖
«កូននឹងគេមិនមែនជាគូនោះទេ! ពេលកូនភ្លឹកទៅ កូនឃើញអស់ហើយ អ្វីទៅជាការពិតនៃជីវិត!»
ខ្ញុំកុហកគាត់ដោយសារគ្មានវិធីផ្សេង។
ឃើញគាត់ទាំងពីរទំនងជាជឿចំហមាត់ ខ្ញុំក៏ប្រញាប់និយាយបន្ថែម៖
«កូននិងកូនស្រីជំទាវហ្គិចមានខែឆ្នាំមិនយោងគ្នាទេ! គឺជាគូកម្ម! បើកូនចចេសការនឹងគេ កូននឹងទៅម្ដងទៀត មិនដឹងបានវិលមកវិញឬក៏អត់ទេ!»
អ្នកម្ដាយខ្ញុំកាន់តែភ័យ ហើយងាកមើលអ្នកបម្រើជាដៃគូពិគ្រោះស្មោះត្រង់របស់គាត់។
ឃើញដូចជាស្ថានការណ៍ស្ថិតមកក្នុងកណ្ដាប់ដៃហើយ ខ្ញុំចាប់ផ្ដើមសូត្រល្បិចបន្តថា៖
«កូនមិនដែលស្គាល់ដារាវីទេ! តែពេលកូនសន្លប់ទៅ ចំពេលដែលស្រីម្នាក់នោះត្រូវចូលពេទ្យដែរ! ពេលនោះហើយដែលកូនត្រូវម្ចាស់ដីនៅទីនោះប្រាប់ឱ្យព្រលឹងកូនដឹងថា លេខរបស់នាងជាគូសង្គ្រោះកូន និងនាំចម្រុងចម្រើនដល់កូន ទើបនាងមិនអាចរៀបការជាមួយអ្នកផ្សេងនៅថ្ងៃនោះបាន គឺយើងជាគូព្រេងដើម្បីត្រៀមមកជួបកូន រៀបការជាមួយនឹងកូនតែម្នាក់គត់! ថ្ងៃនោះ បើនៅមន្ទីរពេទ្យ នាងមិនដើរកាត់ពីមុខកូនទេ កូនតាមមើលមិនអាចក្រោកឡើងមកវិញផងក៏ថាបាន!»
ម្ដាយខ្ញុំបើកភ្នែកគ្រលួងៗ ប៉ុន្តែគាត់នៅស្ងៀមស្ងាត់ពិចារណា។ ខ្ញុំលួចសង្ឃឹមក្នុងចិត្ត ព្រោះដឹងថា គាត់កំពុងតែបារម្ភខ្វល់ខ្វាយ ស្រាប់តែមីងអ្នកបម្រើនិយាយបំភ័យយកមែនទែនតែម្ដង៖
«ឮលោកក្មួយវីដនិយាយដល់ត្រង់ណេះ ទើបខ្ញុំនឹកឃើញ! កាលហ្នឹងក្មួយវីដបម្រុងនឹងភ្ជាប់ពាក្យទៅហើយ ស្រាប់តែមានបញ្ហាសឹងដល់ជីវិត! នេះសំណាងហើយដែលអាចដឹងអ្វីៗមុន!»
ពេលនេះម្ដាយខ្ញុំងាកមកសម្លឹងគូសន្ទនាដែលអាការៈរបស់គាត់ទំនងណាស់ថា សម្ដីពេលនេះកាន់តែច្របូកច្របល់ចិត្តនឹកព្រួយបារម្ភ។
គាត់មិនមាត់មិនក ឬកាត់សេចក្ដីថាយ៉ាងណាឡើយ ប៉ុន្តែពេលចូលដល់ក្នុងរបងផ្ទះកាលណា គ្រាន់តែបានឈានចុះពីឡានវឹប ខ្ញុំឮគាត់ខ្សឹបខ្សៀវគ្នាថា៖
«មិនរៀបការជាមួយកូនស្រីជំទាវហ្គិច ជារឿងពិបាកដោះស្រាយមធ្យមទេ ប៉ុន្តែហេតុអ្វីក្មេងស្រីផ្ទះឯកឧត្ដមនោះទៅវិញ? បងធ្លាប់ឮគេនិយាយថា ផ្ទះនោះងប់គ្រូហ្មណាស់ អ៊ីចឹងហើយបានជាចុងក្រោយ អាគមចុះឡើងមិនត្រូវពីណាមកត្រូវកូនស្រីខ្លួនឯង ជាមិនជា មិនឆ្កួតហ្នឹងណា៎!»
ខ្ញុំឮហើយនឹកអាណិតតារាវីខ្លោចអស់ហើយ បេះដូងថ្លើមប្រមាត់។
ខ្ញុំនឹកដល់ស្នាមថើបរបស់នាង នឹកស្នេហ៍គ្រាដំបូងដែលខ្ញុំមានចំពោះតែនាងម្នាក់ ហើយនឹកដំណើរនាងពេលចុងក្រោយ ត្រូវឪពុកម្ដាយគ្រាហ៍ចេញពីមន្ទីរពេទ្យ…..
ខ្ញុំនឹកនាងណាស់ សឹងថាជ្រែកដីទៅរកនាងមកថើបថ្នមពេលនេះឱ្យទាល់តែបាន។
តែខ្ញុំបែរជាទៅសំងំនៅខាងលើបន្ទប់ ហើយរកមើលនាងក្នុង Facebook។
មិនដឹងហេតុអ្វី ខ្ញុំឃើញនាង…..
«ខ្ញុំ!»
ខ្ញុំសរសេរ Comment ទៅគេបាន ព្រោះគេមិនបានបិទ Comment ទេ។ ខ្ញុំមិនមែនជាមិត្តគេក្នុង Facebook ក៏គង់តែអាច Comment បានដូចគ្នា។
ខ្ញុំសរសេរតែមួយម៉ាត់គត់ ហើយខ្លីណាស់ សង្ឃឹមថា គេនឹងយល់វែងជាងនេះ ជ្រៅជាងនេះ ហើយចាប់អារម្មណ៍ពីខ្ញុំ ឆ្ងល់ថាខ្ញុំជាអ្នកណា មកពីណា ហេតុអ្វីមក Comment នាងភ្លាមៗ ហើយ Add Friend នាងទៀត។
ដំបូងខ្ញុំអរ តែភ្លាមនោះខ្ញុំប្រចណ្ឌ។ ខ្ញុំខាំមាត់គិតថា គេឃើញប្រុសស្អាតមិនបាន Accept លឿនម៉េះ?
0 comments:
Post a Comment