«អ្នកជំងឺនេះ គួរឱ្យអាណិតម៉េះ?!»
នាងនិយាយដោយអាឡោះអាល័យ ហើយចាកចេញទៅតាមការអូសរបស់ម្ដាយ។ មិនត្រឹមតែប៉ុណ្ណេះ ប៉ានាងដាក់ប្រាក់៥ម៉ឺនរៀលមកលើដៃខ្ញុំ។
ពួកគេប្រហែលជាគិតថាខ្ញុំនេះជាអ្នកជំងឺគ្មានញាតិផៅដែលពេទ្យទុកចោលម្នាក់។
ខ្ញុំយំកំដរជីវិតចុងក្រោយរបស់ខ្ញុំ ហើយងើបមុខមើលទៅនាង។ មុនពេលឡើងឡាន នាងនៅតែងាកមើលមកខ្ញុំ។
«ម៉ាក់! កូនដូចជាធ្លាប់ស្គាល់ម្នាក់ពាក់ម៉ាសនោះ!»
«សូមឱ្យជាតិណាៗ ខ្ញុំបានជួបស្រីម្នាក់នេះជាគូពិតដូចគេឯងធម្មតា! ខ្ញុំសូមដាក់បណ្ដាសាខ្លួនឯងដោយឈាមនេះ ថាកើតជាតិណាៗ ខ្ញុំនៅចាំអតីត! ខ្ញុំមានចិត្តទូលាយ ចេះអត់ធ្មត់ មានអានុភាពបញ្ជាចិត្តលើខ្លួនឯងឱ្យបានច្រើនទ្វេលើសមនុស្សទូទៅ នឹងអាលបានសាងតែអំពើល្អ!»
អ្នកណាម្នាក់ស្រែកយំក្បែរខ្ញុំហើយចាប់ផ្ដើមរលាយទៅក្នុងងខ្យល់បន្តិចម្ដងៗ ពេលខ្ញុំងាកភ្នែកទៅចំគេ។
មុនពេលគេបាត់ពីភ្នែកខ្ញុំ ខ្ញុំហាក់ចំណាំគេបាន។
គេដូចជាអ្នករកស៊ីល្បីឈ្មោះម្នាក់ ឧស្សាហ៍ឃើញគេចុះកាសែតណាស់។
«ឧកញ៉ាដេវីដ!?»
ខ្ញុំនៅង៉េមង៉ាម ស្រាប់តែឃើញមនុស្សចុះពីក្នុងឡានរត់ស្រទៅក្នុងបន្ទប់មួយដែលនៅខាងស្ដាំដៃ។រំពេចដែលខ្ញុំតាមសម្លឹងមនុស្សសស្លើតសស្លក់មួយក្រុមនោះ ខ្ញុំឃើញឧកញ៉ាដេវីដបញ្ចេញរូបរាងមកវិញ ហើយរត់តាមពួកគេ។
ម្ដាយគេទ្រោបមុខយំ ហើយរៀបរាប់៖
«ម្ចាស់ថ្លៃអើយ ទើបតែ២៨ឆ្នាំសោះ!»
ខ្ញុំងាកសន្សឹមទៅរករូបរាងឧកញ៉ាដេវីដមួយទៀតដែលឈរឆ្កុបក្រោយខ្នងម្ដាយ។ ទីបំផុតខ្ញុំយល់ការណ៍ហើយស្រែកសួរគេនោះ៖
«តាមពិតឯងស្លាប់ហើយ?»
«ចុះឯង? ឯងមិនងាប់ដែរទេ?»
ខ្ញុំឱនសម្លឹងខ្លួនឯងភាំងៗហើយងើបមុខសម្លឹងទៅសួនខាងក្រៅអគារតាមបង្អួចកញ្ចក់។ នៅកន្លែងចុងក្រោយដែលខ្ញុំបានជួបដារាវី បុគ្គលិកពេទ្យកំពុងសែងសពខ្ញុំចេញទាំងម៉ាសបិទមុខមិនទាន់បានស្រាយស្រួលបួលផង។
ចិត្តខ្ញុំរបូតអស់សេចក្ដីសង្ឃឹម។
ខ្ញុំថយមកផ្អែកជញ្ជាំងហើយត្រិះរិះ… ទោះយ៉ាងណា គេនោះស្លាប់មានអ្នកយំ ចំណែកខ្ញុំ គ្មានអ្នកណាយំនោះទេ សូម្បីតែមនុស្សស្រីដែលខ្ញុំស្រលាញ់ ក៏គេមិនស្គាល់ខ្ញុំផង។
ពីរនាក់នោះជាសេនាយមរាជមែនដែរទេ?
ចិត្តខ្ញុំរន្ធត់នឹកដល់កម្មពៀរទាំងឡាយដែលបានសាងមកកាលពីនៅរស់ ពិសេសកម្មពៀរដែលបានជំពាក់លើតារាវី តើយមរាជនឹងឱ្យខ្ញុំធ្លាក់នរកប៉ុន្មានជាន់ទៅ?
ខ្ញុំអង្គុយចុះក្នុងជ្រុងបន្ទប់ទន់ដៃជើងរង់ចាំមដល់វេនខ្លួន ចំណែកគ្រួសារឧកញ៉ាដេវីដ យំរៀបរាប់ថាយ៉ាងណាក៏ខ្ញុំស្ដាប់លែងដឹងលែងឮដែរ។
ពេលវេលាកន្លងទៅ សពឧកញ៉ាដេវីដត្រៀមតែនឹងគ្របកំណាត់ស ប៉ុន្តែម្ដាយគេចេះតែប្រកែកមិនអស់ចិត្តហើយរុញរំខានពួកពេទ្យ។ គ្រួសារនេះមានអំណាចណាស់ សូម្បីប្រធានមន្ទីរពេទ្យក៏មិនហ៊ានជាមួយគេដែរ។
យមរាជមិនបាននៅទីនេះ ថែមទាំងមិនបានចាត់អ្នកណាមកផង ។
ឬមួយខ្ញុំនេះនៅមិនទាន់អស់និស្ស័យនឹងមនុស្ស?
ចុះ!… ចុះបើខ្ញុំលួចយករាងកាយនេះ យករាងកាយដែលលែងមានព្រលឹងនេះ មកបន្តដើរហើរដើម្បីតាមលបមើលដារាវីទៀត មានអ្នកណាដឹងបានទៅ?
មកដល់ត្រង់ណេះខ្ញុំនឹកឃើញដល់លោកគ្រូខ្ញុំ គ្រូប៉ែដែលជាគ្រូខ្មែរផ្នែករបៀនដ៏ល្បីមកពីខេត្តកំពង់ស្ពឺ។ ក្មេងអនាថាជ្រកសំយាបផ្សារដូចខ្ញុំស្រាប់តែមាននិស្ស័យបានឃើញគាត់ ហើយស្រែកចំអកគាត់ថា តាឯងសក់កណ្ដាញ់ដូចឫសឫស្សី មិនដែលងូតទឹកទេអី?
ពីពេលនោះមកខ្ញុំបានក្លាយជាអ្នកស្នងចំណេះមិនដឹងខ្លួន ពោលគឺចេះគ្រប់សព្វបែបយ៉ាងដែលមិនមានគ្រូអាគមងងឹតណាចេះប្រហែលនឹងខ្ញុំ។
«ខ្ញុំឆ្ងល់លោកគ្រូពូកែណាស់ ចេះឆ្ពិនភ្នែកគេយកមាន់មកហូបក៏បាន ចាំបាច់អីលោកគ្រូទៅសុំទានគេតត្រុក ហើយក្ររហាមជ្រកតែនឹងសំយាបផ្សារ?»
នេះជាអ្វីដែលខ្ញុំបានសួរទៅកាន់គាត់កាលពីអាយុ១២ឆ្នាំ ពេលនោះគាត់ឆ្លើយវិញថា៖
«អាល្អិត! របៀនដែលអ្ហែងចេះមិនអាចយកទៅប្រើក្នុងវិធីទុច្ចរិតទេ! ទេវតាមិនមែនបង្រៀនគ្រូមកឱ្យចេះ ហើយដើរធ្វើចោរលួចមាន់គេហូបនោះទេវើយ! មន្តអាគមបុរាណវាអាចរក្សាតោងនៅស័ក្ដិសិទ្ធិស្ថិតស្ថេរតែលើខ្លួនមនុស្សល្អ កុំអាងចេះវាដើរប្រព្រឹត្តធ្វើបាបជនានុជន កម្មពៀរវាមានទាន់ហន់ណា!»
ខំសាងល្អតាមពាក្យគ្រូមកមួយជាតិហើយ មកលង់ស្នេហ៍ក្រមុំអ្នកមានហ៊ានដាច់សីលប្រព្រឹត្តបាបបានជាធ្លាក់ខ្លួនមកចោលឆ្អឹងទាំងក្មេងបែបនេះ?
សង្ឃឹមថា ជាតិមុខខ្ញុំនឹងស្គាល់តែគុណធម៌ បុណ្យថ្កើងជាតិនេះឆាចោលខ្ញុំសងកាលដែលមិនលុះដំបូន្មានគ្រូនោះទៅចុះ។
យ៉ាងហោចណាស់ ខ្ញុំអាចការពារជីវិតនាងបាន មានអីត្រូវនៅអាលោះអាល័យ?
ខ្ញុំដើរចច្រប់តាមអគារដែលភាគច្រើនមានតែពពួកអភិជនទេ ដែលចូលមកស្នាក់នៅ ម្រាមដៃនិងបេះដូងរបស់ខ្ញុំបានដាក់ក្បែរគ្នាដើម្បីបន្លប់ភាពរងានឹងព្រឺព្រួច។
«ហេ៎! លោកនាយកវះចប់អាឡូវហើយ ប្រយ័ត្នគាត់ចេញមកឃើញ!»
អ្នកយាមសើងមម៉ើងខំច្បូតមុខដែលងោកងុយហើយអង្គុយត្រង់ខ្លួនវិញ ចំណែកនារីដ៏រួសរាយនោះបានខ្សឹបបន្ត។
«នៅចាំអ្នកជំងឺមួយ កូនអ្នកមានដែលត្រូវចូលរោងការស្រាប់តែក្អួតឈាមនោះទេ? ដែលចេញពីពេទ្យល្ងាចមិញហ្នឹងណា៎?»
ខ្ញុំងើបមុខសម្លឹងពួកគេ ព្រោះខ្ញុំយល់ថាគេកំពុងនិយាយពីស្រីស្អាតតារាវីរបស់ខ្ញុំ។
ស្រីនោះហុចទូរសព្ទចែកបុរសនោះមើល មាត់នៅតែចច្រែត៖
«គ្នាអត់អីសោះហ្នឹង! ចេញពីពេទ្យហើយ នៅផ្ដាច់ពាក្យគ្នាទៀតហ្ន៎!»
«គេនោះប្រាប់កាសែតថា នាងជាមនុស្សខូចសតិត្រូវមន្តអាគមហើយជាមនុស្សចង្រៃ! កោតណាស់សម្ដីបែបនេះចេះនិយាយទៅរួចដែរ អត់មានគិតដល់គ្នាជាមនុស្សស្រីអីទេ?»
សូរសំឡេងយំសោករសាត់មកតាមខ្យល់។
ត្រូវហើយ! ខ្ញុំបានចាកចេញមកតែលតោលខាងក្រៅនេះយូរហើយយប់ក៏ជ្រៅដែរ គ្រួសារឧកញ៉ាក្មេងដាច់ចិត្តរុញកូនប្រុសចេញពីពេទ្យហើយ។ ចំណែកម្ដាយគេនោះគិតតែពីយំងងឹតមុខ។
ខ្ញុំគ្មានពេលទៀតទេ។ បើចង់ដណ្ដើមយករូបគេមកប្រើ គឺត្រូវធ្វើមុនពេលសាកសពខូចខាត។
សម្ដីលោកគ្រូកតញ្ញុតាធម៌និងភាពល្អបានរុករានខ្ញុំឱ្យរារែក តែស្ថានភាពស្រីស្អាតដែលកំពុងមានទុក្ខព្រួយ បានជះឥទ្ធិពលយ៉ាងសម្បើម មកលើការសម្រេចចិត្តរបស់ខ្ញុំ។
បានហើយ!
ខ្ញុំធ្មេចភ្នែក ហើយចាប់ផ្ដើមរាប់តាមថ្នាំងដៃរកលេខអត្ត។ គ្រប់យ៉ាងអាចប្រើការបាន ដូច្នេះខ្ញុំចាប់ផ្ដើមសូត្ររបៀន។
ឡានមហាទំនើបរបស់គ្រួសារនេះថយមកខ្វាច់ហើយគេត្រៀមក្នុងការនាំសពអ្នកប្រុសទៅផ្ទះវិញ ប៉ុន្តែវាក៏ល្មមពេលដែលខ្ញុំចប់ការភាវនា។
ខ្ញុំហក់ព្រឹបឡើងទៅលើ ទ្រូងគេ ស្រាប់តែដៃមួយទាញខ្ញុំមកវិញសឹងដាច់ផ្ងារ។
គាត់មានសម្បុរខ្មៅ ពាក់អាក្រហមត្លែ ហើយមើលមកខ្ញុំទាំងស្រែកសម្លុត៖
«ច្រឡំខ្លួនប្រាណហើយអាល្អិត! ខ្លួនអ្ហែងសាលខ្មោចឯណោះ!»
«អ៊ំឯងហ្នឹងហើយច្រឡំ មើលម្ដងទៀតទៅ!»
ខ្ញុំគំហកដាក់គាត់វិញធ្វើដូចមែនទែន គាត់ក៏រុញរាអេះអុញ។
«គិតពីតូបអ៊ំឯង ពួកនោះទៅនោមដាក់ហ្ន!»
ខ្ញុំបានឱកាសងាកមកហើយហក់ឡើងលើរាងកាយឧកញ៉ាដេវីដសាជាថ្មី។ ប៉ុន្តែដៃម្ចាស់ដីនៅតែលូកមកច្បាមអាវខ្ញុំ គឺដៃគាត់លូតវែងដូចព្រាយនាងណាត។
ខ្ញុំស្រែកគំហកឈ្លោះគាត់៖
«អ៊ំឯងកុំប៉ិនរករឿងសត្វលោក! អ៊ំឯងការពារតែដីអ៊ំឯងទៅ!? ឮ?»
«នេះក្នុងព្រំប្រទល់យើងរក្សាការពារអាល្អិត គ្មានព្រលឹងវិញ្ញាណខ្ចាត់ព្រាត់ណាចូលក្នុងសពបានទេ!»
ខ្ញុំតវ៉ារ៉ាវ៖
«ព្រលឹងខ្ចាត់ព្រាត់អីទៅ? អ៊ំឯងឃើញខ្ញុំអយុត្តិធម៌អត់? អាយុខ្ញុំមានអស់ឯណា បើមិនអ៊ីចឹងយមរាជគេទុកឱ្យខ្ញុំដើរតេវរ៉េវចុះឡើងដែរ?!»
«ក្នុងព្រំសីមាយើង ឯងមិនអាចធ្វើរឿងខុសធម្មជាតិបានទេ!»
ធុញតានេះដល់កម្រិត ខ្ញុំនិយាយយកមួយឈ្នះ៖
«មានអី! នៅការពារដីទៀតចុះអ៊ីចឹង! ចាំមើលខ្ញុំទៅស្ទាក់ខាងក្រៅ អ៊ំឯងធ្វើអីខ្ញុំ?»
ហើយលោតផ្លោតចូលទៅក្នុងឡាន។
តាម្ចាស់ដីមិនព្រមបង្អង់ហក់វ៉ាវមកដល់ក្នុងនេះតាមខ្ញុំដែរ ហើយមុខមាំរបស់គាត់ដូចជាចង់ប្រាប់ថា ខ្ញុំនេះគ្មានផ្លូវហក់ចូលក្នុងរាងកាយឥតវិញ្ញាណនេះដាច់ខាត។
ខ្ញុំនិយាយទ្រគោះ៖
«អ៊ំឯងប្រឹងតាមចងអាឃាតខ្ញុំទៅ ដីអ៊ំឯងម្ចាស់ថ្មីគេមកកាន់មិនខានទេ ចំណែកអាស្រមអ៊ំឯងថាមិនបានគេរើចោលបាត់!»
ខ្ញុំធូរចិត្ត ត្បិតនេះជាដីសាធារណៈ គ្មានអ្នកណាការពារទៀតទេ បើគ្មានអាស្រមគ្មានការអុជទៀនធូប គឺខ្ញុំអាចធ្វើអ្វីបានតាមចិត្តហើយ។
ខ្ញុំបែរមកវិញរ៉ាវហើយបះសក់ ព្រោះឃើញព្រលឹងអនាថារាប់រយកំពុងតាមតោងឡាននេះប្រាថ្នាសម្លក់សម្លឹងរាងកាយដេវីដ។
មាត់ខ្ញុំចាប់សូត្រ ព្រោះខ្ញុំដឹងថាប្រសិនជាក្នុងចំណោមនោះ មានព្រលឹងណាមួយចេះរបៀនដែរ គេអាចនឹងវាយដណ្ដើមរាងកាយដេវីដជាមួយខ្ញុំមិនខាន។
ខ្ញុំសូត្រផ្ចង់អារម្មណ៍យ៉ាងលំបាកក្រោមភាពសម្លក់សម្លឹង ខឹងសម្បាររបស់ពួកវិញ្ញាណដែលកំពុងចង់ចូលក្នុងរាងកាយគេ។
ចុងក្រោយខ្ញុំស្រែកវ៉ាសហើយហក់ចូលទៅ។
ខ្ញុំលិចភ្លឹបទៅក្នុងភ្នក់ងងឹត ហើយដៃជើងឡើងស្ពឹក។
ខ្ញុំប្រមូលអារម្មណ៍ស្មិងស្មាធិ៍ ហើយទន្ទេញរបៀនដ៏សំខាន់មួយមានឈ្មោះថា «ហៅព្រលឹង»
ខ្ញុំសួត្រក្នុងចិត្តសោះ ក៏ប៉ុន្តែប្រាណបែកញើសជោក។ ខ្ញុំបានសម្រេចហើយ? ឱ! គ្រូប៉ែខ្ញុំអើយ! វិជ្ជាដែលលោកឱ្យមកខ្ញុំពិតជាកំពូលវិជ្ជាមន្តអាគមលើលោកមែន ទីបំផុតខ្ញុំបានចូលមកក្នុងរាងកាយបុគ្គលនេះហើយ តែ… ខ្ញុំអាចយោងខ្លួនប្រាណគេក្រោកឡើងមកវិញរួចឬមិនរួច ជារឿងបន្តមកទៀត។
ខ្ញុំបើកតែភ្នែកសម្លឹងជុំវិញខ្លួន បើកមិនបានផង កុំថាឡើយយោងខ្លួនមួយនេះក្រោកឡើង?
«អ្ហែងចេញពីខ្លួនអញអាចង្រៃ»»
ខ្ញុំស្គាល់សំឡេងគេគឺឧកញ៉ាដេវីដ ដែលមុននេះគេបានដៀលខ្ញុំមួយម៉ាត់នៅមុខពេទ្យដែរថា ខ្ញុំក៏ស្លាប់។
ពេលនេះគេមកម៉េចបាន បើខ្ញុំឃើញក្បាលគោក្បាលសេះមកនាំគេទៅហើយហ្នឹង?
«ព្រលឹងមនុស្សមាន៩ឯណោះ ទោះព្រលឹងធំទៅបាត់ ក៏នៅមានព្រលឹងតូចៗជាច្រើននៅវិលវល់ ជុំវិញរាងកាយស្ដាយអាល័យ!»
ខ្ញុំតបវិញ៖
«អាព្រលឹងតូចកំប៉ុកកំប៉ុក ខំសង្រួមចិត្តទៅរកសុគតិទៅ មកស្ដាយស្រណោះអី វិលវិញបានអ្ហី?»
«ចង្កេះអញយកមកពីភ្នំគូលែន អ្ហែងប្រឹងដល់រលាយរូបទៀតក៏ក្រោកមិនរួចដែរខ្មោចមេចោរ!»
ខ្ញុំគិតទើបនឹងយល់។ តាមពិតរាងកាយនេះមានខ្សែចង្កេះការពារមួយតង់ទៀត។ វរហើយ លោតែបណ្ដោយដល់ក្នុងបរិវេណផ្ទះ ម្ចាស់ដីផ្ទះអាគាត់នេះ នឹងចេញមកទាញខ្ញុំដាច់ផ្ងារទៀតមិនខាន។
«អាវីដ! អ្ហែងមើលម៉ាក់អ្ហែងចុះ! អ្ហែងចង់ឃើញគាត់យំតទៀត ឬក៏ឃើញគាត់សើច?»
មិនដឹងថាវាបានងាកទៅមើលម្ដាយតាមខ្ញុំប្រាប់អត់ទេ តែវាឮហើយយំង៉ោង។ វានិយាយរង៉ូវ៖
«អញមិនដែលបានសងគុណអីម៉ាក់អញមួយសរសៃសក់នៅឡើយ ឱ្យអញងាប់ទាំងអ៊ីចឹង អយុត្តិធម៌ណាស់!»
ខ្ញុំបានឱកាសនិយាយញាប់ដូចម៉ាស៊ីនដេរ៖
«អ្ហែងឱ្យអញចូលទៅ អញសន្យា អញបំពេញបំណងអ្ហែងមើលគាត់ ល្អចំពោះគាត់មិនធ្វើឱ្យគាត់ពិបាកចិត្តមួយចម្រៀកទេ!»
វាស្ងាត់មួយសន្ទុះ ទើបខ្ញុំឮវាគំហក៖
«បាន!»
«អ្ហែងស្បថទៅ ថាអ្ហែងមិនដើរប៉ោឡែចូលកាស៊ីណូដូចអញ មិនបំផ្លាញលុយផ្ទះ មិនធ្វើឱ្យគាត់យំ អ្ហែងស្បថទៅ អ្ហែងទៅធ្វើការឱ្យគាត់នៅក្រុមហ៊ុនជំនួសអញ ហើយអ្ហែងមិនញ៉ែលេខាអញ?»
«បានៗ ស្បថ! បើធ្វើមិនបានសងរូបឯងវិញភ្លាម! បើអញលេងល្បែង ញ៉ែលេខាឯង ធ្វើឱ្យម្ដាយឯងយំ អញនឹងរបូតចេញពីរូបនេះ»
វាយំលើសដើមហើយស្រែកលា៖
«ម៉ាក់អើយ ខ្សែចង្កេះដាំពេជ្រផុនលោកតា ដោះទុកទៅម៉ាក់!»
គាត់គគ្រូក ហើយដោះយកមកទុកជាអនុស្សាវរីយ៍ចុងក្រោយក្នុងបាត់ដៃ។
របស់ស័ក្ដិសិទ្ធិរបូតបាត់ រាងកាយខ្ញុំស្រាលស្ងើកភ្លាមយ៉ាងទាន់ហន់។
ខ្ញុំកម្រើកចុងដៃ ហើយជ្រួញចិញ្ចើមលើរាងកាយឧកញ៉ាដេវីដ។
«កូនលារហូតហើយអ្នកម៉ាក់!»
ព្រលឹងតូចនោះនិយាយទាំងយំហើយវាឆ្លៀតបន្ត៖
«ជាតិណាៗ កូនសុំផ្សងបានធ្វើជាកូនម៉ាក់! ហើយធ្វើជាកូនល្អ! កុំឱ្យអកតញ្ញូដូចជាតិនេះ!»
0 comments:
Post a Comment