លុះសង់ប្រាសាទនោះហើយ ទ្រង់ត្រាស់បង្គាប់អោយឆ្ការព្រៃមួយកន្លែងទៀតឆៀងខាងជើង ខាងលិចប្រាសាទនោះធ្វើទីសំរាប់ស្រីស្នំ មានកំពែងជុំវិញ ទីនោះជាប់មានឈ្មោះថា ភូមិវាំងរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើព្រះរាជវាំងហើយ ទ្រង់ត្រាស់បង្គាប់អោយកាប់ឆ្ការព្រៃមួយកន្លែងទៀត នៅខាងលិចប្រាសាទ សង់ឃ្លាំងសំរាប់ដាក់ព្រះរាជទ្រព្យ សឹងមានសសរកប់ក្នុងដីដល់សព្វថ្ងៃនេះ ជាភស្ដុតាងស្រាប់ ទីនោះជាប់មានឈ្មោះថា ភូមិសង់ឃ្លាំង តែក្រោយពីនោះយូរមក ហៅថាភូមិតាំងក្រសាំងវិញ ដែលសព្វថ្ងៃរាជការតាំងសាលាស្រុកនៅទីនោះ។
កាលនោះព្រះរាជាបានត្រាស់បង្គាប់អោយធ្វើកន្លែងមួយទៀតនៅខាងលិចឆៀងខាងត្បូងភូមិតាំងក្រសាំង សំរាប់ជាទីលំនៅពួកអ្នកងារ ចាំបកថ្វាយស្ដេច ទីនោះជាប់មានឈ្មោះថា ភូមិបក់ដល់សព្វថ្ងៃនេះ នៅខាងលិចឆៀងខាងត្បូងភូមិបក់នោះ មានបឹងមួយធំ ជាទីដែលព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រព្រះស្នំព្រមទាំងរេហ៍ពល ទៅក្រសាលសប្បាយដោយការចាប់ត្រី រើសខ្យង ដកព្រលិត បេះត្រកួន ជាក្រយាស្ងោយ។ ថ្ងៃមួយព្រះរាជបុត្រីដែលទ្រង់យាងទៅក្រសាលទីនោះ មិនស្រួលព្រះទ័យទ្រង់ព្រះកន្សែង ពួកស្រីស្នំក៏ច្រៀងបំពេរបីបម ថ្នាក់ថ្នមបបោសអង្អែល ទីនោះជាប់មានឈ្មោះថា បឹងបំពេរ និងបឹងខ្យងមកដល់សព្វថ្ងៃនេះ។ នៅខាងជើងបឹងបំពេរនោះ មានភ្នំមួយហៅថាភ្នំធំ ស្រះខ្ចៅ ភ្នំពេនជុំ។ ភ្នំទាំងនេះជាប់គ្នា ជាទីកន្លែងដែលព្រះរាជា តែងទ្រង់នាំព្រះអគ្គមហេសីឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រគំ ភ្នំភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្អៅ សិរមាន់ ជើងចាប និងផ្លែឈើអែទៀតៗ ជាច្រើនដោយសេចក្ដីសប្បាយ។
ថ្ងៃមួយព្រះរាជាទ្រង់នាំព្រះអគ្គមហេសី ព្រមទាំងព្រះរាជបុត្រទៅក្រសាលលើភ្នំនោះ ព្រះរាជបុត្រទ្រង់ប្រឈួនជាខ្លាំង ព្រះអង្គគង់នៅលើភ្នំនោះពុំបាន ទ្រង់ចាត់អោយឆ្ការព្រៃមួយអន្លើ ធ្វើព្រះពន្លានៅខាងជើងភ្នំ ហើយក៏នាំបណ្ដោះព្រះអគ្គមហេសី ព្រះរាជបុត្រ និង ស្រីស្នំព្រមទាំងរេហ៍ពល ចុះពីលើភ្នំនោះតាមផ្លូវជ្រុងខាងលិច មកសំចតឈប់សំរាកនៅក្នុងព្រៃមួយ ទីនោះជាប់ឈ្មោះថា ភូមិបណ្ដោះតមកតែសព្វថ្ងៃ ហៅយារៗមកថាភូមិក្រកោះវិញ។ បន្ទាប់មកព្រះរាជា ទ្រង់នាំព្រះរាជបុត្រមកគង់នៅព្រះពន្លាដែលធ្វើនៅជើងភ្នំនោះ បានទ្រង់រកពេទ្យហ្មមកព្យាបាលព្រះរោគព្រះរាជបុត្រ មិនធ្វេសប្រហែសសោះ ប៉ុន្ដែទោះបីមានអោសថ និង ពេទ្យហ្មយ៉ាងពូកែព្យាបាលយ៉ាងណា ក៏ព្រះរោគព្រះរាជបុត្រនោះ នៅតែមិនស្រាកស្រាន្ដឡើយ រិតតែប្រឈួនខ្លាំងឡើងៗ ដរាបដល់អស់ព្រះជន្មនៅទីនោះ។ ព្រះរាជា និង ព្រះអគ្គមហេសីទ្រង់ព្រះកន្សែង ស្រីស្នំនិងពួកពលទាំងអស់យំសោកគ្រប់ៗគ្នា។ ព្រះរាជាទ្រង់ចាត់ចែងធ្វើឈាបនកិច្ចជាអោឡារិកនៅទីនោះ។ ទីជើងភ្នំដែលព្រះរាជា ធ្វើព្រះពន្លាថែរក្សាព្រះរោគព្រះរាជបុត្រ លុះដល់ព្រះជន្មអាសន្ននោះ ជាប់មានឈ្មោះថា ភូមិអាសន្នទុក្ខតមកគេហៅយារថា ភ្នំសន្ទុក(២) និងភូមិសន្ទុកវិញ មកដល់សព្វថ្ងៃ។ ក្រោយពេលដែលព្រះរាជា និង ព្រះអគ្គមហេសី ទ្រង់មានទុក្ខជាទំងន់ ទ្រង់ចេញព្រះរាជដំណើរចាកទីនោះ ទៅឈប់សំចតនៅមាត់ស្ទឹងសែន ដើម្បីលំហើយព្រះរាជហរទ័យរំដោះទុក្ខ តែមិនដូច្នោះបែរជារិតតែកើតទុក្ខផ្ទួនឡើង។ គ្រានោះសាមណេរមួយព្រះអង្គបាននិមន្ដ ទៅជួបនឹងព្រះរាជានៅទីនោះ។ លោកបានឃើញព្រះរាជា និង ព្រះអគ្គមហេសីសោយទុក្ខជាទំងន់ដូច្នោះ បានថ្វាយព្រះពរសួរ ព្រះរាជាក៏ទ្រង់ថ្លែងសេចក្ដីទុក្ខ អំពីព្រះរាជបុត្រដែលរលត់ខ័ន្ធទៅនោះ។ ទោះបីសាមណេរបានអធិប្បាយពន្យល់ធម៌អាថិ ល្អិតល្អន់យ៉ាងណាក៏ព្រះរាជា និងព្រះអគ្គមហេសីនៅតែមិនបាត់សេចក្ដីទុក្ខវិយោគសោកស្ដាយនោះឡើយ។ សាមណេរជ្រាបរឿងនោះក៏ថ្វាយព្រះពរថា «បើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ សូមទ្រង់អោយជាងម្សៅ រឺ ដី មកសូន្យធ្វើព្រះរូបព្រះរាជបុត្រ ទុកគ្រាន់ទតលំហែរព្រះទ័យរំដោះទុក្ខ»។ ព្រះរាជាបានលឺព្រះពុទ្ធដិកា លោកសាមណេរនោះហើយ ក៏មានព្រះរាជហរិទ័យត្រេកអរ ទ្រង់ចាត់អោយជាងធ្វើសំណាក ព្រះរូបព្រះរាជបុត្រទុកនៅព្រៃមួយ លុះធ្វើព្រះរូបព្រះរាជបុត្ររួចហើយ ព្រះរាជាទ្រង់ទត ទ្រង់សព្វព្រះរាជហរិទ័យ ក៏ទ្រង់បានស្រាកស្រាន្ដទុក្ខសោកនោះ ដោយសារបានទតសំណាកព្រះរូបព្រះរាជបុត្រជាតំណាង។ កន្លែងដែលធ្វើព្រះរូបព្រះរាជបុត្រនោះឈ្មោះថា ភូមិសំណាកដល់សព្វថ្ងៃ។
ក្រោយមកព្រះរាជាទ្រង់បាននាំព្រះអគ្គមហេសីនិងស្រីស្នំ ព្រមទាំងពួកពលទៅក្រសាលទីមួយ ខាងជើងទីតំកល់ព្រះរូបសំណាកនោះ ទ្រង់បានឃើញឆ្អឹងក្បាលក្រពើមួយធំ ដែលស្លាប់យូរហើយនៅទីនោះ ទីដែលព្រះរាជាទ្រង់ទតឃើញ ក្បាលក្រពើនោះ ជាប់ឈ្មោះថា ភូមិត្បូងក្រពើ ដរាបមកដល់សព្វថ្ងៃ។
0 comments:
Post a Comment