រឿងព្រេងខ្មែរ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀនាជាដើម។មទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

My name Piseth i'm blog delveloper on this blog

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

សេង អន សាម៉នពិសិដ្ឋ

រឿងព្រេងខ្មែរ​ ជារឿងនិទានប្រកបដោយគតិអប់រំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។

ទំនាក់ទំនង 086686990

Follow me on my blog u will be get more for knowlegn and entertainment

Monday, 7 November 2016

កំហឹង​អារក្ស​ (​ភាគ​ទី​១)

​ជា​យូរលង់​ណាស់​មកហើយ មាន​អ្នកជំនួញ​រតនវត្ថុ​ដ៏​ល្បី​ម្នាក់​ដែល​អ្នក​ផង​ដឹង​ថា គាត់​មាន​កម្មសិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​នៅ​ស្រុក​សួ​ម៉ាន់​រ៉ា។ ​ជា​ទម្លាប់ គាត់​តែង​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​លេច​វាល​ចូល​ព្រៃ ឆ្លង​កាត់​តាម​តំបន់​ជា​ច្រើន ធ្វើ​ការ​ជួញដូរ​មិន​ចេះ​ខ្ជិល​ច្រអូស។
​រាល់​លើក បុរស​អ្នក​ជំនួញ​នេះ​តែងតែ​ធ្វើ​ដំណើរ​តាម​សេះ ហើយ​មិន​មាន​ទាសករ​ទៅ​ជាមួយ​ឡើយ។​
​ថ្ងៃ​មួយ បន្ទាប់ពី​បាន​លក់​ចេញ​អស់​នូវ​ទំនិញ​ត្បូងថ្ម​មាន​តម្លៃ​តាម​ការ​គ្រោង​ទុក​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ស្រូត​វិល​ត្រឡប់​មក​ផ្ទះ មិន​ដែល​នឹក​អែអង់​ឡើយ។
​ប៉ុន្តែ​អារម្មណ៍​មួយ​ហាក់​ប្រាប់​គាត់​ឱ្យ​នឹក​ផ្ទះ​កូន​ប្រពន្ធ​យ៉ាង​ចម្លែក ដូច្នេះ​បន្ទាប់​ពី​គិត​ច្រើនសា គាត់​បាន​សម្រេចចិត្ត​បញ្ជា​សេះ​បត់​ចូល​ផ្លូវ​កាត់​វិញ។ ​វា​ជា​ផ្លូវ​ដែល​កន្លង​មក មិត្ត​អ្នក​ជំនួញ​របស់​គាត់​ធ្លាប់​និយាយ​ប្រាប់​ថា​ឆាប់​ដល់ តែ​គាត់​មិន​ដែល​សាក ព្រោះ​មិន​ដែល​បោះបង់​ចោល​ទម្លាប់​ខ្លួន។
​ដោយ​នាំយក​នូវ​កាបូប​ប្រាក់​តូច​មួយ គាត់​គ្មាន​អ្វី​ក្រៅ​ពី​នំ​ក្រៀម​ថែម​មួយ​ចំនួន​ទៀត​ ឆ្ពោះ​ឆ្លង​កាត់​តាម​តំបន់​វាល​រហោស្ថាន​មួយ​ជា​កន្លែង​ដែល​គាត់​មិន​ធ្លាប់មាន​បទពិសោធន៍ ប៉ុន្តែ​គាត់​ជឿ​ថា​នឹង​អាច​ដល់​ផ្ទះ​ឆាប់​ជាង​ផ្លូវត្រង់។ ថ្ងៃ​ក្តៅ​ជា​ខ្លាំង គាត់​អាណិត​សេះ​ពេក ក៏​សុខចិត្ត​ឈប់​សិន ហើយ​ថយ​មក​អង្គុយ​នៅ​ក្រោម​ដើមឈើ​ធំ​ត្រឈៃ​គួរ​ជាទី​មនោ​រម្យ​មួយ។

​មុន​ពេល​ធ្មេច​ភ្នែក​សម្រាក អ្នក​ជំនួញ​រូប​នេះ​បាន​លូក​ក្នុង​បង្វេច​រាវ​បាន​នំ​ក្រៀម​មួយ​ដុំ និង​បំពង់​ទឹក មក​បរិភោគ និង​ក្រេប​យ៉ាង​ឆ្ងាញ់​សុខសាន្ត។
​ដោយ​បាន​បរិភោគ​ចប់​ស្កប់ស្កល់ គាត់​ក៏​បោះ​បំពង់​ទៅ​ក្រោយ​ខ្នង​ដោយសារ​តែ​ងោគងុយ​ពេក។
​ភ្លាម​នោះ អារក្ស​មួយ​បាន​ផុស​ចេញ​មក​បង្ហាញ​ខ្លួន​គួរ​ឱ្យ​តក់ស្លុត​។ បន្ថែម​ពី​លើ​កម្ពស់​ដ៏​ធំ​សម្បើម អារក្ស​ថែម​ទាំង​មាន​ភ្នែក​ក្រឡោតៗ ហើយ​ហូត​ដាវ​ពី​ចំណង​ខ្សែ​ពួរ​ពី​ចង្កេះ​មក​កាន់​នៅ​នឹង​ដៃ ដើរ​តម្រង់​មក​រក​អ្នក​ជំនួញ​ដែល​កំពុង​ភ័យ​ញ័រ។
«​ឯង​ភាវនា​រក​ព្រះ​ឱ្យ​ហើយ​ចុះ! យើង​នឹង​សម្លាប់​ឯង!»
​អ្នក​ជំនួញ​ខំ​កាត់​ក្ដី​តក់​ស្លុត ហើយ​តបត​៖
«​តើ​ខ្ញុំ​ជា​អ្នកជំនួញ​ឆ្ងាយ​ដាច់​សង្វែង មិន​ដែល​បាន​ស្គាល់​លោក​សោះ​នេះ បាន​ធ្វើ​អ្វី​ជា​កំហុស​រហូត​ដល់​លោក​ត្រូវ​ចេញ​មក​កម្ចាត់​ជីវិត​បង់​ទៅ​ដូច្នេះ?»
​អារក្ស​ស្តាប់​ការ​សួរ​រក​ហេតុផល ក៏​មិន​បាន​ស្រន់​កំហឹង ហើយ​ស្រែក​តបត​សន្ធាប់​ខ្ទរខ្ទារ​ព្រៃ​ព្រឹក្សា៖
«​ឯង​សម្លាប់​កូន​ប្រុស​យើង​! អា​មនុស្ស​គ្មាន​មេត្តា​!»
​អ្នកជំនួញ​កាន់តែ​ភ្ញាក់ផ្អើល តែ​បាន​សួរ​នាំ​វិញ​ដោយសារតែ​មិន​អស់​ចិត្ត​ថា៖
«​ឱ​លោក​ដ៏​មាន​ឫទ្ធិ​អើយ​! ខ្ញុំ​ដែល​ទើប​នឹង​បាន​មក​ដល់​ទី​នេះ​ជា​លើកដំបូង មិន​ដែល​ទាំង​ស្គាល់​អ្នក​ណា​ម្នាក់ ឬ​បាន​ជួប​អ្នក​ណា​ម្នាក់​នៅ​តាម​ផ្លូវ​សោះ​! តើ​ឱ្យ​ខ្ញុំ​ព្រម​ទទួល​ទោស​ពី​ការ​សម្លាប់​កូន​ប្រុស​របស់​លោក​ម្ដេច​នឹង​បាន?»
​អារក្ស​នៅ​តែ​មិន​ទទួលយក​ការ​បកស្រាយ ហើយ​ស្រែក​រោទ៍​តប​ថា៖
«​កាល​ដែល​អ្នក​ឯង​ចោល​បំពង់​ទឹក​យ៉ាង​ដំណំ​នោះ វា​បាន​វាយ​ប្រហារ​មក​លើ​កូនប្រុស​តូច​ច្រមក់​របស់​យើង ព្រោះ​វា​បាន​មក​ទើរ​ចំ​ពី​លើ​ទ្រូង​! ជោគវាសនា​បាន​ប្រឆាំង​នឹង​គេ បាន​ធ្វើ​ឱ្យ​គេ​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច!»
​អ្នកជំនួញ​បាន​ឮ​ពាក្យពេចន៍​ពោរពេញ​ទៅដោយ​កំហឹង​របស់​អារក្ស​ហើយ បាន​តក់ស្លុត​ជា​ពន់ពេក​ បាន​ត្រឹម​នៅ​ញ័រ​ដៃ​ជើង ស្តាប់​ឮ​អារក្ស​និយាយ​បន្ត៖
«​ព្រះ​អាឡោះ​អើយ​! សូម​ទ្រង់​ទទួល​ដឹង​! យល់​ដល់​ទ្រង់ យើង​មិន​ធ្វើ​ទារុណ​អ្វី​លើ​បុរស​អន្ធពាល​នេះ​ទេ គ្រាន់តែ​យើង​នឹង​ត្រូវ​សម្លាប់​សង​ជីវិត​ទើប​ស័ក្ដិសម​!»
​ឮ​ដូច្នេះ ឈ្មួញ​ក៏​ភាវនា ហើយ​តបត៖
«​ព្រះ​ឱ​ឡោះ​អើយ​! ទូលបង្គំ​ជា​មនុស្ស​ធម្មតា ត្រងត្រាប់​តាម​គម្ពីរ​ឥស្លាម​មិន​ដែល​មាន​ប្រព្រឹត្ត​ឯ​ណា​បាប​សូម្បី​ម្ដង! ខ្ញុំ​នេះ​មិន​មាន​កម្លាំង ឬ​អំណាច​អ្វី​នឹង​ទៅ​សម្លាប់​អ្នក​ណា​កើត​ទៅ? បើ​កូន​របស់​គាត់​ពិត​ជា​បង់​សង្ខារ​បាន​ងាយៗ ដោយសារ​តែ​ដប​ទឹក​នោះ ក៏​គួរ​រាប់​ថា ខ្ញុំ​មិន​បាន​ធ្វើ​វា​ដោយ​មាន​ចេតនា​នោះ​ដែរ​! អារក្ស​នេះ​កំពុង​ពុល​ក្នុង​កំហឹង​ជា​ខ្លាំង តើ​ខ្ញុំ​នឹង​ស្លាប់​ឥឡូវ​នេះ​មែន​ដែរ​ទេ​? ខ្ញុំ​សុំ​ផ្ញើ​ទុក​ចិត្ត​លើ​ព្រះអង្គ សុំ​សម្លឹង​មក​ក្រោម ហើយ​រក​យុត្តិធម៌​ឱ្យ​ផង!»
​អារក្ស​គ្រហឹម​កោងកាច ហើយ​ឆ្លើយ​គ្រលួច​ថា៖
«​មិន​អាច​ព្រះ​ឯ​ណា​ចុះ​មក​លើក​ទោស​ពិរុទ្ធជន​ដូច​អ្នក​ឯង​បាន​ទេ​! អ្នកឯង​គួរតែ​បាន​ស្លាប់​ភ្លាមៗ ឱ្យ​ដូច​ដែល​អ្នកឯង​បាន​សម្លាប់​កូន​ប្រុស​របស់​យើង​នោះ​ទៅ!»
​ថា​ហើយ អារក្ស​លូក​ដៃ​ដ៏​ធំ​វែង​មក​អូស​អ្នក​ជំនួញ​ឡើង​ស្រាល​ស្ងើក ហើយ​បោះ​ទៅ​លើ​ដី។ អ្នក​ជំនួញ​ធ្មេច​ភ្នែក រង់ចាំ​មរណា​ទាំង​យំយែក​មិន​អស់​ចិត្ត ព្រោះ​ពេល​នេះ​អារក្ស​បាន​លើក​ដាវ​របស់​វា​ឡើង​ត្រៀម​ប្រល័យ។
​អ្នក​ជំនួញ​ស្រែក​យំ​សោក​យ៉ាង​ខ្លោចផ្សា ហើយ​ប្រាប់​អស់​ធម្មជាតិ​ថា៖
«​អារក្ស​ពេញ​ដោយ​កំហឹង​អើយ! ខ្ញុំ​បាន​ប្រព្រឹត្ត​ភាព​បរិសុទ្ធ​នឹង​ធម៌ បរិច្ចាគ​ទាន​ដល់​ស្មូម​ជា​ប្រចាំ ខ្ញុំ​យំ​នេះ​មិនមែន​មក​ពី​សោកស្តាយ​ជីវិត​ ដែល​គ្មាន​នរណា​ម្នាក់​អាច​ជៀសផុត​ពី​សេចក្តី​មរណា​នោះទេ​! ប៉ុន្តែ​អ្នក​ដឹង​ដែរ​ទេ​ថា បើ​ខ្ញុំ​ស្លាប់​ទៅ បាន​អ្នក​ណា​ធ្វើ​ទាន​ដល់​ពួក​អ្នក​ខ្សត់​បញ្ញា​នោះ​ទៀត​?​ បាន​អ្នក​ណា​នៅ​អប់រំ​ទូន្មាន​កូន​ប្រុសៗ​របស់ខ្ញុំ​? ឯ​ភរិយា​ខ្ញុំ​ត្រូវ​រស់នៅ​ជា​ស្រី​មេម៉ាយ ទុក្ខសោក​កម្រិត​ណា​ទៅ? បើ​អ្នក​ជា​សាសនិក​ឥស្លាម​ដូច​ខ្ញុំ​ដែរ គួរតែ​អ្នក​យល់​បាន​យ៉ាង​ល្អ​ពី​វាសនា និង​ព្រហ្ម​លិខិត ទុក​ជីវិត​ឱ្យ​ខ្ញុំ​បាន​វិល​ទៅ​រក​ភរិយា និង​កូន​ដែល​ដង្ហោយ​រង់ចាំ!»
​អារក្ស​នៅ​អត់​ធ្មត់​ស្តាប់ លុះ​ចប់​កាល​ណា​ក៏​នៅ​តែ​មិន​ស្រន់​កំហឹង ដោយ​ស្រែក​តវ៉ា​ថា៖
«​ឯង​និយាយ​ពាក្យ​តម្អូញ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ក៏​ដោយ យើង​ពិត​ជា​មាន​ចិត្ត​អណិត​កូនៗ​ឯង តែ​ការ​ស្លាប់​របស់​ឯង គឺ​មិន​អាច​ជៀសវាង​បាន ព្រោះ​វា​ជា​ច្បាប់​ដែល​ជីវិត​ត្រូវ​សង​ដោយ​ជីវិត!»
​អ្នក​ជំនួញ​បាន​ឃើញ​ថា អារក្ស​កំពុង​រំជួលចិត្ត ត្បិតតែ​មាន​ធម៌​មេត្តា មាន​ចិន្តា​យល់​ពី​ភាព​ជា​ឪពុក ទើប​ប្រឹង​និយាយ​តទៅ​ទៀត​ថា៖
«​ឱ​អារក្ស​ដ៏​មាន​ឫទ្ធានុភាព​! តើ​អ្នក​នឹង​សុខចិត្ត​ទេ ពេល​ដែល​បាន​ធ្វើឱ្យ​អ្វីៗ​ទៅ​ជា​ច្របូកច្របល់ ដែល​ខ្ញុំ​មាន​គេ​ជាប់​បំណុល​ប្រាក់ និង​ទ្រព្យសម្បត្តិ​ច្រើន​នោះ! ហើយ​ខ្ញុំ​ក៏​មាន​ជាប់​កិច្ចសន្យា​ផង​ដែរ​នៅ​ក្នុង​ការ​គ្រប់គ្រង​កូនៗ​ដែល​នៅ​មិន​ទាន់​រឹង​ដៃ​ជើង! ដូច្នេះ​បើ​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ផ្ដល់​ឱ្យ​គ្រប់​យ៉ាង​ទៅ​ពួក​គេ​ក្នុង​នាម​ជា​ឪពុក ខ្ញុំ​នឹង​វឹល​ត្រឡប់​មក​រក​អ្នក​ឯង! ខ្ញុំ​នឹង​ចង​ខ្លួន​ឯង​ដោយ​ពាក្យ​សច្ចា​មួយ មាន​ព្រះ​អា​ឡោះ​ជា​ម្ចាស់​ជា​សាក្សី!»
​អារក្ស​គិត​ចុះ​ឡើង ហើយ​ក៏​ព្រម​ទម្លាក់​ដៃ​យល់​ស្រប៖
«​ឱ​អ្នក​ជំនួញ​ដ៏​មាន​ទោស! ព្រោះ​តែ​សម្ពន្ធមេត្រី​របស់​យើង​នឹង​ព្រះ​អាឡោះ យើង​យោគយល់​ទ្រង់​ដែល​តែងតែ​បាន​រំដោះ​ពួក​មនុស្ស​លើ​ផែនដី យើង​សម្រេច​ចិត្ត​ឱ្យ​ឯង​វិល​ទៅ​ចាត់ចែង​ការងារ​សព្វ​អន្លើ លុះ​រហូត​ដល់​ផុតកំណត់​នៃ​ចុង​ឆ្នាំ​នេះ ចូរ​ឯង​វិល​មក​វិញ​ជា​កំហិត​! ពុំនោះ​ទេ នឹង​មាន​រឿង​រំខាន​កើត​ឡើង​ចំពោះ​ឯង និង​គ្រួសារ​! យើង​សូម​ស្បថ​!»
​អ្នក​ជំនួញ​បាន​ឱកាស​ដូច្នេះ ក៏​ប្រមូល​ស្មារតី​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​គាត់។
​នៅ​ចប់​តាម​ផ្លូវ គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បែង​ចែក​មាស​ប្រាក់ បន្ធូរ​បន្ថយ​បំណុល​និង​ចារ​ទុក​បណ្ដាំ​មរតក។
​ជា​រៀងរាល់​យប់ គាត់​តែងតែ​ក្រៀម​ស្រពោន មិន​ហ៊ាន​ជូន​ដំណឹង​ប្រពន្ធ និង​កូន​អំពី​ព្រឹត្តិការណ៍​អកុសល​ដែល​បាន​កើតឡើង​ចំពោះ​គាត់​តាម​ផ្លូវ​កាត់​ដ៏​ស្ងាត់ជ្រងំ​នោះ​ឡើយ ប៉ុន្តែ​គាត់​តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត ពិធីជប់លៀង​និង​ចំណាយ​ពេលវេលា​ធ្វើ​ល្អ​ចំពោះ​គ្រួសារ​ឱ្យបាន​កាន់តែ​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​
​ពេលវេលា​ដើរ​លឿន​ដូច​ហោះ​។ ថ្ងៃ​កំណត់​នៃ​ចុង​ឆ្នាំ​បាន​មក​ដល់ ក៏​ជា​ឱសានវាទ​ស្ត្រី​យំ​។
​អ្នកជំនួញ​បាន​កោះហៅ​ភរិយា​កូនៗ និង​អ្នក​ធ្វើការ​គ្រប់​ថ្នាក់ ព្រមទាំង​ទាសករ​មក​ជុំគ្នា ហើយ​បាន​ប្រកាស​តែងតាំង​កូនប្រុស​ច្បង ជា​អ្នករ៉ាប់រង​បញ្ជី​បំណុល​នានា និង​ភរិយា​ជា​អាណាព្យាបាល លើ​កុមារ​និង​ខ្ញុំបម្រើ​ដែល​ស្នាក់នៅ​ជាមួយ​ទាំងអស់។
​គាត់​បាន​រៀបរាប់​ពី​ការ​ពិត និង​កិច្ចសន្យា​ជាមួយ​អារក្ស​ដែល​គាត់​ចាំបាច់​ត្រូវ​វិល​ទៅ​កាន់​ទីនោះ​សង​ជីវិត​សង្ខារ។
​ភរិយា​យំសោក ហើយ​កូនៗ​តក់ស្លុត។
​តែ​ទីបំផុត​ការ​លា​គ្នា​ជា​ចុង​ក្រោយ​បាន​មក​ដល់ មិន​អាច​ឃាត់​បាន​ឡើយ។
​គាត់​បាន​លា​គ្រួសារ​និង​អ្នក​ជិត​ខាង ហើយ​ចាក​ចេញ លែង​ងាក​ក្រោយ ព្រោះ​មិន​អាច​ទទួល​យក​ សម្រែក​ទួញ​សោកសៅ​ពី​ក្រោយ​ខ្នង​បាន។ គាត់​បាន​ធ្វើដំណើ​រទាំង​ស្រាល​ខ្លួន​អស់​សង្ឃឹម និង​មិន​ខ្ចី​ទាំង​ឈប់​សម្រាក រហូត​បាន​មក​ដេក​ដួល​នៅ​ក្បែរ​ដើម​រុក្ខា​ជា​ទី​ណាត់​សង​ជីវិត។
​អ្នក​ជំនួញ​ដែល​រំលឹក​ដល់​កូនៗ និង​ភរិយា​មិន​អាច​ទប់​ចិត្ត​បាន ក៏​មក​អង្គុយ​យំ​រង់ចាំ​ការ​មក​ដល់​នៃ​គ្រោះមហន្ដរាយ​ដែល​នឹង​ចូល​មក​ដល់។
​ភា្ល​មនោះ ក៏​មាន​លេច​ចេញ​អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់។ នោះ​ជា​បុរស​ចំណាស់​ម្នាក់​ដែល​ដៃ​មាន​បណ្តើរ​សត្វ​ក្ដាន់ ច្រវាក់​ភ្ជាប់​ទៅ​នឹង​ក​មក​តាម​ជាមួយ​ដែរ​។​
​គាត់​បាន​បញ្ចេញ​ទឹកមុខ​ងឿងឆ្ងល់ កាល​បើ​ឃើញ​អ្នក​ជំនួញ​ស្លៀកពាក់​ស្អាតបាត​ម្នាក់​មក​អង្គុយ​យំសោក​នៅ​ទី​រហោស្ថាន​នេះ?
​តា​ចាស់​បាន​ជម្រាប​សួរ​អ្នកជំនួញ​នេះ ហើយ​បាន​និយាយ​ទៅ​គាត់​ថា៖
«​មូល​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​កន្លែង​អង្គុយ​យំ​ទី​ស្ងាត់​នេះ​តែ​ម្នាក់ឯង​? តើ​អ្នក​មិន​ដឹង​ទេ​ថា ដី​នេះ​មាន​អារក្ស​ខ្លាំង​ពូកែ​ម្នាក់?»
​ហេតុ​នេះ​ហើយ អ្នក​ជំនួញ​ចាប់ផ្តើម​ប្រាប់​តា​ចាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង ​ចំពោះ​គាត់​យ៉ាង​អយុត្តិធម៌ ជាមួយ​នឹង​មូលហេតុ​នៃ​ការ​ដែល​ត្រូវ​មក​អង្គុយ​រង់ចាំ​ស្លាប់​នៅ​ទីនេះ។
​នៅ​ពេល​ដែល​តា​ចាស់​យល់​ការ​អស់​ហើយ ក៏​ហួស​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ឡើង​ថា៖
«​ដោយ​បរមី​ព្រះ​អា​ឡោះ​! ឱ​បង​ប្រុស​របស់​ខ្ញុំ​! ចិត្ត​ស្មោះស្ម័គ្រ​របស់​អ្នក គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​រឿង​របស់​អ្នក គឺ​ពិតជា​អស្ចារ្យ​ណាស់​! វា​នឹង​ក្លាយ​ជា​មេរៀន​មួយ​សម្រាប់​ព្រះ​ដែល​នឹង​ទុក​ទូន្មាន​អ្នក​ក្រោយៗ​ណា​ដែល​មិនទាន់​ស្មាន​ដល់​ថា ដី​នីមួយៗ​សុទ្ធតែ​មាន​អ្នក​រស់នៅ គ្រាន់តែ​យើង​អាច​មើល​ឃើញ​ឬ​អត់​ប៉ុណ្ណោះ?»
​អ្នក​ជំនួញ​ចាប់ផ្ដើម​យំ ហើយ​រៀបរាប់៖
«​ខ្ញុំ​អាន​សៀវភៅ​ល្អៗ​ជា​ច្រើន​លើ​លោក​នេះ តែ​ខ្ញុំ​មិន​ដែល​ដឹង​ពី​រឿង​នេះ​ថា មាន​កូន​អារក្ស​តូច​ច្រមក់​ដែល​អាច​ស្លាប់​ព្រោះតែ​បំពង់​ទឹក​មួយ?»
​តា​ចាស់​អង្គុយ​ចុះ ហើយ​ដកដង្ហើម​ធំ​និយាយ​ថា​៖
«​ដោយ​អំណាច​នៃ​ព្រះ​អាឡោះ​! ឱ​បងប្រុស​ដ៏​ល្អ​របស់​ខ្ញុំ​! ខ្ញុំ​នឹង​នៅ​កំដរ​អ្នក ដោយ​មិន​ចាកចេញ​ទៅ​ទី​ណា​ទាំង​អស់ រហូត​ដល់​ខ្ញុំ​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អ្នក!»
​ហើយ​គាត់​នៅ​បន្ត​អង្គុយ​និយាយ​លេង​ជាមួយ​អ្នកជំនួញ​ដែល​ស្ទើរតែ​ត្រូវ​បាន​ទុក្ខសោក​ញាំញី​វិលវល់ និង​ទុក្ខព្រួយ​ដោយ​អំពើ​ហិង្សា ក៏​ដូច​ជា​ការ​ថប់​បារម្ភ​មិន​ដែល​មាន​ក្នុង​ជីវិត។
​ខណៈ​ដែល​ម្ចាស់​ក្តាន់​នៅ​អង្គុយ​លើកទឹកចិត្ត​បុរស​អ្នកជំនួញ​កម្សត់ ស្រាប់តែ​លេច​ចេញ​ស្ត្រី​ម្នាក់​បណ្តើរ​ឆ្កែ​ខ្មៅ​ពីរ​មក​ដល់។
​ដូច​កាល​ពី​ដំបូង​នៃ​ម្ចាស់​ក្តាន់​ដែរ នាង​ហាក់​ពិបាក​ចិត្ត ពេល​ឃើញ​ទឹក​មុខ​បុរស​ទាំង​ពីរ ហើយ​មិន​អាច​ទប់​ចិត្ត​មិន​ដឹង​មិន​ឮ​បាន។
​នាង​បាន​សួរ​ពួក​គេ ដូច្នេះ​បុរស​ទាំង​ពីរ​ក៏​បាន​ប្រាប់​រៀបរាប់​សាច់រឿង​ទាំងមូល​តាំងពី​ការចាប់ផ្តើម​រហូត​ដល់​ចុង​បញ្ចប់ ធ្វើ​ឱ្យ​នារី​ម្ចាស់​ឆ្កែ​មិន​អាច​ដើរ​បន្ត​ទៅមុខ​ទៀត​បាន ហើយ​សម្រេច​ចិត្ត​នៅ​អង្គុយ​ចូលរួម​ទុក្ខសោក។
​បន្តិច​ក្រោយ​មក បុរស​ក្មេង​មុខ​មាត់​ស្រស់ថ្លា​ក្នុង​នាម​ជា​អភិជន​ម្នាក់ បាន​ដើរមក​ដល់​ទៀត ហើយ​ក៏​សួរ​នាំ​ដូច​គ្នា​នេះ​ទៀត។
​បុរស​នោះ​មាន​បណ្តើរ​សត្វ​លា​មួយ ហើយ​បាន​បញ្ចេញ​ភាព​ទុក្ខសោក​ស្ម័គ្រ​ចូលរួម​អង្គុយ​ចាំ​មើល​ជោគវាសនា​អ្នកជំនួញ​កម្សត់​ជាមួយគ្នា។
មិន​យូរ​ប៉ុន្មាន ស្នូរ​ផ្គរ​រហែក​មេឃ​បាន​កើត​មាន​ឡើង ធូលី​ដី​ហុយ​សំពោង ធ្វើ​ឱ្យ​គ្រប់​គ្នា​ភិត​ភ័យ​ ហើយ​បិទ​ភ្នែក។
​កំនួច​ខ្យល់​បាន​កួច​ធំ​ឡើង ក្លាយ​សសរស្តម្ភ​ធំ​មួយ​ខិត​ចូល​មក​កាន់​តែ​ជិត​ពួក​គេ​យ៉ាង​កញ្ជ្រោល​បោក​បាច។
​ទម្រាំ​វា​ស្ងាត់​បន្តិច​ម្តងៗ ហើយ​រលាយ​ទៅ​វិញ​សន្សឹមៗ អារក្ស​បង្ហាញ​ខ្លួន​ជាមួយ​ដាវ​មុត​មួយ​នៅក្នុង​ដៃ​។​
​ភ្នែក​ទាំង​ពីរ​របស់​អា​រក្ស​ចេញ​ផ្កា​ភ្លើង​កំហឹង ដើរ​ឆ្ពោះ​មក​ទើមៗ មិន​រវល់​នឹង​អ្នក​ណា​ទាំង​អស់ លូក​ដៃ​វែងៗ​ដែល​មាន​រោម​ក្រាស់​ឃ្មឹក អូស​ទាញ​អ្នក​ជំនួញ​ត្រដាបត្រដួស​ចេញ​មក​វាល​។​
​អ្នក​ជំនួញ​យំ​ហើយ​យំ​ទៀត ធ្វើ​ឱ្យ​អ្នក​ផ្សេង​ទាំង​បី​ទ្រហោយំ​តាម និង​ស្រែក​កាន់​ទុក្ខ​រំពង​ព្រៃ​។​
​អារក្ស​ឈប់​ដៃ ហើយ​ងាក​មក​សួរថា​៖
«​ហេតុ​អ្វី​គ្រប់​គ្នា​អាណិត​ឃាតករ​ម្នាក់​!? យើង​បាន​យល់​ដល់​ព្រះ​អា​ឡោះ ទុក​ពេល​ឱ្យ​គេ​រៀបចំ​ជីវិត​គ្រួសារ​គេ​ស្រេច​បាច់​ហើយ មាន​អី​ត្រូវ​យំ​ស្តាយ​ទៅ​?!»
​តា​ចាស់​ជា​ម្ចាស់​ក្តាន់​ងើប​ឡើង ហើយ​បាន​ដើរ​ទៅ​ថើប​ដៃ​របស់​អារក្ស​ដើម្បី​និយាយ​អង្វរ​ថា​៖
«​ឱ​អារក្ស​! អ្នក​ជា​បរិស័ទ​ឥស្លាម​ដ៏​កម្រ​! ចុះ​តើ​អ្នក​ហ៊ាន​ភ្នាល់​ដែរ​ទេ​ថា ប្រសិនបើ​ខ្ញុំ​អាច​និយាយ​ប្រាប់​រឿង​ពិត​របស់​ខ្លួន​ខ្ញុំ ហើយ​អាច​ធ្វើឱ្យ​អ្នក​ប្រែ​ទៅ​ជា​អស្ចារ្យ​តាម​ការ​តំណាល​នេះ អ្នក​ព្រម​ប្រគល់​ឈាម​អ្នក​ជំនួញ​នេះ​៣០​ភាគរយ​មក​ឱ្យ​ខ្ញុំ​បាន​ទេ​?!»

អារក្ស​សើច​ក្អាកក្អាយ ហើយ​តបត​៖
«​តាំង​ពី​កូន​យើង​ស្លាប់បាត់ យើង​មិន​ជឿ​ថា លើ​លោក​នេះ​អាច​មាន​និទាន​ណា​ដែល​យើង​ស្តាប់​ហើយ មាន​រស​អារម្មណ៍​ឡើង​វិញ​នោះ​ឡើយ​! ឯង​ច្បាស់​ជា​ចាញ់​! និយាយ​មក​ចុះ​!»
​ពួកគេ​ក៏​ថយ​មក​អង្គុយ ហើយ​តា​ចាស់​ចាប់ផ្តើម​និទាន​ដោយ​លូក​ដៃ​អង្អែល​សត្វ​ក្ដាន់។
«​នេះ​គឺ​ជា​កូន​ស្រី​របស់​ពូ​ខាង​ឪពុក​ខ្ញុំ! តាម​ថា នាង​ជា​សាច់​ឈាម​នៃ​ខ្ញុំ តែ​ខ្ញុំ​ត្រូវ​ចាស់ៗ​ឱ្យ​រៀប​ការ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​តាំងពី​នាង​នៅ​ក្មេង​នៅ​ឡើយ​! ខ្ញុំ​មាន​ឈាម​ជ័រ​ជា​អ្នក​ជំនួញ ខ្ញុំ​ស្រលាញ់​ថ្នាក់ថ្នម​នាង ហើយ​តែង​រក​គ្រប់​យ៉ាង​មកឱ្យ​នាង​! ប៉ុន្តែ​អកុសល យើង​រស់នៅ​ជាមួយគ្នា​ប្រហែល​១៥​ឆ្នាំ​កន្លង​ទៅ នៅ​តែ​មិន​ត្រូវ​បាន​ព្រះ​អាឡោះ ប្រទាន​ពរ​កូន​សូម្បី​តែ​មួយ​! ដូច្នេះ​ខ្ញុំ​បាន​រើស​យក​ស្រី​ទាសករ​ស្លូតបូត​ម្នាក់​មក​ជា​ប្រពន្ធ​ទី​ពីរ!
​ពួក​យើង​ស្រាប់​តែ​បាន​ព្រះ​ប្រទាន​ពរ​នូវ​កូន​ប្រុស​ឆ្លាត​ថ្លោស​មួយ រូបរាង​ស្អាត​ផូរ ដូច​ជា​ព្រះ​ចន្ទ​ពេញ​បរ​មី ភ្នែក​ដូច​ត្បូង​ថ្ម និង​ចិញ្ចើម​មាន​រាង​កោង​ជា​ធ្នូ មាន​ឫទ្ធា ថែម​ទាំង​មាន​អវយវៈ​ឥត​ខ្ចោះ​! តាំងពី​ពេល​ដែល​ភរិយា​ក្រោយ​បាន​បង្កើត​នាយ​មក ទ្រព្យ​យើង​បាន​កើន​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​គាត់​បាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្រៀន​គេ​ធ្វើ​ជំនួញ! នៅ​ក្នុង​ការ​រំពឹង​ទុក​ថា ពុក​កូន​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​ដើម្បី​ដេញ​យក​ភាគហ៊ុន​ធំ​នៃ​ទំនិញ​សូត្រ​ព្រែ!
​ខ្ញុំ​មិន​បាន​ដឹង​សោះ​ទេ​ថា ក្នុង​រយៈ​ពេល​នោះ ភរិយា​ទី​មួយ​របស់​ខ្ញុំ​កើត​ចិត្ត​ច្រណែន​នឹង​កូន​ប្រុស​ រហូត​បាន​លួច​សិក្សា​វិជ្ជា​ធ្មប់! ក្នុង​កំឡុង​ពេល​ខ្ញុំ​ទៅ​កាន់​រាជធានី​ទាក់ទង​អ្វីៗ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​របស់​យើង នាង​ជីដូន​មួយ​ខ្ញុំ​បាន​សូត្រ​គាថា​ផ្លាស់ប្តូរ​កូន​ប្រុស​ខ្ញុំ​ឱ្យ​ទៅ​ជា​កូន​គោ​ស្ទាវ​មួយ និង​ម្តាយ​របស់​គេ​ក្លាយ​ជា​មេគោ​! នាង​តែងតែ​គង្វាល​សត្វ​២​នេះ ហើយ​រង់ចាំ​ខ្ញុំ​មក​វិញ​! ដោយសារ​ស្ថានភាព​ធាតុ​អាកាស ខ្ញុំ​បាន​នៅ​សំចត​ច្រើន​ថ្ងៃ ទម្រាំ​នឹង​បាន​វិល​មក​ផ្ទះ​! នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​ក៏​បាន​សួរ​រក​កូន​ប្រុស និង​ម្តាយ​របស់​គេ ព្រោះ​នឹករលឹក!»
​អ្នក​ដឹង​ទេ នាង​បាន​កុហក​ខ្ញុំ​ថា​៖
«​ស្រី​បម្រើ​ដែល​លោក​បាន​លើក​មក​ជា​ប្រពន្ធ​ បាន​ផុតដង្ហើម​ស្លាប់​ដោយសារ​ផ្តាសាយ​ធ្ងន់​ទៅ ​ហើយកូន​ប្រុស​បាន​ខូច​ចិត្ត ហើយ​ទាញ​សេះ​ជិះ​គេច​ខ្លួន​ពី​លំនៅ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទៅ​រក​គេ​នៅ​ឯណា​ផង​ទេ!
​ខ្ញុំ​ឮ​ហើយ មានតែ​សម្រក់​ទឹកភ្នែក​កាន់​ទុក្ខ និង​រក្សា​បេះដូង​យំយែក​រាប់​ខែ មិន​ព្រម​ប៉ះពាល់​នាង​ប្រពន្ធ​ដើម​ឡើយ​!
​រហូត​ដល់​បុណ្យ​ថ្វាយ​បូជាយញ្ញ​មក​ដល់ ភរិយា​ខ្ញុំ​បាន​រៀបចំ​ពិធី​យ៉ាង​ធំ​មួយ ហើយ​ចាត់ចែង​គង្វាល​សត្វ​គោ​មេ និង​កូន​ស្ទាវ​គួរ​ឱ្យ​អាណិត​មួយ​គូ​ចូល​មក​ដល់​!
​នាង​បាន​បញ្ជា​ឱ្យ​ខ្ញុំ​ជ្រើសរើស​គោ​មក​ប្រហារ!
​ខ្ញុំ​មិន​មាន​ចិត្ត​ធ្វើ​វា​ទេ អ៊ីចឹង​ហើយ​នាង​ដូចជា​មួម៉ៅ​រុញ​មេគោ​នោះ​មក​ឱ្យ​ខ្ញុំ​! ខ្ញុំ​សម្លឹង​ទៅ​គោ​នោះ​ ហើយ​នាង​បាន​ហុច​កាំបិត​យ៉ាង​មុត​ស្រួច​មក​ក្នុង​ដៃ​ខ្ញុំ​បង្ខំ​ឱ្យ​ប្រល័យ ដោយ​ស្រែក​ថា​ដល់​ពេល​ហើយ! នាង​ថា ព្រះ​នឹង​មិន​ឱ្យ​ប្រពន្ធ​កូន​ខ្ញុំ​ដែល​ស្លាប់​នោះ​បាន​ចាប់ជាតិ​ទេ បើ​ខ្ញុំ​មិន​បូជា​សត្វ​! ខ្ញុំ​បង្ខំ​ចិត្ត​សម្លាប់​មេគោ ហើយ​វា​បាន​ថ្ងូរ​វេទនា​នៅ​លើ​ដី​មុន​ពេល​ស្លាប់​!
​ដូច្នេះ​ខ្ញុំ​បោះ​កាំបិត​ចោល ឈប់​ធ្វើ​វា តែ​ភរិយា​ខ្ញុំ​បែរជា​ពេញ​ដោយ​ហិង្សា ហើយ​ស្រែក​បញ្ជា​ឱ្យ​អ្នក​គង្វាល​សត្វ​សម្លាប់ ហើយ​ពន្លាត់​ស្បែក​របស់​មេគោ​ទៀត!
​ពួកគេ​មិន​បាន​រកឃើញ​ខ្លាញ់ ឬ​សាច់​អ្វី​នោះ​ទេ មេគោ​ស្គម​មាន​តែ​ស្បែក​និង​ឆ្អឹង ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​វិប្បដិសារី។»
​ភរិយា​ឃោរឃៅ​របស់ខ្ញុំ​នៅ​តែ​មិន​អស់ចិត្ត នាង​ងាក​ទៅ​បង្គាប់​គង្វាល​ថា៖
«​ចូរ​ឯង​យក​កូន​គោ​ដែល​មាន​ខ្លាញ់​ច្រើន​មួយ​នោះ​មក​វិញ​!»
​វា​បាន​នាំយក​កូន​ប្រុស​ជំទង់​របស់ខ្ញុំ​មក​ដាក់​ក្បែរ​កំភួន​ជើង​ខ្ញុំ​! ហើយ​នៅ​ពេល​ដែល​បាន​មក​ដល់​ក្បែរ​ខ្ញុំ​ហើយ កូន​គោ​បាន​ស្រែក​យំ​ហូរ​ទឹកភ្នែក​រហាម ធ្វើ​ឱ្យ​ខ្ញុំ​មាន​ចិត្ដ​អាណិតអាសូរ​ក្រៃលែង ដូច្នេះ​ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ភ្ញៀវ​ក្រីក្រ​ម្នាក់ ​ដែល​មក​រង់ចាំ​ទទួលយក​ការ​ចែកទាន​នោះ​ថា យើង​ឱ្យ​គោ​មួយ​នេះ​ទៅ​ឯង ចូរ​ឯង​ថែទាំ​វា​ឱ្យ​ល្អ​! ពុំ​នោះ​ខ្ញុំ​មិន​លើកលែង​ទេ!
​នៅ​ថ្ងៃ​បន្ទាប់ អ្នក​នោះ​ស្រាប់តែ​បាន​វិល​ត្រហេបត្រហប​មករក​ខ្ញុំ ហើយ​និយាយ​ថា​៖
«​ឱ​ម្ចាស់​របស់​ខ្ញុំ! តើ​ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ឬ​អ្វី?»
​ខ្ញុំ​ឆ្ងល់​ណាស់​ក៏​សួរ​ភ្លាម​ថា៖
«​ឯង​ធ្វើ​អ្វី​កូន​គោ​កម្សត់​នោះ​ហើយ?»
​អ្នក​នោះ​ឆ្លើយ​វិញ​ថា​៖
«​អ្នក​ជំនួញ​ដ៏​សប្បុរស​អើយ​! ខ្ញុំ​មាន​កូនស្រី​ម្នាក់​ដែល​បាន​រៀន​ហោ​រា និង​គម្ពីរ​សាស្ត្រា​ទាំងឡាយ​លើ​លោក​! យប់មិញ​គាត់​បាន​ជួប​សត្វ​គោស្ទាវ ហើយ​អៀន​ជា​ខ្លាំង ទាញ​ស្បៃ​បិទ​បាំង​មុខ​! លុះ​ពេល​សួរ គាត់​ប្រាប់​ថា ពុក​អើយ​! គោ​នេះ​តាម​ពិត​ជា​យុវជន​មក​ពី​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​ថ្កើង​មួយ​! ខ្ញុំ​ឮ​ហើយ​បាន​សម្លឹង​មើល​ទៅ​កូន​គោ បន្ទាប់​មក​កូនស្រី​ខ្ញុំ​បាន​សើច ហើយ​និយាយ​ពន្យល់​ថា ឱ​ឪពុក​អើយ! អ្នក​នោះ​ជា​កូនប្រុស​របស់​សេដ្ឋី​ដែល​មានចិត្ត​សប្បុរស​នោះ​ហើយ គេ​ត្រូវ​មន្ត​គាថា​! ទាំង​ពីរ​នាក់ គាត់​និង​ម្ដាយ​បាន​ក្លាយទៅជា​សត្វ​គោ​!»
​ឱ​អារក្ស​អើយ ពាក្យ​របស់​ស្មូម​នេះ​បាន​នាំ​ខ្ញុំ​ឱ្យ​ចាក​ចេញ​វឹង​ទៅ​ជាមួយ​គាត់ ដោយ​អរ​ភ្លេច​ទាំង​ថ្លែង​នូវ​សេចក្ដី​អំណរ​គុណ​អ្វី​ទាំង​អស់!
​យើង​បាន​មក​ដល់​ផ្ទះ​ក្នុង​សង្កាត់​ក្រីក្រ​ដែល​ជា​កន្លែង​របស់​កូនស្រី​គាត់ ហើយ​នាង​ក៏​បាន​ស្វាគមន៍​ខ្ញុំ​!
​ខ្ញុំ​បាន​និយាយ​សួរ​ទៅ​កូនស្រី​អ្នក​គង្វាល​សត្វ​នេះ​ថា តើ​ជា​ការ​ពិត​ដែរ​ទេ ​ដែល​អ្នក​បាន​ពោល​ថា​ កូន​គោ​នេះ​ជា​កូន​ប្រុស​ខ្ញុំ?
​នាង​បាន​ឆ្លើយថា​៖
«​ចា​ស! ឱ​ម្ចាស់​របស់​ខ្ញុំ​! គាត់​គឺ​ច្បាស់​ណាស់​ជា​បុត្រា​របស់​អ្នក​!»
​ខ្ញុំ​ប្រញាប់​បញ្ជា​ថា​៖
«​ចូរ​នាង​សង្គ្រោះ​គេ ហើយ​យើង​នឹង​ជូន​សា​គុណ​តម្លៃ​ឥត​គណនា​តាមតែ​នាង​ចង់​សោយសុខ​!»
​ពេលនោះ​នាង​បាន​ញញឹម ហើយ​និយាយ​ថា​៖
«​ឱ​ម្ចាស់​របស់​ខ្ញុំ​! ខ្ញុំ​មិន​មាន​បំណងប្រាថ្នា​សម្រាប់​អចលនទ្រព្យ​អ្វី​ទេ លុះត្រាតែ​អ្នក​ព្រម​នូវ​លើ​លក្ខខណ្ឌ​ពីរ​! ជា​លើក​ដំបូង​នោះ គឺ​នឹង​រៀបការ​ជា​កូនប្រសា​លោក​! និង​ទី​ពីរ សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្រើ​គាថា​ទៅ​លើ​ភរិយា​ដើម​ដ៏​ឃោរឃៅ​នោះ! បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​មិន​មាន​សុវត្ថិភាព​ចិត្ត​ធ្មប់​របស់​នាង​ឡើយ!»
​ខ្ញុំ​ងក់​ក្បាល​យល់​ព្រម ហើយ​និយាយ​ជាមួយ​នាង​ថា​៖
«​កូនប្រសា​ដ៏​ល្អ​! ចូរ​ជួយ​សង្គ្រោះ​ប្តី​របស់​អ្នក ហើយ​អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែរក្សា​របស់​យើង យើង​នឹង​ចែក​ពាក់កណ្តាល​ទៅ​ឱ្យ​ឪពុក​អ្នក​! ចំណែក​ស្រី​ធ្មប់ បងប្អូន​ជីដូន​មួយរ​បស់​ខ្ញុំ សូម្បី​តែ​ឈាម​របស់​នាង​នឹង​ទៅ​ជា​សិទ្ធិ​អ្នក! អ្នក​ធ្វើ​អ្វី​គេ​ក៏​បាន ឱ្យ​សម​នឹង​ទោស​របស់​គេ​ដែល​បង្ខំ​ឱ្យ​យើង​សម្លាប់​ភរិយា​!»
​ដូច្នេះ​នៅ​ពេល​ដែល​នាង​បាន​ឮ​ពាក្យ​សច្ចា​នេះហើយ ក្មេងស្រី​ជំទង់​បាន​យក​ពែង​មួយ មាន​ទឹក​ពេញ! នាង​បាន​សូត្រ​គាថា​ម្តង​ហើយ​ម្តងទៀត រួច​ទើប​ស្រោច​ទៅលើ​គោ​ស្ទាវ ដោយ​និយាយ​ថា ​”បើសិន​ជា​ព្រះ​អាឡោះ បាន​បង្កើត​អ្នក​មក​ជា​មនុស្ស​មែន ចូរ​អ្នក​វិល​មក​រក​រូប​ដើម​!” នាង​សូត្រ​ហើយ​សូត្រ​ទៀត ក្រោម​ចិត្ត​រង់ចាំ​អន្ទះសា​របស់ខ្ញុំ រហូត​ដល់​គេហដ្ឋាន​ត្រូវ​រញ្ជួយ ហើយ​គោស្ទាវ​បាន​ក្លាយ​មក​ជា​បុរស​ពេញលេញ​ម្នាក់ គឺ​កូន​ខ្ញុំ​ទាំង​សាច់​ទាំង​ឈាម!
​ខ្ញុំ​ភាន់ភាំង ហើយ​ផ្តួល​ខ្លួនឯង​លើ​គាត់ ហើយ​ស្រែក​យំ​ថា​៖
«​ព្រះ​អាឡោះ​ឱ្យ​មក​ខ្ញុំ​ទាំង​អស់​វិញ​ហើយ នូវ​កូន​ប្រុស​សំណព្វ​នេះ​! អំពើ​ដែល​ជីដូន​មួយ​ដ៏​កំណាច​របស់​ខ្ញុំ​បាន​ធ្វើ​លើ​ម្ដាយ​របស់​គេ​និង​រូបគេ គឺ​ទាក់ទង​ទៅ​នឹង​កំហុស​របស់​ខ្ញុំ​ទាំងអស់​! ឱ​កូន​អើយ​! ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឱ្យ​ស្រី​កល្យាណ​នេះ​ជា​អ្នក​រំដោះ​កូន​! ខ្ញុំ​បាន​ចាត់​ឱ្យ​អ្នក​រៀបការ​ជាមួយ​នាង តើ​កូន​អាច​ថែរក្សា​សន្យា​ឪពុក​ទេ​? ឱ​អារក្ស​អើយ​! កូនប្រុស​ខ្ញុំ​ពិត​ជា​ដឹង​គុណ និង​ស្រលាញ់​លើ​ចិត្ត​សន្តោស​នៃ​កូន​ស្រី​អ្នក​ក្រីក្រ​នោះ​គ្មាន​ទាស់​អ្វី​ឡើយ​!»
​គេ​បាន​យល់​ព្រម​ភ្លាម ហើយ​គិត​រៀប​គម្រោង​ទៅ​ដល់​ការ​សង​កំហឹង​លើ​ធ្មប់​កំណាច​ជូន​ម្តាយ​ដែល​ស្លាប់​យ៉ាង​កម្សត់!
​នៅ​ល្ងាច​ដដែល​នោះ កូនប្រសា​ខ្ញុំ​បាន​សូត្រ​ឱ្យ​ខ្ញុំ​នូវ​ទឹក​មួយ​ផ្តិល​!
​ខ្ញុំ​បាន​កាន់​វា​ទៅ​កាន់់​សួន​ច្បារ​កន្លែង​ ដែល​នាង​កំណាច​ជា​ប្រពន្ធ​ដើម​របស់ខ្ញូំ​តែងតែ​អង្គុយ​រៀន​អំពើ​ធ្ម​ប់!
​ដោយ​មិន​ឱ្យ​វា​ដឹងខ្លួន ខ្ញុំ​បាន​ចាក់​ទឹកមន្ត​ទៅ​ពី​ក្រោយ ហើយ​ស្រែក​ថា ចូរ​នាង​ក្លាយ​ជា​ក្តាន់ ប្រសិន​បើ​នាង​ពិត​ជា​បាន​ធ្វើ​បាប​លើ​ម្តាយ​កូន​ទាំង​ពីរ​!
​ប្អូនស្រី​ជីដូនមួយ​ខ្ញុំ​នេះ​បានក្លាយ​មក​ជា​សត្វ​ក្តាន់ ​ដែល​ខ្ញុំ​បាន​នាំ​មក​ជាមួយ​នេះ​ហើយ​! នេះ​ឯង​ជា​រឿងរ៉ាវ​ពិត​របស់​ខ្ញុំ!»
​អារក្ស​បាន​ស្រែក​ឡើង​ថា​៖
«​ឱ​នេះ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​! ល្អ​ណាស់​! យើង​ព្រម​រក្សា​សម្តី​ផ្ដល់​ឱ្យ​អ្នក​ឯង​១​ភាគ​៣​នៃ​ឈាម​របស់​អ្នក​ជំនួញ​នេះ​! តែ​នៅ​សល់​២​ភាគ​៣​ទៀត វា​ត្រូវ​តែ​ស្លាប់​!»
​ឮ​ដូច្នេះ ស្ត្រី​ជា​ម្ចាស់​ឆ្កែ​ខ្មៅ​ពីរ​ក៏​ងើប​ឡើង​មក​រក​អារក្ស ហើយ​សំណូមពរ​ភ្លាម​ថា៖
«​ឱ​អារក្ស​ដ៏​មាន​គតិ​! ចុះ​ប្រសិនបើ​ខ្ញុំ​នឹង​ឱ្យ​អ្នក​ឯង​ដឹង​នូវ​រឿងរ៉ាវ​ដ៏​ចម្លែក និង​អស្ចារ្យ​របស់​ឆ្កែ​ខ្មៅ​ទាំង​ពីរ​នេះ តើ​ខ្ញុំ​អាច​សុំ​១​ភាគ​៣​នៃ​ឈាម​ពាណិជ្ជករ​អភ័ព្វ​នេះ​ដែរ​ឬ​យ៉ាង​ណា​?»
​អារក្ស​ឆ្លើយ​ភា្លម​ថា​៖
«​ទាល់តែ​រឿង​នោះ​យើង​ទទួល​យល់​ស្រប​ថា វា​ពិតជា​ស្តាប់​ហើយ​អស្ចារ្យ​បំផុត​!»
……………………………………..
​នាង​ងក់ក្បាល ហើយ​ចាប់ផ្តើម​តំណាល៖
«​ខ្ញុំ​ជា​កូនស្រី​ពៅ​នៃ​អ្នកជំនួញ​សំពត់​ព្រែ ដែល​កំព្រា រស់នៅ​ជាមួយ​បង​ស្រី​២​នាក់! ពួកយើង​មាន​ទ្រព្យ​ស្មើ​គ្នា​ពី​ការ​បន្សល់​របស់​ពុក​ម្តាយ!
​ក្រោយ​មក បងៗ​បាន​រៀបការ ហើយ​ចាកចេញ​! ទុក​ឱ្យ​ខ្ញុំ​នៅ​ថែ​ទាំង​ហាង​សូត្រ​កំព្រា​តែ​ម្នាក់​ឯង​! ច្រើន​ឆ្នាំ​ឆ្លង​ផុត ខ្ញុំ​ខំ​រកស៊ី​ទាំង​យប់​ថ្ងៃ​ដូច​ជា​មនុស្ស​ប្រុស មិន​នឹក​ស្មាន​ថា បង​ស្រី​ច្បង​បង​ស្រី​ធំ​ស្រាប់តែ​វិល​មក​វិញ​ក្នុង​ស្ថានភាព​ជា​ស្មូម គ្មាន​ប្រាក់​មួយ​កាក់​ណា​ឡើយ!
​ខ្ញុំ​បាន​អាណិត​អាសូរ ទទួល​គាត់​មក​ទុក​ដូចជា​ថៅកែ​ម្នាក់ ចែក​ចំណែក​លុយកាក់​ឱ្យ​គាត់ ហើយ​ប្រាថា្ន​រួមរ​ស់សុខសាន្ត​យ៉ាង​សប្បាយ​ចិត្ត!
​មិន​យូរ​ប៉ុន្មាន បង​ស្រី​ទី​២​ក៏​វិល​ត្រលប់​មក​វិញ​ទៀត​!
​គាត់​ត្រូវ​ប្ដី​បណ្ដេញ​ចេញ ព្រោះ​គ្មាន​កូន! ខ្ញុំ​បាន​ទទួល​គាត់​ទៀត ព្រោះ​សង្ឃឹម​ថា គ្មាន​អ្នក​ណា​អាច​បំបែក​បងប្អូន​យើង​ទៀត​នោះឡើយ​! ខ្ញុំ​ក៏​បាន​ចែក​ទ្រព្យសម្បត្តិ​ខ្លះ​ឱ្យ​ដល់​គាត់​ដើម្បី​តុបតែង និង​ចាយ​វាយ​កសាង​សុភមង្គល​ជាមួយ​គ្នា!
​ទោះ​បី​យ៉ាង​ណា គាត់​មិន​បាន​ខំ​ជួយ​គ្នា​រកស៊ី​ខ្ញុំ​ឡើយ!
​ខ្ញុំ​ខ្លួន​ឯង​ដែល​តែងតែ​ត្រូវ​ចេញ​ដំណើរ​ទៅ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយៗ ប្រឈម​នឹង​ចោរព្រៃ​សព្វ​បែប​យ៉ាង​ ដើម្បី​គ្រួសារ!
​ចុង​ក្រោយ​ខ្ញុំ​មាន​ការ​កុម្ម៉ង់​ទិញ​ធំ​មួយ​នៅ​ស្រុក​ចិន ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​សំពៅ ព្រោះ​ត្រូវ​ជញ្ជូន ទំនិញ​ជា​ច្រើន!
​ពេល​ឃើញ​ខ្ញុំ​គន់គូរ​ដឹង​ថា នឹង​ទទួល​បាន​កម្រៃ​ឥត​គណនា​ពី​ទំនិញ​អស់​នោះ បងស្រី​ទាំង​ពីរ​ក៏​ទាមទារ​ថា នឹង​ចេញ​ដំណើរ​ជា​មួយ​ដែរ​! ខ្ញុំ​មិន​មាន​អ្វី​បដិសេធ​ទេ​!
​សំពៅ​ឆ្ពោះទៅ​នគរ​ចិន​បាន​ត្រឹម​ពាក់កណ្តាល​សមុទ្រ ស្រាប់តែ​អាកាសធាតុ​ខ្មៅ​ងងឹត រលក​កំណាច​បង្ហាញខ្លួន​ជាមួយ​ព្យុះ សំពៅ​បាត់​គោលដៅ ធ្វើ​ឱ្យ​វិលវល់​វង្វេង​លែង​ស្គាល់​ទិស រសាត់អណ្តែត​ទៅ​ដល់​ទី​ក្រុង​ដ៏​ចម្លែក​មួយ​!
​គ្មាន​អ្នកណា​ដែល​ធ្លាប់បាន​និយាយ​ថា បាន​ស្គាល់​ទីនេះ ឬ​មក​កាន់​ទី​នេះ​ទាល់​តែ​សោះ!
​តែ​ដោយសារ​ការ​វង្វេង​លើ​ទូក​យូរពេក ធ្វើ​ឱ្យ​យើង​អស់​ស្បៀង​អាហារ ខ្ញុំ​បាន​គិត​នឹង​បង​ស្រី​ថា មិន​ចង់​វិល​ទៅ​វិញ​បាត​ដៃ​ទទេ សូត្រ​ព្រែ​ក៏​យើង​មាន យើង​អាច​សាកល្បង​រក​ទាក់ទង​ឈ្មួញ​នៅ​ទឹកដី​ចម្លែក​ដើម្បី​មាន​លុយកាក់​បន្តជីវិត​!
​ខ្ញុំ​នាំ​ទាសករ​ពីរ​នាក់​ចូល​ទៅ​កាន់​ទីក្រុង​ពិនិត្យ តែ​បង​ទាំង​ពីរ​នៅ​សម្រាក​លើ​ទូក​ចាំ​។​
….​ពេល​រសៀល​ហើយ​។​
​នៅ​តាម​ផ្លូវ​គ្រប់យ៉ាង​ស្ងាត់​ណាស់ ពិតជា​គ្មាន​ឡើយ​ក្តី​សង្ឃឹម​ថា​អាច​នឹង​បង្កើត​ទីផ្សារ​មួយ​នៅ​ទីនេះ​តាម​ការគ្រោងទុក​។​
​មនុស្ស​តែ​ម្នាក់​ក៏​គ្មាន មាន​តែ​លំនៅ​ដែល​រហោស្ថាន​ត្រូវ​បាន​គេបោះបង់​ចោល ចុះ​តើ​ពួក​មនុស្ស​នឹង​ទៅ​ណា​អស់​ទៅ?
​ទោះបី​ភ័យ​ខ្លាច តែ​ចិត្ត​មួយ​គិត​ថា ទី​ក្រុង​ទាំង​មូល​មុខ​តែ​មាន​គ្រឿង​បរិភោគ​ខ្លះ​ដែល​យើង​អាច​ជញ្ជូន​ឡើង​សំពៅ​សម្រាប់​ទ្រទ្រង់​ការធ្វើដំណើរ​បន្ត​ទៀត?
​ខ្ញុំ​ជម្នះ​ការ​ភ័យខ្លាច​ដើរ​បន្ត​ទៅ​មុខ​ទៀត ស្រាប់តែ​បាន​ទៅ​ដល់​វិថី​ធំ​មួយ​ពេញ​ដោយ​ហាង​ស្រា ត្បូង និង​គ្រឿង​ផ្សេងៗ ចំណែក​មនុស្ស​ក្នុង​ហាង​នីមួយៗ ​សុទ្ធ​តែ​ជា​រូប​សំណាក​ថ្ម​គ្មាន​កម្រើក​ឡើយ​!
​ខ្ញុំ​ចាត់ចែង​ឱ្យ​ទាសករ​លើក​ដាក់​អីវ៉ាន់​លើ​សំពៅ ហើយ​ខ្ញុំ​បន្ត​ដើរ​ទៅ​រក​ស្រមោល​ប្រាសាទ​មួយ​ខ្ពស់​សន្លឹម ក្រឡេក​ពី​ទី​នេះ​ទៅ​! តើ​ប្រាសាទ​នេះ អាច​នឹង​លាក់​ទុក​នូវ​ឫសគល់​នាំ​អាថ៌កំបាំង​របស់​នគរ​ចម្លែក​ទាំង​ស្រុង​ទេ?
​ដោយ​ចិត្ត​ចង់​ដឹង​និង​សេចក្ដី​ក្លាហាន ខ្ញុំ​បាន​បន្ត​ម្នាក់​ឯង​ទៅ​មុខ​ក្នុង​ភាព​ស្ងាត់​សូន្យ​របស់​រាត្រីកាល រហូត​បាន​មក​ដល់​បរិវេណ​ខាង​ក្នុង​ប្រាសាទ​មិន​មាន​ហត់​នឿយ​អ្វី!
​ខ្ញុំ​ឃើញ​ទីនេះ​មាន​អុជ​ទៀន​ក្រអូប ភ្លឺ​រន្ទាល​ដូច​ជា​មហា​ប្រាសាទ​នៃ​អ្នក​មាន​ទ្រព្យ​មហាសាល​និង​ឫទ្ធានុភាព ចុះ​ហេតុ​អ្វី​រក​តែ​មនុស្ស​ម្នាក់​ក៏​គ្មាន​?
​ខ្ញុំ​លះបង់​ភាព​ភិតភ័យ ហើយ​ឈាន​បន្ថែម​ចូលទៅ​ក្នុង​ប្រាសាទ​កណ្តាល​! អ្នកណា​ម្នាក់​ប្រាកដជា​ពួន​នៅ​ទីនេះ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ជីវិត​ជីវ៉ា​ផ្សេង​ក្រៅ​ពី​ខ្ញុំ​ដែល​កំពុង​នៅក្បែរៗ​!
​ខ្ញុំ​មិន​បញ្ចេញ​សំឡេង​ខ្លាំង ប៉ុន្តែ​បន្ត​ដំណើរ​ដោយ​ប្រយ័ត្នប្រយែង​! ​តែ​ទោះ​បី​ជា​ត្រូវ​ដើរ​ដល់​អស់​កម្លាំង​ជើង ក៏​គ្មាន​មធ្យោបាយ​លុកលុយ​ចូល​អស់​វិមាន​ធំធេង​នេះ​ឡើយ! ​ខ្ញុំ​សម្រេច​ចិត្ត​ថ្វាយ​បង្គំ​ព្រះ និង​សម្រាក​យក​កម្លាំង! ​ខ្ញុំ​ថ្វាយ​បង្គំ​ចប់​តាម​គម្ពីរ​ឥស្លាម​ហើយ ក៏​ចាប់ផ្តើម​ស្រាយ​ទឹក​ផឹក និង​ផ្អែក​ខ្នង​សម្រាក លើ​កម្រាល​ថ្ម​មាន​តម្លៃ!
​ដោយ​លង់​មួយ​ភាំង​ទៅ​តាម​ខ្យល់​ត្រជាក់ ខ្ញុំ​ដឹង​ខ្លួន​មក​វិញ ព្រោះ​ភ្ញាក់​នឹង​ការ​សូត្រធម៌​យ៉ាង​ពីរោះ​លាន់​ឡើង​មក​តាម​ខ្យល់។
​មនុស្ស​ពី​ណា​សូត្រធម៌?
​ខ្ញុំ​ច្រត់​ខ្លួន​ក្រោក​ឡើង ហើយ​ញី​ភ្នែក​រកមើល។
​សំឡេង​ហាក់​លាន់​មក​ពី​ប្រាសាទ​មួយ​នៅ​ចុង​គេ ដូច្នេះ​ខ្ញុំ​ដើរ​លប​ៗ​ទៅ!
​ទ្វារ​ប្រាក់​ធំ​លលៃ​ភ្លឺ​រន្ទាល​បង្កប់​ដោយ​ត្បូង​ពណ៌​ស បិទ​ជិតឈឹង តែ​សំឡេង​បាន​លាន់​ចេញ​មក​រងំ​ខ្ទរ​លាយឡំ​នឹង​ក្លិន​ភ្លើង​ដុត​ចន្ទន៍​ក្រស្នា!
​ខ្ញុំ​លើក​ដៃ​រុញ​ទ្វារ ព្រោះតែ​ការ​ចង់ដឹង និង​លង់​ចំពោះ​សំឡេង​ស្មូត្រ​!
​អ្នក​សូត្រធម៌​ពិត​ជា​នៅ​ទីនោះ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​អរ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​ខ្ញុំ​ឡើយ ព្រោះ​គេ​កំពុង​អង្គុយ​បែរ​ខ្នង​មក​ក​ទ្វារ​!
​អ្នក​សូត្រធម៌​ទំនង​ជា​មនុស្ស​ប្រុស​ខ្ពស់​ស្តើង ហើយ​ជា​ឥស្លាម​សាសនិក​ដ៏​ស្រួចស្រាល​ទាំង​កាយវិកា​ថ្វាយបង្គំ ឬ​សំឡេង​សូត្រ​ពិត​ជា​ល្អ​ឥត​ខ្ចោះ!
​ខ្ញុំ​ពិត​ជា​រំភើប​នឹង​បុរស​នេះ ហើយ​កើត​មាន​សេចក្ដី​ស្នេហា​មួយ​រំពេច ព្រោះ​គោរព​ចរិត​សាសនា​ខ្ជាប់​របស់​គាត់!
​ដោយ​អត់ធន់​នឹង​សំឡេង​ក្រអួន​ពីរោះ​នោះ​ទៀត​លែង​បាន ខ្ញុំ​ចូល​ទៅ​ទាំង​ស្រុង​ពី​ក្រោយ​គាត់ ហើយ​និយាយ​ស្រទន់​ពីរោះ​ថា​៖
«​បុរស​ដ៏​ពិសេស​អើយ​! ហេតុ​អី​ទី​នេះ​ទាំងមូល​នៅ​សល់​តែ​អ្នក​? អ្នក​ជា​រាជ​បុរស ជា​រាជា​នៃ​នគរ​នេះ​ពិត​មែន​ដែរ​ទេ​?»
​រាជបុរស​នោះ​ឈប់​សូត្រ​បន្ទាន់ ហើយ​ក៏​ងាកខ្លួន​មក​មើល​! ​ទ្រង់​មាន​ព្រះ​ភក្ត្រ​មិន​ភ្ញាក់​មិន​ភ័យ តែ​មាន​អំណាច​ស្ងួតស្ងប់​!
​ខ្ញុំ​មិន​ដែល​ឃើញ​បុរស​ណា​មាន​សម្រស់​គួរឱ្យ​ចាប់​ចិត្ត​ដូច​ទ្រង់​ឡើយ​ក្នុង​ជាតិ​នេះ ទោះ​ខ្ញុំ​ជា​មនុស្ស​រកស៊ី​ព្រែ​តែង​បាន​ធ្វើដំណើរ​ទៅ​ជា​ច្រើន​កន្លែង​ទូទាំង​ពិភពលោក​ក្ដី!
​រាជបុរស​បាន​ងាក​មក​សួរនាំ​ខ្ញុំ​វិញ​ដែរ​ថា​៖
«​តើ​ហេតុអ្វី​បាន​ជា​រាជធីតា​ចូល​មក​ដល់​ទី​នេះ​?»
​ទ្រង់​ហៅ​ខ្ញុំ​ ដូច​ជា​ខ្ញុំ​នេះ​ជា​ស្ត្រី​ដ៏​មាន​សម្រស់​របស់​ទ្រង់​ពិតៗ ធ្វើឱ្យ​ខ្ញុំ​ត្រេកអរ​ជាខ្លាំង ហើយ​បដិសេធ​វិញ​ភ្លាម​៖
«​ខ្ញុំម្ចាស់​ពុំមែន​ជា​រាជធីតា​ទេ​! ប៉ុន្តែ​ជា​រាស្ត្រ​ជួញ​ព្រែ បាន​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ ឆ្ពោះ​ទៅ​នគរ​ចិន​ដើម្បី​ជួញ​សូត្រ តែ​ត្រូវ​ជួប​ខ្យល់​កំណាច​កួ​ចនាំ​វិលវល់​មក​ដល់​ទី​នេះ!»
​ឮ​ចប់​កាល​ណា រាជបុរស​នគរ​អាថ៌​កំបាំង​ទ្រង់​ញញឹម​សប្បាយ​ចិត្ត បិទ​គម្ពីរ​ធម៌ រៀបចំ​តុ​កៅអី អុជ​ភ្លើង​ទៀន អញ្ជើញ​ខ្ញុំ​លាង​សាយភោជន មាន​អាហារ​សព្វ​បែប​យ៉ាង ធ្វើ​ឱ្យ​ខ្ញុំ​មាន​ទទួល​អារម្មណ៍​កក់ក្តៅ មិន​ធ្លាប់​មាន​ពី​មុន​មក!
«​តើ​ជា​និស្ស័យ​ព្រះ​អាឡោះ​ប្រគល់​មក​?»
​ខ្ញំ​ញញឹម​លាក់​ក្នុង​ស្បៃ​មុខ​មិន​ឱ្យ​ទ្រង់​ដឹង តែ​ទ្រង់​សម្លឹង​ភ្នែក​ខ្ញុំ​យ៉ាង​ស្រទន់ មិន​ឱ្យ​លាក់​បាន​ឡើយ​។​
​ព្រះអង្គ​សួរ​បន្តថា​៖
«​ចុះ​តើ​អ្នក​ព្រម​ដោះ​ស្បៃ​រស់​នៅ​ពីរ​កាយ​តទល់​ក្នុង​នគរ​គ្មាន​មនុស្ស​នេះ បង្កើត​ជា​ជំនាន់​ក្រោយ​ថ្មី​ជាមួយ​យើង​ទេ​?»
​ខ្ញុំ​ពិតជា​អៀន​ណា​ស់នឹង​ស្នេហា​របស់​ទ្រង់ តែ​ខ្ញុំ​មានះ​មិន​ធ្វើ​តាម​តណ្ហា ហើយ​សាកសួរ​ការណ៍​សិន៖
«​ឱ​ព្រះ​រាជបុរស​ដ៏​ចម្រើន​អើយ​! តើ​អ្នក​បាន​ជួប​ករណី​អ្វី​ទៅ បានជា​គ្មាន​អ្នកណា​ព្រម​នៅ​កំដរ​អ្នក​នៅ​ក្នុង​នគរ​ដ៏​មហស្ចារ្យ​ពេញ​ដោយ​ទ្រព្យសម្បត្តិ​នេះ​?»....


ចុចអានភាគបញ្ចប់: កំហឹង​អារក្ស​ (​ភាគ​បញ្ចប់)

Create From : http://events.sabay.com.kh/articles/273719

0 comments:

Post a Comment