រឿងមេណ្ឌកសេដ្ឋី
(ចាក ធ. ខុ.) (អនុភាពផលទានធំហួសនិគរភទ្ទិយះ គង់នៅក្នុងព្រៃម្លិះព្រះអង្គទ្រង់សំដែងធម៌ទេសនា ប្រារព្ធនឹងមណ្ឌកសេដ្ឋី) មានសេចក្តីដំណាលថា ព្រះសាស្តាទ្រង់យាងទៅនគរភទ្ទិយះ ដោយបានឃើញឧបនិស្ស័យសោតាបត្តិផលនៃជនទាំងនោះគឺ មេណ្ឌកសេដ្ឋី១ នាងចន្ទបទុមាជាភរិយានៃលោកសេដ្ឋី១ ធនញ្ជយសេដ្ឋីជាកូនប្រុស១ កូនប្រសាស្រីឈ្មោះសុមនទេវី១ ចៅគាត់ឈ្មោះនាងវិសាខា១ នឹងខ្ញុំប្រុសឈ្មោះបុណ្ណះ១ ។ សួរថាព្រោះហេតុអ្វី បានជាសេដ្ឋីនេះឈ្មោះមេណ្ឌកសេដ្ឋី? ឆ្លើយថាមានពពែមាសប្រមាណប៉ុនដំរីខ្លះប៉ុនសេះខ្លះ ប៉ុនគោឧសភខ្លះបានផុសពីក្នុងដីខាងក្រោយផ្ទះគាត់ទំហំ៨ករីស ។ ឆ្នុកសូត្រ៥ពណ៌ដែលបុញ្ញកម្មបានតាក់តែងឡើងនៅនឹងមាត់ពពែទាំងនោះ ។ កាលណាត្រូវការគ្រឿងបរិភោគ មានទឹកដោះស្រស់ ប្រេង ទឹកឃ្មុំនឹងស្កអំពៅឬគ្រឿងឧបភោគ មានសំពត់ប្រាក់មាសជាដើមគេដកឆ្នុកពីមាត់ពពែទាំងនោះគ្រឿងឧបភោគ និងបរិភោគដែលចេញពីមាត់ពពែមួយៗ ល្មមដល់អ្នកនៅក្នុងជម្ពូទ្វីទាំងមូល ។ តាំងពីពេលនោះមក គេឲ្យឈ្មោះគាត់ថាមេណ្ឌកសេដ្ឋី ។ សួរថា ចុះគាត់មានធ្វើបុព្វកម្មដូចម្តេចខ្លះ? បានឮថាក្នុងកាលព្រះពុទ្ធទ្រង់ព្រះនាមវិបស្សី គាត់ជាក្មួយនៃកុដុម្ពីឈ្មោះអេវរោជះ ហើយឪពុកមាក៏ឈ្មោះអវរោជះដែរ ។ ក្នុងជំនាន់នោះឪពុកមាបានរៀបចំធ្វើកុដិថ្វាយព្រះសាស្តាអង្គនោះ ។ ក្មួយទៅកន្លែងឪពុកមានិយាយសុំថា បពិត្រលោកឪពុកមាយើងទាំងពីរនាក់កសាងកុដិជាមួយគ្នាឪពុកមាប្រកែកមិនព្រមឲ្យធ្វើជាមួយគ្នា ហើយប្រាប់ថា ខ្ញុំធ្វើនេះមិនឲ្យសាធារណ៍ជាមួយនឹងនរណាទេ ខ្ញុំកាសាងតែម្នាក់ឯងប៉ុណ្ណោះក្មួយគិតថា បើលោកឪពុកមាគាត់កសាងគន្ធកុដិនៅកន្លែងនេះគួរតែអញកសាងកុញ្ជរសាលានៅកន្លែងនេះផង ទើបគួរសម លុះគិតឃើញហើយ ក៏ឲ្យគេដឹកនាំយកគ្រឿងទិព្វសម្ភារះអំពីព្រៃ ហើយឲ្យធ្វើសរសរ ទាំងឡាយយ៉ាងនេះ គឺសរសរមួយស្រោបសុទ្ធតែមាស សសរមួយស្រោបសុទ្ធតែប្រាក់ នឹងសសរមួយទៀតស្រោបសុទ្ធតែកែវមណី នឹងឲ្យគេធ្វើធ្នឹម ក្របសន្ទះទ្វារ បង្អួច បង្កង់និងឥដ្ឋក្រាល សុទ្ធតែវិចិត្រដោយមាសទាំងអស់ ហើយនិងធ្វើកុញ្ជរសាលាពីកែង៧ប្រការថ្វាយព្រះតថាគតនៅត្រង់កន្លែងប្រទល់មុខនឹងគន្ធកុដិ ។ ចុងកំពូលទាំង៣ ខាងលើនៃកុញ្ជរសាលានោះធ្វើអំពីដុំមាសក្រហមកែវផលិតនឹងកែវបវាឡ ។ អវរោជះជាក្មួយញ៉ាំងជាងឲ្យធ្វើមណ្ឌបជាវិការះ នៃកែវត្រង់កណ្តាលកុញ្ជរសាលា ហើយដាក់គ្រែធម្មាសនះនៅត្រង់កន្លែងនោះ ។ ជើងគ្រែធ្វើពីដុំមាសក្រហម មេគ្រែទាំង៤ ក៏ធ្វើពីមាសដូចគ្នា ហើយគាត់ឲ្យជាងធ្វើរូបពពែមាស ៤ដាក់ទ្រជើងគ្រែធម្មាសនះទាំង៤ដែរនិងធ្វើរូបពពែ២ដាក់ទ្រជើងតាំងដូច្នេះគាត់ត្រូវធ្វើរូបពពែមាស៦ដាក់ទុកក្នុងមណ្ឌបនោះ ដំបូងគាត់ឲ្យគេត្បាញធ្វើកម្រាលធម្មាសនះ លើកកណ្តាលឲ្យត្បាញសូត្រធ្វើពីមាស និងលើកក្រោយឲ្យត្បាញសូត្រពីកែងមុក្តាឯបង្កាន់ដៃធ្វើពីខ្លឹមចនន្ទ៍ក្រហម ។កាលបើកុញ្ជរសាលាកសាងរួចស្រេចហើយ គាត់ធ្វើបុណ្យឆ្លងសាលានោះ និមន្តព្រះសាស្តាព្រមទាំងភិក្ខុសង្ឃ៦៨សែនអង្គថា្វយទានអស់៤ខែក្នុងថ្ងៃជាទីបំផុតគាត់ប្រគេនត្រៃចីវហើយដែលមានតម្លៃ១០០០កហាបណៈ គាត់ប្រគេនដល់ភិក្ខុថ្មីក្នុងសង្ឃ។ អចរោជះបានធ្វើបុញ្ញកម្ម ក្នុងព្រះពុទ្ធកាលព្រះនាមវិបស្សីយ៉ាងនេះ ច្យុតពីអត្តភាពនោះ បានទៅកើតក្នុងទេវលោក និងមនុស្សលោកជាច្រើនជាតិ លុះដល់មកភទ្ទកប្បនេះបានមកកើតក្នុងត្រកូលសេដ្ឋីមានទ្រព្យច្រើននាក្រុងពារាណសី មាននាមប្រាកដថា ពារាណសេដ្ឋី ។ សម័យថ្ងៃមួយគាត់ដើរទៅគាល់ព្រះរាជា បានជួបនឹងបុរោហិតសួរថាលោកអាចារ្យតើមានភេទដូចម្តេច លោកបានគន់គូរមើលនក្ខត្តឬក្សដែរឬទេ? ។ បុរោហិតជំរាបថា ខ្ញុំបានគន់គូររួចហើយ មានភ័យអន្តរាយមួយកើតឡើង ចុះភ័យនោះដូចម្តេច? ភ័យកើតពីអត់បាយស៊ីលោកសេដ្ឋី តើនឹងមានកើតនៅពេលណា? កន្លងពីនេះចំនួន៣ខែទៀត ។ សេដ្ឋីបានស្តាប់ពាក្យដែលបុរោហិតនោះប្រាប់ហើយ គាត់ឲ្យកម្មរបស់គាត់ធ្វើស្រែឲ្យបានច្រើន ដើម្បីទុកការពារអត់បាយ បានធ្វើជង្រុក២៥០ដាក់ស្រូវពេញទាំងអស់ ។ កាលបើគាត់ដាក់ជង្រុកមិនអស់គាត់ដាក់ក្នុងពាងថែមទៀត ហើយនៅសល់ទៀត គាត់ឲ្យជីកធ្វើរណ្តៅកប់ទុកថែមទៀត ។ លុះដល់សម័យថ្ងៃមួយភ័យពីអត់បាយបានកើតឡើង សេដ្ឋីបរិភោគស្រូវដែលខ្លួនបានកប់ទុក លុះដល់ស្រូវដែលគាត់កបទុកក្នុងដីដាក់ពាង និងដាក់ជង្រុកអស់ហើយ គាត់ហៅទាសកម្មកររបស់គាត់មកប្រាប់ថា នែអ្នករាល់គ្នា អ្នកឯងចូរទៅចុះ ចូរទៅរស់នៅក្នុងភ្នំបើពេលណាដែលស្រុកបានសាន្តត្រាណ មានបាយស៊ីស្រួលបួលអ្នករាល់គ្នាចង់មកនៅជាមួយនឹងយើងមកចុះ បើមិនចង់មកនៅទេ ក៏រកកន្លែងណាដល់រស់នៅបានស្រួលទៅចុះ ។ ពួកទាសកម្មករទាំងនោះ ក៏នាំគ្នាលាសេដ្ឋី ទៅរកកន្លែងរៀងៗខ្លួនប្លែកតែខ្ញុំប្រុសគាត់ម្នាក់ក្រាញនៅជាមួយនឹងសេដ្ឋីនោះមិនព្រមចេញទៅណាឡើយ ។ ជនទាំង៥នាក់គឺសេដ្ឋីនិងភរិយាកូនប្រុសនឹងកូនប្រសារព្រមទាំងខ្ញុំប្រុសឈ្មោះបុណ្ណះនៅក្នុងផ្ទះនោះកាលបើស្រូវដែលខ្លួនទុកដាក់អស់ហើយ ក៏នាំគ្នាវាយបំបែកដីស្អិតព្ធដ៏ជញ្ជាំង រើសគ្រាប់ស្រូវដែលនៅជាប់នឹងជញ្ជាំងនោះយកមកចំអិនបរិភោគ ។ លំដាប់នោះសេចក្តីស្រេកឃ្លានគ្របសង្កត់កាន់តែខ្លាំងឡើងៗ ណាមួយដីស្អិតនោះក៏ខ្លួនវាយរើសយកអស់រលីងហើយ បានស្រូវត្រឹមតែកន្លះអាឡកះគាត់យកទៅបុកបានជាអង្ករមួយនាឡិ ហើយយកទៅដាំបាយក្នុងឆ្នាំងបើដូច្នើចូរប្អូនគាស់រើយកមកចំអិនអាហារ ។ ប្រពន្ធនិយាយប្រាប់ថាបើយើងចំអិនបបរ យើងអាចរស់នៅបានពីរពេល បើយើងដាំបាយអាចរស់បានតែមួយពេល បពិត្រស្វាមី បើដូច្នោះឲ្យខ្ញុំដាំបាយ ឬ ដាំបបរ? សេដ្ឋីប្រាប់ថា វត្ថុដទៃទៀតយើងគ្មានទេ បើយើងបំណាច់នឹងស្លាប់ក៏ឲ្យតែបានបាយស៊ីឆ្អែត ហើយសឹមស្លាប់ទៅចុះ បើដូច្នោះចូរប្អូនចំអិនបាយទៅចុះ ។ ប្រពន្ធក៏ព្រមចំអិនបាយតាមពាក្យបង្គាប់របស់ប្តី ហើយចែកជា៥ចំណែករួចដួសបាយចំណែកសេដ្ឋីដាក់នៅនឹងមុខគាត់ ។ ខណះនោះមានព្រះបច្ចេកពុទ្ធមួយអង្គគង់នៅភ្នំគន្ធមាទន៍ លោកទើបនឹងចេញពីសមាបត្ត ។ តាមសេចក្តីដំណាលថា សេចក្តីស្រេកឃ្លានមិនបៀតបៀនលោកដែលនៅក្នុងសមាបត្តទេ ដោយសារកម្លាំងសមាបត្ត តែដល់ពេលចេញមកវិញ សេចក្តីឃ្លានបៀតបៀនជាខ្លាំង ដូចជាដុតតម្បាពោះលោក ព្រោះហេតុនោះ ទើបលោកពិចារណាកន្លែងណាដែលអាចទៅរកអាហារបិណ្ឌបាតបាន ។ ក្នុងថ្ងៃនោះ បើជនណាឲ្យទានដល់លោក តែងបានសម្បត្តិទាំងឡាយមានឋានះជាសេនាបតីជាដើមតាមសេចក្តីដែលខ្លួនប្រាថ្នា ព្រោះហេតុដូច្នេះបានជាលោកត្រូវពិចារណាមើលដោយទិព្វចក្ខុហើយពេលនោះ ឆាតកភ័យកើតពេញជម្ពូទ្វីប ចំណែកជនទាំង៥ នាក់នៅក្នុងផ្ទះសេដ្ឋីចំអិនបាយតែអង្ករ១នាឡិ តើជនទាំងនោះមានសទ្ធាដែរឬទេហ្ន៎? អាចនឹងសង្គ្រោះអាត្មាអញបានដែរឬទេហ្ន៎ ? លុះពិចារណាទៅឃើញថា ជនទាំងនេះមានសទ្ធាផង អាចសង្គ្រោះដល់អាត្មាអញផង ទើបលោកស្ពាយបាត្រទៅឈរបង្ហាញខ្លួននៅត្រង់ទ្វារខាងមុខផ្ទះសេដ្ឋី ។ សេដ្ឋីគ្រាន់តែបានឃើញព្រះបច្ចេកពុទ្ធភ្លាម មានចិត្តជ្រះថ្លាគិតថា ការអត់បាយយ៉ាងនេះអញបានជួបប្រទះ ព្រោះតែអញមិនឲ្យទានក្នុងកាលមុនហើយភត្តនេះទៀត ក៏អាចរក្សាអញបានតែ១ថ្ងៃប៉ុណ្ណោះ បើអញប្រគេនទៅលោកម្ចាស់វិញ នឹងអាចបានជាប្រយោជន៍ដល់អញអស់កោដិនៃកប្បដ៏ច្រើនមិនខាន លុះគាត់គិតហើយដូច្នោះហើយ ក៏កាន់យកភោជនបាយនោះ ចូរទៅរកព្រះបច្ចេកពុទ្ធ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាននិមន្តលោកចូលទៅក្នុងផ្ទះ លាងព្រះបាទឲ្យគង់លើអាសនះ ហើយយកភត្តនោះមកដាក់ក្នុងបាត្រព្រះបច្ចេកពុទ្ធ ។ កាលបើភត្តធ្លាប់ទៅក្នុងបាត្របានពាក់កណ្តាល លោកបិទបាត្រទៅវិញ ។ សេដ្ឋីទូលថា បពិត្រលោកម្ចាស់ដ៏ចំរើន បាយដែលគេចំអិនពីអង្ករ ១នាឡិសំរាប់ជនទាំង៥នាក់នោះ ឯចំណែកបាយមួយចំណែកនេះ ខ្ញុំព្រះករនាមិនអាចធ្វើឲ្យទៅជាពីរចំណែកបានឡើយ សូមលោកម្ចាស់កុំសង្គ្រោះខ្ញុំព្រះករុណាក្នុងជាតិនេះខ្ញុំព្រះករុណាប្រគេនមិនឲ្យមានសល់ លុះទូលព្រះពុទ្ធដីកាដូច្នោះហើយ គាត់ប្រគេនភត្តទាំងអស់ ហើយប្រាថ្នាប្រកាសថា បពិត្រលោកម្ចាស់ដ៏ចំរើន ចាប់តាំងពីពេលនេះទៅ សូមកុំឲ្យខ្ញុំព្រះករុណាបានជួបប្រទះនឹងភ័យពីអត់បាយមានសភាពបែបនេះទៀត ក្នុងជាតិដែលខ្ញុំព្រះករុណាកើតហើយ គប្បីជាអ្នកជាអាចឲ្យវិចភត្តដល់មនុស្សដែលនៅក្នុងជម្ពូទ្វីបទាំងមូល នឹងសូមឲ្យធារស្រូវសាលីក្រហមរបស់ខ្ញុំព្រះករុណាធ្លាក់បំពេញជង្រុកទាំងអស់ក្នុងខណះដែលខ្ញុំព្រះករុណា ប្រើឲ្យជម្រះជង្រុក ២៥០ ហើយអង្គុយក្បែរទ្វារនៃជង្រុកទាំងនោះហើយក្រឡេកមើលទៅខាងលើ ម្យ៉ាងទៀតភរិយានេះក្តី កូនប្រសាក្តីកូនប្រសាស្រីនេះក្តីនិងខ្ញុំប្រុសនេះក្តីរបស់ខ្ញុំព្រះករុណា ក៏សូមឲ្យបានសម្រេចមកជាស្វាមីរបស់អញត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់យ៉ាងខ្លាំង អញក៏មិនអាចនឹងបរិភោគតែម្នាក់ឯងដែរ ហើយក៏ប្រគេនភត្តចំណែករបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធប្រាថ្នាថា បពិត្រលោកម្ចាស់ដ៏ចំរើន ចាប់ពីពេលនេះទៅសូមកុំឲ្យខ្ញុំព្រះករុណាជួបប្រទះនឹងភ័យអន្តរាយបែបនេះទៀត កាលខ្ញុំព្រះករុណាយកថាសសំរាប់បាយចែកមនុស្សដែលនៅក្នុងជម្ពូទ្វីបទាំងមូល ដរាបណាខ្ញុំមិនទាន់ក្រោកចេញ ដរាបនោះសូមឲ្យមានបាយនៅពេញដដែល ហើយស្វាមីខ្ញុំព្រះករុណានេះក្តី កូនប្រុសនេះក្តី កូនប្រសារនេះក្តីនឹងខ្ញុំប្រុសនេះក្តីសូមឲ្យបានជាគ្រួសារខ្ញុំព្រះករុណាវិញដដែល ។ ឯកូនប្រុស ក៏បានប្រគេនភត្តចំណែករបស់ខ្លួនទៅព្រះបច្ចេកពុទ្ធដែរតាំងប្រាថ្នាសូមកុំឲ្យខ្ញុំបានជួបនឹងភ័យអន្តរាយបែបនេះទៀតម្យ៉ាងទៀតកាលបើខ្ញុំព្រហករុណាកាន់យកថង់មួយ ដែលមានកហាបណះពេញឲ្យទានដល់អ្នកជម្ពូទ្វីបទាំងមូលសូមឲ្យថង់នេះនៅពេញដដែល ហើយមាតាបិតាខ្ញុំនេះ ក៏សូមឲ្យនៅជាមាតាបិតាដដែល ឯភរិយាខ្ញុំនឹងខ្ញុំប្រុសរបស់ខ្ញុំនេះក៏សូមឲ្យបាននៅជួបជុំគ្នាវិញដែរ ។ ឯកូនប្រសារស្រី ក៏ប្រគេនភត្តចំណែកខ្លួន ហើយតាំងសច្ចាថា សូមកុំឲ្យជួបនឹងភ័យបែបនេះដែរមួយវិញទៀត បើខ្ញុំកញ្ជើស្រូវមួយពីមុខ ឲ្យទានវីជភត្តដល់អ្នកជម្ពូទ្វីបក៏សូមកុំឲ្យខ្វះកន្លះពីកញ្ជើនេះ ហើយឪពុកម្តាយនេះ ក៏សូមឲ្យបានជាឪពុកម្តាយក្មេកនៅក្នុងជាតិនេះដែរ ចំណែកស្វាមី និងខ្ញុំប្រុសនេះក៏សូមបានដូចទៅព្រះបច្ចេកពុទ្ធ ហើយតាំងប្រាថ្នាថា កុំឲ្យជួបនឹងឆាតភ័យដូចជាតិនេះទៀត ហើយសូមឲ្យនាយចៅហ្វាយទាំងនេះបានជានាយចៅហ្វាយរបស់ខ្លួននៅក្នុងអនាគតជាតិ ម្យ៉ាងទៀតបើកាលណាខ្ញុំភ្ជួរស្រែសូមឲ្យអាចម៍បំណាស់តែ៧ គឺអាចម៍បំណាស់៣ខាងនេះ ៣ខាងនោះនឹងកណ្តាលមួយឲ្យបានហើយស្រេច ក្នុងស្រែមួយ ។ ក្នុងថ្ងៃនោះបើខ្ញុំប្រុសប្រាថ្នានូវដំណែងជាសេនាបតី ក៏បានសំរេចដែរ ប៉ុន្តែគាត់ប្រាថ្នាឲ្យជនទាំងអស់នោះនៅតែជាចៅហ្វាយនាយរបស់គាត់ ដោយសេចក្តីស្រឡាញ់ចំពោះនាយចៅហ្វាយរបស់គាត់ម្យ៉ាងប៉ុណ្ណោះ បានជាគាត់មិនប្រាថ្នាឲ្យបានទៅអ្វីទៀត ។ ព្រះបច្ចេកពុទ្ធ លុះជនទាំងអស់នោះតាំងចិត្តប្រាថ្នាគ្រប់គ្នាហើយ ទើបលោកពោលថា សូមឲ្យបានសំរេចដូចសេចក្តីរបស់អ្នករាល់គ្នាចុះ ហើយអនុមោទនាដោយគាថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយ អធិដ្ឋានចិត្តឲ្យជនទាំងនោះឃើញលោកដរាបទៅដល់ភ្នំគន្ធមាទន៍ ដើម្បីឲ្យជនទាំងនោះរឹងរឹតតែមានសេចក្តីជ្រះថ្លាខ្លាំងឡើងទៀត ។ ជនទាំងនោះក៏បានឈរមើលលោកឃើញរហូតដល់ទៅភ្នំនោះ លោកបានចែកភត្តនោះដល់ព្រះបច្ចេកពុទ្ធ៥០០ អង្គបានឆាន់ឆ្អែតគ្រប់គ្រាន់ដោយអានុភាពនៃឬទ្ធិរបស់លោក ។ លុះដល់ថ្ងៃជ្រេររបន្តិចប្រពន្ធសេដ្ឋីលាងឆ្នាំគ្របទៅវិញ ។ សេដ្ឋីត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ខ្លាំង ក៏ដេកលក់ទៅ លុះដល់រសៀលទើបគាត់ភ្ញាក់ពីដេកសួរប្រពន្ធថា នមានបាយក្តាំងនៅក្នុងឆ្នាំងខ្លះដែរឬទេ? ប្រពន្ធទោះបីដឹងថាឆ្នាំងនោះខ្លួនទើបនឹងលាងទុកក៏ដោយ គាត់មិនប្រាប់ថាគ្មានបាយទេគាត់ធ្វើជាដើរទៅជិតឆ្នាំងហើយបើកមើល ។ ភ្លាមនោះបាយក៏ពេញឆ្នាំ មានសម្បុរដូចជាផ្កាម្លិះក្រពុំ គាត់ឃើញហេតុដូច្នោះ មានសេចក្តីរីករាយ ទើបប្រាប់ថា បពិត្រស្វាមីសូមអញ្ជើញក្រោកឡើង ខ្ញុំបានលាងឆ្នាំនេះគ្របទុកទៅហើយស្រាប់តែឆ្នាំងនេះមានបាយពេញមានសម្បុរដូចជាផ្កាម្លិះក្រពុំនេះពិតជាបុណ្យដែលយើងធ្វើពីព្រឹកមិញហ្នឹងឯង អញ្ជើញក្រោកទៅបរិភោគ ។ កាលបើសេដ្ឋីនិងកូនប្រុសបរិភោគហើយ ប្រពន្ធសេដ្ឋីនិងកូនប្រសារអង្គុយបរិភោគជាមួយគ្នា ហើយចែកឲ្យខ្ញុំប្រុសឈ្មោះបុណ្ណះបរិភោគទាល់តែឆ្អែតរៀងខ្លួន។ បាយតែ១ឆ្នាំងប៉ុណ្ណោះ សូម្បីដួស១វែកទៅហើយ ក៏នៅតែពេញដដែលមិនចេះខ្វះកន្លះសោះ ។ សេដ្ឋីបានឃោសនាប្រាប់ពួកអ្នកនគរថា បាយមាននៅក្នុងផ្ទះលោកសេដ្ឋី អស់លោកត្រូវការវិជភត្ត សូមអញ្ជើញចូលទៅយកតាមសេចក្តីត្រូវការ ។ មនុស្សម្នាមហាជននាំគ្នាទៅយកវីជភត្តនោះតែសព្វខ្លួន ក៏មានជីវិតរស់នៅទាំងអស់គ្នា ដោយសារវីជភត្ត នៅក្នុងផ្ទះលោកសេដ្ឋីនោះក៏បានរួចផុតពីសេចក្តីទុក្ខភ័យគ្រប់ៗគ្នា ។ សេដ្ឋីនោះច្យុតិពីអត្តភាពនោះទៅបានទើកើតក្នុងទេវលោកលុះ ច្យុតពីទេវលោកវិញ បានមកកើតត្រកូលសេដ្ឋី ក្នុងភទ្ទិយនគរក្នុងពុទ្ធប្បាទនេះ។ ឯប្រពន្ធសេដ្ឋីបានមកកើតក្នុងមហាភោគត្រកូលដែរ លុះដល់មានវ័យចំរើនធំឡើង ក៏បានជួបគ្នាជាប្តីប្រពន្ធដដែល ។ ចំណែកពពែមាសដែលយើងបានពណ៌នាមកនោះ ក៏បានកើតឡើងដោយសារបុព្វកម្មនោះដែរ ហើយជនទាំងបីនាក់ទៀត គឺកូនប្រុស កូនប្រសារស្រី នឹងខ្ញុំប្រុសឈ្មោះបុណ្ណះក៏បានមកដូចសេចក្តីប្រាថ្នាពីពេលមុនមែន ។ ថ្ងៃមួយសេដ្ឋីចង់សាកល្បងបុណ្យរបស់គាត់ ទើបឲ្យគេជម្រះជង្រុក២៥០ ហើយគាត់ឈរក្បែរទ្វារងើយមើលទៅ លើខណះនោះជង្រុកទាំងអស់ ក៏ពេញដោយស្រូវសាលីក្រហមមែន ។ ម្យ៉ាងទៀតគាត់ចង់សាកល្បងបុណ្យរបស់ជនដ៏សេសទៀត ទើបគាត់ប្រាប់ប្រពន្ធ និងកូនប្រុសថាចូរអ្នករាល់គ្នាសាកល្បងមើលបុណ្យអ្នកឯងទាំងអស់គ្នាមើល៍ ! ។ លំដាប់នោះប្រពន្ធគាត់តាក់តែងស្អិនស្អាងគ្រឿងអលង្កាហើយស្រេច ប្រើគេចំអិនបាយ រួចទៅអង្គុយលើអាសនះ ដែលគេក្រាលទុកក្បែរក្លោងទ្វារយកវែកមាសដួសបាយចែកឲ្យពួកមហាជន ដែលចូលមកសុំ ចាប់តាំងពីព្រលឹមទល់ព្រលប់ ក៏នៅតែមិនអស់បាយនោះ ផង ។ បាតដៃនាងខាងឆ្វេងមានលក្ខណះដូចជាផ្កាឈូក បាតដៃខាងស្តាមមានលក្ខណះដូចជាព្រះចន្ទកើតឡើងដោយសារដៃនាងខាងឆ្វេងកាន់ឆ្នាំខាងស្តាំកាន់វែកដួសបាយដាក់បំពញបាត្រប្រគេនដល់ភិក្ខុសង្ឃ និងព្រះពុទ្ធពីក្នុងជាតិមុន ។ ន័យមួយទៀតថា នាងបានយកធម្មក្រកទៅត្រងទឹកប្រគេនភិក្ខុសង្ឃ ដោយអានិសង្សនៃការត្រងទឹកនោះ បានជានាងមានផ្ទៃបាតជើងខាងស្តាំមានរូបព្រះច័ន្ទ ផ្ទៃបាតជើងខាងឆ្វេងមានរូបផ្កាឈូក ដោយមានហេតុនេះទើបពួកមហាជនឲ្យឈ្មោះថាចន្ទបុទុមា ។ ចំណែកកូនប្រុស និងកូនប្រសារស្រីព្រមទាំងខ្ញុំប្រុស ក៏បានពិសោធល្បងមើលបុណ្យរបស់ខ្លួនរៀងៗខ្លួនដែរ ក៏បានឃើញពិតប្រាកដតាមសេចក្តីប្រាថា្នរបស់ខ្លួន ។ តាំងពីពេលនោះមកជនអ្នកនៅក្នុងជម្ពូទ្វីបតែងទៅសុំបាយ ប្រាក់ មាស ។ ល ។តាមសេចក្តីប្រាថ្នារបស់ខ្លួនពីផ្ទះលោកមហាសេដ្ឋីតែរៀងរាល់ថ្ងៃ ក៏មិនចេះខ្វះកន្លះឡើយ ។ សេដ្ឋីមានអនុភាពយ៉ាងនេះ លុះដឹងដំណឹងថា ព្រះសាស្តាទ្រង់យាងមក ក៏ដើរចេញទៅចាំទទួលព្រហសាស្តាឃើញពួកអន្យតិ្ថរិយនាំគ្នា ឈរតាមផ្លូវស្រែកឃាត់ថា ម្នាលគហបតីលោកពោលថាកម្មដែលបុគ្គលធ្វើគ្រាន់តែជាកិរិយាធ្វើ ចុះលោកអញ្ជើញទៅសំណាក់ព្រះសមណះគោតមដែលជាអ្នកនិយាយថា កម្មដែលបុគ្គលមិនធ្វើគា្រន់តែជាការមិនធ្វើប៉ុណ្ណោះ ព្រោះហេតុអ្វី ? គាត់មិនរវល់អើពើនឹងសំដីពួកអន្យតិ្ថរិយទាំងនោះឡើយ លុះទៅដល់ហើយថ្វាយបង្គំព្រះបរមគ្រូ អង្គុយក្នុងកន្លែងគួរសម ។ លំដាប់នោះព្រះអង្គទ្រង់សំដែងអនុបុព្វីកថា លុំចប់ព្រះធម៌ទេនា សេដ្ឋីបានសំរេចសោតាបត្តិផល ទើបក្រាបទូលរឿងហេតុដែលពួកអន្យតិ្ថរិយទាំងនោះហាមឃាត់គាត់មិនឲ្យទៅជួប នឹងព្រះសាស្តា ។ បន្ទាប់មកព្រះអង្គត្រាស់ថាៈ ម្នាលគហបតីធម្មតាសត្វទាំងនេះទោះបីទោសរបស់ខ្លួនធំប៉ុណ្ណោះក៏ដោយមើលមិនឃើញទេ បើអ្នកដទៃវិញទោះមិនមានទោសសោះ ក៏បាចសាចធ្វើឲ្យទៅជាមានទោសដែរ ដូចជាគេបាចសាចអង្កាមដូច្នោះដែរ ហើយទ្រង់ត្រាស់គាថានេះបន្ថែមទៀតថាៈ ទោសអ្នកដទៃ បុគ្គលអាចឃើញបានដោយស្រួល បើទោសឯងវីញ ខ្លួនឯងមិនឃើញទេ ពិតដូច្នេះមែន អ្នកនោះតែងបាចសាច ទោសអ្នកដទៃដូចជាគេបាចអង្កាម បើនរណាបិទបាំងនូវទោសខ្លួនដូចជាព្រានសត្វស្លាបបិទបាំងនូវខ្លួនដោយស្លឹកឈើដូច្នោះដែរ ។ លុះចប់ព្រះធម៌ទេសនានេះ ជនទាំងនោះក៏បានសំរេចសោតាបត្តិផលគ្រប់ៗគ្នា ។ |
Wednesday, 9 November 2016
រឿង មេណ្ឌកសេដ្ឋី
អានលម្អិត | read more >>> http://www.5000-years.org/kh/read/1127#ixzz4PUzKqCGr
រឿង បុរសកម្សត់សង់ខ្ទមក្បែរផ្ទះសេដ្ឋី ធ្វើត្រាប់សេដ្ឋី
មាននិទានមួយថា : មានបុរសប្ដីប្រពន្ធនឹងកូនស្រីមួយជាអ្នកលំបាក កម្សត់ទុគ៌ត រកព្រឹកបានស៊ីតែព្រឹក រកល្ងាចបានស៊ីតែល្ងាច ពុំមានទ្រព្យរបស់អម្រស់អម្រអ្វីឡើយ ទើបបុរសប្ដីប្រពន្ធនោះគិតគ្នាថា “ លំនៅយើងសព្វថ្ងៃនេះលំបាកណាស់ មកយើងទៅរកលោកឯណាមានទ្រព្យសម្បត្តិច្រើនយើងទៅនៅខាងលោក លបមើលដំណើរលោក ៗ ធ្វើការម្ដេចខ្លះបានជាមានទ្រព្យរបស់ច្រើន ” ។ អ្នកទាំង ២ នាក់ប្ដីប្រពន្ធនោះ គិតគ្នាដូច្នោះហើយ ក៏រុះរើខ្ទមទៅសង់នៅក្បែរខាងផ្ទះសេដ្ឋី ។ សេដ្ឋីនោះឯង តែងប្រើខ្ញុំឲ្យទៅជួញប្រែ ធ្វើស្រែចម្ការ បានទ្រព្យរបស់បំពេញឃ្លាំងពុំដែលដាច់ឡើយ ។ ឯបុរសប្ដីប្រពន្ធ និងកូនមួយ បានធ្វើត្រាប់តាមអំពីការទាំងអម្បាលនោះរបស់សេដ្ឋី ។ ចំណេរលង់ទៅ កើតផលប្រយោជន៍ បានទ្រព្យរបស់ច្រើន ទើបបុរសនោះដឹងគុណមហាសេដ្ឋី ហើយក៏យកមាសមួយស្ទក់មកជូនមហាសេដ្ឋី ។ មហាសេដ្ឋី ដណ្ដឹងថា “ហេតុម្ដេចបានជាចៅយកមាសឲ្យអញ ?” ។ បុរសប្រាប់ថា “ត្បិតខ្ញុំបាទនេះ ជាអ្នកកម្សត់ទុគ៌ត ខ្ញុំបាទរុះរើខ្ទមមកនៅក្បែរផ្ទះលោក ខ្ញុំបាទមើលឃើញលោក តែងប្រើអស់ខ្ញុំកំដរឲ្យទៅជួញប្រែធ្វើស្រែកាប់ចម្ការឲ្យបានជាទ្រព្យរបស់មក ខ្ញុំបាទប្ដីប្រពន្ធនិងកូន មួយធ្វើត្រាប់អំពីការទាំងនោះតាមលោក ក៏បានជាអ្នកមានទ្រព្យរបស់លោះខ្ញុំកំដរ ទិញគោក្របីបានប្រើជាច្រើន ទើបខ្ញុំបាទរលឹកដល់គុណលោក ហើយខ្ញុំបាទយកមាសមួយស្ទក់មកជូនលោកហោង” ។ សេដ្ឋីថា “ចៅបានទ្រព្យអម្បាលនេះ អញស្មានថា ចៅបានពីណា បើចៅបាន ត្បិតចៅធ្វើតាមចំណេះអញតែងធ្វើដូច្នេះហើយ ចូរចៅទៅយកទ្រព្យអម្បាលនោះមកឲ្យអញ ៗ នឹងចែករំលែកឲ្យចៅខ្លះ” ។ បុរសនោះឆ្លើយថា “ ត្បិតខ្ញុំព្រះបាទធ្វើអំពីការត្រាប់តាមលោក បានទ្រព្យរបស់អម្បាលនេះ ខ្ញុំបាទរលឹកគុណលោក ទើបខ្ញុំយកមាសមួយស្ទក់មកជូន ខ្ញុំបាទយល់ថា លោកនឹងយកតែប៉ុណ្ណេះ បើលោកប្រើខ្ញុំបាទឲ្យទៅយករបស់ខ្ញុំបាទទាំងអស់មក ខ្ញុំបាទពុំយកមកជូនទេ” ។ សេដ្ឋី និងបុរសនោះប្រកែកដណ្ដើមទ្រព្យគ្នាទៅវិញទៅមក ទើបសេដ្ឋីនាំបុរសនោះទៅដល់ចៅក្រមជំនុំពិចារណា ចៅក្រមជំនុំជម្រះរឿងនោះពុំបាន ទើបនាំសេដ្ឋីនិងបុរសនោះទៅគាល់ព្រះមហាក្សត្រ ។ បុរសនោះក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នេះនៅក្បែរផ្ទះសេដ្ឋីនេះ ខ្ញុំព្រះបាទអម្ចាស់យល់គាត់តែងប្រែខ្ញុំកំដរគាត់ឲ្យទៅជួញប្រែ ធ្វើស្រែចម្ការបានទ្រព្យជាផលប្រយោជន៍ផ្ទាល់ខ្លួនគាត់ ហើយខ្ញុំព្រះបាទអម្ចាស់ប្ដីប្រពន្ធនិងកូនមួយ យកខ្លួនធ្វើនូវអំពើការត្រាប់តាមគាត់ បានទ្រព្យរបស់លោះខ្ញុំទិញគោក្របី ទើបខ្ញុំព្រះបាទអម្ចាស់គិតដល់គុណគាត់ ហើយយកមាសមួយស្ទក់ទៅឲ្យគាត់ ៗ ពុំយកតែមាសមួយស្ទក់នេះឡើយ គាត់ប្រើខ្ញុំព្រះបាទអម្ចាស់ទៅយកទ្រព្យរបស់ មាសប្រាក់ មកឲ្យគាត់ទាំងអស់ហើយគាត់នឹងចែកឲ្យខ្ញុំព្រះបាទអម្ចាស់វិញ ខ្ញុំព្រះបាទអម្ចាស់ពុំយកទ្រព្យទាំងនោះមកឲ្យគាត់ ទើបគាត់នាំខ្ញុំព្រះបាទអម្ចាស់ទៅប្ដឹងចៅក្រមឲ្យជំនុំជម្រះពិចារណា ចៅក្រមជំនុំពុំបាន សេចក្ដីទាំងនេះពុំចេរ សូមទ្រង់ព្រះចិន្ដាពិចារណាឲ្យខ្ញុំព្រះបាទអម្ចាស់ហោង” ។ ទើបព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅសេដ្ឋីថា “ ម្នាលព្រះស្ដែង ! ដំណើរព្រះស្ដែងតើដូចម្ដេច ? ” ។ សេដ្ឋីក្រាបទូលថា “ ដំណើរសេដ្ឋីនៃខ្ញុំព្រះបាទអម្ចាស់នេះ ដូចពាក្យបុរសក្រាបទូលនេះហោង” ។ ព្រះមហាក្សត្រទ្រង់យល់ថា សេដ្ឋីលោភមែនពិត ទើបព្រះអង្គមានព្រះបន្ទូលដណ្ដឹងថា “ ម្នាលសេដ្ឋី ! ព្រះស្ដែងមានកូនឬឥតកូន” ។ សេដ្ឋីក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់មានកូនប្រុសមួយ ” ។ ទើបព្រះអង្គមានព្រះបន្ទូលដណ្ដឹងទៅបុរសនោះវិញថា ព្រះស្ដែងមានកូនឬឥតកូន ?” ។ បុរសក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់មានកូនស្រីមួយ” ។ ព្រះមហាក្សត្រមានព្រះបន្ទូលថា “ម្នាលព្រះស្ដែងទាំង ២ អើយ ! ម្ល៉េះហើយកុំខឹងនឹងគ្នាទៅវិញទៅមក អញឲ្យព្រះស្ដែងទាំង ២ ចងពន្ធនឹងគ្នា ឲ្យកូនប្រុសសេដ្ឋីនិងកូនស្រីអ្នកជាប្ដីប្រពន្ធនឹងគ្នាទៅ ដើម្បីឲ្យទ្រព្យរបស់ព្រះស្ដែងទាំង ២ នាក់មូលទៅលើកូននោះឯង ។ សេដ្ឋីនិងបុរសស្ដាប់ព្រះបន្ទូលដូច្នោះហើយ ចូលចិត្តក៏ក្រាបថ្វាយបង្គំលាទៅលំនៅអាត្មា រិះរកប្រដាប់ការកូនទាំង ២ សម្រេចដោយប្រការអម្បាលនេះហោង ។
រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី
មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះកុណ្ឌលសេដ្ឋី ម្នាក់ឈ្មោះគាមណីសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់ យកគ្នាធ្វើក្លើ ។ ឯកុណ្ឌលសេដ្ឋីយកទឹកឃ្មុំប្រាំរយពិន្ទង១ ទៅផ្ញើទុកនៅផ្ទះ គាមណីសេដ្ឋី ៗ ជាក្លើទទួលយកទឹកឃ្មុំនោះទុកហើយ កុណ្ឌលសេដ្ឋីលាទៅជួញជាអំឡុងយូរទៅ ។ គាមណីសេដ្ឋីចោះបាតពិន្ទងបង្ហូរយកទឹកឃ្មុំចេញអំពីពិន្ទងទាំងប្រាំរយនោះ ។ យូរទៅ កុណ្ឌលសេដ្ឋីមកអំពីជួញវិញបានយកចំណីផ្លែឈើផងទៅជូនក្លើ ហើយនិយាយថា “ខ្ញុំសុំយកពិន្ទងទឹកឃ្មុំអំពីក្លើ” ។ ទើបគាមណីសេដ្ឋីប្រាប់ថា “ក្លើអើយ ឥឡូវនេះ កណ្ដុរវាចោះបាតពិន្ទង ផឹកទឹកឃ្មុំក្លើ អស់ទៅហើយ” ។ កុណ្ឌលសេដ្ឋីនិងគាមណីសេដ្ឋីប្រកែកជជែកគ្នា ហើយនាំក្ដីនោះទៅប្ដឹងចៅក្រម ជំនុំពុំបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រ ។ ឯកុណ្ឌលសេដ្ឋីក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់យកទឹកឃ្មុំប្រាំរយពិន្ទង ទៅផ្ញើគាមណីសេដ្ឋីជាក្លើ ហើយខ្ញុំព្រះបាទអម្ចាស់ទៅជួញ លុះខ្ញុំព្រះបាទអម្ចាស់វិលមកវិញទៅសុំយកទឹកឃ្មុំពីក្លើ ៗ ប្រាប់ខ្ញុំព្រះបាទអម្ចាស់ថា “កណ្ដុរវាចោះបាតពិន្ទងទាំងប្រាំរយផឹកទឹកឃ្មុំអស់ ខ្ញុំព្រះបាទអម្ចាស់ពុំសុខចិត្តទើបមកក្រាបទូលសូមព្រះអង្គទ្រង់ពិចារណាហោង” ។ ឯគាមណីសេដ្ឋីក្រាបបង្គំទូលថា “ក្លើនេះបានយកពិន្ទងទឹកឃ្មុំប្រាំរយមកផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ពិតមែន, តែកណ្ដុរវាចោះពិន្ទងទាំងប្រាំរយផឹកទឹកឃ្មុំអស់ ខ្ញុំព្រះបាទអម្ចាស់ប្រាប់ដូច្នេះ គាត់ពុំជឿបានជា ខ្ញុំព្រះបាទអម្ចាស់មកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់ព្រះចិន្ដាពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ជ្រាបនូវដំណើរការណ៍សេដ្ឋីទាំង ២នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា “ហៃសេដ្ឋីទាំង ២ អើយ ! កុំព្រះស្ដែងក្ដីនឹងគ្នាឡើយ ដែលព្រះស្ដែងស្រលាញ់គ្នាអំពីដើមដូចម្ដេច ចូរព្រះស្ដែងស្រលាញ់គ្នាឲ្យដូចដែរនោះទៅ” ។ ឯគាមណីសេដ្ឋីឮព្រះបន្ទូលដូច្នោះក៏ក្រាបលាទៅលំនៅអាត្មា ។ ក្រោយនោះព្រះមហាក្សត្រ មានព្រះបន្ទូលដណ្ដឹងទៅកុណ្ឌលសេដ្ឋីថា “ គាមណីសេដ្ឋីមានកូនឬឥតកូន ?” កុណ្ឌលសេដ្ឋីក្រាបបង្គំទូលថា “មានកូន” ។ ទើបព្រះអង្គមានព្រះបន្ទូលថា “ បើមាន, ចូរព្រះស្ដែងទៅលួងលោមហៅមក បើបានមកហើយ ព្រះស្ដែងត្រលប់វិលទៅព្រមានគាមណីថា កូនក្លើឯងខ្លែងឆាបយកទៅហើយអញបង្អើល វាពុំទម្លាក់សោះ” ។ កុណ្ឌលសេដ្ឋីស្ដាប់ព្រះបន្ទូលដូច្នោះថ្វាយបង្គំលាទៅលំនៅអាត្មា ហើយទៅប្រលោមលួងលោមបានកូនគាមណីសេដ្ឋីយកទៅលាក់ទុកនៅទីកំបាំង ហើយវិលទៅប្រាប់ថា “ក្លើអើយ ! អញយកកូនក្លើទៅ ឥឡូវខ្លែងវាឆាបយកទៅអញដេញបង្អើលវាពុំទម្លាក់ឡើយ ” ។ កាលបើឮដូច្នោះ គាមណីសេដ្ឋីខឹងពន់ពេក ហើយនាំកុណ្ឌលសេដ្ឋីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រថា “កុណ្ឌលសេដ្ឋីនេះយកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផង លុះអំឡុងយូរទៅគាត់ថា ខ្លែងវាឆាបកូនខ្ញុំព្រះបាទអម្ចាស់, សូមទានព្រះអង្គទ្រង់ព្រះពិចារណា” ។ ឯកុណ្ឌលសេដ្ឋីក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់យកកូនក្លើនេះមកពិតមែន ខ្ញុំព្រះបាទអម្ចាស់ពុំលាក់ទេ តែខ្លែងវាឆាបយកទៅ គាត់ពុំជឿខ្ញុំព្រះបាទអម្ចាស់ឡើយ សេចក្ដីនេះពុំចេរ សូមទ្រង់ព្រះពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ជ្រាបដំណើរការសេដ្ឋីទាំង ២ ហើយទ្រង់មានព្រះបន្ទូលថា “សេដ្ឋីអើយ ! បើខ្លែងឆាបយកកូនព្រះស្ដែងទៅដូច្នោះ ត្រូវព្រះស្ដែងទាំង ២ នាក់ធ្វើសច្ចាធិដ្ឋាននឹងគ្នាថា “សូមឲ្យគាមណីសេដ្ឋីបានទឹកឃ្មុំពេញពិន្ទងដូចដែលវិញ ឲ្យខ្លែងទម្លាក់កូនមកឲ្យកុណ្ឌលសេដ្ឋីដូចដែលវិញ ”បើព្រះស្ដែងទាំង ២ ស្រលាញ់គ្នាមែននឹងបានសេចក្ដីសម្រេចប្រាថ្នាពុំខាន, បើបានដូចសច្ចាធិដ្ឋានព្រះស្ដែងទាំង ២ ហើយ ចូរព្រះស្ដែងនាំគ្នាមកកាន់អញវិញ” ។ កាលព្រះមហាក្សត្រ មានព្រះបន្ទូលដូច្នេះហើយ សេដ្ឋីទាំង ២ ក្រាបបង្គំលាទៅលំនៅទីទៃ ៗ ។ គាមណីសេដ្ឋីយកទឹកឃ្មុំចាក់ពេញពិន្ទងទាំងប្រាំរយ ដូចដែលហើយ នាំឡើងថ្វាយព្រះមហាក្សត្រ ។ កុណ្ឌលសេដ្ឋីឮថាគាមណីសេដ្ឋីយកទឹកឃ្មុំទៅថ្វាយ ក៏យកកូនទៅថ្វាយដែរ ។ ព្រះមហាក្សត្រមានព្រះបន្ទូល ឲ្យយកទឹកឃ្មុំទៅឲ្យកុណ្ឌលសេដ្ឋី ហើយឲ្យយកកូនអំពីកុណ្ឌលសេដ្ឋីមកឲ្យគាមណីសេដ្ឋី ហើយមានព្រះបន្ទូលថា “ ព្រះស្ដែងទាំង ២ កុំអាក់អន់ចិត្តនឹងគ្នា ចូរស្រលាញ់គ្នាដូចដើមវិញទៅ ” ។ សេដ្ឋីទាំង ២ ទទួលព្រះបន្ទូលហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅ ទីទៃ ៗ ហោង ។
រឿង បុរសកម្សត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋី
មាននិទានមួយថា : មានបុរសកម្សត់ម្នាក់នៅក្បែរខាងផ្ទះសេដ្ឋី បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់ពីខាងកើត រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង រុះរើខ្ទមទៅសង់ពីខាងត្បូង បើខ្យល់បក់ពីខាងត្បូង រុះរើខ្ទមទៅសង់ពីខាងជើង ។ សេដ្ឋីឃើញដូច្នោះប្រើខ្ញុំទៅដណ្ដឹងថា “ បុរសនោះចេះតែរុះរើខ្ទមទៅមក ៗ ធ្វើអ្វីដូច្នេះ ? ” ។ ខ្ញុំទៅដណ្ដឹង បុរសនោះប្រាប់ថា “ អ្នកអើយ ! អ្នកប្រាប់លោកផងថា “ ដែលខ្ញុំរុះរើទៅមក ត្បិតខ្ញុំស្រង់ក្លិនចំណីអាហារលោកនេះឯង ” ។ ខ្ញុំក៏វិលមកប្រាប់វិញដោយដំណើរនោះ ។ សេដ្ឋីគិតថា “ បើវារស់ដោយក្លិនអាហារអញ ដូច្នេះអញយកវាជាខ្ញុំបានហោង ” គិតដូច្នេះហើយក៏នាំបុរសនោះទៅប្ដឹងចៅក្រម ឲ្យជំនុំពិចារណាដោយដំណើរនោះ ចៅក្រមថា “ បើដូច្នោះអ្នកយកជាខ្ញុំបានហោង ” ។ បុរសនោះថា បើដូច្នោះអ្នកនាំខ្ញុំទៅគាល់ព្រះមហាក្សត្រ ខ្ញុំនឹងក្រាបបង្គំទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំ ” ។ ទើបសេដ្ឋីនាំបុរសនោះទៅគាល់ព្រះមហាក្សត្រ ។ បុរសនោះក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នៅក្បែរផ្ទះសេដ្ឋីនេះ បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់មកពីខាងកើត ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងត្បូង, បើខ្យល់បក់ពីខាងត្បូង ខ្ញុំព្រះបាទអម្ចាស់រុះរើខ្ទមទៅសង់ពីខាងជើង, ខ្ញុំព្រះបាទអម្ចាស់រុះរើទៅមក ៗ ដូច្នេះ ដើម្បីស្រង់ក្លិនចំណីអាហារ របស់សេដ្ឋីនេះ, សេដ្ឋីនេះថា “ ខ្ញុំព្រះបាទអម្ចាស់រស់នៅដោយសារក្លិនចំណីអាហាររបស់គាត់ ” ហើយគាត់ចាប់ខ្ញុំព្រះបាទអម្ចាស់យកទៅប្ដឹងចៅក្រម ៗ បង្គាប់ឲ្យខ្ញុំព្រះបាទអម្ចាស់ទៅជាខ្ញុំសេដ្ឋីនេះ ខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួន ខ្ញុំព្រះបាទអម្ចាស់” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងទៅសេដ្ឋីថា “ ម្នាលសេដ្ឋី ! ដំណើរសេចក្ដីនេះមែនពិតដូច្នេះ ឬដូចម្ដេច?” សេដ្ឋីក្រាបបង្គំទូលថា “ដំណើរនេះពិតដូច្នេះមែន” ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាយល់ថាចៅក្រមនោះពុំទៀងត្រង់ ទើបព្រះអង្គឲ្យយកសំពត់មកក្រាលកណ្ដាលថ្ងៃឲ្យយកប្រាក់មកចាក់គរលើសំពត់សនោះ ហើយទ្រង់មានព្រះបន្ទូលថា “ចូរព្រះស្ដែងសេដ្ឋីទៅយកប្រាក់ថ្លៃតួបុរសនោះចុះ ។ សេដ្ឋីទទួលព្រះបន្ទូលហើយ ទៅនឹងឈោងយកប្រាក់អំពីសំពត់សនោះ ព្រះអង្គមានព្រះបន្ទូលថា “ បើបុរសនោះបានឆីចំណីអាហារព្រះស្ដែងមែន ទើបគួរព្រះស្ដែងយកប្រាក់លើសំពត់សនោះ ឥឡូវបុរសនេះស្រង់យកតែក្លិនអាហារទេ មានតែព្រះស្ដែងយកស្រមោលប្រាក់នោះទើបល្មមនឹងតម្លៃក្លិនអាហារព្រះស្ដែង ” ។ បុរសនឹងសេដ្ឋីនោះចូលចិត្តហើយ ក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីទៃហោង ។ ”
រឿង ស្រីមានសហាយ ៗ ស្លាប់
មាននិទានមួយថា : មានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្ដាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូលផ្ទះស្រីនោះ ។ ក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ចួនភ្លៀងធំ បុរសនោះស្រែកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។ មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្លៀងនៅរងស្បូវ ត្រូវឆ្អឹងពស់វែកនោះ ទឹកភ្លៀងដូចគេលាងពិសពស់ហូរចូលទៅក្នុងសៀន ។ មេស្មន់អន្ធករមិនបានដឹង ក៏យកមកឲ្យបុរសនោះផឹក ។ កម្លាំងពិសពស់ខ្លាំង បុរសនោះក៏ហល់ផ្ទៃស្លាប់ទៅ ។ មេស្មន់អន្ធករបីខ្មោចបុរសនោះយកទៅដាក់នៅកណ្ដាលផ្លូវ ។ លុះព្រឹកឡើង ឪពុកម្ដាយបុរសស្លាប់នោះ ដឹងថាកូនបាត់ហើយដើរខ្មីឃ្មាតទៅរក បានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ភិតភ័យរលះរលាំងទៅប្ដឹងចៅក្រម ។ ឯចៅក្រមដណ្ដឹងថា “កូននោះស្លាប់ដោយមានហេតុឬឥតហេតុ ?” ។ ម្ដាយឪពុកឆ្លើយថា “ ខ្ញុំពុំឃើញហេតុអ្វីទេ ” ។ ចៅក្រមថា “ បើឥតហេតុដូច្នោះ យើងនឹងជំនុំជម្រះឲ្យពុំបាន ” ។ ទើបឪពុកម្ដាយប្ដឹងចៅក្រម ឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថា “ សូមទ្រង់ព្រះអង្គមេត្តាប្រោស, កូនខ្ញុំព្រះបាទអម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវ ចៅក្រមពិចារណារកឲ្យខ្ញុំព្រះបាទអម្ចាស់ពុំបានឡើយ ទើបខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលព្រះបាទអម្ចាស់ពុំចេរ សូមទ្រង់ព្រះពិចារណា” ។ ទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា “បើអស់ចៅក្រមទាំងអម្បាលម៉ាននោះជំនុំពិចារណាក្ដីនេះពុំបាន ក៏អញនឹងពិចារណាខ្លួនឯង” ទើបព្រះអង្គឲ្យហៅកំលោះរាជានុកូលម្នាក់មក ហើយទ្រង់មានព្រះបន្ទូលថា “ចូរព្រះស្ដែងយកខ្មោចបុរសនោះទៅដាក់លើផ្ទះឪពុកម្ដាយ ហើយប្រាប់អស់ទាំងស្រីផងឲ្យទៅយំសោកក្បែរខ្មោចបុរសនោះ ហើយព្រះស្ដែងចាំស្ដាប់ទំនួញអស់ស្រីទាំងនោះវាយំទួញថាម្ដេចៗ ខ្លះ ? ស្រីណាយំសោកស្ដាយថាម្ដេច ព្រះស្ដែងកត់ត្រាឈ្មោះអស់ស្រីអម្បាលនោះសព្វគ្រប់យកមកឲ្យអញ” ។ ឯចៅកំលោះរាជានុកូលនោះ ក្រាបថ្វាយបង្គំទទួលព្រះបន្ទូលចេញទៅយកខ្មោចបុរសនោះទៅដាក់លើផ្ទះម្ដាយឪពុក ហើយប្រាប់អស់ស្រីផងឲ្យមកយំសោក ខ្មោចនោះដូចព្រះបន្ទូល ។ អស់ស្រីឯទៀតមកយំហើយទៅផ្ទះទីទៃ ៗ ទៅនៅតែមេម្នាក់យំសោកអាល័យពុំអស់សេចក្ដីពុំទៅផ្ទះ ឱបខ្មោចទួញយំនៅទីនោះ ។ កំលោះរាជានុកូល កត់ដោយដំណើរហើយយកទៅទូលព្រះមហាក្សត្រ ព្រះអង្គជ្រាបដោយដំណើរនោះហើយ ទ្រង់មានព្រះបន្ទូលឲ្យទៅដណ្ដឹងមេនោះថា “ ត្រូវជាសាច់ញាតិម្ដេចនិងខ្មោចនោះ បានជាឱបទួញយំពុំទៅផ្ទះ” ។ មេនោះឆ្លើយថា “ ពុំជាសាច់ញាតិទេ ត្បិតចៅនេះជាស្មន់អន្ធករនឹងខ្ញុំ ទៅរកខ្ញុំ ចួនភ្លៀងធំ ចៅនេះស្រែកទឹក ខ្ញុំយកសៀនត្រង់ទឹកភ្លៀងឲ្យចៅនេះ ៗ នេះផឹកហើយ ស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯង ខ្ញុំយកខ្មោចទៅដាក់នៅកណ្ដាលផ្លូវ ខ្ញុំស្រណោះបុរសនេះឯងទើបខ្ញុំយំ ” ។ កំលោះរាជានុកូលក៏នាំពាក្យទាំងនេះ ទៅក្រាបទូលព្រះមហាក្សត្រ ។ ព្រះអង្គបានជ្រាបអស់ដំណើរដូច្នោះហើយ ទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្ធករនោះ ឃើញមានឆ្អឹងពស់វែកនៅទីដែលមេស្មន់អន្ធករត្រងទឹកភ្លៀងឲ្យបុរសនោះផឹក ទើបទ្រង់មានព្រះបន្ទូលថា “នេះហេតុកម្មបុរាណខ្លួនឯងមកផ្ដល់ ” ឯមេស្មន់អន្ធករនោះពុំធ្វើថ្នាំបំពុលឡើយ” ។ ព្រះអង្គពុំឲ្យឪពុកម្ដាយបុរសស្លាប់នោះនាំមេស្មន់អន្ធករនោះជាក្ដីឡើយ បើឲ្យមេស្មន់អន្ធករនោះទៅលំនៅអាត្មាទីទៃ ៗ ហោង ។
រឿង សត្វឥន្ទ្រី និងក្រពើដណ្ដើមដំរីគ្នាស៊ី
មាននិទានមួយថា : មានសត្វឥន្ទ្រីមួយនៅលើកោះ កណ្ដាលសមុទ្រ ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “ អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ ក្រពើនោះវាចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា “ ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ ? ” ។ ឥន្ទ្រីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែអម្បាញ់មិញនេះឯង ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង ? ” ។ ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វជាតាបសនៅទីនោះ ។ ក្រពើនិងឥន្ទ្រីប្ដឹងដោយដំណើរទីទៃ ៗ ។ ក្រពើថា “ ខ្ញុំខាំដំរីនឹងឆីនៅរូងខាងរូងលំនៅខ្ញុំ ឥន្ទ្រីនេះមកដណ្ដើមសាច់ដំរី នឹងយកឆីជាអាហារវា ” ។ ឥន្ទ្រីថា “ ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដ ទើបតែមកដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវាវារឡើងអំពីរូង ទៅថា “ ខ្ញុំលួចចំណីអាហារវា ” ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង ” ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្ទ្រី ពុំឃើញចង្កូមក្រពើនោះឡើយ ព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែន ។ តាបសថា “ឥន្ទ្រីនេះយល់ជាមានសាក្សីមែនពិត ឯក្រពើឥតសាក្សីអ្វីឡើយ" ទើបកាត់សេចក្ដីនោះឲ្យក្រពើចាញ់ឥន្ទ្រី ។ តាបសកាត់សេចក្ដីដូច្នេះ ហៅថាសុគតិគមនំហោង ។
រឿង ព្រះរាជបុត្រ ៣ អង្គរៀនសិល្ប ៣ យ៉ាង
-មួយអង្គរៀនហោរាសាស្ត្រ ,
-មួយអង្គរៀនយកចិត្តរេហ៍ពល ។
មាននិទានមួយថា : មាននគរមួយ ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣ ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់ គឺប្អូនបង្អស់រៀនរៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា ។ ព្រះរាជបុត្រទាំង ៣ អង្គនេះសុទ្ធតែបានរៀនចេះចប់សព្វគ្រប់ប្រការទីទៃ ៗ ហើយវិលមកនគរព្រះវរបិតាវិញ ។ ព្រះវរបិតាទ្រង់ព្រះចិន្ដាថា “ បើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញ ” ។ ទ្រង់ព្រះចិន្ដាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយ ទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរោហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ ទៅដណ្ដឹងសួរមហាឫសីថា “ រាជបុត្រទាំង ៣ អង្គនេះ គួរឲ្យអង្គណា សោយរាជ្យស្នងឪពុក ? ” ។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតនិងមុខមន្ត្រី សេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ អាមាត្យទៅដល់មហាឫសីពិតពុទ្ធដីកាដោយនូវដំណើរថា “ បពិត្រមហាឫសីអើយ ព្រះមហាក្សត្រជាអម្ចាស់យើងខ្ញុំមានព្រះរាជបុត្រ ៣ ព្រះអង្គ សុទ្ធតែចេះសិល្បសាស្ត្រគឺ ១ ចេះសិល្បធ្នូ, ១ ចេះហោរាសាស្ត្រ, ១ ចេះយកចិត្តរេហ៍ពលសកលយោធា, បណ្ដាអង្គទាំង ៣ នេះតើអង្គណាគួរគ្រងរាជសម្បត្តិបាន ? ” ។ មហាឫសីឆ្លើយថា “ អ្នកចេះយកចិត្តរេហ៍ពលសកលយោធាគួរបានជាស្ដេច, អ្នកចេះសិល្បធ្នូគួរទុកជាសេនាបតី, អ្នកចេះហោរគួរទុកជាឧបរាជ ដើម្បីតម្រែតម្រង់សេចក្ដីគាប់ខុសស្នងអង្គស្ដេច សម្រេចការខុសត្រូវដោយនូវប្រការអម្បាលនេះឯងហោង ។
រឿង ព្រះរាជកុមារ ៤ អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យ
មាននិទានមួយថា : មានព្រះរាជកុមារ ៤ អង្គចេញទៅរៀនសិល្បសាស្ត្រឯក្រុងតក្កសិលាមហានគរ លុះរៀនសិល្បចប់សព្វគ្រប់ហើយត្រលប់វិលវឹងមកឈប់សម្រាក នៅឧទ្យានមួយ ។ កាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទិវង្គត ហើយឥតអ្នកណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រ ទឹមបុស្សរថអធិដ្ឋានផ្សងរកអ្នកមានបុណ្យ ដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះ ។ កាលផ្សងទៅ បុស្សរថនោះពុំទៅរំលងឧទ្យាននោះឡើយ ។ ពួកបុរោហិតចូលទៅមើលយល់រាជបុត្រទាំង ៤ ព្រះអង្គគង់នៅទីនោះ ក៏យកទឹកស្រង់ទាំង ៤ ព្រះអង្គ ស្រេចហើយអញ្ជើញចេញមក ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិត នឹងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រទាំងនោះពិចារណាគ្នាថា “ រាជកុមារទាំង ៤ ព្រះអង្គនេះយើងនឹងយកព្រះអង្គណាជាម្ចាស់យើង ? ” ។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតអម្បាលនោះ គិតធ្វើជាប្រស្នាពិសោធរាជកុមារទាំង ៤ ថា “ អង្គឯណាមានបុណ្យប្រកបដោយលក្ខណៈត្រូវបានជាស្ដេច” គិតដូច្នេះហើយក៏ព្រាហ្មណ៍អ្នកប្រាជ្ញទាំងនោះក្រាបបង្គំទូលថា “ បពិត្រព្រះរាជកុមារទាំង ៤ ព្រះអង្គ ! យើងខ្ញុំនឹងនិទានរឿងមួយ ថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់” ហើយព្រាហ្មណ៍និទានថា “ មាននគរ ១ មានរាជធីតា ៤ ព្រះអង្គ នាង ១ មានរូបឆោមល្អប្រពៃ នាង ១ ចេះវត្តប្រតិបត្តិហើយចេះប្រដាប់ភោជនាហារដ៏មានរសឆ្ងាញ់ពិសា, នាង ១ ចេះផ្គត់ផ្ទង់សារពើទ្រព្យផង រក្សាទុកមិនឲ្យខ្ចាត់ខ្ចាយ នាងមួយចេះប្រដៅខ្ញុំកំដរផង ចេះចាយទ្រព្យឲ្យទានសមណព្រាហ្មណ៍ ភណាចារ្យនិងស្មូមយាចកផង, បើនាងទាំង ៤ សុទ្ធតែប្រកបដោយលក្ខណៈទីទៃ ៗ ដូច្នេះ តើព្រះអង្គទាំង ៤ សព្វព្រះរាជហឫទ័យ និងយកនាងណាជាព្រះរាជទេពីនៃព្រះអង្គនីមួយ ៗ ? ” ។ ព្រះរាជកុមារ ១ ថា “ នាងដែលមានរូបល្អនោះគួរជារាជទេពី” ។ ព្រះរាជកុមារ ១ ថា “នាងដែលមានវត្តប្រតិបត្តិចេះប្រដាប់ភោជនាហារ ដ៏មានរសឆ្ងាញ់ពិសានោះ គួរជារាជទេពី ” ។ រាជកុមារ ១ ថា “ នាងដែលចេះផ្គត់ផ្គង់សារពើទ្រព្យរក្សាទុកមិនឲ្យខ្ចាត់ខ្ចាយនោះគួរជារាជទេពី ” ។ ព្រះរាជកុមារ ១ ថា “ នាងដែលចេះប្រដៅខ្ញុំកំដរផង ចេះចំណាយទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យនិងឲ្យទានស្មូមយាចកផងនោះ គួរបានជារាជទេពី ” ។ ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញ រាជបុរោហិតមុខមន្ត្រីសេនាបតី កវីបណ្ឌិតព្រឹទ្ធាមាត្យទាំងនោះ ទទួលយកព្រះរាជកុមារអង្គក្រោយដែលសព្វព្រះរាជហឫទ័យ ចំពោះនាងដែលចេះបង្គាប់បញ្ជាប្រដៅខ្ញុំកំដរផង ចេះរក្សាទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យ និងឲ្យទានស្មូមយាចកផងនោះឯង អភិសេកឡើងជាស្ដេច សម្រេចដោយនូវប្រការអម្បាលនេះហោង ។
Tuesday, 8 November 2016
រឿង បុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
មានបុរសម្នាក់មានកូនប្រុស ៤ នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា «ឲ្យស៊ីភោជនាហារគ្រប់មុខ» ។ បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា «ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ?» ។ បុរសនោះក្រាបទូលថា «សម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន» ។ ស្ដេចនឹកក្នុងព្រះទ័យថា« បុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែន » ។ អំពីនោះទៅ ស្ដេចទ្រង់ពិសោធបុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត មានពូកកម្រាលក្រាលពីលើ ។ ស្ដេចយកសក់មួយសរសៃ ទៅដាក់ក្រោមកម្រាលពូកនោះ ដល់ពេលយប់ ទ្រង់ហៅបុរសនោះឲ្យទៅដេក ។ បុរសប្រះដេកទៅក្រោកឡើងវិញភ្លាម ។ ស្ដេចទ្រង់សួរថា «ហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញ ?» ។ បុរសនោះក្រាបទូលថា «មានសក់មួយសរសៃនៅក្នុងដំណាក់នោះ បានជាទូលព្រះបង្គំជាខ្ញុំក្រោក»ស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថា «បុរសនោះស្ទាត់ខាងវិជ្ជាដេកប្រាកដមែន» ។ ថ្ងៃមួយ មានបុរសម្នាក់ស្លាប់នៅកណ្ដាលវាល គ្មានភិនភាគស្លាកស្នាមអ្វី នៅរូបកាយនោះសោះ។ ស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួង ស៊ើបសួររកហេតុនោះ ក៏ពុំឃើញ, ទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជា ខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការ ឲ្យហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះ។ បុរសនោះ សូមព្រះរាជអនុញ្ញាតអំណាច ក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។ ស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញ ទៅដល់ទីកន្លែងមនុស្សស្លាប់នោះ ចាត់ការហៅអ្នកស្រុកមកប្រជុំ មិនឲ្យមានសល់ម្នាក់ ហើយបុរសនោះហាមប្រាមថា « ក្នុងវេលាថ្ងៃស្អែកនេះ មិនឲ្យអ្នកណាទៅណាមកណា ក្រៅពីភូមិខ្លួនទេ ឲ្យទាំងអស់គ្នា ទាំងប្រុសទាំងស្រី ចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថា ដែលស្លាប់នៅកណ្ដាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនចេញ ។ ខណៈដែលរៀបចំរំលាយសពនោះ បុរសជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើននាក់ដែលបានពន្យល់ពីកិច្ចហេតុ ដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេច ។ ពេលភ្លើងឆេះពេញកម្លាំង មានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោក ។ បុរសជាអ្នកគយគន់មើលហេតុ ក៏នាំយកខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន ។ បុរសជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។ នាងនោះរកផ្លូវគេចកែដោះសាទៅពុំបានក៏ប្រាប់បុរសនោះ តាមត្រង់ថា «ខ្លួននាងបានសហាយនឹងបុរសដែលស្លាប់ ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះ ហើយថាដំណើរដែលស្លាប់នោះ គ្មានអ្នកណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេក បុរសនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹក នាងមិនហ៊ានចេញទៅដងទឹកឯក្រៅ ដោយខ្លាចឪពុកដឹងក៏យកផ្តិលត្រងទឹកភ្លៀងដែលហូរធ្លាក់ តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹក, លុះផឹកហើយ ក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅ ។ បុរសដែលជាអ្នកស៊ើបសួរ ក៏យល់ច្បាស់ក្នុងចិត្តថា «នាងនេះ មិនមានសន្ដានចិត្តជាទុច្ចរិត នឹងបុរសដែលស្លាប់នោះទេ ព្រោះទើបស្រឡាញ់គ្នា បានជួបគ្នាក្នុងខណៈនេះ ការណ៍នេះប្រាកដជាមានសត្វអាសិរពិសអ្វី នៅលើដំបូលផ្ទះនោះ បានជាបណ្ដាលឲ្យបុរសនោះស្លាប់» ។ ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ ឃើញពស់នាគរាជមួយនៅចំពីលើល្វែង ដែលនាងនោះដេក ។ បុរសជានាយក៏ឲ្យវាយពស់នាគរាជនោះ យកមកថ្វាយស្ដេច ក្រាបទូលតាមដំណើរ ហើយដោះលែងនាងនោះទៅ ដោយវិនិច្ឆ័យថា «ហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់ មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជ ដែលនាងនោះត្រងមកឲ្យផឹក ដោយឥតចេតនា»។ ស្ដេចក៏ទ្រង់សរសើរថា បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែន។
ថ្ងៃមួយក្រោយមក មានសេដ្ឋីម្នាក់ស្លាប់ សេដ្ឋីនោះមានប្រពន្ធក្មេងល្អ ។ នាងនោះប្ដេជ្ញាថា «មិនយកប្ដីទៀតទេ» ។ ដំណឹងនោះជ្រាបដល់ស្ដេចៗទ្រង់ឲ្យនាហ្មឺនសព្វមុខមន្ត្រី ទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន ស្ដេចទ្រង់គិតថា « នាងនេះប្រហែលជាមិនយកប្ដីដូចដំណឹង ដែលទ្រង់ជ្រាបនោះមែន » តែទ្រង់គិតក្នុងព្រះរាជហឫទ័យថា «នាហ្មឺនសព្វមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្ដីប្រាថ្នានាងមេម៉ាយទេ បើអង្គអញប្រហែលជានាងនេះព្រម»។ ក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះ ហើយទ្រង់ឲ្យប្រាប់នាងថា «ល្ងាចនេះ ទ្រង់នឹងមកផ្ទំនឹងនាង ឲ្យនាងរៀបចំទីកន្លែងចាំទទួល» ។ នាងមេម៉ាយក៏ទទួលព្រះរាជឱង្ការ ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួន រចនាដោយគ្រឿងប្រដាប់ សម្រាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រ និងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំ ដែលរៀបចំទទួលស្ដេចតាមព្រះរាជឱង្ការ ។ ដល់ស្ដេចយាងមក ដោយទ្រង់មិនបានគិតពិនិត្យសព្វគ្រប់ ទ្រង់ក៏យល់ថា «ទីនេះជាទីសម្រាប់នាងមេម៉ាយមែន បានជាមនុស្សទាំងឡាយ មិនហ៊ានមកនៅទីនេះ » ទ្រង់ក៏ដាក់ព្រះអង្គគង់អែប ដោយសំគាល់ថា «នាងមេម៉ាយ» ទ្រង់ផ្ទំជាមួយនាងនោះ រួចហើយទ្រង់កំណត់ព្រះចិន្ដាថា «អញមកចង់នាងនេះបានហើយ» ។ ដើម្បីឲ្យបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួង, ស្ដេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់ រួចទ្រង់យាងមកព្រះបរមរាជវាំងវិញ ទ្រង់មានព្រះរាជឱង្ការផ្ដាំថា «ព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខាន» ។ ទ្រង់យាងទៅដល់ព្រះបរមរាជវាំង ទ្រង់ក៏មានព្រះរាជឱង្ការ ប្រាប់អស់នាហ្មឺនសព្វមុខមន្ត្រីថា ព្រះអង្គយាងទៅចង់នាងនោះបាន មានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ ក្នុងវេលាព្រឹកនេះផង ឲ្យនាហ្មឺនសព្វមុខមន្ត្រីទាំងអស់ចាំមើល ។ ដល់នាងមេម៉ាយចូលមកគាល់ យកទាំងស្រីបម្រើដែលតាក់តែងកាយ ទទួលស្ដេចពីយប់នោះមកជាមួយផង, លុះចូលមកគាល់ ក៏អង្គុយតាមមុខក្រោយ នាងមេម៉ាយអង្គុយមុខ ស្រីបម្រើអង្គុយក្រោយ ។ ស្ដេចឲ្យនាហ្មឺនទៅពិនិត្យមើល នៅកន្លែងសំគាល់ ដែលទ្រង់បានប្រាប់ហើយនោះ ។ លុះភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យ ត្រឡប់មកក្រាបទូលស្ដេចវិញថា «នាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញ ឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេ » ។ ស្ដេចក៏តូចព្រះរាជហឫទ័យដោយសេចក្ដីមិនបានពិនិត្យជាមុន ក៏ព្រះអង្គទ្រង់ចិន្ដាត្រិះរិះទៅឃើញថា « នាងនេះជាស្រីមានប្រាជ្ញា នឹងរកអ្នកណាទៅចង់នាងពុំបាន» ទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជ្ជាចង់ស្រី ក៏មានព្រះរាជឱង្ការឲ្យចូលទៅគាល់ ។ ស្ដេចក៏មានព្រះរាជឱង្ការសួរទៅបុរសនោះថា «ឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេ ? បើបងឯងត្រូវការវត្ថុអ្វី យើងឲ្យឯងទាំងអស់ » ។ បុរសនោះក្រាបទូល «ទទួលតាមបន្ទាល់ ដោយមិនបាច់យកវត្ថុជាឧត្ដមទៅទេ សុំតែសំពត់ផាឌិបសចាស់ យកទៅស្លៀកពាក់ ហើយនឹងឆ្អឹងគោមួយថោវេចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយ» ។
ឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋី វេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញ ក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្ដី រំលាយសពជាស្រេច រើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លង ។ វេលាយប់នោះបុរស ដែលទទួលព្រះរាជឱង្ការ បានទៅដល់លើសាលា ដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្ដី ដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះ ដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់ មានសេចក្ដីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួន ជាសំគាល់ផង, បណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងមេម៉ាយ ដែលនៅលើសាលានោះទាំងប៉ុន្មាន មានសេចក្ដីឆ្ងល់ភ័ន្តភាំងគ្រប់គ្នា សួរទៅបុរសនោះថា ហេតុអ្វី ក៏អ្នកមកយំសោក បោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះ? ។ បុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថា «ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ ខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំ ដែលស្លាប់ជាយូរ ហើយនោះភ្លាម ក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានិងការព្រាត់ប្រាសជាថ្មីមួយជាន់ទៀត, តាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ ស្ពាយតែធាតុប្រពន្ធដើរ ដោយសេចក្ដីអាឡោះអាល័យ » ហើយបុរសនោះ សុំអ្នកចាំសាលាអ្នកស្នាក់មួយយប់ ។ បុរសដែលចាំសាលា មិនហ៊ានសម្រេចដោយខ្លួនឯង ក៏យកសេចក្ដីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរ ដែលបុរសនោះអធិប្បាយអំពីសេចក្ដីកម្សត់របស់ខ្លួន ហើយសុំសាលាស្នាក់ ។ នាងមេម៉ាយមានចិត្តអាណិតដល់បុរសកម្សត់ ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះ ក៏យល់ព្រមឲ្យស្នាក់ ហើយបង្គាប់ទៅមនុស្សបម្រើ ឲ្យរៀបអាហារភោជន ឲ្យទានបុរសនោះផង ។ លុះយប់នាងមេម៉ាយ ទៅស្ដាប់ធម៌ទេសនា ឆ្លងបុណ្យខ្មោចប្ដី នៅលើសាលាដែលតម្កល់ធាតុនៅនោះ ។ ឯបុរសចង់ស្រី ក៏សម្ងំធ្វើជាដេកលក់ទៅ ។ នាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញ ។ បុរសជាអ្នកចង់ស្រី ឃើញឱកាសស្ងាត់ល្អ ក៏លួចយកធាតុប្រពន្ធខ្លួន ទៅដាក់ប្របធាតុសេដ្ឋីជាប្ដីនាងមេម៉ាយ ។ លុះដល់ព្រឹកឡើង នាងមេម៉ាយចូលដល់សាលា បុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថា «អ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់ ? » ។ នាងមេម៉ាយឆ្ងល់ ក៏សួរបុរសនោះថា «ហេតុអ្វី ក៏អ្នកឯងយំខ្លាំងម្ល៉េះ ?» ។ បុរសនោះប្រាប់ទៅនាងមេម៉ាយវិញថា « អ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់» ហើយចោទប្រកាន់ ទៅលើរូបនាងមេម៉ាយថា «ខ្មោចប្ដីនាងមេម៉ាយលួចធាតុប្រពន្ធទៅ» ។ នាងមេម៉ាយមានសេចក្ដីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្ដីថា «លួចធាតុប្រពន្ធដូច្នោះ, ក៏នាំបុរសនោះឲ្យទៅមើលឃើញនៅជិតគ្នាមែន ។ បុរសក៏ចោទប្រកាន់ចំពោះខ្លួននាងមេម៉ាយថា «ប្ដីនាង យកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយ លុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញ ទើបព្រមសុខចិត្ត» ។ សេចក្ដីចោទចំពោះខ្លួននាងមេម៉ាយនោះ ជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិត ។ នាងមេម៉ាយរកផ្លូវដោះសាគ្មាន ក៏ចាញ់កលនោះជាទម្ងន់ ថែមទាំងមានសេចក្ដីអន់ចិត្តខ្មោចប្ដីខ្លួនដែលស្លាប់នោះ ថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះ គ្នាកំពុងកើតទុក្ខនឹងខ្លួន ៗ ហ៊ានទៅលួចប្រពន្ធគេ យកមកបញ្ចើនៅមុខ នាងជាអុកជាទុក្ខគិតសព្វៗ ទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្ដី ជាសេចក្ដីផ្គើន តបឲ្យទល់ពុតទៅនឹងខ្មោចប្ដីខ្លួនវិញដែលហ៊ានខូច លួចប្រពន្ធបុរសនោះ ។ ចំណែកបុរសនោះ ដល់បាននាងមេម៉ាយជាប្រពន្ធ ៣ – ៤ ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេច ។ ឯស្ដេចនឹងនាហ្មឺនសព្វមុខមន្ត្រីបានទត បានឃើញ ក៏មានសេចក្ដីសរសើរចំពោះបុរសនោះថា ជាអ្នកមានវិជ្ជាចេះចង់ស្រីប្រាកដមែន ។
ម្ង៉ៃនឹងចេះ ឲ្យគេកោត ម្ង៉ៃនឹងឆោត ឲ្យគេអាណិត
រឿង បុរសកុហក៤នាក់
បុរសទី ១ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន ៣ ខែ ម្ដាយខ្ញុំ គាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំ ដើមវាមានកម្ពស់ប្រហែល ៨ ព្យាម ហើយមានផ្លែតែមួយផង គាត់មិនដឹងជាគិតដូចម្ដេច នឹងបានផ្លែឈើនោះមកពិសា ។ លុះខ្ញុំបានដឹងថា គាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាស ទៅឡើងបេះទុរេននោះ យកមកជូនគាត់ពិសា, រួចស្រេច ខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញ ។
បុរសទី ២ ថា : កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន ៦ ខែ ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចម្ការ ច្បារដំណាំពេក ខ្ញុំចេញពីផ្ទៃគាត់មក នៅធ្វើស្រែចម្ការ ឃ្វាលគោ ក្របី ដណ្ដាំបាយ ដងទឹក ជំនួសគាត់ ពីព្រឹកព្រហាម លុះល្ងាច អស់ការធ្វើ ខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ជារៀងរាបដរាបមក ។
បុរសទី ៣ ថា « ឱ ! តាយាយអើយ ខ្លួនខ្ញុំនេះ ជាទេវបុត្តច្យុតចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសព្វថ្ងៃនេះ ខ្ញុំចេញពីទ្វារមាសវេលាណា បានមកបម្រើគាត់សព្វសារពើ, ដល់ខ្ញុំចាស់ទៀបនឹងស្លាប់ ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ដើម្បីកុំឲ្យស្លាប់ទាន់ ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញ » ។
បុរសទី ៤ ថា : ខ្លួនខ្ញុំនេះ ចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមក ខ្ញុំរក្សាសីល ៥ ចាំសីល ៨ តែសីលខ្ញុំ ប្លែកពីសីលអ្នកទាំងពួងចង់ផឹកស្រា ជក់អាភៀន សម្លាប់ជីវិតគេក៏បាន , លុះដល់ខ្ញុំស្លាប់ទៅ ៗ កើតជាទេវតា សោយរាជសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង ៤ នាក់នោះ និយាយភូតកុហកគ្រប់គ្នាហើយ ក៏សួរទៅតាចាស់ដូនចាស់ថា « រឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះ តើតាយាយជឿឬទេ ? តាយាយ ឆ្លើយតបទៅវិញថា « រឿងនោះតាយាយ ជឿហើយចៅ ! » ។ តែក្នុងគំនិតគាត់ទាំង ២ នាក់ គិតឃើញជាស្រេចថា « បុរសទាំងនេះ សុទ្ធតែនិយាយកុហកទាំងអស់ » ។
ដល់បុរសទាំង ៤ នាក់នោះ ទាល់ប្រាជ្ញា ក៏ឲ្យតានោះ និយាយរឿងប្រាប់ម្ដងវិញ, ប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះ គាត់បានសន្យាដូចបុរសទាំង ៤ នាក់នោះដែរ , លុះព្រមព្រៀងទាំងអស់គ្នា ទើបតាចាស់និយាយ ។
តាថា « ឱ ! ចៅអើយ ! កាលតានិងយាយមកធ្វើចម្ការកប្បាសនេះបាន ៥ -៦ ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាស ល្មមនឹងចិញ្ចឹមចៅទាំង ៤ នាក់នេះបាន តែនៅឆ្នាំមួយមុននោះ កប្បាសមិនផ្លែសោះ មិនដឹងជារឿងហេតុអ្វី, មានមួយថ្ងៃ តាដើររុកក្នុងចម្ការទៅ ឃើញដើមកប្បាស ១ ដើម ទំហំប៉ុនដើមត្នោត មានផ្លែមួយធំ តាក៏ឡើងបេះយកមកផ្ទះ, ដល់តានិងយាយនាំគ្នាបកមើលឃើញមានគ្រាប់ ៤ ក្នុងមួយគ្រាប់ ៗ មានកុមារម្នាក់ៗ គ្រប់គ្រាប់ទាំង ៤, តាបានឲ្យយាយគាត់បំបៅបីបាច់រក្សា, លុះដល់កុមារទាំង ៤ នាក់នោះ ធំវេលាណាឡើងក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅ, ឥឡូវតាឃើញចៅទាំង ៤ នាក់នេះត្រឡប់មកវិញហើយ ។
បុរសទាំង ៤ នាក់ ភិតភ័យខ្លាំង ក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ ដូនចាស់វិញថា « មិនមែនទេ » ។ តាយាយសួរទៅវិញថា « ហេតុអ្វីក៏ចៅថាមិនមែន, បើចៅចេះតែប្រកែកយ៉ាងនេះ នុះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ, បើដូច្នេះ ត្រូវចៅទាំង ៤ នាក់មកនៅបម្រើតា ទើបត្រូវនឹងពាក្យសន្យា » ។ បុរសកុហក ៤ នាក់គេចមិនរួច ក៏នៅបម្រើតាយាយទៅ ។
ពាក្យច្រើនភូត ចាញ់អាត្មា
រឿង សួស្ដី និងអពមង្គល
សម័យថ្ងៃមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា << លោកមានរឹទ្ធិអំណាច ដូចម្ដេចខ្លះ ? » ។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា << រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ទោះគេស្អប់ គេមិនមេត្តា តែអញទៅសណ្ឋិតកាលណា នឹងបណ្ដាលឲ្យគេស្នេហាទំនុកបម្រុងដរាបដល់បានរាជសម្បត្តិ » ។
ឯសិរីសួស្ដី សួរទៅអពមង្គលវិញថា «រឹទ្ធិអំណាច ដូចម្ដេចខ្លះ ?» ។ អពមង្គលឆ្លើយថា «រឹទ្ធិអំណាចខ្ញុំនេះ បើខ្ញុំទៅសណ្ឋិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង ខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិហើយក៏គង់ថ្លោះធ្លោយ ធ្លាក់ខ្លួនទៅជាខ្ញុំគេបាន» ។ អពមង្គលចង់ដឹងរឹទ្ធិសិរីសួស្ដី ក៏ប្រាប់ថា «ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុល សព្វថ្ងៃនេះ សេដ្ឋីប្រើឲ្យឃ្វាលគោក្របី សេដ្ឋីខឹងនឹងអាតុល ជេរវាយតែសព្វថ្ងៃ ថាពុំមើលថែរក្សាគោក្របី ឲ្យស្គមអស់ ខ្ញុំចង់ឲ្យលោកសិរីសួស្ដីទៅសណ្ឋិតនៅលើរូបអាតុលខ្ញុំសេដ្ឋីនោះ, បើវាបានរាជសម្បត្តិ ខ្ញុំក៏ជឿថា លោកមានរិទ្ធិខ្លាំងពូកែប្រាកដមែន » ។ សិរីសួស្ដីប្រាប់អពមង្គលវិញថា « ឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះ អញចូលទៅសណ្ឋិតនៅលើរូបអាតុល ខ្ញុំសេដ្ឋីហើយ, តែកាលណាអញចូលទៅនៅហើយ មិនយូរប៉ុន្មានមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន » ។
លុះព្រឹកឡើង ដល់ពេលអាតុលបញ្ចេញគោក្របីពីក្រោល យកទៅឃ្វាល, សិរីសួស្ដីចូលទៅសណ្ឋិតនៅលើរូបអាតុល ៗ ក៏រីករាយ សប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន ។
ដល់ពេលល្ងាច អាតុលកៀងគោក្របី ត្រឡប់មកបញ្ចូលក្រោលឯផ្ទះវិញ ។ សេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របី ឃើញអាតុលរាំងទ្វារក្រោលគោក្របីខ្ជាប់ហើយ ទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយ នៅត្រង់កន្លែងខ្លួន ដូចសព្វដង ។ កាលសេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលហើយ ក៏នឹកក្នុងចិត្តអាណិតថា «ឱអាតុលអើយ ! ទៅឃ្វាលគោក្របី អត់បាយក្រហាយទឹកទាល់ល្ងាច ទើបបានបាយបរិភោគ ម្ល៉េះសមវាឃ្លានយ៉ាងណាទៅ ? គិតហើយ ក៏ដាស់តឿនខ្ញុំកំដរស្រីៗ ឲ្យដោះដួសបាយស៊ីរាល់គ្នា ។ខ្ញុំស្រីៗក៏ដោះដួសភោជនាហារណា ដែលមានឱជារសយកទៅដាក់ជូនសេដ្ឋី ហើយប្រជុំគ្នាបរិភោគ ។ សេដ្ឋីប្ដីប្រពន្ធ ហៅអាតុលឲ្យមកជិត ចាប់ម្ហូបដែលមានឱជារសឲ្យបរិភោគ ៗរួច សេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫករូបអាតុលនោះ ក៏ឃើញថាសមរម្យឥតខ្ចោះ រកទាស់ចិត្តត្រង់ណាគ្មាន ។ បណ្ដាជនទាំងស្រីប្រុស ឲ្យតែឃើញរូបអាតុលនោះកាលណា ក៏មានចិត្តស្នេហាមេត្តាពន់ប្រមាណ ។ ឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះ និយាយគិតគ្នាថា « សព្វថ្ងៃនេះ យើងឥតកូន, ទ្រព្យសម្បត្តិក៏មានច្រើន, អំណើះតទៅបើឥតពីយើង ទ្រព្យសម្បត្តិនឹងអន្តរាយអសារឥតការ, គួរលើកអាតុលឡើងតម្កើងធ្វើជាកូន កុំឲ្យវាឃ្វាលគោក្របីទៀត ត្បិតអាតុលនេះ សាច់ឈាមឫកពាល្អណាស់ល្មមសមគួរជាកូនយើងបាន » ។
ដល់ពេលល្ងាច អាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹតតែស្នេហាមេត្តាពន់ពេក ក៏ហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួន ឈប់ឲ្យឃ្វាលគោក្របី ចាប់តាំងពីថ្ងៃនោះតទៅ ។
សេដ្ឋីទាំងប្ដីប្រពន្ធ យកសំលៀកបំពាក់ គ្រឿងមាសប្រាក់មកតុបតែងឲ្យអាតុលហើយប្រាប់ថា «ពីថ្ងៃនេះទៅ អញទុកឯងជាកូន, អំណើះពីអញទៅ ទ្រព្យសម្បត្តិអញទាំងប៉ុន្មាន នៅលើដៃកូនឯងទាំងអស់ » ។ អាតុលក៏រីករាយសប្បាយជាទីបំផុត ។
ដោយអំណាចសិរីសួស្ដី សណ្ឋិតលើខ្លួន លុះអាតុលចំរើនអាយុពេញរូបរាងឡើង ក៏រឹតតែល្អ រកបុរសឯណានឹងប្រៀបផ្ទឹមស្មើពុំបាន ។
រាល់ព្រឹកល្ងាច សេដ្ឋីតែងចូលគាល់ព្រះមហាក្សត្រ ពុំដែលលស់ខាន ក៏នាំយកអាតុលជាកូនទៅគាល់ផង ។ ព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ស្ដេចចេញប្រថាប់នៅក្រឡាព្រះនៅឆ្ងល់ ព្រះរាជបុត្រី ក៏ដិតដោយក្រោយព្រះអង្គមក ។ កាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ទ្រង់ឆ្មៀងព្រះនេត្រ ឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាស់សួរថា « កូនសេដ្ឋីឬ ? សេដ្ឋីទូលថា « កូនទូលព្រះបង្គំជាខ្ញុំ » ។ ស្ដេចទ្រង់សរសើរថា « កូនសេដ្ឋីមានរូបមានឫកល្អណាស់ »។ ព្រះរាជបុត្រី ក៏នឹកក្នុងព្រះទ័យថា « កូនសេដ្ឋីនោះមានលំអនឹងរកបុរសណាផ្ទឹមពុំបាន ធ្វើម្ដេចនឹងបានជាស្វាមីអញ ?
ដល់ពេលគួរ ស្ដេចនិងព្រះរាជបុត្រីនោះ យាងចូលទៅខាងក្នុងវិញ, សេដ្ឋីក្រាបថ្វាយបង្គំលា នាំកូនត្រឡប់មកផ្ទះ, ដល់ផ្ទះកូននិយាយនឹងសេដ្ឋីថា «សូមលោកឪលោកម៉ែមេត្តាកូន ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំ ត្បិតកាលខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះ, ខ្ញុំបាទឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់ បើមិនដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំមុខជាស្លាប់មិនខាន» ។ ដោយស្នេហាកូនពេក សេដ្ឋីប្ដីប្រពន្ធក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ ដាក់គ្រឿងបណ្ណាការជាតង្វាយសុទ្ធតែពេជ្រនិងមាសពោរពាសច្រើនតុ, លុះព្រឹកឡើងនាំតង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោង ។ ព្រះមហាក្សត្រ ស្ដេចចេញមកឲ្យនាហ្មឺនធំតូចគាល់ ។ សេដ្ឋីទាំងប្ដីប្រពន្ធ ក៏គាល់នៅជិតគ្រឿងបណ្ណាការតង្វាយនោះ ។ ស្ដេចត្រាស់សួរថា « សេដ្ឋី ! តង្វាយនេះ ប្លែកណាស់ មានការអ្វី ? » ។ សេដ្ឋីប្ដីប្រពន្ធក្រាបបង្គំទូលថា « សូមព្រះរាជតេជះតម្កល់លើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ សូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រី ផ្សំនឹងកូនទូលព្រះបង្គំជាខ្ញុំ » ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះរាជអនុញ្ញាត ទ្រង់ចាត់មុខក្រសួង ឲ្យរៀបព្រះរាជពិធីសមោសរ, ហោរាថ្វាយឫក្ស ទ្រង់ផ្សំព្រះរាជបុត្រីនឹងកូនសេដ្ឋី ហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផង ។
លុះបានរាជសម្បត្តិហើយ ស្ដេចតុលនិងព្រះនាងមហេសី ក៏បានប្រកបសេចក្ដីសុខឥតទុក្ខា មហាប្រសើររៀងទៅ ។
និយាយពីរឿងអពមង្គលវិញ កាលជួបនឹងសិរីសួស្ដីក៏ថា «លោកសិរីសួស្ដីខ្ញុំជឿហើយឃើញថា លោកមានរឹទ្ធិ ជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែន, ដូច្នេះលោកចាំមើលរឹទ្ធិខ្ញុំវិញម្ដង សូមលោកលែងសណ្ឋិតនៅលើរូបស្ដេចតុលទៅ » ។ សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុល, អពមង្គលក៏ចូលទៅសណ្ឋិតលើរូបស្ដេចតុលម្ដង ។ ឯស្ដេចតុលចេះតែមួម៉ៅ ក្ដៅក្រហាយ, ព្រះនាងមហេសីស្រីបរិវារ ក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តន៍ បណ្ដាលចិត្តឲ្យតែខឹងស្អប់ស្ដេចតុល អស់លោកចតុស្តម្ភទាំងប៉ុន្មាន ៗ ក៏ពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះវររាជបិតាក្មេក យករាជ្យសម្បត្តិទៅវិញ ។
ចំណែកស្ដេចតុល ចេះតែក្ដៅក្រហាយអន្ទះអន្ទែង ចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេក ក៏នាំព្រះនាងមហេសី ស្រីបរិវារចេញទៅ, លុះទៅដល់ក៏ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាល ។ នៅទីមាត់បឹងនោះ ឮតែសព្ទសូរត្រដោកគោ ត្រដោកក្របី, ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួនកាលនៅជាខ្ញុំមហាសេដ្ឋី ដែលគេប្រើឲ្យឃ្វាលក្របី ហើយក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួល ។ ព្រះនាងមហេសីសួរថា «ព្រះអង្គ ! ហេតុអ្វីក៏ទ្រង់ខ្សឹកខ្សួលម្ល៉េះ ?»។ ស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថា «លាក់បាំងអី ម្ចាស់អូនអើយ ! ខ្លួនបងនេះ មិនមែនកូនសេដ្ឋីទេ, ពីដើមបងជាខ្ញុំសេដ្ឋី ៗ គេប្រើឲ្យឃ្វាលគោក្របី ឥឡូវឮត្រដោកក្របីគោ បងនឹកស្រងេះស្រងោចអាណិតខ្លួន បានជាបងយំ » ។ ព្រះនាងមហេសីបានឮថាជាខ្ញុំសេដ្ឋី ក៏មានចិត្តទោមនស្សក្នុងព្រះទ័យពន់ពេកថា « ឱព្រះវរបិតា ពុំគួរផ្សំផ្គុំកូន ផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ » ខ្ញាល់ហើយក៏នាំស្ដេចតុលនឹងស្រីបរិវារ ដែលតាមហែទៅទាំងប៉ុន្មាន ត្រឡប់ចូលព្រះរាជវាំងវិញ ចូលក្រាបទូលវររាជបិតាមាតា តាមរឿងដែលស្ដេចតុលយំគ្រប់ប្រការ ។ ស្ដេចជាព្រះវររាជបិតាមាតាទ្រង់ជ្រាបហើយ ទ្រង់ក្រោធពន់ប្រមាណ ទ្រង់ត្រាស់ឲ្យហៅសេដ្ឋីទាំងប្ដីប្រពន្ធមកដៀលត្មះជាទម្ងន់ ហើយប្រគល់ស្ដេចតុល ឲ្យទៅសេដ្ឋីប្ដីប្រពន្ធ នាំយកទៅផ្ទះវិញ ។
ឯរាជសម្បត្តិ ស្ដេចទ្រង់គ្រប់គ្រងវិញ ។ សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយជេរវាយ ត្មះតិះដៀល លែងរាប់អានជាកូន ឲ្យអាតុលឃ្វាលគោក្របីទុកជាខ្ញុំដូចដើម ។
មារយាទថ្លៃឲ្យយក មារយាទថោកឲ្យវៀរ
រឿង អាសុខកាចអាសុខស្លូត
កាលពីព្រេងនាយ មានក្មេងប្រុស ២ នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូន ៗ ក៏ចាស់ជរា ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។ បណ្ដាជនក្នុងភូមិនោះ អាណិតស្រឡាញ់ ឲ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឲ្យ មិនដែលសល់ខាន ម្ល៉ោះហើយអាសុខកាចនោះច្រណែនទាំងមួម៉ៅក្ដៅចិត្ត រឹតតែកាចឡើង ជេរវាយកូនគេឥតកោតញញើត ចាស់និងចាស់ឈ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួន ។ លុះអាសុខស្លូតនិងអាសុខកាចចំរើនអាយុធំឡើង អាសុខកាចបបួលអាសុខស្លូតថា «វ៉ី យើងចង់នាំគ្នាទៅកាប់ឫស្សី លួសរនាប ត្បិតផ្ទះអាសុខស្លូតឯង បាក់ពុកអស់ហើយ » ។ អាសុខស្លូតថា « អញគ្មានប្រដាប់កាំបិត ឲ្យជាមុតមាំទេ ទាំងអង្ករ ត្រីសាច់ ថ្នាំជក់ក៏គ្មានផង ។ សព្វថ្ងៃរកបានព្រឹកខ្វះល្ងាច» ។ អាសុខកាចថា «កុំបាច់យកម្ហូបចំណី ថ្នាំជក់ កាំបិត គ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ ឯងមានតែខ្លួនចុះ» ហើយក៏បណ្ដើរគ្នាទៅដល់ផ្ទះអាសុខស្លូត ហើយអាសុខស្លូតក៏និយាយប្រាប់ជីដូនថា «បងសុខ គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនាបប្រដាប់ប្រដា អាហារភោជន នៅលើគេទាំងអស់ ខ្ញុំមានតែខ្លួនទេ» ជីដូនឃាត់ថា « ចៅកុំទៅ ! ព្រៃឫស្សីនោះស្ងាត់ណាស់ » ។ អាសុខថា « មិនអីទេយាយ ! ផ្ទះយាយបាក់ពុកអស់ហើយ បានរនាបមកគ្រាន់នឹងជួសជុល កុំឲ្យផុងយាយ ! » ។ ឯយាយផ្ដាំថា « ចៅទៅ ក៏ទៅចុះ តែចៅមើលថែទាំប្អូនផង » ។ អាសុខស្លូតអាសុខកាចវេចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សី លួសរនាប ចេញទាំងពីរនាក់ទៅ ដល់ព្រៃឫស្សីកាប់បានហើយលួសរនាប ។ អាសុខកាចបានរនាបតិច អាសុខស្លូតបានរនាបច្រើន ហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់ អង្គុយទល់មុខគ្នា, អាសុខកាចគិតថា «ជីវិតអាឯង មុខជាស្លាប់នឹងដៃអញឥឡូវនេះ » គិតហើយក៏ចាប់យកកាំបិតបន្ទោះចាក់ចំភ្នែកអាសុខស្លូតដែលកំពុងស៊ីបាយ ។ អាសុខស្លូតស្រែកយំថា « ហេតុដូចម្ដេច ក៏មកចាក់ខ្ញុំ ? ។ អាសុខកាចឆ្លើយថា « អាឯងរករបររបស់ឯង ហើយមកស៊ីបាយអញទាំងរនាបក៏បានច្រើនជាងអញទៀត » ។ អាសុខស្លូតឆ្លើយថា « កាលបងឯងបបួលខ្ញុំមកកាប់ឫស្សី លួសរនាប ខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ បងឯងធានាថា បាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមក, ឥឡូវបងឯងចង់យករនាបទាំងអស់ ក៏យកចុះ កុំតែសម្លាប់ខ្ញុំ » ។ អាសុខកាចឆ្លើយថា «អាឯងនេះមាត់រឹងណាស់ អាភាវនាទៅ » ។ ថាហើយអាសុខកាច ក៏ចាប់កាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតម្ខាងទៀត ឈាមបាញ់ហូរស្រក់ជោកមុខ ជោកដើមទ្រូង ខ្វាក់ភ្នែកទាំងពីរ ឈឺចាប់ខ្លាំងណាស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរា កំព្រានៅផ្ទះតែម្នាក់ឯង ។
អាសុខកាចថា «អាឯងទៅ ឲ្យត្រីវាស៊ីទៅ » ថាហើយច្រានអាសុខស្លូតទៅជិតមាត់ស្ទឹង ហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរ ដោយគិតថា « អាសុខស្លូតមុខជាស្លាប់ហើយ » ក៏ប្រមូលរនាបទាំងអស់ ចងបាច់វិលមកផ្ទះ, ដាក់រនាបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុខស្លូតថា « ចៅយាយឯងខ្លាខាំស្លាប់ទៅហើយ» ។
យាយឮអាសុខកាចប្រាប់ថា ខ្លាខាំចៅស្លាប់ ក៏ទួញយំសោកបោកខ្លួនហៀបនឹងក្ស័យជីវិត ។ ឯអាសុខកាច រីករាយសប្បាយចិត្ត ហើយក៏ដើរលេងជិត ៗ ផ្ទះដូចធម្មតា ដោយចិត្តក្លាហាន រកតែរឿងឈ្លោះនឹងគេ ។
តពីនេះ ដំណាលពីអាសុខស្លូត គ្រាដែលអាសុខកាច ចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវាធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះ អាសុខស្លូត ហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅ ក៏ភាវនារកពុទ្ធោ ៗ ពុំដាច់ពីមាត់ ។ គ្រានោះអ្នកតាមួយ មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ ដែលមានអាស្រម នៅក្នុងព្រៃរំលោងជិតមាត់ស្ទឹងនោះ, អ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រម អាចតំណែងជាមនុស្សបាន ។ ដល់ពេលឃ្លានអាហារ ក្រពើនោះ ក៏វាចុះមកក្នុងស្ទឹង ស្វែងរកអាហារ វាហែលច្រាសទឹក, ហែលទៅ ៗប្រទះនឹងអាសុខស្លូត ដែលកំពុងហែលបណ្ដែតខ្លួនតាមខ្សែទឹក ក្រពើលាន់មាត់ថា «អៃយ៉ា លាភធំណាស់តើ ! អញមករកអាហារថ្ងៃនេះ ប្រទះបានមនុស្សស៊ី» ហើយប្រឹងស្ទុះហែលទៅជិតឮមាត់ថាពុទ្ធោ ៗក៏សង្ស័យក្នុងចិត្ត មើលទៅភ្នែកទាំងពីរ ឃើញធ្លុះរកប្រស្រីគ្មាន, ក្រពើគិតថា «គួរអញយកទៅថ្វាយលោកតាអញ ៗ កុំស៊ីមនុស្សនេះ » ហើយក៏មុជកៀងអាសុខស្លូតឲ្យនៅពីលើខ្នង ហែលត្រឡប់មកដល់អាស្រមវិញ ហើយតំណែងខ្លួនជាមនុស្ស ដឹកដៃ នាំខ្លួនអាសុខស្លូតទៅថ្វាយអ្នកតា ៗសួរ, អាសុខស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការ, អ្នកតាស្ដាប់សព្វគ្រប់ហើយមានចិត្តមេត្តាអាសុខស្លូតនោះពន់ពេក លោកថា «ឱ ! អាសុខកាចអើយ ចិត្តអីអាក្រក់ម្ល៉េះ ?ណ្ហើយ ! ចៅសុខស្លូតឯងកុំភ័យ សឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិត ភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូនឯផ្ទះវិញ» ថាហើយក៏ផ្សំថ្នាំដាក់ភ្នែក សូត្រទិព្វមន្តផ្លុំភ្នែកឲ្យ, ចៅសុខស្លូតនោះ ក៏បានភ្លឺភ្នែកដូចដើម ទើបអ្នកតាក្ដាប់ដីខ្សាច់មួយដៃ សែកទិព្វមន្តផ្លុំដីខ្សាច់ដាក់ដៃឲ្យចៅសុខ ផ្ដាំថា «ចៅ ! ចូរឯងក្ដាប់ឲ្យជាប់កុំលាដៃ បើទៅដល់ផ្ទះចៅ ៗប្រាប់ជីដូនឲ្យក្រាលកន្ទេលក្នុងផ្ទះហើយសឹមចៅដាក់ដីខ្សាច់នេះទៅលើកន្ទេល » អ្នកតាផ្ដាំហើយ ហោក្រពើមកឲ្យចៅសុខស្លូតជិះលើខ្នង ហែលតាមស្ទឹងទៅ ។ បានទៅដល់កន្លែងដែលអាសុខកាចធាក់ទម្លាក់ក្នុងទឹកនោះ ចៅសុខ ឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់, ក្រពើដាក់ចៅសុខឲ្យឡើងលើគោក, ចៅសុខក៏លាក្រពើដើរដរាបទៅដល់ផ្ទះ, ហើយចូលទៅយំសំពះជីដូន ៗ ឃើញចៅហើយ ស្ទុះមកយំខ្សឹកខ្សួល និយាយប្រាប់ចៅថា « គេប្រាប់យាយថា ខ្លាខាំចៅស្លាប់ទៅហើយ ម្ចាស់ជីវិតអើយ ! ជីដូនយំសោកបោកខ្លួនអាសូរចៅ ហៀបនឹងក្ស័យជីវិត, ចៅមិនស្លាប់ ជីដូនអរណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបាន» ។
ឯចៅសុខនិយាយប្រាប់ជីដូន តាំងពីទៅកាប់ឫស្សី លួសរនាប ត្រូវអាសុខកាច វាចាក់ភ្នែកធាក់ទម្លាក់ទឹក ហើយបានក្រពើនាំទៅថ្វាយអ្នកតា, លុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការ ជីដូនរឹងរឹតតែអាណិតចៅពេក ហើយវាប្រាប់ជីដូនថា «យាយ ! ក្រាលកន្ទេលក្នុងផ្ទះទៅ » ជីដូនក្រាលតាមពាក្យចៅ ៗសុខស្លូតក៏លាដៃ ដាក់ដីខ្សាច់លើកន្ទេល កើតជាប្រាក់គរក្នុងផ្ទះ អរណាស់ តែពីរនាក់ជីដូននិងចៅ បានចាត់ចែងទិញសំលៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់ សង់ផ្ទះថ្មី ល្បីមានដាច់គេក្នុងភូមិនោះ ។
ឯអាសុខកាច ឃើញអាសុខស្លូត ក៏នឹកឆ្ងល់ក្នុងចិត្តថា «អញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹក ស្មានថាវាស្លាប់ ឥឡូវវារស់ឡើងវិញ ភ្នែកក៏ភ្លឺដូចដើម មានទាំងសម្បត្តិសម្បូរណ៍ប្រើប្រាស់ គ្មានខ្វះអ្វី ប្លែកអំពីដើម » ។ លុះដល់វេលាស្ងាត់មួយ វាបានជួបនឹងអាសុខស្លូត ក៏សួរថា «កាលឯងនិងអញទៅកាប់ឫស្សីលួសរនាបនោះ បិសាចមកបណ្ដាលចិត្តអញ ឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹង អញស្មានថាឯងស្លាប់ ហេតុម្ដេច ក៏ឯងរស់ឡើងវិញ ហើយមានទាំងទ្រព្យច្រើនជាងគេផង » ។ អាសុខស្លូតឆ្លើយថា « បានគុណបង កុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាក ដូចបងឯងដឹងស្រាប់» ។ ហើយនិយាយប្រាប់អាសុខកាចតាមត្រង់ថា « កាលដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងទៅនោះ ខ្ញុំភាវនារកតែពុទ្ធោ ៗ ក៏បានជួបនឹងក្រពើ ៗ នាំទៅថ្វាយអ្នកតា ៗ ជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំ, លុះខ្ញុំមកដល់ផ្ទះដាក់ដីខ្សាច់ កើតជាប្រាក់មាស បានជាខ្ញុំមានសព្វថ្ងៃនេះ » ។
អាសុខកាច ឮអាសុខស្លូត រាយរឿងដូច្នោះ ក៏បណ្ដាលចិត្តលោភលន់ពន់ប្រមាណគិតថា «អញនឹងធ្វើឲ្យបានដូចអាសុខស្លូត » ថ្ងៃក្រោយជួបនឹងអាសុខស្លូត ក៏និយាយថា «អាសម្លាញ់អើយ ! អញចង់ទៅកាប់ឫស្សី លួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះ , ឯបាយទឹកអាហារភោជន ថ្នាំជក់ កាំបិតតូចធំ ប្រដាប់កាប់ឫស្សី លួសរនាប ស្រេចនៅលើអញទាំងអស់ ឯងមានតែខ្លួនទៅបានហើយ » ។ អាសុខស្លូតថា «ក្រែងសម្លាប់អញទៀត » ។ អាសុខកាចថា «មុននោះខ្មោចកំរោលវាចូលឲ្យអញងងឹតមុខ អញចាក់ឯង ដោយមិនដឹងខ្លួនសោះ ឯងកុំប្រកាន់ខឹងនឹងអញ » ។ អាសុខស្លូតថា «ចាំខ្ញុំជូនទៅ ត្បិតបងសុខឯង មានគុណលើខ្ញុំច្រើនខ្ញុំមានសម្បត្តិទ្រព្យក៏ព្រោះបង » ។ លុះព្រឹកឡើង អាសុខកាច ស្ពាយបាយសំណុំ មានគ្រប់ប្រដាប់ដូចមុន ហើយបណ្ដើរគ្នាដល់ព្រៃឫស្សី, លុះកាប់បាន ពុះលួសរនាបហើយ នាំគ្នាអង្គុយស៊ីបាយ ។ អាសុខកាចហុចកាំបិតបន្ទោះទៅអាសុខស្លូត ប្រាប់ថា « ឯងចាក់ភ្នែកអញម្ខាងទៅ » អាសុខស្លូតប្រកែកពុំព្រមចាក់ ។ អាសុខកាចថា « ជើ ! ចាក់មក ៗ, ហ៊ី ! ម្ដេចមិនអាណិតគ្នាផងសោះ » ។ អាសុខស្លូតក៏ចាក់ឆ្កៀលដូចគេឆ្កៀលក្រសាំង ឲ្យខ្វាក់ភ្នែកម្ខាងទៅ ។ អាសុខកាចឈឺពើតខ្លាំងណាស់ តែចិត្តចង់ប្រញាប់ឲ្យបានប្រាក់ ដូចអាសុខស្លូត ក៏ឲ្យអាសុខស្លូតចាក់ភ្នែកម្ខាងទៀត ហើយបង្គាប់ឲ្យអាសុខស្លូតច្រានទៅជិតមាត់ស្ទឹង ទាំងបង្គាប់ឲ្យធាក់ផង ។ អាសុខស្លូតក៏ធាក់ទម្លាក់ក្នុងទឹកស្ទឹង ។ អាសុខកាចសួរថា «កាលដែលអញចាក់ឯងមុននោះ ឯងធ្វើម្ដេចខ្លះ ? » ។ អាសុខស្លូតថា «អញរកតែពុទ្ធោជាប់នៅមាត់ » ។ អាសុខកាចប្រឹងស្រែករកតែពុទ្ធោមិនឈប ឮរំពងព្រៃមាត់ស្ទឹងទន្ទឹងរកក្រពើក៏ពុំជួបសោះ ណាមួយវាឈឺចាប់ ហែលបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំង ឈ្លក់ទឹកស្លាប់ទៅ ហើមរលួយរលេះ ត្រីស៊ីនៅតែលលាដ៍ក្បាល ។ ខ្មោចអាសុខកាចក៏អណ្ដែតតាមខ្សែទក លងគេឮតែពុទ្ធោ ៗ ដរាបដល់កំពង់ទឹកមហាសេដ្ឋី ។ វេលានោះកូនក្រមុំមហាសេដ្ឋី នាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់, កំពុងតែកញ្ជ្រោកទឹកលេងសប្បាយ ស្រាប់តែឃើញលលាដ៍ក្បាលអាសុខកាចនោះអណ្ដែតមកជិត លងស្រែកថា « ពុទ្ធោ ៗ ! » ។ កូនក្រមុំមហាសេដ្ឋី ឈប់លេងទាំងអស់គ្នានឹកសង្ស័យ ក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាដ៍ក្បាលខ្មោចនោះ មកដាក់លើគោកនៅមាត់កំពង់នោះ, លលាដ៍ក្បាលខ្មោចនោះ វាមិនបាត់ស្ងាត់សោះ ចេះតែលងគេរកតែពុទ្ធោ ៗ ។
កូនក្រមុំមហាសេដ្ឋី ក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមក ប្រើឲ្យខ្ញុំប្រុសកាន់យកក្បាលខ្មោចអាសុខកាចនោះមកផ្ទះ ហើយនាងជម្រាបមហាសេដ្ឋីជាឪពុកនាងថា « លោកឪពុក ! ខ្ញុំរើសលលាដ៍ក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើង វាលងស្រែករកពុទ្ធោ ៗ» ។ សេដ្ឋីជាមាតាបិតាស្ដាប់ហើយ ក៏ស្ទុះមកមើល ឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោ ៗ មែនអស្ចារ្យណាស់ ក៏ឲ្យលាងដុសខាត់ដាក់លើតោក លលាដក្បាលនោះ ក៏នៅតែស្រែករកពុទ្ធោ ៗជានិច្ច គ្មានឈប់ ។
ព្រឹកៗ សេដ្ឋីនោះតែងទៅគាល់ព្រះមហាក្សត្រ នៅទីចុងព្រះរាជរោងជួបជុំអស់មន្ត្រីចតុស្តម្ភរាល់ពេលពុំដែលខាន ។ សេដ្ឋីជម្រាបអស់លោកថា « ខ្ញុំបានលលាដ៍ក្បាលខ្មោចមួយ ចេះស្រែករកពុទ្ធោ ៗជានិច្ច» ។ អស់លោកចតុស្តម្ភស្ដាប់ហើយឆ្លើយថា «សេដ្ឋីកុហកទេ មិនដែលមានលលាដ៍ក្បាលខ្មោចណា ចេះស្រែករកពុទ្ធោទេ យើងមិនជឿឡើយ» ។ សេដ្ឋីថា « ពិតប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំ ៗ ហ៊ានភ្នាល់ដោយមាសមួយរយតម្លឹង» ។ អស់លោកចតុស្តម្ភទាំង៤ថា «យើងហ៊ានភ្នាល់» ។ ហើយធ្វើសំបុត្រចុះកិច្ចសន្យា ។ សេដ្ឋីទៅដល់ផ្ទះ ឮលលាដ៍ក្បាលខ្មោចស្រែករកពុទ្ធោកោកៗនឹកថា « អស់លោកមុខជាចាញ់អញហើយ » សេដ្ឋីយកមាសមួយរយតម្លឹងឲ្យកូនក្មួយកាន់តោកដែលដាក់លលាដ៍ក្បាលខ្មោចនោះយ៉ាងរហ័សទៅ លុះចូលទៅដល់ទ្វារកំពែងខាងក្រៅ លលាដ៍ក្បាលខ្មោចបាត់សំឡេងឈឹង ពុំឮស្រែករកពុទ្ធោសោះ, កាលចូលដល់ចុងព្រះរាជរោង ដាក់លលាដ៍ក្បាលខ្មោចចំពោះមុខអស់លោកចតុស្តម្ភទាំង៤នោះហើយ សេដ្ឋីបង្គាប់ថា «ចាំអីទៀតក៏មិនស្រែករកពុទ្ធោៗទៅ» ។ លលាដ៍ក្បាលខ្មោចបាត់សូន្យឈឹង មិនឮរកពុទ្ធោសោះ ។ មហាសេដ្ឋីចាញ់ក៏ជូនមាសមួយរយតម្លឹងទៅអស់លោក, ឯអស់លោកចំអកថា « សេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នា » ហើយទះដៃសើចលាន់នៅទីព្រះរាជរោង ។ សេដ្ឋីខឹងនឹងក្បាលខ្មោចណាស់ លាអស់លោកចេញមកក្រៅដល់កំពែង ស្រាប់តែលលាដ៍ក្បាលខ្មោចស្រែកថាពុទ្ធោ ៗ ។ សេដ្ឋីរឹតតែខឹងណាស់, ដល់ផ្ទះប្រើបាវឲ្យយកពូថៅ នាំយកលលាដ៍ក្បាលខ្មោចទៅសំពងចោលឯកំពង់ទឹក ។ បាវយកទៅមិនសំពងឲ្យល្អិត ត្រឡប់ជាបោះលលាដ៍ខ្មោចទាំងមូលចោលទៅក្នុងទឹក ។ ឯលលាដ៍ក្បាលខ្មោចអាសុខកាចនោះ អណ្ដែតតាមទឹកស្ទឹង ហូររសាត់ទៅក្រោម វាលងរកពុទ្ធោ ៗរៀងទៅដល់កំពង់វត្ត ។ វេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹក បានឃើញលលាដ៍ក្បាលខ្មោចលងរកពុទ្ធោ ៗ, លោកក៏ស្រង់យកទៅកុដិ និមន្តលោកសង្ឃផងគ្នាបង្សុកូល រួចដុតក្បាលខ្មោចនោះសុស ហើយលោកពិចារណាថា «គួរយកកម្ទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ ខ្មុកសសរព្រះវិហារ បញ្ជូនផលឲ្យបានដល់អ្នកដែលស្លាប់ ហើយលោកក៏យកខ្មុកលាបតាមសព្វព្រះទ័យលោកទៅ, សល់បន្តិចបន្តួច យកទៅលាបលនរទេះលោក, កាលដែលម្រ័ក្សណ៍ខ្មុករទេះនោះស្ងួតហើយ លោកភ្នកព្រះទ័យចង់ទឹមរទេះបរទៅសួរញាតិញោម, លោកក៏ឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់ បរចេញពីកុដិទៅ ។ វេលាស្ងាត់ពីមនុស្សរទេះនោះលាន់ភ្លៅនឹងដុំសង្កៀតគ្នា, ដូចរទេះធម្មតា តែដល់ជួបនឹងឧបាសកឧបាសិកា រទេះនោះលាន់ឮដូចលោកជេរបញ្ចោរគេថា «មេចោរ ៗ » ញាប់ញិញ ។ ឧបាសកឧបាសិកាឮខឹងនឹងលោក ព្រោះថាលោកជេរបញ្ចោរប្រពន្ធកូនគេ ក៏ដៀលត្មះជាពាក្យទម្ងន់ ៗ, លោកប្រកែកដូចម្ដេច ក៏ពុំស្ដាប់រឹតតែប្រមាថលោក ឥតកោតញញើត, លោកបរហួសទៅទៀត ជួបនឹងនាហ្មឺនគេកំពុងដើរ មានគ្នាច្រើន, ឯរទេះលាន់ឮទៀត ដូចជាលោកជេរម្ដាយនាហ្មឺនទាំងនោះថា «ចោរម្ដាយនាហ្មឺន » នាហ្មឺនខឹងនឹងលោក ក៏នាំគ្នាដេញវាយលោក ៗ ភ័យវាយគោបំបោលរួចទៅ ។
លោកនេះ គិតថា « ពីដើមរទេះអញ បរមកមិនដែលឮសូរជេរបញ្ចោរគេទេ, រឿងនេះ ឃើញតែកម្ទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរព្រះវិហារ សល់ពីនេះអញយកមកលាបលនរទេះនេះ » ។ លុះត្រឡប់មកពីសួរញាតិញោម មកដល់វត្តវិញ លោកកាប់រទេះដុតនៅកន្លែងដែលដុតលលាដ៍ក្បាលខ្មោចអាសុខកាច ឆេះជាផេះ, កន្លែងនោះដោយមានជាតិអាសុខកាច ក៏ដុះកើតជាស្មៅកន្ត្រើយ ដែលជាប់សំពត់ខោមនុស្សសព្វថ្ងៃនេះឯង ។
ចិត្តមិនអប់រំ នាំឲ្យវិនាស
រឿង ចោរចិត្តជា
កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំលឹកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។
ថ្ងៃមួយស្ដេចក្នុងនគរនោះ ទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឲ្យសេនាបតី នាហ្មឺនសព្វមុខមន្ត្រីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា « មានខេត្តមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០ កហាបណៈ មកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះ ។ ត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញ ។ គ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុក្ខ ចង់ធ្វើចៅហ្វាយស្រុកពន់ពេក ។ លុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថា « នាងអើយ ឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់ ៤០ កហាបណៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់នឹងឲ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយ ដែលនៅទំនេរ » ។ ភរិយាឆ្លើយថា « ឱ ! អ្នកអើយ ! ចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃ យើងក្រលំបាកតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ » និយាយហើយបន់ទេវតាថា « សូមទេវតាជួយខ្ញុំឲ្យបានប្រាក់ ៤០ កហាបណៈថ្វាយស្ដេច ខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះ » ។
ពេលនោះអាចោរចិត្តជា វាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះ វាបានឮដូច្នោះ មានចិត្តអាណិត ក៏យកប្រាក់ ៤០ កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះ រួចត្រឡប់មកវិញ ។ លុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី ក៏ចាប់លើកស្រាយមើលឃើញប្រាក់ ៤០ កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា « យើងបានប្រាក់ ៤០ កហាបណៈហើយ គឺទេវតាឲ្យ » ។ ប្រពន្ធស្ទុះមកមើលឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀល មន្ត្រីនោះយកប្រាក់ ៤០កហាបណៈ ទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្ត្រីនោះ ឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅ ។
ឯអាចោរចិត្តជា កាលបានដឹងថាមន្ត្រីនោះ បានធ្វើជាចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ ធ្វើដំណើរឲ្យគេចាប់ខ្លួនវាបាន, ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ ទៅជូនចៅហ្វាយស្រុក ៗបង្គាប់មេគុកឲ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក ។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា « ឱ ! ហេតុតែឯងមានចិត្តអាណិតគេ, កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង ប្រឹងយកប្រាក់ ៤០ កហាបណៈវេចនឹងកំណាត់ជាតី មកឲ្យគេទាំងយប់, ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ ឃុំឯងទុកឲ្យវេទនា » ។ អាចោរចិត្តជា និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុក និងប្រពន្ធ បានឮចោរនិយាយដូច្នោះ ក៏ប្រឹក្សាគ្នាថា « គួរឲ្យឆ្ងល់ណាស់ ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង គួរតែយើងចុះទៅសួរវាឲ្យជាក់មើល» ។ ទើបចៅហ្វាយស្រុក ចុះពីផ្ទះទៅសួរចោរនោះថា « ឯងនិយាយរឿងអ្វី យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ ចូរឯងនិយាយរឿងនោះ ឲ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។ ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ ជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យគេរាល់យប់ យកមកចិញ្ចឹមជីវិត, កាលដែលលោកនៅជាមន្ត្រីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់ ៤០ កហាបណៈពីណាបានយកទៅថ្វាយស្ដេច ដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ » ។ ប្រពន្ធលោកថា « យើងក្រីក្រម្ល៉េះ នឹងបានប្រាក់ពីណា ? » ។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់ ៤០ កហាបណៈពីផ្ទះ វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក រួចខ្ញុំត្រឡប់ទៅវិញ, ថ្ងៃក្រោយឮគេនិយាយថា « លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោក ៗ ក៏ធ្វើទោសខ្ញុំ មិនប្រណី » ។
ចៅហ្វាយស្រុក បានស្ដាប់ ក៏ជឿជាក់ឥតសង្ស័យហើយថា ឱ ! អាសម្លាញ់អើយ ឯងនិយាយនេះពិតប្រាកដមែន, ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ, វេលានេះឯងកុំភ័យ កុំតូចចិត្ត, អញនឹងដោះឯងឲ្យរួចចេញពីទោស, មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ ។
ចៅហ្វាយស្រុកសួរថា « ឯងឈ្មោះអី ? ។ បុរសនោះជម្រាបថា « ខ្ញុំឈ្មោះអាចោរចិត្តជា » ។ សួររួចហើយ លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។ លុះភ្លឺច្បាស់ចៅហ្វាយស្រុក បង្គាប់មេគុកឲ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ គ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ » ។ ចៅហ្វាយស្រុក ក៏ឲ្យប្រាក់ ៣០ កហាបណៈឲ្យទៅឲ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឲ្យត្រង់ ។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ» ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះ លោកយមរាជ និងមន្ត្រីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា ជាយូរខែហើយ, មន្ត្រីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឲ្យបាន ។ មន្ត្រីតូចនោះ មានស្រីបម្រើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឲ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថា « វេលានេះ ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់ចោល តែមិនដឹងរកអ្នកណាជួយរឿងនេះ, សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា ហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថា « ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឲ្យដូចកាលនៅនឹងអញ, បើឯងបម្រើខាងក្រៅ ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ត្រូវឯងចូលបម្រើខាងក្នុង, លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ ចូរឯងរំលាយសំណឲ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លោះឯងមកវិញឲ្យរួចពីខ្ញុំគេ» ។ ស្រីបម្រើនោះទទួលការសព្វគ្រប់ ។ វេលាយប់នោះ អាចោរចិត្តជា ដើរលួចគេ ហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះ, កាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ ឲ្យសម្លាប់យមរាជដូចម្ដេច ៗ ក៏វាស្ដាប់ការណ៍បានទាំងអស់ ។ ថ្ងៃក្រោយ ស្រីបម្រើនោះ លាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង លោកយមរាជក៏ទទួលចេញប្រាក់ លោះឲ្យទៅបម្រើរៀងមក ។ នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឲ្យទាស់ចិត្ត ។ លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឲ្យចេញចូលក្នុងក្រៅ បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា លោកយមរាជ និងលោកជំទាវសម្រាន្តលក់ហើយ វាដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជ ៗ ស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញ ។ លុះព្រឹកឡើង លោកជំទាវភ្ញាក់ បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។ មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។ លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។ ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។ ព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
ក្រោយនោះជារដូវបុណ្យទ្វាទសមាស នាហ្មឺនសព្វមុខមន្ត្រី ចូលគាល់ព្រះមហាក្សត្រ ៗ ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ បានដឹងច្បាស់ប្រាកដ យើងឲ្យធ្វើទីយមរាជ, រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ ។ សេនាបតី នាហ្មឺនសព្វមុខមន្ត្រី ក៏ទៅផ្ទះរៀងខ្លួន ។
គ្រានោះ ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជា ៗសួរថា « អាសម្លាញ់ឯង មករកអ្វី ? » ។ ចៅហ្វាយស្រុកប្រាប់ថា « អញមក មានការសួរឯងបន្តិច ត្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី ឥឡូវស្ដេចមានព្រះរាជឱង្ការថា : បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់នឹងឲ្យធ្វើទីយមរាជ, រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ត្បិតអញចង់ធ្វើយមរាជណាស់ » ។ អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនោះ អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់ នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច, មន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថា « អញស្អប់លោកយមរាជពេក ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ, ក្នុងគ្រានេះ ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឲ្យនៅ ត្រូវឯងខំបម្រើឲ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។ រឿងនេះអញលបស្ដាប់បានចាំប្រាកដ, ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែត្រូវឲ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន » ។ ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុក ទៅទូលស្ដេចតាមរឿង, ស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រី និងស្រីនោះ យកមកឃុំទុក ហើយទ្រង់ឲ្យគាស់ខ្មោចលោកយមរាជយកមកវះមើល ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះ ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ » ទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅ ហើយទ្រង់ក៏តាំងចៅហ្វាយស្រុកនោះ ឲ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុក កាលបើបានធ្វើទីយមរាជហើយ ឲ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់, លុះវាមកដល់ប្រាប់ថា អាសម្លាញ់អើយ ! ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវនេះអញបានធ្វើយមរាជហើយ , ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត » ។
អាចោរចិត្តជាឆ្លើយថា « អញសុំលួចតែម្ដងទៀត » ។ ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ, លុះយប់អាចោរចិត្តជា ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា ។ លុះព្រឹកឡើង អាចោរចិត្តជាមកប្រាប់លោកយមរាជថា « អាសម្លាញ់យប់មិញ អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់, ពីថ្ងៃនេះតទៅ អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ » ។ លោកយមរាជតបថា «បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីមករកអញ ៗ ឲ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត» ។ អាចោរចិត្តជា ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
លោកយមរាជ និងអាចោរចិត្តជាស្រឡាញ់រាប់អានគ្នា ចិញ្ចឹមគ្នាដរាបអស់ជីវិត ដូចបានសន្យាគ្នាមក ។
មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
Subscribe to:
Posts (Atom)