Thursday, 27 October 2016
រឿងជាតិខ្លាធំ ឫ រឿងដើមកំនើតខ្លាធំ
កាលពីព្រេងនាយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្រ្តី មានមន្រ្តីចតុស្ដម្ភ៤នាក់ មានហោរាមួយនាក់ ជាតំនាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្រ្តីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រិយ៍និងចតុស្ដម្ភទាំង៤នាក់ ពុំបានរៀនវេទមន្ត ខាងការពិជ័យសង្រ្គាម ដូចព្រះរាជាមុនៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក ។ ដោយព្រះរាជានុភាពរបស់ព្រះអង្គ ចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថា << បើប្រសិនជាមានសឹកសត្រូវ ចូលមកលុកលុយដណ្ដើមព្រះនគរ អញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្រដោយងាយពុំខានឡើយ ។
ថ្ងៃមួយ វេលាម៉ោង៨ព្រឹក ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង ដោយមានព្រះអគ្គមហេសីគង់អែបនែបជិតព្រះអង្គ ហើយដោយមានហោរាចតុស្ដម្ភទាំង៤នាក់ និងមន្រ្តីឯទៀត ក្រាបបង្គំគាល់តាមធម្មតា ។ ពេលនោះទ្រង់ភ្នកព្រះទ័យ ចង់ទៅរៀនសិល្បសាស្រ្តក្នុងសំណាក់អាចារ្យទិសាបាមោក្ខ ឯនគរតក្កសិលា ។ ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី ក៏សុំតាមទៅផង ។ ឯហោរានិងចតុស្ដម្ភទាំង៤នាក់ ក៏សុំតាមហែព្រះអង្គទៅដែរ ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញ ដើម្បីរក្សាព្រះនគរ ។ ព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាត ។ ជំនុំស្រេចហើយ មានថ្ងៃមួយព្រះអង្គនាំអគ្គមហេសី ហោរា និងចតុស្ដម្ភទាំង៤នាក់ចេញចាកព្រះនគរ ។ គម្រប់៧ថ្ងៃ ដល់នគរតក្តសិលា បានជួបនឹងអាចារ្យទិសាបាមោក្ខ ក៏សុំរៀនសិល្បវេទ ។ អាចារ្យទិសាបាមោក្ខទទួលភារៈបង្រៀនព្រះអង្គ ។ ព្រះអគ្គមហេសី និងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះចប់សព្វគ្រប់ទោះនឹងចង់ក្លែងខ្លួនជាសត្វតិរច្ឆាន ឬជាយក្សគន្ធព្វសុបណ្ណា ក៏បានដោយងាយ ។ រៀនចេះចប់ស្រេច ស្ដេចសុំលាលោកអាចារ្យ វិលត្រឡប់មកព្រះនគរវិញ ។ អាចារ្យក៏អនុញ្ញាតិព្រះរាជា និងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរ ត្រឡប់មកវិញ ព្រមដោយហោរា នូវចតុស្ដម្ភទាំងបួននាក់ ។ ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន៣ថ្ងៃ ហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវ ទ្រង់យាងត្រាច់កាត់ព្រៃ អស់ស្បៀងអាហារ សោយតែមើមឈើ និងផ្លែឈើ ។ ព្រះរាជាទ្រង់ស្ដាយព្រះជន្ម ទ្រង់ក៏ជំនុំគិតជាមួយហោរា ចតុស្ដម្ភទាំង៤នាក់ព្រមទាំងព្រះអគ្គមហេសីថា << ឥឡូវនេះ យើងជិតដល់នូវការអស់អាយុសង្ខារគ្រប់គ្នាហើយ ព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត តើអស់លោកយល់ឃើញដូចម្ដេច ? ។ ហោរាទូលព្រះអង្គថា << ទូលព្រះបង្គំជាខ្ញុំ យល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមក សឹងចេះសព្វគ្រប់ដូចគ្នា ហេតុនេះ បើកាឡាខ្លួនជាសត្វខ្លាធំ ហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទំរាំតែទៅដល់ព្រះនគរ សឹមកាឡាខ្លួនជាមនុស្សវិញក៏បាន ។ ព្រះរាជា ព្រះមហេសីនូវចតុស្ដម្ភ ក៏ព្រមតាមហោរា ។ ទ្រង់មានព្រះបន្ទូលសួរថា << ឥឡូវរូបខ្លាទាំងមូលនេះ លោកណាត្រូវកាឡាខ្លួនធ្វើជាអ្វី ? ។ ចតុស្ដម្ភសុំធ្វើជាជើងខ្លាទាំងបួន ។ ហោរាសុំធ្វើជាកន្ទុយ ។ ព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លា ។ រូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាល គឺតួព្រះមហាក្សត្រិយ៍ ។ ជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាកាឡាខ្លួនកើតជាព្យគ្ឃរាជ ( ស្ដេចខ្លា) បានដូចសេចក្ដីប្រាថ្នា ស្ទុះបោលដេញចាប់សត្វប្រើស ក្ដាន់ជាអាហារ ។ លុះអំឡុងទៅ ក៏កើតមានសេចក្ដីសប្បាយ ភ្លេចរាជសម្បត្តិ និងព្រះមហានគរពុំស្ដាយសោះ ។
ហេតុនេះ បានជាសត្វខ្លា មានកម្លាំងជាងសត្វឯទៀត ហើយសត្វខ្លានេះ កាលនឹងចាប់សត្វជាអាហារ គឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរា ។ ដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្រ្តីភាព ។ ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ គឺតួអង្គព្រះមហាក្សត្រិយ៍ ដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ ។ ឯជើងទាំង៤ ដែលមានកម្លាំងខ្លាំង ហើយមានក្រចកមុត គឺចតុស្ដម្ភទាំង៤ ។
ប្រហែសបាត់ ប្រយ័ត្នគង់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment