ប្រាសាទនាគព័ន្ធ ស្ថិតនៅផ្លូវវង់ធំនៃតំបន់អង្គរ លើទំហំដី ៣៥០ម៉ែត្រ បួនជ្រុងស្មើ មានចមា្ងយ ១៨គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។ ប្រាសាទនេះមានសណ្ឋានលក្ខណៈខុសប្លែកពីគេទាំងអស់ គឺមានតែប្រាសាទមួយសង់នៅកណ្តាលបាតស្រះ ។ ប្រាសាទមានរាងប្រហាក់ប្រហែលនឹងចេតិយ ប៉ុន្តែនៅជ្រុងកំពែងទាំង៤ទិស យើងឃើញមានកន្លែងសម្រាប់ព្យាបាលដល់មនុស្សដែលខ្វះធាតុទាំង៤ នៅក្នុងខ្លួន ។ បើតាមប្រវត្តិសាស្ត្រខ្មែរយើងដែលនិទានតៗគ្នាមកថា ធាតុទាំង៤នេះ គឺ៖ ធាតុទឹក, ធាតុដី, ធាតុភ្លើង និង ធាតុខ្យល់ ។ មនុស្សយើងណាម្នាក់បើសិនខ្វះធាតុអ្វីមួយក្នុងចំណោមធាតុទាំង៤ គឺអាចទៅព្យាបាលនៅទីប្រាសាទនេះ ហើយកន្លែងព្យាបាលធាតុទាំង៤ គឺស្ថិតនៅខុសៗគ្នាទាំងអស់ ពោលគឺនៅជុំវិញគ្រប់ជ្រុងនៃទិសទាំង៤ ជុំវិញប្រាសាទតែម្តង ។ ទិសខាងកើតនៃប្រាសាទនាគព័ន្ធតំណាងឱ្យព្រះវិស្ណុ សម្រាប់ព្យាបាលមនុស្សណាដែលខ្វះធាតុដី ។ ជំនាន់នោះបើមនុស្សណាខ្វះធាតុនេះហើយ គេត្រូវតែបញ្ជូនមនុស្សនោះដើម្បីមកព្យាបាល ដោយអង្គុយសំពះនៅខាងក្រោមមាត់ព្រះវិស្ណុ ដែលមានក្បាលជារូបមនុស្ស ហើយព្រះគ្រូដែលព្យាបាលត្រូវដងទឹកពីក្នុងស្រះ ដែលជាទឹកថ្នាំដ៏ស័ក្តិសិទ្ធិចាក់ពីលើ, ទឹកនោះហូរចូលតាមមាត់ព្រះវិស្ណុ ធ្លាក់មកស្រោចលើក្បាលអ្នកជំងឺ ពេលនោះអ្នកជំងឺនឹងជាសះស្បើយ, មានធាតុដីនេះឡើងវិញ ។ ទិសខាងលិចនៃប្រាសាទតំណាងឱ្យក្បាលសេះ សម្រាប់ព្យាបាលឱ្យមនុស្សលោកដែលខ្វះធាតុខ្យល់ ។ បើសិនជា អ្នកណាត្រូវហោរាទាយដឹងថា ខ្វះធាតុខ្យល់ អ្នកនោះត្រូវតែមកព្យាបាលនៅប្រាសាទនេះ ដោយឱ្យអង្គុយនៅពីក្រោមមាត់សេះហើយលើកដៃទាំងពីរសំពះឡើងលើ ហើយព្រះគ្រូដែលជាអ្នកព្យាបាល បានដងទឹកក្នុងស្រះដែល ជាទឹកថ្នាំខ្មែរដ៏ស័ក្តិសិទ្ធិនោះមកចាក់ពីលើ ហើយទឹកនេះធ្លាក់ចូលមកក្នុងមាត់សេះបន្តហូរមកស្រោចលើក្បាល ខ្លួន ប្រាណអ្នកជំងឺ ធ្វើឱ្យអ្នកជំងឺនឹងមានធាតុខ្យល់នេះឡើងវិញ ។ ទិសខាងត្បូងនៃប្រាសាទសំរាប់មនុស្សខ្វះធាតុភ្លើង ។ នៅទិសខាងត្បូងនោះ មានរូបក្បាលតោសម្រាប់ព្យាបាល ដោយព្រះគ្រូតម្រូវឱ្យអ្នកជំងឺដែលខ្វះធាតុភ្លើងអង្គុយសំពះ នៅក្រោមក្បាលតោ ដោយព្រះគ្រូចុះដងទឹកពីក្នុងស្រះមកចាក់តាមទរ ហើយទឹកថ្នាំនោះនឹងហូរធ្លាក់តាមមាត់តោមកស្រោចលើខ្លួនប្រាណ អ្នកជំងឺ ធ្វើឱ្យមនុស្សដែលមានអាការៈរោគខ្វះធាតុខាងលើនឹងត្រូវជាសះស្បើយ ឡើងវិញ ។ ទី៤ បើមនុស្សណាម្នាក់ត្រូវបានហោរាសាស្ត្រទាយថាមានខ្វះធាតុទឹក ត្រូវបញ្ជូនមកទិសខាងជើង ដែលមានរូបក្បាលដំរី សម្រាប់ព្យាបាលឱ្យជា ដោយព្រះគ្រូព្យាបាលតម្រូវឱ្យអ្នកជំងឺមកអង្គុយក្រោមព្រះបាតដំរី ហើយលើកដៃទាំងពីរឡើងលើសំពះ ពេលនោះព្រះគ្រូចុះទៅដងទឹកក្នុងស្រះនៃប្រាសាទដែលជាទឹកថ្នាំដ៏ ស័ក្តិសិទ្ធិមកចាក់តាមទរ ហើយបន្តហូរធ្លាក់តាមមាត់ដំរី ស្រោចស្រពលើខ្លួនប្រាណអ្នកជំងឺ ធ្វើឱ្យអ្នកជំងឺមានធាតុទឹកនេះឡើងវិញភ្លាមៗនាពេលនោះដែរ ។ ព្រេងនិទានខ្មែរមួយបានចែងថា កាលពីដើមឡើយនៅក្នុងស្រះមួយដែលស្តេចជំនាន់នោះបាន សាងសង់ប្រាសាទក្នុងទឹកស្រះនេះ មានប្ញសឈើ ប្ញសព្រៃ១.២០០មុខដែលត្រាំនៅក្នុងស្រះនេះ ដោយប្ញសឈើទាំង ១.២០០មុខនេះ គឺសុទ្ធតែដើមថ្នាំទាំងអស់សម្រាប់ព្យាបាលដល់អ្នកជំងឺដែលខ្វះធាតុ ទាំង៤ គឺធាតុទឹក, ធាតុដី, ធាតុភ្លើង, ធាតុខ្យល់ ហើយទឹកថ្នាំដែលត្រាំក្នុងស្រះគឺជាវត្ថុដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់ព្យាបាលដល់អ្នកជំងឺ ។ ចាស់ៗបាននិទានតៗគ្នាទៀតថា ទឹកស្រះ ដែលនៅព័ទ្ធជុំវិញ ប្រាសាទនាគព័ន្ធនេះ គឺជាតំណាងសាគរដ៏ធំល្វឹងល្វើយ និង តំណាងពិភពលោកដ៏ធំ ដែលមានមនុស្សមួយក្រុមនាសម័យបុរាណមានចំនួន១២ នាក់ បានជិះសំពៅតាមមហាសមុទ្រនេះ ហើយក៏ប៉ះនឹងភ្លៀងខ្យល់ព្យុះដ៏ខ្លាំងក្លា បោកមកលើមនុស្សទាំង១២នាក់នោះឱ្យលិចកណ្តាលសមុទ្រ ពេលនោះមានយក្ខិនីមួយដ៏ធំ បានប្រែកាឡាជាមនុស្សលោកហើយជួយសង្គ្រោះអ្នកដែលរងគ្រោះដោយ ខ្យល់ព្យុះនេះ មកដាក់លើកោះមួយ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាក្នុងគោលបំណងទុកធ្វើជាចំណីអាហារ ។ ក្រោយពីមនុស្ស១២នាក់នោះ រស់នៅលើកោះ ព្រះលោកេស្វរៈបានមកពន្យល់សុបិន្តដល់មនុស្ស១២នាក់នេះ ដោយនិយាយថា អ្នកឯងទាំងអស់គ្នានេះកំពុងតែចាញ់បោកគេហើយ ស្រីម្នាក់ដែលកំពុងចិញ្ចឹមបីបាច់ថែរក្សាឯងនេះគឺជាយក្ខិនី គឺចិញ្ចឹមពួកឯងសម្រាប់ជាចំណីអាហារ ។ តែបើពួកឯងចង់រត់ចេញពីកោះនេះ យើងនឹងប្រែកាឡាជាសេះចុះមកធ្វើឱ្យពួកឯង១២នាក់តោងកន្ទុយហើយហោះ ចេញពីកោះនេះ ដើម្បីគេចចេញពីចំណីយក្ស ។ ពេលនោះដែរ ក្រុមមនុស្សទាំង១២នាក់ដែលនៅលើកោះ ក៏បានយល់ព្រមឱ្យលោកេស្វរៈប្រែកាឡាហើយនាំពួកគេចេញពីទីកោះ។ ដូច្នេះហើយបានជាគេកសាងរូបសេះសមួយដ៏ធំមួយ នៅក្នុងស្រះពីខាងកើតប្រាសាទនាគព័ន្ធ នេះ ទុកដើម្បីឧទ្ទិសដល់សត្វសេះសខាងលើ ។ ប្រាសាទនាគព័ន្ធ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ទ្រង់កសាងនៅកណ្តាលសតវត្សរ៍ទី១៨នៃ ពុទ្ធសករាជ(ព.ស១៧២៤-១៧៤៤) ដើម្បីឧទ្ទិសថ្វាយដល់ពោធិសត្វលោកេស្វរៈ ។ រឿងព្រេងនិទានខាងលើនេះ គ្រាន់តែជារឿងនិទានខ្មែរយើង ជំនាន់មុននិយាយតៗគ្នាតែប៉ុណ្ណោះ ៕ អានបន្ថែម : រឿងជាតិខ្លាធំ ឫ រឿងដើមកំនើតខ្លាធំ |
Thursday, 27 October 2016
ប្រាសាទនាគពន្ធ័
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment