Tuesday, 6 December 2016
រឿង ចៅធុង ចៅសាញ់
បពិត្រអញខ្ញុំ ហត្ថាបង្គំ ប្រណម្យវន្ទា សូមមានតេជះ ដូចព្រះរាមា សូមមានប្រាជ្ញា ដូចព្រះមហោសថ ។ ខ្ញុំថ្វាយបង្គំ ព្រះពុទ្ធឧត្ដម ប្រាជ្ញាមោះមុត តែងនាំសត្វផង ឆ្លាស់ឆ្លងសមុទ្រ សង្សារចំហុត ដាក់ដល់សួគ៌ា ។ ព្រះអង្គត្រាស់ត្រេច សាងសម្ភារស្រេច ផ្ដាច់សង្សារា លើសលែងត្រៃភព សាយសព្វទិសា ព្រះអង្គផ្ចាញ់មារ ដល់និព្វានហោង ។ បង្គំព្រះពុទ្ធ បារមីពិសុទ្ធ ពិសេសឥតហ្មង ពន្លឺរស្មី ភ្លឺក្រៃកន្លង ដល់សួគ៌នាយហោង ភ្លឺផ្លេកសព្វស្ថាន ។ បង្គំព្រះធម៌ ពិតសេសមានអាថ៌ ជ្រៅពន់ប្រមាណ អាចតែងត្រងរង សត្វផងសព្វស្ថាន ជាខ្លឹមប្រធាន ត្រីពិធសម្បត្តិ ។ បង្គំព្រះសង្ឃ ប្រសើរសឹងទ្រង់ សីលសុទ្ធមធ្យ័ត ជាស្រូវស្រែបុណ្យ មានគុណគាប់ក្ដាត់ តាមផ្លូវប្រតិបត្តិ ព្រះសង្ឃទាំងឡាយ ។ លោកខំសង្វាត យកបិណ្ឌបាត ប្រោសសត្វសម្ជាយ ឲ្យអស់ទុក្ខភ័យ ទោសពៃរ៍ក្នុងកាយ សត្វផងទាំងឡាយ តាមសទ្ធាហោង ។ នេះនឹងស្រដី បុរសប្រុសស្រី ពីរនាក់ជាម្ដង ប្ដីនិងប្រពន្ធ ឲ្យធនធានផង ឥតញាតិសោតហោង ឥតផៅសន្តាន ។ រកស៊ីនៅនា ក្នុងព្រៃព្រឹក្សា យូរទៅទើបបាន កាប់ឈើរើព្រៃ នៅព្រៃស្មសាន បន្តិចទើបបាន ចម្ការមួយហោង ។ នោះឯងធំក្រៃ ប្រមាណនោះនៃ ប្រាំសិនជាម្ដង ជាអ្នកកម្សត់ ទុគ៌តកន្លង ទាំងពីរនាក់ហោង ត្រេកអរពេកក្រៃ ។ លុះដាំស្រូវទៅ ក្នុងចម្ការកូវ ស្រូវនោះប្រពៃ នឹកថាស្រូវអញ នេះពេញល្អក្រៃ គុម្ពធំណាស់នៃ លើសស្រូវអ្នកផង ។ ជាយូរលង់ទៅ រីឯដើមស្រូវ នោះកូវសោតហោង ល្អ ៗ ក្រៃលែង កួរវែងកន្លង ដាក់គួរល្គាយល្គង ទន់ ៗ តាមគ្នា ។ ល្អល្អះប្រពៃ រីស្រូវនោះនៃ ទុំពេញចម្ការ រន្ទាលច្រាលឆ្អៅ ផ្លែស្រូវនោះណា៎ ពាសពេញចម្ការ បរិបូណ៌ជាត្រើយ យកស្រូវមកហើយ ដាក់លើផ្ទះហោង ។ លុះដល់រដូវ នាំគ្នាយកស្រូវ ទៅដាំទៀតផ្គង ដូចកាលសព្វគ្រា ពីដើមនោះផង ស្រូវនោះឯងហោង ល្អដូចដើមនៃ ។ យូរលង់ទៅណា បានភោជ្យផលា រឹតតែច្រើនក្រៃ ពេញបរិបូណ៌ណាស់ ឥតខ្វះឡើយនៃ ត្រេកអរពេកក្រៃ ធ្វើជង្រុកឯង ។ មួយនោះធំក្រៃ ហើយវែងផងនៃ ប្រាកដជាក់ស្ដែង ធេងធំទូលាយ ខ្ពស់ក្រៃគួរស្ញែង ជង្រុកប្រាំ ល្វែងឥតក្រែងអ្នកផង ជាយូរទៅណានាងមានកូនង៉ា មួយល្អកន្លង ឲ្យឈ្មោះអាសាញ់ ធំពេញចិត្តហោង ស៊ីបាយច្រើនដង មួយឆ្នាំងមួយថ្ងៃ ។ លុះដល់គម្រប់ប្រាំមួយដណ្ដប់ ឆ្នាំហើយសោតនៃបរិភោគអាហារកាន់តែច្រើនក្រៃ នាក្នុងមួយថ្ងៃ បីថាំងអង្ករ ។ រីម្ដាយឪពុក ចេះតែកើតទុក្ខ ភ័យតែពីរក្រ រីស្រូវក្នុងស្រែកាន់តែមិនល្អ ភ័យតែពីរក្រ ធ្វើស្រូវមិនទាន់ទើបមកគិតគ្នា បើខំទុកវា ឃើញថាមិនគ្រាន់ ពីដើមយើងមាន ឥឡូវយើងកាន់ តែថយជាក់ស្បាន់ សម្បត្តិហិនក្រ ។ រីស្រូវចម្ការ យូរឆ្នាំហើយណា កាន់តែមិនល្អ ទុកវាធ្វើអ្វី នាំឲ្យតែក្រ សម្លាប់ឲ្យមរណ អាចោរចង្រៃ ។
បទព្រហ្មគីតិ
ឪពុកហៅកូនហើយ អាសាញ់អើយមកឲ្យឆាប់ ! ត្បិតអញចង់ទៅគាប់ ឈើព្រៃភ្នំនោះណា៎ ។ អាសាញ់បានឮហើយ ដើរព្រងើយប្រាប់ឈើផង ។ ថាម៉ែដាំបាយរ៉ា ដាំបាយឆាប់ពេកកន្លង ខ្ចប់ឲ្យអាសាញ់ហោង ហើយអាសាញ់ស្ដាយដើរវៃ ។ ឪពុកថាអាសាញ់ ខំដើរខ្មាញ់អាចង្រៃ ហើយក្រែងមិនទាន់ថ្លៃ នឹងវិលវឹងមិនទាន់ហោង ។ លុះចរយាត្រាទៅ ដល់ព្រៃជ្រៅដុងដែនដង ឃើញឈើមួយធំផង ធំចំនួនបីឱបតឹង ។ អាសាញ់ព្យួរបាយហើយ ឈរព្រងើយធ្វើមិនដឹង ឪពុកប្រឹងសម្លឹង ធ្វើទ្រមឹងទ្រមក់នៅ ។ ឪពុកហៅថានៃ អាកុំប្រែឈរសៅដៅ អញកាប់ឈើនឹងទៅ ចាំទទួលវើយខំប្រឹង។ ឪពុកប្រឹងតែកាប់ ប្រុងសម្លាប់អាសាញ់ហ្នឹង អាសាញ់ឈរសម្លឹង ស្ទុះទៅទ្រឈើនោះណា៎ ។ ឪពុកស្រែកថាវ៉ី ខំឃ្មាតខ្មីណា៎អាវ៉ា ឈើនេះធ្វើទូកក្ដារ កុំឲ្យបែកបាក់ឡើយវ៉ី ។ ឯឈើបាក់សង្កត់ អាសាញ់ស្រុតលិចក្នុងដី ឪពុកស្រែកថាថ្វី ម្ដេចក៏លិចបាត់ទៅហើយ ។ គិតស្រេចហើយយាត្រា ដើរម្នីម្នាមកកន្តើយ ថាវាស្លាប់ទៅហើយ កាលណានឹងរស់ឡើងវិញ ។ ដើរមកធ្វើព្រងើយ ភ្លេចបាយហើយពុំនឹកមិញ ពុំត្រឡប់វិលវិញ ទៅយកបាយមកស៊ីឡើយ ។ គាត់ដើរចិត្តនឹកគិត ក្នុងគំនិតគាត់ជាត្រើយ ពុំបាននឹកបាយឡើយ ចេះតែគិតក្នុងឥន្ទ្រិយ ។ កាលពីដើមមកនៃ អញនឹកភ័យតែពីស៊ី ឥឡូវគ្មានគ្នាគ្នី មកតាមស៊ីបំផ្លាញឡើយ ។ ពុំដឹងខ្លួននឹងស្លាប់ ពៀរសម្លាប់គេនោះហើយ គេពុំស្លាប់សោះឡើយ ពៀរនោះហើយស្លាប់ខ្លួនឯង ។ ដើរមករកលំនៅ វង្វេងផ្លូវដាច់សង្វែង អត់បាយស្វិតពោះធេង ប្រាំពីរថ្ងៃក្ស័យជន្មា ។ នឹងថ្លែងហក់ទៅវិញ ឯចៅសាញ់នៅកំព្រា ងើបរួចឡើងម្នីម្នា រកបិតាពុំឃើញឡើយ ។ ប្រឹងស្រែកដង្ហោយហៅ ថាឱឪ! ទៅណាហើយ អញ្ជើញមកឪអើយ ! មកបរិភោគអាហារហោង ។ ស្រែកហៅពុំឮឆ្លើយ ទុក្ខពុំស្បើយឱរារង ទើបវិលមកវឹងផ្គង យកអាហារបរិភោក្ដា ។ រួចហើយទើបក្រោកដើរ ទៅមកឈើលីលើស្មា ទំហំបីឱបណា៎ លីលើស្មាហើយដើរទៅ ។ រេរកផ្លូវទៀតណា៎ ឯកអង្គាម្នាក់ឯងកូវ ឥតគ្នាជាពីរនៅ គ្រាន់ដើរទៅរកមណ្ឌល ។ រីផ្លូវដែលដើរមក ឥឡូវរកក៏ពុំយល់ ចេះតែដើរវិលវល់ អំពល់ក្នុងព្រៃព្រឹក្សា ។
បទមណ្ឌោកគតិ
ចៅសាញ់ដើរទៅ រកទីលំនៅអាត្មា ពុំឃើញឡើយណា៎ វង្វេងក្នុងព្រៃវក់វី ។ នឹងថ្លែងតទៅ ឯម្ដាយនិត្យនៅផ្ទះខ្មី ចាំមើលផ្លូវប្ដី ពុំឃើញបាត់ទាល់ល្ងាចណា៎ ។ ចេះតែទន្ទឹង សញ្ជប់សញ្ជឹងខ្លោចផ្សា ព្រួយក្នុងចិន្ដា ពុំបាននិទ្រាតិចឡើយ ។ ឮមាន់រងា ស្មានថាប្ដីហៅគិតឆ្លើយ បើកទ្វារឡើងហើយ រកមើលពុំឃើញឡើយណា៎ ។ ស្ដាប់ជាក់ជាមាន់ ក្នុងចិត្តក្នាញ់គ្នាន់សោះសា ថា! ឱអនិច្ចា អ្នកជាស្វាមីខ្ញុំនេះ ។ ក្ស័យឬយ៉ាងណា បានជាអ្នកបាត់ដល់ម្ល៉េះ ថ្ងៃមិញយប់នេះ ក៏ពុំទាន់ឃើញមុខមាត់ ។ មើលផ្លូវបាត់ហើយ នាងនៅព្រងើយស្ងៀមស្ងាត់ ហេតុត្បិតប្ដីបាត់ ស្ងៀមស្ងាត់រកស៊ីទៅណា ។ នេះនឹងថ្លាថ្លែង និទានចាយចែងចរចា ទៅចៅសាញ់ណា៎ ឯការដើរតែក្នុងព្រៃ ។ ចេះតែដើរទៅ ពុំដែលដឹងផ្លូវហើយនៃ ដើរត្រាច់ក្នុងព្រៃ រកផ្ទះពុំឃើញឡើយណា៎ ។ ឃើញតែពួកសត្វ ក្នុងចិត្តស្ងប់ស្ងាត់សោះសា ថាឱអនិច្ចា! អញអើយកំព្រាម្នាក់ឯង ។ ឱ! សត្វទាំងឡាយ នៅសុខសប្បាយឥតក្រែង អញអើយតែឯង ហៅមហាចំបែងពុំស្បើយ ។ មិនដូចសត្វផង ច្រើនក្រៃកន្លងជាត្រើយ មូលនឹងគ្នាហើយ ដើរទៅឯណាច្រើនក្រៃ ។ អញដើរតែឯង គិតគ្រប់ស្ញប់ស្ញែងណាស់ខ្មី ក្រែងសត្វអ្វីៗ វាមកយាយីពាធា ។ រីឯដើមឈើ ដែលអញលីលើស្មាណា៎ បង្ការទុកជា ដើរតែក្នុងព្រៃឯកអង្គ ។ នេះនឹងស្រដី ទៅឯបុរីរាជរុង មួយនាមឧត្តុង្គ នគរព្រះបាទព្រហ្មទត្ត ។ ព្រះអង្គសោយរាជ្យ មែនមានអំណាចពេកក្ដាត់ គ្រងអស់រាស្ត្ររដ្ឋ នៅក្នុងនគរភូមិស្រុក ។ ស្ដេចសុខសប្បាយ អស់រាស្ត្រទាំងឡាយឥតទុក្ខ ព្រះអង្គសឹងសុខ ពុំដែលមានទុក្ខភ័យសោះ ។ មនុស្សផងច្រើនក្រៃ សប្បាយសត្វថ្ងៃទាំងអស់ ទោះស្រីទោះប្រុស ស្រួលស្រុះក្សេមក្សាន្តចិន្ដា ។ ខ្លះលក់ទំនិញ អ្នកខ្លះសោតទិញគ្នាណា៎ ខ្លះកាត់ថ្លៃថា បីទៀនសាមសិបល្មមថ្លៃ ។ លក់ដូរទៅមក រអែករអោកសព្វថ្ងៃ ពុំដែលមានភ័យ ធ្លាប់សុខរៀងៗមកណា៎ ។ មានកាលមួយថ្ងៃ យក្សមួយកាចក្រៃសោះសា ចិត្តវាមោហោ វានឹងមរណាមិនខាន ។ យក្សនោះឯងណា៎ ចិត្តវាហានក្លាក្នុងប្រាណ ចង់ស៊ីក្សត្រក្សាន្ត មិនដឹងខ្លួនស្លាប់ឡើយហោង ។ ទើបយក្សមោហោ ប្រាយប្រាប់ក្សត្រាជាម្ដង ឲ្យរកមនុស្សផង មកដាក់សួយឲ្យអញថ្វាត់ បើពុំព្រមដាក់ សួយឲ្យអញជាក់មធ្យ័ត ទោះទាំងមហាក្សត្រ អញស៊ីពុំលែងឡើយណា ។ យក្សប្រាយប្រាប់ហើយ វិលវឹងព្រងើយសោះសា ដល់ស្ថានហើយណា៎ ម្នីម្នាចូលទៅវៃៗ ។ កាលក្រោយយក្សទៅ ព្រះបាទចោមចៅស្ដេចភ័យ ទាំងរាស្ត្រមន្ត្រី ប៉ុន្មានសឹងភ័យពុំស្បើយ ។ ខ្លះរត់ម្នីម្នា ប្រាប់គ្នីប្រាប់គ្នាជាត្រើយ ថានៃវើយអើយ កុំទៅណាឆ្ងាយឡើយណា៎ ។ អស់មនុស្សទាំងឡាយ ភិតភ័យប្រញាយសោះសា ថាឱអនិច្ចា ជាហេតុប្រការកលអ្វី ។ នាំគ្នាកើតទុក្ខ ពុំបានទិញលក់ឡើយនៃ ចេះតែភិតភ័យ ខ្លាចក្ស័យជីវិតរាល់គ្នា ។ ស្ដេចត្រាស់ឲ្យហៅ អាធុងចូលទៅម្នីម្នា ត្រាស់បន្ទូលថា អាធុងអញចង់ប្រើឯង ។ ទៅថ្លែងប្រាប់យក្ស ថាអញព្រមដាក់សួយស្នែង ចាំធ្វើកន្លែង ប្រាំពីរថ្ងៃទៀតសិនហោង ។ ត្បិតឯងជាអ្នក ប្រាជ្ញាជៀងជាក់ជាម្ដង ឯងប្រាប់វាផង ដោយនូវដំណើរអញថា ។ អាធុងចងចាំ នូវព្រះបណ្ដាំរាជា ទើបបង្ខំលា យាត្រាវិលវឹងទៅថ្កាន ។ ដល់មកផ្ទះហើយ ជាទុកពុំស្បើយក្នុងប្រាណ ទើបរិះគិតធ្យាន អញយកប្រាជ្ញាបទណា ។ គិតស្រេចហើយនៃ ចុះដើរទៅវៃសោះសា រិះរកប្រាជ្ញា ដោយនូវឧបាយកលហោង ។ ដើរទៅហើយណា៎ ដល់ស្ថានយក្សាដូចប៉ង ចរចូលទៅផ្គង ដល់ទីលំនៅយក្សស្រេច ។ ទើបយក្សសួរថា ឯងមកមានការដូចម្ដេច ដំណើរសេចគ្រេច ដូចម្ដេចប្រាប់អញឲ្យហើយ ។ អាធុងឆ្លើយថា បពិត្របិតាខ្ញុំអើយ អ្នកឯងជាត្រើយ ខ្ញុំសូមជាឪពុកខ្ញុំ ។ ឥឡូវនេះនៃ ព្រះមហាក្សត្រថ្លៃឧត្ដម ព្រះអង្គប្រើខ្ញុំ ឲ្យមកជម្រាបលោកឪ ។ ព្រះអង្គព្រមដាក់ សួយឲ្យយើងដាក់ហើយកូវ ប៉ុន្តែឲ្យឪ ចាំប្រាំពីរថ្ងៃទៀតហោង ។ ចាំធ្វើសាលា រួចស្រេចហើយណា៎ជាម្ដង សូមឪទៅហោង ព្រះអង្គស្ដេចដាក់សួយឲ្យ ។ យក្សស្ដាប់ពាក្យពេចន៍ អស់អាថ៌ស្រេចដូច្នេះហើយ អាឯងកុំស្បើយ ហេតុពៀរវេរាអាត្មា ។ នឹងក្ស័យជីវិត ខ្លួនឯងពុំគិតណា៎ ហេតុចិត្តមោហោ ដែលវាប្រមាថស្ដេចហោង ។ ទើបយក្សមោហោ ប្រាប់អាធុងឡើយថាជាម្ដង អញព្រមដែរហោង ឯងវិលទៅទូលស្ដេចចុះ ។ យក្សប្រាប់ស្រេចហើយ គិតពុំលង់ឡើយកាលនោះ ទើបអាធុងឆ្ពោះ លាយក្សមកផ្ទះអាត្មា ។ មកដល់ផ្ទះហើយ ពិតពុំលង់ឡើយម្នីម្នា ចរចុះយាត្រា ទៅទូលព្រះមហាក្សត្រថ្លៃ ។ ទៅដល់ហើយណា៎ ក្រាបទូលក្សត្រាជៀសជ័យ ឥឡូវនេះនៃ យក្សនោះវាព្រមហើយណា៎ ។ ស្ដេចទ្រង់ជ្រាបហើយ ពិតពុំលង់ឡើយក្សត្រា ប្រាប់អស់សេនា ឲ្យរៀបអស់គ្រឿងប្រដាប់ ។ នឹងសង់សាលា ប្រាំពីរថ្ងៃណា៎ឲ្យឆាប់ ឲ្យបានប្រញាប់ នៅក្នុងកំណត់ប៉ុណ្ណោះ ។
បទពំនោល
កាលនោះព្រះបាទក្សត្រា បង្គាប់សេនា ស្រេចហើយក៏យាងចូលទៅ ។ សេនាថយចេញទៅក្រៅ ទើបបង្គាប់ទៅ អស់ទាំងភ្នាក់ងារទាំងឡាយ ។ ឲ្យនាំឈើចូលមកថ្វាយ ត្បិតព្រះឆោមឆាយ ព្រះអង្គឲ្យធ្វើសាលា ។ ភ្នាក់ងារស្ដាប់ព្រះអាជ្ញា ហៅគ្នាម្នីម្នា នាំឈើចូលមកឆាប់វៃ ។ ទើបធ្វើឲ្យឆាប់ឲ្យរួចដូចព្រះអាជ្ញា ។ ខំធ្វើប្រញាប់ម្នីម្នា លុះរួចសាលា ទើបចូលទៅក្រាបទូលហោង។ ព្រះបាទព្រហ្មទត្តច្បាស់ច្បង ទ្រង់ជ្រាបហើយហោង ឲ្យហៅអាធុងចូលទៅ ។ អមាត្យរត់ដល់លំនៅ អាធុងហើយហៅ ប្រាប់ទៅដូចព្រះឱង្ការ ។ ទ្រង់មានព្រះបន្ទូលថា ឲ្យទៅម្នីម្នា ឥឡូវដូចព្រះប្រញប្ដិ ។ អាធុងនោះបានស្ដែងស្ដាប់ព្រះបន្ទូលប្រាប់ ប្រញាប់រៀបអង្គអាត្មា ។ ចរចុះដើរទៅម្នីម្នា ដល់ចុងរោងណា៎ ក្រាបថ្វាយបង្គំក្សត្រថ្លៃ ។ ទ្រង់ទតទ្រង់ត្រេកអរក្រៃ ទ្រង់បន្ទូលវៃ ថាឯងរកមនុស្សដាក់សួយ ។ មនុស្សដែលមានទោសដល់មួយ ជីវិតកុំព្រួយដាក់សួយមួយថ្ងៃម្នាក់ហោង ។ អាធុងក្រាបលាជាម្ដងយកមនុស្សទោសផង ដាក់សួយដូចព្រះបង្គាប់ ។ រួចហើយថយចេញប្រញាប់ វិលវឹងក្រឡាប់ ដើរមកផ្ទះទាំងភ័យភ្ញាក់ ។
នឹងថ្លែងតតែងជៀងជាក់ ទៀតទៅឯយក្ស អបលក្ខណ៍ចោរកាចពេកក្រៃ ។ លុះដល់គម្រប់គ្រប់ថ្ងៃ យក្សចោរចង្រៃ មោហោក្លាកាចអប្រិយ ។ មកដល់សាលាហើយខ្មី ចូលឆាប់ម្នាម្នី ហែកស៊ីសាច់មនុស្សនោះទៅ ។ តែសព្វ ៗ ថ្ងៃនិត្យនៅ លុះបានដល់ទៅ ប្រាំថ្ងៃនោះឯងហោងណា៎ ។ យើងស្លេះពុំទាន់ចរចា នេះនឹងថ្លែងថា ទៅឯចៅសាញ់ជាត្រើយ ។ មកដល់ចុងស្រុកនោះហើយ ព្រួយប្រាណពុំស្បើយ បីខែប្រាកដជាម្ដង ។ អត់បាយដើរតែឯងផង បីខែហើយហោង ដើរតែក្នុងព្រៃជាក់ស្ដែង ។ គន់គិតក្នុងចិត្តខ្លួនឯង ថាអ្នកណាតែង សាលាដាក់ទាននៅនេះ ។ ហើយនឹកថាភ័ព្វអញអេះ បានសាលានេះ គ្រាន់ឈប់អាស្រ័យជាម្ដង ។ លុះដើរដល់សាលាហោង ទម្លាក់ឈើផ្គង ក៏ឮសន្ធឹកខ្លាំងក្រៃ ។ នឹងថ្លែងទៅអាធុងនៃ ឮសព្ទលាន់ព្រៃ នឹកថាសន្ធឹកសព្ទអ្វី ។ គិតស្រេចទើបចុះទៅដី ដើរទៅឆាប់ខ្មី ក៏ឃើញអាសាញ់ក្រអេះ ។ ហើយនឹកថាអាចោរនេះ មកពីណាអេះ គួរអញដណ្ដឹងសួរវា ។ គិតស្រេចហើយចរយាត្រា ទៅដល់សាលា ក៏ឃើញនូវឈើនោះហោង ។ ឃើញធំពន់ពេកកន្លង គួរខ្លាចជាម្ដង គួរយកគេជាក្លើអញ ។ គិតស្រេចឡើងទៅឃ្មាតខ្មាញ់ ហៅថាសំឡាញ់ ឯងមកពីស្ថានឯណា ។ អាសាញ់ឮហើយឆ្លើយថា ដោយនូវកិច្ចា អាត្មាក៏ឃ្លានបាយផង ។ រីឯខ្លួនអញនេះហោង ពុំដឹងស្រុកផង ដើរតែក្នុងព្រៃទេណា៎ ។ បីខែលំបាកអាត្មា ទោះទាំងភោជនា នោះក៏ពុំបានបរិភោគ ។ ពុំដឹងទីស្ថានផ្លូវជ្រក ចេះតែដើរមក ទើបឃើញសាលានេះណា៎ ។ នឿយណាស់ចូលឈប់សិនរ៉ា នៅក្នុងសាលា សម្រាកកម្លាំងសិនហោង ។ ចាំតែបាត់ក្ដៅរោយខ្នង នឹងយាត្រាផ្គង ទៅរកលំនៅជាត្រើយ ។ រីឯអាធុងឆ្លាស់ឆ្លើយ ថាសំឡាញ់អើយ ចូរឯងទៅនៅនឹងអញ ។ ទោះទាំងបាយទឹកនេះមិញ ធានានូវអញ នឹងចិញ្ចឹមឯងជាម្ដង ។ អាសាញ់ឆ្លាសឆ្លើយវឹងស្នង ថាអញនេះហោង បរិភោគអាហារច្រើនក្រៃ ។ អាធុងថាអញសង្ស័យ ឯងស៊ីសព្វថ្ងៃ មួយថ្ងៃតើអស់ប៉ុន្មាន ។ អាសាញ់ឆ្លាស់ឆ្លើយវឹងថ្កាន អញស៊ីប្រមាណ តិចទេមួយថ្ងៃបីថាំង ។ អង្ករសម្រិតសម្រាំង មួយថ្ងៃបីថាំង នោះឯងទើបបានគ្រាន់អញ ។ អាធុងឆ្លើយថាអាសំឡាញ់ ធានានូវអញ ចិញ្ចឹមរក្សាឯងហោង ។ អាសាញ់ព្រមតាមជាម្ដង ហើយចុះទៅផ្គង ជាមួយនឹងអាធុងណា៎ ។ លើកឈើលីទៅសោះសា ហើយចរយាត្រា ម្នីម្នាទៅផ្ទះអាធុង ។ ដល់ឃើញទម្លាក់ឮក្នុង មុខផ្ទះអាធុង ក៏បែកខ្ចាត់ខ្ចាយពីគ្នា ។ អាធុងប្រាប់ទៅភរិយា នូវអស់មនុស្សម្នា ឲ្យរកបាយបីខ្ទះត្នោត ។ អស់ខ្ញុំដណ្ដាំបាយសោត បានបីខ្ទះត្នោត ស្រេចឲ្យអាសាញ់បរិភោគ ។ សម្លស្លបន្លែឃ្លោក អាសាញ់បរិភោគ បីខ្ទះក៏អស់ទៅហោង ។ រីមនុស្សម្នានោះផង ។ សឹងស្ញែងកន្លង ព្រោះបរិភោគច្រើនក្រៃ ។ ព្រឹកល្ងាចលុះបានពីរថ្ងៃកម្លាំងច្រើនក្រៃ ។ ដូចកាលពីដើមជៀងជាក់ ។
នឹងថ្លែងចែងទៅឯយក្ស កំណត់វាជាក់ ជាក្ស័យក្នុងថ្ងៃនោះនៃ ។ រសៀលព្រះសុរិយាទ័យ រីអាសាញ់នៃ បរិភោគបាយរួចហើយហោង ។ ទើបអាធុងប្រាប់ដើមទង អាសាញ់ជាម្ដង អញប្រើឯងទៅទារប្រាក់ ។ ត្បិតឪអញគាត់ជំពាក់ ឯងទៅទារប្រាក់ យកមកគ្រាន់ទិញស្រូវស៊ី ។ បន្តិចគាត់មកឯទី សាលានោះខ្មី ឯងនៅចាំគាត់មុខណា៎ ។ អាសាញ់បានស្ដាប់បញ្ជា ទើបចរយាត្រា ទៅឯសាលានោះនៃ ។ លុះថ្ងៃប៉ប្រះមាត់ព្រៃ យក្សចោរចង្រៃ ហោះមកចាប់មនុស្សភោក្ដា ។ យក្សយង់មកដល់សាលា ឡើងឆាប់ម្នីម្នា ដល់ទៅមាត់ទ្វារនោះហើយ ។ អាសាញ់ពុំផ្សូរផ្សងឡើយ ថានៃឪអើយ អាធុងវាឲ្យទារប្រាក់ ។ យក្សថាជំពាក់ប្រាក់អ្វី អញពុំមានក្ដី ជំពាក់ប្រាក់កាសនរណា ។ អាសាញ់ឆ្លាស់ឆ្លើយទៅថា អាធុងចរចា ថាឪជំពាក់ជាម្ដង ។ ប្រាក់មួយកន្តាំងនោះហោង ហេតុនោះជាម្ដងទើបវាប្រើខ្ញុំមកទារ ។ យក្សស្ទាប់ពុំចេញចរចា ស្ទុះទៅប្រវា ចាប់នូវអាសាញ់ខ្ជាប់ហើយ ។ ច្របាច់កមិនលែងឡើយ ទើបអាសាញ់ឆ្លើយ ថាឪលែងអញចេញរ៉ា ។ លេងអ្វីដៃធ្ងន់ម្ល៉េះណា៎ លែងអញឆាប់រ៉ា លេងម្ដេចដៃធ្ងន់អម្បាយ ។ ឲ្យលែងមិនលែងគេងាយ ច្របាច់ស្ទើរធ្លាយ បំពង់កគេជាម្ដង ។ អាសាញ់ប្រាប់ទៅច្រើនដង មិនលែងឡើយហោង ថានៃឪលែងអញចេញ ។ បន្តិចត្រូវកំផ្លៀងមិញ មិនលែងកចេញ អញទះកំផ្លៀងឥឡូវ ។ កុំលេងដៃធ្ងន់ពេកកូវ ទើបថានៃឪ លែងអញឲ្យឆាប់ម្នីម្នា ។ យក្សស្ដាប់ពុំលែងឡើយណា៎ ខំតែប្រវា កាច់កឲ្យបាក់ជាម្ដង ។ អាសាញ់ក្រោធក្រៃកន្លង អត់ពុំបានហោង ក៏ទះនូវកំផ្លៀងយក្ស ។ នោះស្លាប់ទៅប្រាកដជាក់ អាសាញ់លោតធាក់ ថែមត្រូវមួយចុងជើងទៀត ។ ទើបអាសាញ់វាទៅឆ្លៀត ស្ដាប់ដង្ហើមទៀត ក៏ផុតដង្ហើមជាត្រើយ ។ ខ្លួនក៏ត្រជាក់អស់ហើយទើបគិតទៅហើយ ថាអានេះស្លាប់ហើយណា៎ ។ គិតស្រេចចុះពីសាលា ដល់ដីម្នីម្នា យាត្រាទៅទាំងអាធ្រាត្រ ។ ដើរទៅខំស្រូតខ្មីឃ្មាត បើកទ្វារឲ្យអញទៅផង ។ អញវិលមកវិញហើយហោងបើកទ្វារឲ្យផង ត្បិតមូសវាខាំអញណាស់ ។ ហៅពីរបីដងស្រឡះ អាធុងពុំច្បាស់ ភ្ញាក់ឡើងខំផ្ទៀងខ្មីឃ្មាត ។ នរណាហៅទាំងអធ្រាត្រ មានការអ្វីទៀត ក៏ហៅទាំងរាត្រីណា៎ ។ អាសាញ់ឮហើយឆ្លើយថា អញហៅទេណា៎ បើកទ្វារឲ្យអញទៅផង ។ អាធុងស្ដាប់ជាក់ហើយហោង ទើបគិតកន្លង ថាអញប្រើទៅឲ្យស្លាប់ ។ ម្ដេចឡើយវាប្រែក្រឡាប់ ទៅហើយមិនស្លាប់ ក៏រស់មកវិញជាម្ដង ។ ឬមួយខ្មោចអាសាញ់ លងឬមួយម្ដេចម្ដង ក៏យកអង្ករបាចទៅ ។ អាសាញ់ចេះតែស្រែកហៅ នៅឯខាងក្រៅ មូសខាំទះស្ទើររួយដៃ ។ អាធុងបាចអង្គរវៃ ទាំងអំបិលនៃ ក៏អស់មួយពាងទៅហើយ ។ អាសាញ់មិនលែងហៅឡើយ ចេះតែហៅហើយ ច្រើនដងច្រើនគ្រាចៃ ៗ ។ ឆ្កែព្រុសលូ ៗ ឡៃ ។ អាសាញ់ថាឆ្កែ អញទេឯងព្រុសអញថ្វី ។ អាធុងបានឮសំដី អាសាញ់ហើយនៃ ក៏ជឿជាក់ថារស់មែន ។ បើកទ្វារម្នីម្នាមែនទែន ចុះទៅអនអែន កាន់ចន្លុះបំភ្លឺហើយ ។ ឃើញអាសាញ់ជាក់ជាត្រើយ អរឯងឥតស្បើយ នឹកថាអញបានជាធំ ។ ទើបបើកទ្វាររបងធំ រួចហើយក៏សុំ អាសាញ់ឲ្យឡើងគ្រឹហា ។ ទើបសួរទៅអាសាញ់ថា ដូចម្ដេចឬអា សាញ់ឯងទៅទារប្រាក់នោះ ។ អាសាញ់ប្រាយប្រាប់ទៅស្មោះ ថាឪឯងនោះ ម្ដេចក៏កាចក្រៃកន្លង ។ អញប្រាប់ទៅគាត់ច្រើនដង ថាពីឯងហោង ឲ្យមកទារប្រាក់នោះណា៎ ។ គាត់ស្ដាប់ហើយគាត់ឆ្លើយថា ដោយនូវវាចា សំឡេងគាត់នោះធំ ៗ ។ គាត់ថាឯអញនេះពុំ ដែលធ្លាប់ទៅជំ- ពាក់ប្រាក់របស់នរណា ។ ថាហើយស្ទុះមកប្រវា ចាប់កអញណា៎ ច្របាច់ស្ទើរតែនឹងបែក ។ បំពង់កស្ទើររហែក អញប្រឹងតែស្រែក គាត់ប្រឹងច្របាច់ខ្លាំងលន់ ។ អញក្រេវក្រោធ ក្រៃពេកពន់ គាត់រឹតដៃធ្ងន់ អញអត់ពុំបានឡើយណា៎ ។ អញទះកំផ្លៀងដួលផ្ងារ នៅលើសាលា ក៏ស្លាប់តាយហោងទៅហើយ ។ អាធុងស្ដាប់ជាក់ជាត្រើយ អរឯងពេកហើយ ទើបបញ្ឆោតទៅអាសាញ់ ។ ថានៃអាឯងនឹងអញ នេះជាសំឡាញ់ នឹងគ្នាប្រក្រតីមកនៃ ។ យក្សនោះរបស់ក្សត្រថ្លៃ ម្ដេចក៏ហ៊ានក្រៃ ដល់វាយឲ្យវាមរណា ។ ណ្ហើយចុះបើច្នោះចូរអា ទៅអូសយក្សា នោះចោលចេញឲ្យបាត់ទៅ ។ កុំបីអាទុកវានៅ ក្នុងស្រុកនេះកូវ ក្រែងគេដើរទៅឃើញណា៎ ។ សឹមអញទៅទូលក្សត្រា ឲ្យទ្រង់មេត្តា ករុណាអត់ទោសអាម្ដង ។ ទោះព្រមមិនព្រមក្ដីហោង អញនឹងទូលស្នង ដោយនូវសេចក្ដីនេះណា៎ ។ អាសាញ់ស្ដាប់ហើយយាត្រា ទៅឯសាលា អូសខ្មោចយក្សាចៅទៅ ។ ទើបយាត្រាវិលវិញកូវ ដល់ផ្ទះដែលនៅ ឡើងទៅនិទ្រាហើយណា៎ ។ លុះដល់រស្មីសុរិយា រះឡើងកាលណា អាធុងភ្ញាភ្ញាក់ហើយហោង ។ លប់មុខរួចស្រេចតែម្ដង ទើបតែងខ្លួនផង ស្រេចហើយចុះពីផ្ទះទៅ ។ ដើរដល់ទៅចុងរោងក្រៅ ព្រះបាទចមចៅ ព្រះអង្គយាងចេញមកហោង ។ អាធុងក្រាបទូលជាម្ដង បពិត្រច្បាស់ច្បង តាមតែទ្រង់ព្រះមេត្តា ។ រីឯក្រុងយក្សមោហោ នោះខ្ញុំករុណា បានវាយវាស្លាប់ទៅហើយ ។ ព្រះអង្គត្រាស់វិញជាត្រើយ បើដូច្នោះហើយ ឯងធ្វើជាចៅហ្វាយចុះ ព្រះអង្គប្រទានត្រាស្មោះ ទីចៅហ្វាយនោះ មកឲ្យអាធុងហើយណា៎ ។ អាធុងរៀបអស់ភ្ញីផ្កាថ្វាយបង្គំងារ ទទួលត្រាតាំងជាម្ដង ។ បរិបូណ៌សូរេចហើយហោង ទើបវិលវឹងផ្គង កាន់ផ្ទះអាត្មាវិញណា៎ ។ ហើយប្រាប់ទៅអាសាញ់ថា ព្រះមហាក្សត្រា ព្រះអង្គពុំព្រមឡើយនៃ ។ ដូច្នេះឯងវេះទៅព្រៃ ចាំយប់សិននៃ សឹមឯងវិលមកផ្ទះណា៎ ។ អាសាញ់បានស្ដាប់វាចា អាធុងហើយណា៎ ទើបយាត្រាទៅពួនព្រៃ ។ ពួនជិតរន្ធសត្វបក្សី សម្មតតាមនៃ ហៅសត្វឥន្ទ្រីនោះណា៎ ។ លុះដល់ព្រលប់សុរិយា វិលមកគេហា រកបាយបរិភោគស្រេចហើយ ។ ចូលទៅនិទ្រាជាត្រើយ លុះថ្ងៃឡើងហើយ យកបាយទៅស៊ីក្នុងព្រៃ ។ លុះនៅបានប្រាំពីរថ្ងៃ ឯបុត្រីថ្ងៃព្រះបាទព្រហ្មទត្តរាជា ។ កើតក្ដៅក្រហាយអង្គារ នៅវាំងពុំជា ទ្រង់ចង់លើលាលេងព្រៃ ។ ព្រោះគូនឹងអាសាញ់នៃ គិតស្រេចស្រីថ្លៃ ទៅលាមាតាបិតា ។ ព្រះអង្គព្រមបើកហើយណា៎ បង្គាប់សេនា ឲ្យរៀបអស់ពលសេនីយ៍ ។ សេនាស្ដាប់តម្រាស់ខ្មី ថយចេញវៃ ៗ ទៅបង្គាប់អស់យោធា ។ ហើយរៀបព្រះរាជរថ នូវរាជអស្សា ទាហានពលផងសល់សែន ។ អាមាត្យជាអ្នកវៃក្វែន រួតរត់មែនទែន ទៅប្រាប់ទាហានឆាប់វៃ ។ ទាហានរៀបរួចហើយនៃ ខ្លះកាន់ទង់ជ័យ ខ្លះសោតកាន់លំពែងដាវ ។ អមាត្យជាធំចូលទៅ ទូលព្រះចមចៅ បពិត្ររួចហើយក្សត្រថ្លៃ ។ ព្រះអង្គទ្រង់ជ្រាបហើយនៃ ត្រាស់ទៅឆាប់វៃ នឹងរាជបុត្រីពន្លក ។ នាងទៅចូរឆាប់មក ណា៎ស្ងួនពន្លក សំឡាញ់នៃបិតាហោង ។ នាងស្ដាប់ហើយនាងទូលស្នង ដល់រសៀលហោង ខ្ញុំម្ចាស់យាត្រាមកវិញ ។ ទូលភ្លាមទើបនាងយាងចេញ ពលទាហានមិញ អញ្ជើញគង់រាជរថា ។ រីអស់ស្នំស្និទ្ធស្នេហា សឹងជិះរថា ខ្លះជិះរទេះទឹមគោ ។ ស្រេចហើយអស់ពលផងហ៊ោឮសព្ទឆោឡោ លើកចេញទៅព្រៃជាម្ដង ។ នេះនឹងថ្លាថ្លែងទៅត្រង់ តទៅដល់អង្គ ចៅសាញ់និត្យនៅកំព្រា ។ ឃើញអស់ទាំងពលយោធាភ័យក្រៃមហិមា ក្រែងតែគេលើកមកចាប់ ។ ភ័យណាស់រត់ទៅប្រញាប់ សម្ងំពួនថ្កាប់ រន្ធសត្វឥន្ទ្រីនោះអេះ ។ រីឯដំណើរន័យនេះ យើងនឹងឈប់ស្លេះ នៅនេះពុំទាន់ស្រដី។ នឹងថ្លែងឯរាជបក្សី ដែលនៅក្នុងព្រៃ មើលយល់ក្សត្រីសោភា ។ គង់លើព្រះរាជរថា ហើរមកម្នីម្នា ចុះឆាបយកនាងទៅហោង ។ រីឯស្នំស្និទ្ធពលផង យល់ដូច្នោះហោង ក៏ស្រែកប្រាប់ទៅសេនា ។ អើអស់លោកអ្នករាល់គ្នា ហ្នសត្វអ្វីណា៎ ឆាបរាជធីតាទៅហើយ ។ សេនាភិតភ័យធុំស្បើយ លើកគ្នាតាមហើយ ក៏ពុំទាន់សត្វនោះណា ។ ប្រឹងស្រែកប្រទេចផ្ដាសា ដោយនូវក្រោធា ខ្លះនាំគ្នាអង្គុយយំ ។ ថាឪម្ចាស់ថ្លៃឧត្ដម ម្ល៉េះសមយើងខ្ញុំ នឹងក្ស័យជីវិតពុំខាន ។ ត្បិតតែសត្វចោរសាមាន្យ យកម្ចាស់កល្យាណ ទៅបរិភោគមិនលែងឡើយ ។ សេនាត្រឡប់មកហើយ វិលវឹងជាត្រើយ មកដល់ក្នុងវាំងរាជា ។ ស្ដេចទតទៅយល់ហើយណា៎ ទើបត្រាស់សួរថា ម្ដេចកូនពុំងាថ្លើមថ្លៃ ។ កូនអញនាងទៅលេងព្រៃ សប្បាយឬអ្វី ហេតុម្ដេចទើបឆាប់វិលមក ។ សេនាផងសឹងយំសោក រអែករអោកនឹកថានឹងក្ស័យជីវិត ។ ទើបទូលទៅទាំងភ័យភិត ខ្លាចក្ស័យជីវិត ញ័រមាត់ញ័រកប៉ប៉ាប់ ។ ទោះបីព្រះអង្គសម្លាប់ នោះខ្ញុំសូមស្លាប់, ទុករស់ជាខ្ញុំបាទា ។ រីឯនាងនាថធីតា ត្រូវសត្វបក្សា មួយនោះឈ្មោះសត្វឥន្ទ្រី ។ វាមកឆាបយកទៅស៊ី ខ្ញុំនាំគ្នាគ្នី លើកតាមទៅមិនទាន់វា ។ ព្រះអង្គទ្រង់ស្ដាប់វាចា ញ័រព្រះអង្គា សោកស្ដាយព្រះរាជបុត្រី ។ ទើបត្រាស់ដណ្ដឹងទៅខ្មី ថាព្រឹកឡើងវៃ ឯងទៅប៉ាវគងម្នីម្នា ។ រកអ្នកណាមានរឹទ្ធា ទៅយកធីតា កូនអញនោះបានមកហើយ ។ អញនឹងអភិសេកជាត្រើយ ឲ្យសោយរាជ្យហើយ កូនអញឲ្យជាភរិយា ។ លុះព្រឹកព្រាងព្រះសុរិយា អស់ទាំងសេនា ចាត់មនុស្សឲ្យប៉ាវគងផង ។ ស្រែកដូចបង្គាប់ជាម្ដង រៀង ៗ ទៅហោង ពុំមាននរណាឆ្លើយថា ។ នឹងស្លេះទុកនៅសិនរ៉ា យើងនឹងចរចា ទៅឯចៅសាញ់នោះហោង ។ ហៀបនឹងត្រឡប់ជាម្ដងទើបយាត្រាផ្គង មករកលំនៅវិញណា៎។ ទើបអាធុងសួរទៅថា អាសាញ់កាលគ្រា ឯងទៅបានឃើញឬអ្វី ។ នាងនាថដែលសត្វឥន្ទ្រី ឆាបយកទៅស៊ី ឯងបានឃើញទេអាសាញ់ ។ អាសាញ់ឆ្លាស់ឆ្លើយទៅវិញ វាឆាបថ្ងៃមិញ ចូលរន្ធត្រង់មុខអញឯង ។ អាធុងសួរសោកឥតក្រែង បើដូច្នោះឯង ទៅយកបានឬពុំបាន ។ អាសាញ់ឆ្លាស់ឆ្លើយទៅថ្កាន អញទៅយកបាន អញបានចំណាំរន្ធវា ។ អាធុងឆ្លាស់ឆ្លើយទៅថា បើដូច្នោះណា៎ ស្អែកនាំអញទៅយកនៃ ។ លុះព្រឹកព្រះសុរិយាទ័យ អាធុងឆាប់វៃ ទៅទូលព្រះមហាក្សត្រា ។ ថាធានាខ្ញុំករុណា ទៅយកធីតា មកថ្វាយព្រះមហាក្សត្រថ្លៃ ។ ព្រះអង្គទ្រង់ជ្រាបហើយនៃ ទ្រង់ត្រាស់ថាហៃ អាធុងបើឯងទៅយក ។ នាងនាថធីតាពន្លក កូនអញបានមក អញឲ្យឯងសោយរាជ្យហោង ។ រីកូនអញនោះជាម្ដង អញឲ្យឯងផង ជាក់ជាភរិយាឯងប្រាកដ លែងតែបានដូចថា ទាំងរាស្ត្រប្រជាក៏ឲ្យឯងគ្រងប្រាកដ ។ អាធុងស្ដាប់ហើយអរក្ដាត់ បង្គំលាថ្វាត់ មកផ្ទះអាត្មាវិញហោង ។ មកដល់លំនៅដូចប៉ង ទើបប្រាប់ទៅផ្គង ថាហៃអាសាញ់ចូរបា ។ នាំអញទៅយកធីតា បើបានដូចថា ក្សត្រាព្រះអង្គលែងទោស ។ ដែលអាសម្លាប់យក្សនោះ ព្រះអង្គត្រាស់ឆ្ពោះ ថាឲ្យអាឯងទៅយក ។ បើបាននាងនាថនោះមកព្រះអង្គពុំយក ទោសដែលដែលឯងវាយយក្សស្លាប់ ។ ប្រាប់ស្រេចរករៀបប្រដាប់ សង្រែកសម្រាប់ ប្រដាប់ទ្របាតកញ្ជើ ។ មានខ្សែដាក់យោងពីលើ បង្ហូរកញ្ជើ ដាក់ទៅក្នុងរណ្ដៅណា៎ ។ រៀបស្រេចទើបចរយាត្រា លើកពលសេនាទៅក្នុងព្រឹក្សានោះនៃ ។ ដល់ទៅមាត់រន្ធបក្សី ទើបប្រាប់ទៅខ្មី ថាវ៉ើយអាធុងនោះហើយ ។ អាធុងស្ដាប់ជាក់ជាត្រើយ រៀបសង្រែកហើយ ចងខ្សែដាក់កញ្ជើទៅ ។
បទព្រហ្មគីតិ
រីឯរាជបក្សី វាឆាបខ្មីនាងយកទៅ ជួនឈ្មោលវាមិននៅ វាពុំបានបរិភោក្ដា ។ ក្នុងចិត្តរាជបក្សី វាចាំប្ដីវានោះណា៎ វាពុំទាន់ភោក្ដា ត្បិតអាហារត្រកាលក្ដាត់ ។ មិនគឺជាសាច់អ្វី គឺសាច់ស្រីជាតិជាក្សត្រ ប្ដីអញម្ដេចក៏បាត់ គាត់មិនទាន់ឃើញមកខ្មី ។ អាសាញ់ចុះទៅដល់ ក្នុងមណ្ឌលរាជបក្សី ភ្នែកគយគន់រំពៃ យល់បក្សីនៅនោះណា៎ ។ រីឯរាជបក្សី ស្មានជាប្ដីនៃអាត្មា ទទួលឆាប់សួររ៉ា ហើយប្រាប់ថាខ្ញុំទៅព្រៃ ។ ប្រទះនឹងកូនស្ដេច យាត្រាត្រាច់មកលេងព្រៃ ខ្ញុំស្ទុះទៅឃ្មាតខ្មី ឆាបក្សត្រីយកមកណា៎ ។ ខ្ញុំទុកចាំអ្នកឯង មកពីស្វែងរកភោជនា ខ្ញុំមិនទាន់ភោក្ដា ចាំតែអ្នកឯងមកទេ ។ អាសាញ់ស្ដាប់ហើយណា៎ ទើបប្រាប់ថាមើលមេៗ ហងស្លាប់មិនលែងទេ ថានៃមេស្លាប់ចោលប្ដី ។ បក្សីសោតស្ដាប់ជាក់ ទើបភ្ញាភ្ញាក់ខ្លួនថាយី មិនមែនប្ដីទេវ៉ី នេះជាក់ជាមនុស្សទេណា៎ ។ ជាភ័ព្វអញពេកក្រៃ អ្នកដទៃគេសទ្ធា ដាក់មនុស្សមកទៀតណា៎ ជាអាហារអញឆ្ងាញ់ក្រៃ ។ គិតស្រេចស្ទុះទៅឆាប់ ចៅសាញ់ចាប់បានជើងដៃ កន្ត្រាក់មកឆាប់វៃ ហើយក៏កាច់បំបាក់ទៅ ។ ចៅសាញ់ចុះទៅដល់ នាងនិមលរូបឥតសៅ បែរបើកភ្នែកមើលទៅ ឃើញនាងនៅអង្គឯកា ។ ព្រះភក្ត្រក្សត្រីថ្លៃ ក្រៀមក្រំក្រៃឥតឧបមា នឹងដល់ព្រះមាតា ព្រះបិតានៅឯនាយ ។ ចៅសាញ់រំពឹងដល់ នាងនិមលមិនសប្បាយ ទើបមានពាក្យអភិប្រាយ លោកកុំឲ្យនាងភ័យា ។ ថាហៃប្អូនពន្លក បងនេះមកយកប្អូនភ្ងា ទៅថ្វាយព្រះបិតា ព្រះមាតាប្អូនឯនាយ ។ ចូរប្អូនមាសកល្យាណ នាងកម្សាន្តឲ្យសប្បាយ បងយកប្អូនទៅថ្វាយ ចូរនាងទៅនឹងបងរ៉ា ។ នាងស្ដាប់ហើយត្រេកអរ មានអំណរឥតឧបមា ចង់ជួបនឹងបិតា ចិត្តស្នេហាចៅសាញ់ពិត ។ នាងឆ្លើយដោយទំនង ចិត្តនាងប៉ងយកជាមិត្ត នាងនាថរំពឹងគិត តែក្នុងចិត្តនាងនាថនៅ ។ នាងថាឱអ្នកអើយ អ្នកឯងហើយជាក់ជាគូ នឹងខ្ញុំមកលង់យូរ ជាគូព្រេងនឹងគ្នាហើយ ។ ទើបបានអ្នកមកជួយ ខ្ញុំមិនឲ្យដល់ស្លាប់ឡើយ រួចពីសត្រូវហើយ យកខ្ញុំទៅនគរា ។ នាងថាឱអ្នកថ្លៃ មានគុណក្រៃឥតគណនា ឥតអ្វីនឹងឧបមា ប្រៀបនឹងគុណអ្នកនោះបាន ។ ថាបើយើងទៅដល់ ទីមណ្ឌលព្រះរាជស្ថាន បានជួបនឹងក្សត្រក្សាន្ត ឯធនធានមិនខ្វះអ្វី ។ កុំថាទ្រព្យធននោះ ទោះទ្រព្យខ្ពស់ប៉ុន្មានក្ដី ប្រាថ្នាចង់បានអ្វី តាមតែអ្នកប្រាថ្នាយក ។ ចៅសាញ់ឆ្លាស់ឆ្លើយទៅ ថាហៃពៅស្រស់ពន្លក ខ្លួនបងប្រាថ្នាមក យកប្អូនទៅថ្វាយបិតា ។ មាតានាងទន្ទឹង ម្ល៉េះសមនាងសោយសោកា នោះទើបបងយាត្រា មកយកប្អូនទៅថ្វាយហោង ។ កុំឲ្យស្ដេចបារម្ភ កើតទុក្ខធំក្រៃកន្លង ព្រះទ័យក្សត្រច្បាស់ច្បង សោកអាល័យស្ងួនពុំងា ។ កុំប្អូនស្ងួនឧត្ដម គិតបារម្ភបងឡើយណា៎ ឲ្យបានស្ដេចយល់ភក្ត្រ ប្អូនវរលក្ខណ៍ស្រស់ឆោមឆាយ ឲ្យស្ដេចបានសប្បាយ ក្នុងព្រះកាយសុខប្រសើរ ។ ទើបលើកនាងដាក់ទៅ ឲ្យឋិតនៅក្នុងកញ្ជើ នាងថាមកពីលើ រួចហើយតើអ្នកចាំអ្វី ។ ចៅសាញ់ឆ្លើយទៅថា ហៃប្អូនភ្ងាមាសពិសី នាងទៅមុខចុះខ្មី បងទៅក្រោយប្អូនប្រសើរ ។ នាងឆ្លើយថាទេអ្នក ក្រែងគេដាក់តែកញ្ជើ មិនយកអ្នកហើយតើ បាននរណាគេមកយក ។ ចៅសាញ់ឆ្លាស់ឆ្លើយទៅ ថាហៃពៅស្រស់ពន្លក ថាបើគេពុំយក បងនេះទៅក៏ហើយចុះ ។ ឲ្យតែនាងបានទៅ កុំប្អូនពៅគិតរើរុះ ឯបងជាកូនប្រុស យ៉ាងយូរណាស់ត្រឹមបីខែ ។ ចៅសាញ់រុញកញ្ជើ អ្នកឯលើចាប់ទាញខ្សែ បានដល់មកលើឯ ចៅសាញ់នៅក្នុងរូងសត្វ ។ លើកនាងមកដាក់មកលើ ដោះកញ្ជើប្រញាប់ក្ដាត់ នាងនាថប្រាប់ទៅថ្វាត់ ថានែអ្នកម្ដេចដូច្នោះ ។ គ្នានៅក្នុងនោះនៃ ស្រាវមកអ្វីទទេនោះ ម្ដេចមិនទម្លាក់ចុះ យោងយកគ្នាមកប្រញាប់ ។ អាធុងឆ្លើយទៅថា យោងថ្វីអាចោរមុខងាប់ ទុកឲ្យវានៅស្លាប់ ហើយស្រែកថាយើងឃ្មាតខ្មី ។ ចូរទៅឲ្យឆាប់រ៉ា រួសម្នីម្នានៅចាំអ្វី ចូលគាល់ព្រះចក្រី ឲ្យក្សត្រថ្លៃទ្រង់មេត្តា ។ អាសូរប្រោសប្រណី យើងទីទៃរាល់ៗគ្នា ទោះនឹងចង់បានងារ ឬទ្រព្យអ្វីក៏សឹងបាន ។ ទើបលើកពលវិលទៅ ដល់លំនៅរាជស្ថាន ហើយនាំនាងកល្យាណ ចូលទៅគាល់ព្រះរាជា ។ ព្រះអង្គទតមកយល់ នាងនិមលបុត្រពុំងា ទ្រង់ត្រេកអរម្នីម្នា ឱបប្រវាធីតាថ្លៃ ។ ទ្រង់ព្រះកន្សែងសោក សែនអមោក្សពន់ពេកក្រៃ ថាឱកូនមាសថ្លៃ យើងនឹងថាក្ស័យទៅហើយ ។ ឥឡូវកូនពន្លក នាងវិលមកបានស្រាកស្បើយ បានជួបបិតាហើយ នូវមាតាស្ងួនមាសថ្លៃ ។ រីអស់ស្នំស្នេហា សឹងសោការាល់គ្នានៃ ដោយចិត្តគិតអាល័យ យំស្ទើរក្ស័យជន្មជីវិត ។ ឱមាសថ្លៃឧត្ដម សព្វថ្ងៃខ្ញុំព្រួយចិត្តគិត ដល់ម្ចាស់ថ្លៃវរមិត្រ ទន់ស្រយុតអស់កាយា ។ ឥឡូវម្ចាស់មកដល់ ខ្ញុំបានយល់ជាក់ហើយណា៎ សឹងបានស្បើយទុក្ខា បានបម្រើនៅផ្គត់ផ្គង់ ។ លុះស្បើយក្ដីសោកា នាងយាត្រាទៅឯក្នុង ប្រាសាទដែលនាងគង់ នៅជាសុខសប្បាយក្រៃ ។ ឯព្រះបាទព្រហ្មទត្ត បន្ទូលថ្វាត់នឹងមន្ត្រី ឲ្យសង់រាជរោងជ័យ នឹងអភិសេកធីតាស្ងួន ។ ឲ្យមានរបាំណា៎ ដោយភាសាខ្មែរចិនយួន រៀបឲ្យនឹងក្បួន តាមរបៀបច្បាប់ព្រេងនៃ ។ សេនាស្ដាប់បន្ទូល អរស្រុះស្រួលទទួលវៃ ចរចេញមកទីទៃ ប្រាប់ភ្នាក់ងារការដោយឡែក ។ ឲ្យរៀបរោងរបាំ តាមចំណាំអភិសេក ថ្ងៃនេះនូវថ្ងៃស្អែក ហៅគ្នាមកធ្វើទៅហោង ។
បទពំនោល
អស់ទាំងសេនាអឺងកង រៀបធ្វើរោងផង ទាំងយប់ទាំងថ្ងៃសោះសា ។ យើងស្លេះពុំទាន់ចរចាថ្លែងតទៅណា៎ ឯចៅសាញ់វិញជាម្ដង ។ នៅក្នុងរន្ធសត្វនោះហោង យូរក្រៃកន្លង ជិតដល់បីខែហើយណា៎ ។ ទើបបានក្ដៅដល់អាសនា សម្ដេចឥន្ទ្រា- ធិរាជចមចៅក្សត្រក្សាន្ត ។ ទើបស្ដេចបើកទិព្វចក្ខុវិញ្ញាណ ព្រះនេត្រ ថ្កើងថ្កាន ក៏ទតមកដល់ផែនដី ។ ទតសព្វភូមិភពបុរី ពុំមានយល់អ្វី យល់តែចៅសាញ់ជាម្ដង ។ បុណ្យមានបានសោយរាជ្យហោង បារមីកន្លង នឹងបានជាម្ដងប្រាកដ ។ អាធុងនោះឯងកំណត់ អាយុសន្មត នឹងអស់ជន្មានោះហោង ។ គិតស្រេច ស្ដេចហោះចុះផ្គង ដល់ដីជាម្ដង ក៏ប្រែកាឡាឆាប់ក្រៃ ។ រំពេចកើតជាពួរជ្រៃសំយុងទៅនៃ ក្នុងរណ្ដៅនោះឯងណា៎ ។ ចៅសាញ់ឃើញហើយប្រវា ពួរជ្រៃនោះណា៎ ក៏តោងឡើងមកដល់លើ ។ យល់ថ្ងៃរសៀលហើយតើ ទើបចរចេញដើរសំដៅផ្ទះអាធុងពិត ។ រីឯពួរជ្រៃនិម្មិត ព្រះឥន្ទ្រប្រសិទ្ធិ ក៏បាត់ពុំឃើញឡើយហោង ។ ដើរមកដល់ទ្វាររបង ផ្ទះអាធុងហោង ក៏ឡើងទៅលើគ្រឹហា ។ ទើបប្រាប់ទៅអាធុងថា អាធុងអើយអា អញឃ្លានបាយពេកណាស់នៃ ។ មនុស្សម្នាត្រៀបត្រាច្រើនក្រៃ មន្ត្រីផងនៃ ក៏សឹងតែនៅពាសពេញ ។ កណ្ដាលជំនុំនោះមិញ នាហ្មឺនគាល់ពេញ មិនក្រែងមិនខ្លាចខ្លួនឡើយ ។ អាធុងក្រោធក្រៃពុំស្បើយ ស្ដែងស្ដាប់ជាក់ហើយ ទើបប្រាប់ទៅអស់ភ្នាក់ងារ ។ ថាចាំអ្វីមិនចាប់រា អស់ទាំងភ្នាក់ងារ ស្ដាប់ហើយក៏ស្ទុះទៅចាប់ ។ ចៅសាញ់នោះឯងចងខ្ជាប់ ទើបអាធុងប្រាប់ ថាឲ្យនាំចេញទៅឆ្ងាយ ។ ប្រាប់ទៅភ្នាក់ងារទាំងឡាយ ឲ្យដាក់ខ្នោះវាយ ហើយដាក់ច្រវាក់ឃ្នាងផង ។ ទម្រាំតែព្រឹកស្អែកហោង ចូរគ្នាយើងផង នាំវាយកទៅសម្លាប់ ។ កូនក្មួយនោះសោតបានចាប់ ដាក់ច្រវាក់ខ្ជាប់ ឃ្នាងខ្នោះជើងដៃផងណា៎ ។ យើងស្លេះទុកនៅនេះណា៎ ថ្លែងឯមេការ ប្រញាប់ធ្វើរោងនោះនៃ ។ រួចស្រេចបរិបូណ៌ប្រពៃ នាគ្រានោះនៃ រៀបចងនូវគោមកែវផង ។ យើងស្លេះនៅនេះសិនហោង នឹងថ្លែងរំលងទៅឯចៅសាញ់វិញនៃ ។ លុះថ្ងៃបរិបូណ៌ប្រពៃ នាំចេញទៅវៃរៀបគ្រឿងលំពែងជុំនៅ ។ ដង្ហែចៅសាញ់ចេញទៅ បណ្ដើរតាមផ្លូវ ឲ្យស្រែកអាក្រោសទៅហោង ។ យើងស្លេះនៅនេះសិនហោង នឹងថ្លែងទៅផ្គង ឯអង្គអមរិន្រ្ទាថ្លៃ ។ កើតក្ដៅក្រហាយពេកក្រៃ នឹងក្នុងព្រះទ័យ ថាមានហេតុអ្វីច្នេះណា៎ ។ គិតស្រេចសម្ដេចឥន្ទ្រា បើកទិព្វចក្ខា ទតយល់នូវរូបចៅសាញ់ ។ នឹកថាអ្នកនេះដែលអញ ជួយពីមុខមិញ ឥឡូវម្ដេចត្រូវទៅទៀត ។ ចេះនឹងស្លាប់ចោលបង់សៀត អញជួយម្ដងទៀត ឲ្យរួចអំពីទោសា ។ គិតស្រេចហោះចុះមកណា៎ ទើបប្រែកាឡា ជាតាចាស់មួយនាក់នៃ ។ កាន់សាយដៀវមួយប្រពៃ តម្រង់ទៅឰ ត្រង់មុខចៅសាញ់នោះណា៎ ។ ចៅសាញ់ក្រឡេកឃើញតា កាន់សាយដៀវណា៎ ក៏មានចិត្តត្រេកអរក្រៃ ។ ទើបអង្វរទៅថា ហៃ អ្នកពេជ្ឈឃាដថ្លៃ ចូរអ្នកអាណិតខ្ញុំរ៉ា ។ ខ្ញុំស្លាប់ឥឡូវហើយណា៎ សូមអ្នកមេត្តា បើកឲ្យខ្ញុំលេងសិនហោង ។ ខ្ញុំរត់ពុំរួចជាម្ដង ខ្ញុំស្លាប់ហើយហោង ឲ្យខ្ញុំលេងសិនទៅរ៉ា ។ ពេជ្ឈឃាដស្ដាប់នូវវាចាចៅសាញ់ហើយណា៎ ក៏ព្រមបើកឲ្យលេងហោង ។ ទើបប្រាប់អស់ទាំងគ្នាផង បើដូច្នេះហោង ចូរអស់ទាំងគ្នាមកស្រាយ ។ ឲ្យវាលេងឲ្យសប្បាយ អស់គ្នាទាំងឡាយ ឈរឃុំឲ្យជុំខ្លួនវា ។ ក្សិណនោះសម្ដេចឥន្ទ្រា ចរចូលនៃអ្នកតាមេត្តា ។ ឲ្យខ្ញុំខ្លីសាយដៀវរ៉ា ខ្ញុំច្រៀងតិចណា៎ ឲ្យបានសប្បាយសិនហោង ។ តាចាស់ហុចសាយដៀវផ្គង ចៅសាញ់ដេញលេង ស្រេចដេញជាសាច់ភ្លេងហើយ ។ ច្រៀងនៅជើងវាំងជាត្រើយ តាំងចាប់ដើមឡើយ ពីកាលដែលវាយយក្សា ។ លុះទៅពួនក្នុងព្រៃណា៎ ឃើញពលយោធា ដង្ហែនាងទៅលេងព្រៃ ។ ខ្ញុំខ្លាចហើយខ្ញុំភិតភ័យ រត់ទៅពួនវៃ ខាងរន្ធបក្សីនោះណា៎ ។ បក្សីហើររកអាហារ វាឃើញធីតា វាឆាបយកនាងទៅហោង ។ លុះខ្ញុំទៅយកជាម្ដង នាងនាថនោះហោង បានរួចពីក្ស័យជីវិត ។ ហើយខ្ញុំនៅក្នុងរូងសត្វ គេនាំនាងថ្វាត់ មកថ្វាយព្រះមហាក្សត្រថ្លៃ ។ នឹងថ្លែងទៅឯក្សត្រី នាងនាថនោះនៃ បានឮសំឡេងចៅសាញ់ ។ នាងនាថម្នីម្នាស្ទុះចេញ មកឯក្រៅមិញ បានឃើញចៅសាញ់នោះណា៎ ។ នាងនឹកតែក្នុងចិន្ដា ថាអ្នកនេះណា៎ ដែលទៅយកអញឯងនៃ ។ គិតស្រេចសម្ដេចក្សត្រីស្ដេចចូលទៅវៃ ក្រាបទូលព្រះវរបិតា ។ បពិត្រសូមទ្រង់មេត្តា ខ្លួនខ្ញុំនេះណា៎ បានរួចពីក្ស័យជីវី ។ ដោយអ្នកទោសនោះប្រណី សូមព្រះចក្រីបិតាទ្រង់ប្រោសខ្ញុំផង ។ គាត់ទៅយកខ្ញុំជាម្ដង រីអាធុងហោង ។ នៅតែឯលើទេណា៎ ។ ព្រះអង្គជ្រាបហើយក្សត្រា ត្រាស់ប្រើសេនា ថាទៅឃាត់ជាប្រញាប់ ។ នាំចូលមកគាល់អញឆាប់ដូចពាក្យអញប្រាប់ កុំអាលសម្លាប់ឡើយនៃ អញនឹងសួរពាក្យសម្ដី ឲ្យដឹងសេចក្ដីកន្លៀតគន្លោងគំនិត ។ ចូរឯងប្រាប់អញដោយពិត កុំបីឯងបិទ មាត់ជិតនៅស្ងៀមធ្វើអ្វី ។ នោះទាំងវាយយក្សនោះនៃ ឯងលាក់ធ្វើអ្វី ប្រាប់អញឲ្យត្រង់មកណា៎ ។ អាធុងស្ដាប់ព្រះឱង្ការ ព្រះមហាក្សត្រ ត្រាស់សួរមកខ្លួនឯងនៃ ។ នឹកថាសមអញនិងក្ស័យ ជីវិតប្រល័យ, ក្នុងថ្ងៃនេះឯងមែនពិត ។ ទើបចូលទៅទាំងភ័យសេចក្ដីនេះពិត គឺចៅសាញ់នោះមែនហើយ ។ ព្រះអង្គត្រាស់បន្ទូលឆ្លើយ បើដូច្នោះហើយ យកអាធុងទៅសម្លាប់ ។ នាំវាចេញទៅឲ្យឆាប់ សម្លាប់ឲ្យស្លាប់ ឥឡូវនេះឲ្យឆាប់ណា៎ ត្បិតវាចោរចិត្តមោហា ព្រហើនមុសា ទុកវាតទៅពុំបាន ។ អមាត្យស្ដាប់បន្ទូលថ្កាន ក្រោកស្រុះគ្រប់ប្រាណ ចោមចាប់អាធុងយ៉ាងមាំ ហើយចងចំណងទាំងប្រាំ ប្រការរួចនាំ យកទៅកាប់ឯវាលល្បិញ ។ ឯអ្នកផ្ទះវានោះមិញ ទ្រង់ឲ្យចុះចេញ បណ្ដេញទៅនៅស្រុកឆ្ងាយ ។ អស់ទ្រព្យសម្បត្តិទាំងឡាយ ព្រះបាទពណ្ណរាយ ព្រះអង្គឲ្យរឹបយកណា៎ ។ បញ្ចូលក្នុងឃ្លាំងរាជការ ញាតិសន្តានវា បញ្ចូលជាអ្នកងារអស់ ។ អភិសេកចៅសាញ់នោះស្មោះ ឲ្យសោយរាជ្យឆ្ពោះ គ្រប់គ្រងនគរនោះណា៎ ។ ឯអង្គព្រះបាទក្សត្រាស្ដេចដាក់រាជ្យណា៎ ឲ្យចៅសាញ់គ្រងវិញហោង ។ ឯរាជបុត្រីស្នេហ៍ស្នង ព្រះបាទច្បាស់ច្បង អភិសេកជាអគ្គជាយា ។
បទកាកគតិ
ស្ដេចរៀបអភិសេក បុត្រទាំងពីរឯក ឲ្យសោយរាជា មានទាំងរបាំច្រៀងរាំនានា សព្វគ្រប់ភាសា ខ្មែរចាមចិនយួន ។ រៀបលេងដោយសាសន៍ ច្រើនក្រៃដេរដាស ពេញពាសតាមក្បួន ខ្លះលោតអន្ទាក់ ខ្លះលាក់លេងពួន លែងល្បែងដោយខ្លួន ដោយសាសន៍តាមធ្លាប់ ។ ល្ខោនខោលចូលចេញ តាំងចាប់ផ្ដើមមិញគឺស្វាប្រចាប់ ស្វាខ្មៅស្វា-ស ក្បាច់ល្អចំណាប់ ក្បាច់ស្វាប្រចាប់ ចេញបើករោងណា៎ ។ មានទាំងល្ខោនយន្ត រូបរាងទន់ភ្លន់ វិស័យមនុស្សា ងីវចិនល្អលន់ គួរគន់ ទស្សនា ច្រៀងតាមភាសា ដោយបទភ្លេងគេ ។ មានទាំងងីវយន្ត រូបរាងល្អលន់ដូចល្ខោនយន្តខ្មែរ លេងរឿងសាមកុក សៃហាន់បន្លែ លុះព្រះសុរិយេ ព្រលប់ពន់ពេក ។ របាំខេមរា លេងណាំងរចនា មិនលេងងីវស្បែកក្បាច់ក្បូរល្អៗ រៀបអភិសេក ចៅសាញ់ជាឯក នគរនោះណា៎ ។ ទាំងយប់ទាំងថ្ងៃ សប្បាយពេកក្រៃប្រាំពីរទិវា យប់សោតអជុគោម តាមព្រះចន្ទ្រា លុះដល់សុរិយា ភ្លឺស្រាងស្រេចស្រាប់ ។ អភិសេកស្រេចហើយ ស្ដេចពុំព្រងើយ ប្រដៅក្ដីច្បាប់ ដល់បុត្រទាំងពីរតាមវេណីស្រាប់ ឲ្យដឹងសណ្ដាប់ ក្រមក្រឹត្យរាជា ។ អាសាញ់សោយរាជ្យ មែនមានអំណាច លើសព្រះបិតា សឹងបានសាន្តសុខ ឥតទុក្ខភយា ទាំងរាស្ត្រប្រជាឥតមានទុក្ខសោក ។ ខ្លះលក់ទំនិញ ដូចពីមុខមិញ ទិញគ្នាទៅមក គគ្រឹកគគ្រេងរអែករអោក ទិញដូរគ្នាយក តាមធម្មតាហោង ។ ឥតទុក្ខឥតភ័យ រកស៊ីសព្វថ្ងៃសប្បាយឥតហ្មង ចៅសាញ់សោយរាជ្យ អំណាចកន្លង ពុំផ្អើលដល់ម្ដង សុខស្ងប់ក្រៃលែង ។ រឿងព្រេងនិទាន ដែលអញខ្ញុំបាន នាំមកចារចែង តាមបែបទំនងចាស់ផងថ្លាថ្លែង អស់ប៉ុណ្ណេះឯង សូរេចចប់ហោង ។
គូគេចមិនរួច អាយុមិនអស់មិនស្លាប់
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment