Thursday, 29 December 2016
មកស្គាល់បុគ្គលិកស្ថាបនិក Apple ១០ រូបដំបូងគេ
លោក Steve Jobs បានក្លាយជាកាតាលីករដ៏សំខាន់មួយជួយឲ្យ Apple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនាពេលបច្ចុប្បន្ន។ យ៉ាងណាក្ដីសមិទ្ធផលនេះមិនមែនបានមកដោយសារតែលោក Steve Jobs ម្នាក់ឡើយ ពោលមានអ្នករួមការងារមួយចំនួនទៀត។ ជាក់ស្ដែងគឺបុគ្គលិក ១០ រូបដំបូង ខាងក្រោមនេះ៖
១. លោក Steve Wozniak ជាសហស្ថាបនិក និង ជាអ្នកជំនាញខាងបច្ចេកទេស
២. លោក Steve Jobs ជាសហស្ថាបនិក, ប្រធាន និង ជានាយកប្រតិបត្តិ
៣. លោក Mike Markkula ជាអ្នកបណ្ដាក់ទុនសំខាន់បំផុត និង ជានាយកប្រតិបត្តិទីពីរ
៤. លោក Bill Fernandez ជាបុគ្គលិកធ្លាប់មានមុខងារច្រើនរួមមានខាង Hardware, Software និង User Interface
៥. លោក Rod Holt ជាអ្នករួមចំណែកសំខាន់លើការបង្កើតកុំព្យូទ័រ Apple II
៦. លោក Randy Wigginton ជាអ្នកសរសេរភាសាកូដ BASIC ឡើងវិញសម្រាប់កុំព្យូទ័រ Apple II
៧. លោក Michael Scotty តាមពិតជានាយកប្រតិបត្តិដើម ប៉ុន្តែគាត់សម្រេចជ្រើសខ្លួនគាត់ជាបុគ្គលិកទី ៧ ដោយសារតែភ្នាក់ងារសម្ងាត់ James Bond 007
៨. លោក Chris Espinosa ជាបុគ្គលិកធ្វើក្រៅម៉ោង ដោយរៀនបណ្ដើរធ្វើការបណ្ដើរ
៩. អ្នកស្រី Sherry Livingston ជាជំនួយការដំបូងរបស់ Apple និង ជាដៃស្ដាំរបស់នាយកប្រតិបត្តិដើម (មិនមានព៏ត៌មានណាបានផ្សាយពីមុខមាត់អ្នកស្រីឡើយ)
១០. លោក Gary Martin ជាអ្នកគ្រប់គ្រងខាងផ្នែកគណនី
ប្រភព៖ Businessinsider
ដឹងអត់ថាទូរសព្ទណាមានល្បឿនលឿនជាងគេនៅឆ្នាំ ២០១៦ នេះ?
ប៉ុន្មានខែចុងក្រោយនេះមានស្មាតហ្វូនកំពូលៗជាច្រើនបានបង្ហាញវត្តមានលើទីផ្សារ ដោយបានធ្វើឲ្យតារាងចំណាត់ថ្នាក់ស្មាតហ្វូនទូរសព្ទល្បឿនលឿនប្រែប្រួលបន្តិចបន្តួច។
យ៉ាងណាក្ដីបើក្រឡេកមើលតារាងចំណាត់ថ្នាក់របស់ AnTuTu ឃើញថា iPhone 7 Plus នៅតែជាស្មាតហ្វូនមានល្បឿនលឿនជាងគេបង្អស់សម្រាប់ឆ្នាំ ២០១៦ នេះ។ ខាងក្រោមជាចំណាត់ថ្នាក់កំពូលស្មាតហ្វូនទាំង ១០ ដែលមានល្បឿនលឿនជាងគេ៖
១. iPhone 7 Plus – ពិន្ទុជាមធ្យម ១៧២ ៦៤៤
២. iPhone 7 – ពិន្ទុជាមធ្យម ១៧០ ១២៤
៣. OnePlus 3T – ពិន្ទុជាមធ្យម ១៦៤ ៣០៥
៤. LeEco Pro 3 – ពិន្ទុជាមធ្យម ១៦០ ៨៥៦
៥. Xiaomi 5s Plus – ពិន្ទុជាមធ្យម ១៥៣ ៧៧៧
៦. Xiaomi Mi Mix – ពិន្ទុជាមធ្យម ១៥៣ ៣២៣
៧. Smartisan M1L – ពិន្ទុជាមធ្យម ១៤៩ ៧០៥
៨. Xiaomi Note 2 – ពិន្ទុជាមធ្យម ១៤៨ ៣៥២
៩. Huawei Mate 9 – ពិន្ទុជាមធ្យម ១៤៦ ៩៤២
១០. Xiaomi 5s – ពិន្ទុជាមធ្យម ១៤៤ ១៣៥
ប្រភព៖ AnTuTu
Saturday, 10 December 2016
រឿង អន្ទង់វែងឆ្នាំងវែង
ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្ដីប្រពន្ធ ។ ថ្ងៃមួយ ប្ដីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្ដីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្ដីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ី ៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្ដីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្ដីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំង ៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្ដីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់, ប្ដីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា! អញពួននឹងគាត់ឯងសោះ» ។ ប្ដីនឹកអស់សំណើច ក៏ដើរចេញទៅ ។
អន្ទង់វែងឆ្នាំងវែង
រឿងក្រុងឧត្តុង្គ
ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស”។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ ទ្រង់ហត់ ហើយសេ្តចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្តារាស្រ្ត កាប់ដើមឈើ មកធ្វើជាព្រះ រាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគឿ្រងសំភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឲ្យចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោងប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ។
លុះទ្រង់ជ្រាបហើយ ព្រះបាទសមេ្តចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង សេ្តចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទនេ្លសាបមួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជា ស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការ គ្រប់ក្រុមរាជាបរិពារ ដល់កំពង់តាដុងយាយជ័យ ប្រថាប់ នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឲ្យរៀប ចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថៃ្ង ចូលព្រះរាជពិធី នៅថៃ្ង៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្រ្តីខ្ញុំរាជការ ជាបរិពារហែសេ្តចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធ ព្រះនគរ៣ថៃ្ង ដោយមានលែ្បងមហោស្រព គ្រប់បែបជាឧឡារឹក អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា “ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ”។
រឿង អាខ្វាក់អាខ្វិន
កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិន ៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ ។ អាខ្វាក់អាខ្វិននឿយលំបាកណាស់ ក៏គិតគ្នាថា «យើងនឿយហត់លំបាកណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ យើងនឹងគិតដូចម្ដេច?» ។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច» ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអាខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា ប្រឹងអុំទូកទៅ ។ អាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះ ហើយយប់ងងឹតមើលមិនឃើញ គិតស្មានថា ទូកលឿនទៅមុខ តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង លុះអុំយូរទៅដល់ពាក់កណ្ដាលអាធ្រាត្រ ឮសំឡេងសត្វអកយំ អាខ្វាក់អាខ្វិននិយាយគ្នាថា «យើងប្រឹងអុំទូកឡើង ដល់កន្លែងអន្លង់អកហើយ» ។ អាខ្វាក់អាខ្វិន ខំអុំទៅទៀត លុះដល់ពេលមាន់រងាវ ហើយនិយាយគ្នាថា « យើងជិតដល់ស្រុកគេហើយ ប្រឹងអុំឡើងក្រែងគេតាមទាន់» ។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ លុះត្រាតែមានរងាវកុះ ឮសំឡេងតាវៅយំ ភ្លឺព្រាងៗពីឯកើត អាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថា « ដូចជាកំពង់ផ្ទះយើង» ។ លុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹក ឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា ហើយគេហៅឲ្យអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់ ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណា បើវាខ្វាក់ខ្វិនដូច្នេះ» គេក៏ឲ្យឡើងទៅផ្ទះវិញ គេមិនបានជេរវាយទេ ។ អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ ។
លុះនៅយូរទៅ អាខ្វាក់អាខ្វិនបបួលគ្នារត់ទៀត អាខ្វិននិយាយនឹងអាខ្វាក់ថា « យើងរត់ម្ដងនេះទៀត កុំឲ្យម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក ទៅផើងគោកវិញ» ។ អាខ្វាក់ឆ្លើយថា «ទៅដូចម្ដេចនឹងបានជើងគោកនោះ បើអញខ្វាក់ ឯងខ្វិននឹងរត់ទៅឯណារួច» ។ អាខ្វិនឆ្លើយឡើងថា « ឯងកុំព្រួយចិត្ត ឯងឲ្យអញជិះលើឯង ហើយអញបង្ហាញផ្លូវ » ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះដល់យប់ស្ងាត់គេដេកលក់អស់ អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មា ដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅ ។ ឯម្ចាស់លុះព្រឹកឡើង មិនឃើញអាខ្វាក់អាខ្វិន ដឹងថាអាខ្វាក់អាខ្វិនរត់ ប៉ុន្តែគិតថា«មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច» គេក៏មិនទៅតាម ។ អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានដល់ស្រុកមួយ ស្រុកនោះ មានខ្លាសាហាវអ្នកស្រុកគេហាមប្រាម កូនចៅគេថា «ព្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លា» ។ អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយគិតគ្នាថា « យើងដល់ស្រុកគេហើយ បើដូច្នេះ យើងគិតធ្វើស្រែ តើយើងបាននង្គ័លរនាស់ក្របីគោពីណា នឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទើបបាន » ។ អាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេ អស់អ្នកស្រុកគេឃើញ គេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវណាស់» ។ អាខ្វិនឆ្លើយឡើងថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ។ ខ្លាក៏ជួនជាមកលបខាំគោពេលនោះដែរ ដល់ឮអាខ្វាក់ថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ក៏គិតគ្នាថា « ពីដើមគេខ្លាចតែអញ ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ បើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ» ។ អាខ្វិនឃើញក្រោលគោគេ ហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះ អញចាំឯងនៅក្រោយរបងនេះ » ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដើរស្ទាប! ចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់ គិតស្វានថាជាឃ្លេ ក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្ទាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោ ហើយស្ទាបទៅលើក្បាលខ្លា មិនឃើញស្នែងនឹកអរថា «គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល» អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។ ឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាឃ្លេ អាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបង ហើយប្រាប់ទៅអាខ្វិន ឲ្យយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល អាខ្វិនឃើញហើយប្រាប់អាខ្វាក់ថា «អាខ្វាក់! ខ្លាទេ! » ។ អាខ្វាក់ឆ្លើយថា « បើឯងខ្លាច ឯងឲ្យកន្លុះមកអញ ៗ នឹងចាក់ច្រមុះយកទៅភ្ជួរស្រែ» ។ អាខ្វិនក៏ហុចកន្លុះទៅឲ្យអាខ្វាក់ ។ បានកន្លុះហើយចាក់ច្រមុះខ្លា ។ ខ្លាឈឺច្រមុះទ្រាំមិនបាន ក៏ស្ទុះច្រឡោតស្រែកឮតែរ៉ូមៗ ហើយរត់ទៅ ។ ក្នុងពេលនោះ អាខ្វិនខ្លាចស្ទើរនឹងស្លាប់ ប៉ុន្តែអាខ្វាក់មិនព្រម ចេះតែទន្ទេញថា « ស្ដាយអានប់កូនក្រោលអញធាត់ល្អណាស់ » ហើយក៏ទៅតាម ។
លុះទៅដល់កណ្ដាលស្រែ បានឃើញខ្ទមស្រែគេមួយ មានទាំងរនាស់ហើយ ឃើញអណ្ដើកមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា « វ៉ើយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរ និងចង្អេរ សន្ធឹកផង » ។ អាខ្វាក់ថា « ចេះតែយកឲ្យអស់ » ។ អាខ្វិនប្រកែកថា « យកធ្វើអ្វីធ្ងន់ឥតអំពើ » ។ អាខ្វាក់ថា « ធ្ងន់អីឯង ធ្ងន់តែអញទេ ចេះតែយកទៅ » ។ ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំទុកនៅជើងក្រានផង អាខ្វិនកាលកាន់យករបស់សព្វគ្រប់អស់ហើយ ក៏ឡើងជិះលើអាខ្វាក់ទៀត ។ អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅ លុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺ បានជួបមនុស្សម្នាក់គេមកយកឃ្មុំ ។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា « នៃវ៉ើយមានគេមកយកឃ្មុំ» អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វ៉ើយចែកឃ្មុំគ្នាស៊ីផង» អ្នកយកឃ្មុំឆ្លើយថា «គ្នាស៊ីតែទឹកទេ ទុកកាកឲ្យឯង» ហើយអ្នកយកឃ្មុំដោះទុក្ខសត្វធំដាក់បំពង់ចុកជិតយកទៅឲ្យអាខ្វាក់អាខ្វាក់កាន់យកទៅ លុះដើរលេចវាលចូលព្រៃ ថ្ងៃណាស់ហើយឃ្លានបាយ ទើបនិយាយគ្នាថា «យើងស៊ីបាយសិន ឲ្យមានកម្លាំងសឹមទៅទៀត» ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដាក់របស់ចេញពីខ្លួន យកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះ ដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយ ដល់ដកឆ្នុកឡើងធំស្អុយលាមក អាខ្វាក់ថា កន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀត» ។ អាខ្វាក់ចុកបំពង់លាមកហើយ ក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថា «អស់កម្លាំងឃ្លានបាយណាស់ រកកន្លែងឈប់ស៊ីបាយ» អាខ្វិនក៏មើលឃើញម្លប់ល្អ ហើយមានទឹកត្រពាំងល្មមស៊ីបាយបាន អាខ្វិនទះកំផ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯង ដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើង ធុំស្អុយទៀត អាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុន អាខ្វាក់អាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដង ។ ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ ហើយដកឆ្នុកបំពង់យកដៃលូកទៅធុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថា «វ៉ើយអាខ្វិន ! អាដែលយកឃ្មុំនោះវាបញ្ឆោតយើង ជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើង» ។ អាខ្វាក់ខឹងណាស់ លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថា» យើងស៊ីបាយឲ្យមានកម្លាំង រួចហើយយើងទៅតាមសម្លាប់អាចង្រៃ ដែលវាបញ្ឆោតឲ្យលាមកយើង ឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះ» ។ អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។ អាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ដៀស៊ី គិតស្មានថាអ្នកយកឃ្មុំ ក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីលើដើមឈើមក ។ លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើទេ មិនមែនមនុស្សទេ» ។
អាខ្វាក់អាខ្វិនដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយ ស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្ខតែងមកស៊ីមនុស្សនៅសាលា។ ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះ ស្ដេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រីសម្លាញ់ ប៉ុន្តែយក្ខវាចង់ស៊ី បើមិនឲ្យនាងពៅទៅយក្ខស៊ី នោះយក្ខវានឹងស៊ីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្ដេច ។ នាងពៅអាណិតអស់រាស្ត្រ នូវនាហ្មឺននិងស្ដេច បានជាមកឲ្យយក្ខស៊ី ។ ជួនជាថ្ងៃនោះឯងអាខ្វាក់ខ្វិនទៅដល់សាលានោះ ហើយអាខ្វិនប្រាប់អាខ្វាក់ថា « យើងដល់សាលាសំណាក់ដែលគេឈប់ យើងក៏ល្មមពេលនឹងឈប់» ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថា «អ្នកមកពីណា ត្បិតសាលានេះ ស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្ខវាស៊ីសព្វថ្ងៃ តែដល់ព្រលប់យក្ខវាហោះមកឮសន្ធឹកដូចជាផ្គរ វាមកស៊ីមនុស្សនៅសាលានេះ ឯខ្លួនខ្ញុំមកឲ្យជាចំណីយក្ខ ដូច្នេះចូរអ្នកចេញទៅជាឆាប់ ខំតែនៅមុខជាយក្ខវាស៊ីជាចំណីវាមិនខានទេ» ។ ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផង មានកម្លាំងមានកម្លាំងមានរឹទ្ធិផង ឮហើយក៏ឆ្លើយថា ខ្លាចអីយក្ខនោះ បើវាមក យើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀម យកបាយចំណីចំណុកមកឲ្យយើងស៊ី មានកម្លាំងនឹងកាប់យក្ខនោះឲ្យស្លាប់ នាងឯងរកតែដាវឲ្យមុតល្អ យើងនឹងកាប់យក្ខនោះ» ។ នាងពៅឮអាខ្វាក់ថាដូច្នោះ ក៏ប្រាប់ទៅថា «បើអ្នកសម្លាប់យក្ខនោះបាន របស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្ខនោះ ខ្ញុំជូនអ្នកទាំងអស់» ។ អាខ្វាក់បានឮដូច្នោះអរណាស់ បង្គាប់ទៅអាខ្វិនថា «ឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្លាប់យក្ខ» ។ អាខ្វិនឮនាងពៅថា «យក្ខវានឹងមកស៊ី» ក៏ភ័យស្ទើរនឹងស្លាប់ ។ អាខ្វាក់ស៊ីបាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់ ។ លុះដល់ព្រលប់ងងឹតបន្តិច ល្មមវេលាយក្ខមកស៊ីមនុស្ស យក្ខហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី ។ អាខ្វិនភ័យណាស់ ស្ទើរនឹងលេចអាចម៍លេចនោម, នាងពៅក៏សន្លប់នៅក្នុងស្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារ លុះដល់យក្ខមកហើយ ឃើញទ្វារសាលាបិទ យក្ខស្រែកសន្ទាប់ដូចរន្ទះថា « នរណាបិទទ្វារសាលាអញ? ។ អាខ្វាក់គ្មានខ្លាចស្រែកតបវិញថា «អញបិទទ្វារសាលាអញខ្លាចអីឯង» ។ យក្ខឆ្លើយថា «មនុស្សមកពីណាចិត្តធំដល់ម្ល៉េះ? » អញសុំមើលថ្លើមឯងប៉ុនណា បានជាឯងចិត្តធំដល់ម្ល៉េះ? » ។ អាខ្វាក់បោះចង្អេរគ្រាងធំទៅឲ្យ យក្ខវាមើលឃើញចង្អេរគ្រាងហើយ គិតក្នុងចិត្តថា « ថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនអញ «ហើយយក្ខថា « បើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុនណា? ។ អាខ្វាក់បោះអណ្ដើកទៅឲ្យយក្ខមើល ។ យក្ខស្មានថា ជាចៃមែន ហើយគិតក្នុងចិត្តថា « ចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែន» យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុនណា»? ។ អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅឲ្យយក្ខមើលហើយថា «រោមជើងអញប៉ុណ្ណេះ» ។ យក្ខភិតភ័យរត់ត្រឡប់ទៅវិញ ។ អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា « យក្ខវាត្រឡប់ទៅវិញ ។ ត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្ខមកទៀតឬទេ? » ។ នាងពៅក្រោកពីភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា « នៅមានយក្ខញីមួយទៀត យប់បន្តិចវានឹងមក» ។ អាខ្វាក់ឮនាងពៅប្រាប់ដូច្នោះ ក៏ប្រាប់ទៅអាខ្វិនថា «ឯងទៅរើសថាវមួយ ឲ្យមុតធំវែងល្មមនឹងកម្លាំងអញ» ។ អាខ្វិនទៅរើសដាវឲ្យអាខ្វាក់ ។ លុះយប់យូរបន្តិចទៅ យក្ខញីវាហោះមកឮសន្ធឹកដូចផ្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកដូច្នោះ ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ ហើយបិទទ្វារទុក លុះយក្ខនោះមកដល់ហើយ វាច្រានទ្វារអើតកចូលមក អាខ្វាក់ឮសន្ធឹកយក្ខច្រានទ្វារកាប់ស្មានទៅ ត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង ។ អាខ្វាក់អាខ្វិនដឹងថា យក្ខស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ ។
លុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅ ឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នា លុះដល់ហើយ អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នា អាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួន អាក្រក់ដាក់នៅមុខអាខ្វាក់ ហើយសួរទៅអាខ្វាក់ថា «ឯងយករបស់ខាងមុខឯង ឬរបស់ខាងមុខអញ?» ។ អាខ្វាក់មានប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួន ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។ អាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថា «ចែកម្ដងទៀត ចែកមុននោះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្ដងទៀត ដល់ចែកក្រោយទៀត អាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថា «អាខ្វាក់ឯងយករបស់ខាងណា?» ។ អាខ្វាក់គិតថា «ម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួន» ហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថា «អញយករបស់នៅមុខអញ» ។ អាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេ ចែកម្ដងទៀត»។ អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយឯងថាមិនត្រូវ» ។ អាខ្វិនយករបស់ចែកជាថ្មីទៀត ហើយឲ្យអាខ្វាក់ថាដូចពីមុន ។ អាខ្វាក់ថាត្រូវតែលើរបស់ល្អ ។ អាខ្វិនប្រាប់អាខ្វាក់ថា «មិនត្រូវទេ ចែកម្ដងទៀត» ។ អាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមក ពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់ៗគិតស្មានថាអាខ្វិនវាយក៏ឆ្លើយថា «និយាយតែត្រឹមមាត់មិនអស់ចិត្ត ដៃដល់ផងទៀត»ហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗក៏ជាភ្លឺទាំងពីរឡើង អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ ហើយបបួលគ្នាដើរទៅទៀត ។
និយាយពីនាងពៅ កាលក្រោយអាខ្វាក់អាខ្វិនទៅ ដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា ឃើញនាងនៅរស់ យក្ខពុំស៊ីបានឃើញឯយក្ខស្លាប់ចង្គ្រាងនៅមាត់ទ្វារ អស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមក ទ្រង់មានព្រះទ័យត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ ទ្រង់មានព្រះបន្ទូលសួរនាងពៅថា «ដូចម្ដេចបានជាកូនរួចពីស្លាប់ ហើយឃើញឯយក្ខស្លាប់ទៅវិញ?» ។ នាងពៅក្រាបទូលព្រះបិតាតាមដំណើរសព្វគ្រប់ ។ ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នេះ ទ្រង់ឲ្យប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ ទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធ ហើយឲ្យសោយរាជ្យ ។ ឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិន ហើយចៅខ្វាក់ចៅខ្វិនសួរថា « មានកលិយុគកលិយាកអីបានជាស្ដេចឲ្យប៉ាវគង?» ។ អ្នកប៉ាវគងប្រាប់ថា «ស្ដេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្ខនឹងយកទៅឲ្យសោយរាជ្យ» ។ ចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថា « ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយ មិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផង» ។ អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិន យកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ ៗ ចៅខ្វាក់ចៅខ្វិនក្រាប់ថ្វាយបង្គំស្ដេច ស្ដេចទ្រង់មានព្រះបន្ទូលសួរថា «ចៅឯងឬដែលសម្លាប់យក្ខ? » ។ ចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសព្វគ្រប់ ។ ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើល ហើយទ្រង់សួរថា «ចៅនេះឬដែលសម្លាប់យក្ខ?» ។ នាងពៅក្រាបទូលថា «អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិន ឥឡូវនេះមិនខ្វាក់ទេ» ។ ស្ដេចទ្រង់ជ្រាប ទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ ឲ្យសោយរាជ្យជំនួសព្រះអង្គ ។ ដល់ចៅខ្វាក់បានសោយរាជ្យហើយ ឲ្យចៅខ្វិនធ្វើជាឧបរាជ ត្បិតជាមនុស្សកម្សត់កម្រផងគ្នា ក៏បានសេចក្ដីសុខរៀងរាបដរាបទៅ ។
ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា
រឿង ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា "សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ" ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្ដេចកណ្ដុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរសបានមាសហើយ យកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នកបានមាសពីណា? " ។ ប្ដីថា "នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។ ប្រពន្ធថា "បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្ដឹងអ្នករាជការចៅទៃ ឬទៅទូលស្ដេចថា អ្នកលួចព្រះរាជទ្រព្យ" ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្ដីវិញថា " អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើន ព្រោះស្ដេចកណ្ដុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។ បុរសបានឮសំដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្ដេចកណ្ដុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ។
ចង់ស៊ីកុំតាមឃ្លាន
រឿង ហោរនិងតាចាស់ដូនចាស់
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់១ ទន្សាយ១ បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗ ហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះ មានការអ្វី? តាយាយអញ្ជើញចូលមក! » ។ តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្ដឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច សូមលោក គ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ នឹងបានអ្វីទទួលទានឬទេ?» ។ ហោរចាប់ក្ដារឆ្នួនឡើង វាយលេខមើលឲ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយថា «ព្រឹកនេះ តាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្ដេសផ្ដាសសោះ, យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ ហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុង ទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅ ត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុត ដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃ ក៏ស្រែកប្រាប់ថា «តា ៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថា "យាយអើយ ! ត្រីវាបម្រះរួចពីដៃទៅហើយដែរ" ។ យាក៏បន្ទោសតាថា "តាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកមិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹក តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះឯង ។ ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា «ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអាងអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
Tuesday, 6 December 2016
រឿង ស្រីក្ងោកមាស
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា « កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី » តែមិនដូច្នោះ បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង ៤ និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក់ និយាយថា «នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី » ។
ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា «ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះ ព្រោះវាធ្វើបាបវាយជេរ យើងខ្លាំងណាស់ » ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា «កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ » ។ ស្រីសៅកែ និងស្រីប្ដីលែងថា «ទោះបីនាងមិនចូលគំនិតនឹងយើង ក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ» ថាហើយ ស្រីទាំងពីរនាក់នោះប្ដឹងអ្នកប៉ាវគងតាមដំណើរថា «ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី» គ្រាន់តែឮដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។ ស្ដេចឲ្យនាំបុរសនោះទៅពិឃាដ , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា «អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?» ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ ៥០០, វេលាយប់មួយ មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះស្លាប់ទាំងអស់, លុះព្រឹកឡើងមហាសេដ្ឋី ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា «មិនចេះចាំរបស់ ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ» លុះធំអសោចិ៍ខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នោះ ក៏នឹកស្ដាយក្រោយ ។
កំពុងតែនិយាយ ឃើញបម្រើស្ដេច ដែលទ្រង់ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញ ។ លុះស្ដេចសួរបុរសនោះ ពីរឿងសម្លាប់ក្ងោកមាស, បុរសក្រាបទូលថាក្ងោកនោះ ទូលព្រះបង្គំមិនបានសម្លាប់ទេ គឺបានទុកនៅកន្លែងមួយដោយល្អ , ឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ ទទួលព្រះរាជទាននោះគឺមាន់គកទេ » ។ ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។ ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ថាសម្លាប់ក្ងោកនោះ ត្រូវបុរសជាប្ដីនោះលែងចោលទៅ ។
ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ
រឿងបុរស ៤ នាក់ រៀនសិល្បសាស្ត្រ ( ដើមកំណើតផ្ការស្លាបី)
-ម្នាក់រៀនទាយ; -ម្នាក់រៀនបាញ់; -ម្នាក់រៀនមុជទឹក; -ម្នាក់រៀនជប ។
មាននិទានមួយថា : មានបុរស ៤ នាក់ទៅស្វែងរៀនសិល្បសាស្ត្រ អំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោក្ខាចារ្យ នៅតក្កសិលាមហានគរ ។ បណ្ដាបុរសទាំង ៤ នាក់នោះ, បុរសម្នាក់រៀនទាយ បុរសម្នាក់រៀនបាញ់ បុរសម្នាក់រៀនមុជទឹក បុរសម្នាក់ទៀតរៀនជបឲ្យរស់ឡើងវិញ ។ អ្នកទាំង ៤ នាក់ សឹងរៀនទីទៃ ៗ ពីគ្នា លុះរៀនចប់ហើយ ក្រាបលាទិសាបាមោក្ខាចារ្យ ជាគ្រូទៅស្រុកវិញ លុះចេញដើរទៅ ដល់ពេលល្ងាច ឈប់សម្រាកដេកនៅឆ្នេរសមុទ្រ ។ ព្រឹកឡើងបុរសចេះហោរនិយាយនឹងបុរសទាំង ៣ នាក់ថា អ្នកអើយ ! ពេលនេះយើងនឹងមានលាភដោយសត្វឥន្ទ្រីពាំនាំកូនស្ដេចមួយព្រះអង្គ អំពីពារាណសីមហានគរ ហើរមកទៀបលំនៅយើងនេះឯង ។ បុរសទាំង ៤ នាក់គិតគ្នាហើយ ក៏ឃ្លាំចាំមើលដោយទិសទីទៃ ៗ ។ ឰដ៏កាលនោះ ពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើរមក ទៀងប្រាកដឆុតដូចហោរទាយនោះមែន, បុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះ ធ្លាក់នាងអំពីមាត់ ចុះទៅក្នុងទឹកសមុទ្រ, អ្នកចេះមុជទឹក ក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណង, ឯអ្នកចេះជប បានជបនាងនោះឲ្យរស់ឡើងវិញ ។ កាលនាងមានជំរិតរស់ឡើងវិញហើយ អស់អ្នកទាំង ៤ នាក់នោះ ដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួន ។ អស់អ្នកទាំង ៤ នោះ ឈ្លោះប្រកែកគ្នាពុំដាច់ស្រេច ក៏នាំគ្នាទៅប្ដឹងចៅក្រម ដោយដំណើរខ្លួនទីទៃ ៗ ហើយសួរចៅក្រមថា “នាងនេះតើបានជាប្រពន្ធនរណា ? ” ។
ចៅក្រមជំនុំពិចារណារឿងនេះពុំបាន ក៏នាំអ្នកទាំង ៤ ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសព្វគ្រប់ប្រការ ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ក្នុងព្រះរាជហឫទ័យថា ព្រះស្ដែងទាំង ៤ នេះ សឹងមានគុណប្រសើរដូច ៗ គ្នា ហើយទ្រង់ត្រាស់បង្គាប់ថា “ បុរសចេះហោរត្រូវទុកជាគ្រូ, បុរសចេះបាញ់ទុកជាឪពុក, បុរសចេះប្រោះឲ្យរស់ត្រូវទុកជាម្ដាយ, បុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់អស់អង្គនាងបានបីបមថ្នមទ្រ យកនាងឡើងមកអំពីទឹក ត្រូវបាននាងជាប្រពន្ធ ” ។
លុះចំណេរទៅមុខ បុរសជាប្ដីបានជាស្ដេចក៏ចិញ្ចឹមរក្សាអ្នកទាំងបីដោយនូវគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំ ហោង ។
រឿង ចៅធុង ចៅសាញ់
បពិត្រអញខ្ញុំ ហត្ថាបង្គំ ប្រណម្យវន្ទា សូមមានតេជះ ដូចព្រះរាមា សូមមានប្រាជ្ញា ដូចព្រះមហោសថ ។ ខ្ញុំថ្វាយបង្គំ ព្រះពុទ្ធឧត្ដម ប្រាជ្ញាមោះមុត តែងនាំសត្វផង ឆ្លាស់ឆ្លងសមុទ្រ សង្សារចំហុត ដាក់ដល់សួគ៌ា ។ ព្រះអង្គត្រាស់ត្រេច សាងសម្ភារស្រេច ផ្ដាច់សង្សារា លើសលែងត្រៃភព សាយសព្វទិសា ព្រះអង្គផ្ចាញ់មារ ដល់និព្វានហោង ។ បង្គំព្រះពុទ្ធ បារមីពិសុទ្ធ ពិសេសឥតហ្មង ពន្លឺរស្មី ភ្លឺក្រៃកន្លង ដល់សួគ៌នាយហោង ភ្លឺផ្លេកសព្វស្ថាន ។ បង្គំព្រះធម៌ ពិតសេសមានអាថ៌ ជ្រៅពន់ប្រមាណ អាចតែងត្រងរង សត្វផងសព្វស្ថាន ជាខ្លឹមប្រធាន ត្រីពិធសម្បត្តិ ។ បង្គំព្រះសង្ឃ ប្រសើរសឹងទ្រង់ សីលសុទ្ធមធ្យ័ត ជាស្រូវស្រែបុណ្យ មានគុណគាប់ក្ដាត់ តាមផ្លូវប្រតិបត្តិ ព្រះសង្ឃទាំងឡាយ ។ លោកខំសង្វាត យកបិណ្ឌបាត ប្រោសសត្វសម្ជាយ ឲ្យអស់ទុក្ខភ័យ ទោសពៃរ៍ក្នុងកាយ សត្វផងទាំងឡាយ តាមសទ្ធាហោង ។ នេះនឹងស្រដី បុរសប្រុសស្រី ពីរនាក់ជាម្ដង ប្ដីនិងប្រពន្ធ ឲ្យធនធានផង ឥតញាតិសោតហោង ឥតផៅសន្តាន ។ រកស៊ីនៅនា ក្នុងព្រៃព្រឹក្សា យូរទៅទើបបាន កាប់ឈើរើព្រៃ នៅព្រៃស្មសាន បន្តិចទើបបាន ចម្ការមួយហោង ។ នោះឯងធំក្រៃ ប្រមាណនោះនៃ ប្រាំសិនជាម្ដង ជាអ្នកកម្សត់ ទុគ៌តកន្លង ទាំងពីរនាក់ហោង ត្រេកអរពេកក្រៃ ។ លុះដាំស្រូវទៅ ក្នុងចម្ការកូវ ស្រូវនោះប្រពៃ នឹកថាស្រូវអញ នេះពេញល្អក្រៃ គុម្ពធំណាស់នៃ លើសស្រូវអ្នកផង ។ ជាយូរលង់ទៅ រីឯដើមស្រូវ នោះកូវសោតហោង ល្អ ៗ ក្រៃលែង កួរវែងកន្លង ដាក់គួរល្គាយល្គង ទន់ ៗ តាមគ្នា ។ ល្អល្អះប្រពៃ រីស្រូវនោះនៃ ទុំពេញចម្ការ រន្ទាលច្រាលឆ្អៅ ផ្លែស្រូវនោះណា៎ ពាសពេញចម្ការ បរិបូណ៌ជាត្រើយ យកស្រូវមកហើយ ដាក់លើផ្ទះហោង ។ លុះដល់រដូវ នាំគ្នាយកស្រូវ ទៅដាំទៀតផ្គង ដូចកាលសព្វគ្រា ពីដើមនោះផង ស្រូវនោះឯងហោង ល្អដូចដើមនៃ ។ យូរលង់ទៅណា បានភោជ្យផលា រឹតតែច្រើនក្រៃ ពេញបរិបូណ៌ណាស់ ឥតខ្វះឡើយនៃ ត្រេកអរពេកក្រៃ ធ្វើជង្រុកឯង ។ មួយនោះធំក្រៃ ហើយវែងផងនៃ ប្រាកដជាក់ស្ដែង ធេងធំទូលាយ ខ្ពស់ក្រៃគួរស្ញែង ជង្រុកប្រាំ ល្វែងឥតក្រែងអ្នកផង ជាយូរទៅណានាងមានកូនង៉ា មួយល្អកន្លង ឲ្យឈ្មោះអាសាញ់ ធំពេញចិត្តហោង ស៊ីបាយច្រើនដង មួយឆ្នាំងមួយថ្ងៃ ។ លុះដល់គម្រប់ប្រាំមួយដណ្ដប់ ឆ្នាំហើយសោតនៃបរិភោគអាហារកាន់តែច្រើនក្រៃ នាក្នុងមួយថ្ងៃ បីថាំងអង្ករ ។ រីម្ដាយឪពុក ចេះតែកើតទុក្ខ ភ័យតែពីរក្រ រីស្រូវក្នុងស្រែកាន់តែមិនល្អ ភ័យតែពីរក្រ ធ្វើស្រូវមិនទាន់ទើបមកគិតគ្នា បើខំទុកវា ឃើញថាមិនគ្រាន់ ពីដើមយើងមាន ឥឡូវយើងកាន់ តែថយជាក់ស្បាន់ សម្បត្តិហិនក្រ ។ រីស្រូវចម្ការ យូរឆ្នាំហើយណា កាន់តែមិនល្អ ទុកវាធ្វើអ្វី នាំឲ្យតែក្រ សម្លាប់ឲ្យមរណ អាចោរចង្រៃ ។
បទព្រហ្មគីតិ
ឪពុកហៅកូនហើយ អាសាញ់អើយមកឲ្យឆាប់ ! ត្បិតអញចង់ទៅគាប់ ឈើព្រៃភ្នំនោះណា៎ ។ អាសាញ់បានឮហើយ ដើរព្រងើយប្រាប់ឈើផង ។ ថាម៉ែដាំបាយរ៉ា ដាំបាយឆាប់ពេកកន្លង ខ្ចប់ឲ្យអាសាញ់ហោង ហើយអាសាញ់ស្ដាយដើរវៃ ។ ឪពុកថាអាសាញ់ ខំដើរខ្មាញ់អាចង្រៃ ហើយក្រែងមិនទាន់ថ្លៃ នឹងវិលវឹងមិនទាន់ហោង ។ លុះចរយាត្រាទៅ ដល់ព្រៃជ្រៅដុងដែនដង ឃើញឈើមួយធំផង ធំចំនួនបីឱបតឹង ។ អាសាញ់ព្យួរបាយហើយ ឈរព្រងើយធ្វើមិនដឹង ឪពុកប្រឹងសម្លឹង ធ្វើទ្រមឹងទ្រមក់នៅ ។ ឪពុកហៅថានៃ អាកុំប្រែឈរសៅដៅ អញកាប់ឈើនឹងទៅ ចាំទទួលវើយខំប្រឹង។ ឪពុកប្រឹងតែកាប់ ប្រុងសម្លាប់អាសាញ់ហ្នឹង អាសាញ់ឈរសម្លឹង ស្ទុះទៅទ្រឈើនោះណា៎ ។ ឪពុកស្រែកថាវ៉ី ខំឃ្មាតខ្មីណា៎អាវ៉ា ឈើនេះធ្វើទូកក្ដារ កុំឲ្យបែកបាក់ឡើយវ៉ី ។ ឯឈើបាក់សង្កត់ អាសាញ់ស្រុតលិចក្នុងដី ឪពុកស្រែកថាថ្វី ម្ដេចក៏លិចបាត់ទៅហើយ ។ គិតស្រេចហើយយាត្រា ដើរម្នីម្នាមកកន្តើយ ថាវាស្លាប់ទៅហើយ កាលណានឹងរស់ឡើងវិញ ។ ដើរមកធ្វើព្រងើយ ភ្លេចបាយហើយពុំនឹកមិញ ពុំត្រឡប់វិលវិញ ទៅយកបាយមកស៊ីឡើយ ។ គាត់ដើរចិត្តនឹកគិត ក្នុងគំនិតគាត់ជាត្រើយ ពុំបាននឹកបាយឡើយ ចេះតែគិតក្នុងឥន្ទ្រិយ ។ កាលពីដើមមកនៃ អញនឹកភ័យតែពីស៊ី ឥឡូវគ្មានគ្នាគ្នី មកតាមស៊ីបំផ្លាញឡើយ ។ ពុំដឹងខ្លួននឹងស្លាប់ ពៀរសម្លាប់គេនោះហើយ គេពុំស្លាប់សោះឡើយ ពៀរនោះហើយស្លាប់ខ្លួនឯង ។ ដើរមករកលំនៅ វង្វេងផ្លូវដាច់សង្វែង អត់បាយស្វិតពោះធេង ប្រាំពីរថ្ងៃក្ស័យជន្មា ។ នឹងថ្លែងហក់ទៅវិញ ឯចៅសាញ់នៅកំព្រា ងើបរួចឡើងម្នីម្នា រកបិតាពុំឃើញឡើយ ។ ប្រឹងស្រែកដង្ហោយហៅ ថាឱឪ! ទៅណាហើយ អញ្ជើញមកឪអើយ ! មកបរិភោគអាហារហោង ។ ស្រែកហៅពុំឮឆ្លើយ ទុក្ខពុំស្បើយឱរារង ទើបវិលមកវឹងផ្គង យកអាហារបរិភោក្ដា ។ រួចហើយទើបក្រោកដើរ ទៅមកឈើលីលើស្មា ទំហំបីឱបណា៎ លីលើស្មាហើយដើរទៅ ។ រេរកផ្លូវទៀតណា៎ ឯកអង្គាម្នាក់ឯងកូវ ឥតគ្នាជាពីរនៅ គ្រាន់ដើរទៅរកមណ្ឌល ។ រីផ្លូវដែលដើរមក ឥឡូវរកក៏ពុំយល់ ចេះតែដើរវិលវល់ អំពល់ក្នុងព្រៃព្រឹក្សា ។
បទមណ្ឌោកគតិ
ចៅសាញ់ដើរទៅ រកទីលំនៅអាត្មា ពុំឃើញឡើយណា៎ វង្វេងក្នុងព្រៃវក់វី ។ នឹងថ្លែងតទៅ ឯម្ដាយនិត្យនៅផ្ទះខ្មី ចាំមើលផ្លូវប្ដី ពុំឃើញបាត់ទាល់ល្ងាចណា៎ ។ ចេះតែទន្ទឹង សញ្ជប់សញ្ជឹងខ្លោចផ្សា ព្រួយក្នុងចិន្ដា ពុំបាននិទ្រាតិចឡើយ ។ ឮមាន់រងា ស្មានថាប្ដីហៅគិតឆ្លើយ បើកទ្វារឡើងហើយ រកមើលពុំឃើញឡើយណា៎ ។ ស្ដាប់ជាក់ជាមាន់ ក្នុងចិត្តក្នាញ់គ្នាន់សោះសា ថា! ឱអនិច្ចា អ្នកជាស្វាមីខ្ញុំនេះ ។ ក្ស័យឬយ៉ាងណា បានជាអ្នកបាត់ដល់ម្ល៉េះ ថ្ងៃមិញយប់នេះ ក៏ពុំទាន់ឃើញមុខមាត់ ។ មើលផ្លូវបាត់ហើយ នាងនៅព្រងើយស្ងៀមស្ងាត់ ហេតុត្បិតប្ដីបាត់ ស្ងៀមស្ងាត់រកស៊ីទៅណា ។ នេះនឹងថ្លាថ្លែង និទានចាយចែងចរចា ទៅចៅសាញ់ណា៎ ឯការដើរតែក្នុងព្រៃ ។ ចេះតែដើរទៅ ពុំដែលដឹងផ្លូវហើយនៃ ដើរត្រាច់ក្នុងព្រៃ រកផ្ទះពុំឃើញឡើយណា៎ ។ ឃើញតែពួកសត្វ ក្នុងចិត្តស្ងប់ស្ងាត់សោះសា ថាឱអនិច្ចា! អញអើយកំព្រាម្នាក់ឯង ។ ឱ! សត្វទាំងឡាយ នៅសុខសប្បាយឥតក្រែង អញអើយតែឯង ហៅមហាចំបែងពុំស្បើយ ។ មិនដូចសត្វផង ច្រើនក្រៃកន្លងជាត្រើយ មូលនឹងគ្នាហើយ ដើរទៅឯណាច្រើនក្រៃ ។ អញដើរតែឯង គិតគ្រប់ស្ញប់ស្ញែងណាស់ខ្មី ក្រែងសត្វអ្វីៗ វាមកយាយីពាធា ។ រីឯដើមឈើ ដែលអញលីលើស្មាណា៎ បង្ការទុកជា ដើរតែក្នុងព្រៃឯកអង្គ ។ នេះនឹងស្រដី ទៅឯបុរីរាជរុង មួយនាមឧត្តុង្គ នគរព្រះបាទព្រហ្មទត្ត ។ ព្រះអង្គសោយរាជ្យ មែនមានអំណាចពេកក្ដាត់ គ្រងអស់រាស្ត្ររដ្ឋ នៅក្នុងនគរភូមិស្រុក ។ ស្ដេចសុខសប្បាយ អស់រាស្ត្រទាំងឡាយឥតទុក្ខ ព្រះអង្គសឹងសុខ ពុំដែលមានទុក្ខភ័យសោះ ។ មនុស្សផងច្រើនក្រៃ សប្បាយសត្វថ្ងៃទាំងអស់ ទោះស្រីទោះប្រុស ស្រួលស្រុះក្សេមក្សាន្តចិន្ដា ។ ខ្លះលក់ទំនិញ អ្នកខ្លះសោតទិញគ្នាណា៎ ខ្លះកាត់ថ្លៃថា បីទៀនសាមសិបល្មមថ្លៃ ។ លក់ដូរទៅមក រអែករអោកសព្វថ្ងៃ ពុំដែលមានភ័យ ធ្លាប់សុខរៀងៗមកណា៎ ។ មានកាលមួយថ្ងៃ យក្សមួយកាចក្រៃសោះសា ចិត្តវាមោហោ វានឹងមរណាមិនខាន ។ យក្សនោះឯងណា៎ ចិត្តវាហានក្លាក្នុងប្រាណ ចង់ស៊ីក្សត្រក្សាន្ត មិនដឹងខ្លួនស្លាប់ឡើយហោង ។ ទើបយក្សមោហោ ប្រាយប្រាប់ក្សត្រាជាម្ដង ឲ្យរកមនុស្សផង មកដាក់សួយឲ្យអញថ្វាត់ បើពុំព្រមដាក់ សួយឲ្យអញជាក់មធ្យ័ត ទោះទាំងមហាក្សត្រ អញស៊ីពុំលែងឡើយណា ។ យក្សប្រាយប្រាប់ហើយ វិលវឹងព្រងើយសោះសា ដល់ស្ថានហើយណា៎ ម្នីម្នាចូលទៅវៃៗ ។ កាលក្រោយយក្សទៅ ព្រះបាទចោមចៅស្ដេចភ័យ ទាំងរាស្ត្រមន្ត្រី ប៉ុន្មានសឹងភ័យពុំស្បើយ ។ ខ្លះរត់ម្នីម្នា ប្រាប់គ្នីប្រាប់គ្នាជាត្រើយ ថានៃវើយអើយ កុំទៅណាឆ្ងាយឡើយណា៎ ។ អស់មនុស្សទាំងឡាយ ភិតភ័យប្រញាយសោះសា ថាឱអនិច្ចា ជាហេតុប្រការកលអ្វី ។ នាំគ្នាកើតទុក្ខ ពុំបានទិញលក់ឡើយនៃ ចេះតែភិតភ័យ ខ្លាចក្ស័យជីវិតរាល់គ្នា ។ ស្ដេចត្រាស់ឲ្យហៅ អាធុងចូលទៅម្នីម្នា ត្រាស់បន្ទូលថា អាធុងអញចង់ប្រើឯង ។ ទៅថ្លែងប្រាប់យក្ស ថាអញព្រមដាក់សួយស្នែង ចាំធ្វើកន្លែង ប្រាំពីរថ្ងៃទៀតសិនហោង ។ ត្បិតឯងជាអ្នក ប្រាជ្ញាជៀងជាក់ជាម្ដង ឯងប្រាប់វាផង ដោយនូវដំណើរអញថា ។ អាធុងចងចាំ នូវព្រះបណ្ដាំរាជា ទើបបង្ខំលា យាត្រាវិលវឹងទៅថ្កាន ។ ដល់មកផ្ទះហើយ ជាទុកពុំស្បើយក្នុងប្រាណ ទើបរិះគិតធ្យាន អញយកប្រាជ្ញាបទណា ។ គិតស្រេចហើយនៃ ចុះដើរទៅវៃសោះសា រិះរកប្រាជ្ញា ដោយនូវឧបាយកលហោង ។ ដើរទៅហើយណា៎ ដល់ស្ថានយក្សាដូចប៉ង ចរចូលទៅផ្គង ដល់ទីលំនៅយក្សស្រេច ។ ទើបយក្សសួរថា ឯងមកមានការដូចម្ដេច ដំណើរសេចគ្រេច ដូចម្ដេចប្រាប់អញឲ្យហើយ ។ អាធុងឆ្លើយថា បពិត្របិតាខ្ញុំអើយ អ្នកឯងជាត្រើយ ខ្ញុំសូមជាឪពុកខ្ញុំ ។ ឥឡូវនេះនៃ ព្រះមហាក្សត្រថ្លៃឧត្ដម ព្រះអង្គប្រើខ្ញុំ ឲ្យមកជម្រាបលោកឪ ។ ព្រះអង្គព្រមដាក់ សួយឲ្យយើងដាក់ហើយកូវ ប៉ុន្តែឲ្យឪ ចាំប្រាំពីរថ្ងៃទៀតហោង ។ ចាំធ្វើសាលា រួចស្រេចហើយណា៎ជាម្ដង សូមឪទៅហោង ព្រះអង្គស្ដេចដាក់សួយឲ្យ ។ យក្សស្ដាប់ពាក្យពេចន៍ អស់អាថ៌ស្រេចដូច្នេះហើយ អាឯងកុំស្បើយ ហេតុពៀរវេរាអាត្មា ។ នឹងក្ស័យជីវិត ខ្លួនឯងពុំគិតណា៎ ហេតុចិត្តមោហោ ដែលវាប្រមាថស្ដេចហោង ។ ទើបយក្សមោហោ ប្រាប់អាធុងឡើយថាជាម្ដង អញព្រមដែរហោង ឯងវិលទៅទូលស្ដេចចុះ ។ យក្សប្រាប់ស្រេចហើយ គិតពុំលង់ឡើយកាលនោះ ទើបអាធុងឆ្ពោះ លាយក្សមកផ្ទះអាត្មា ។ មកដល់ផ្ទះហើយ ពិតពុំលង់ឡើយម្នីម្នា ចរចុះយាត្រា ទៅទូលព្រះមហាក្សត្រថ្លៃ ។ ទៅដល់ហើយណា៎ ក្រាបទូលក្សត្រាជៀសជ័យ ឥឡូវនេះនៃ យក្សនោះវាព្រមហើយណា៎ ។ ស្ដេចទ្រង់ជ្រាបហើយ ពិតពុំលង់ឡើយក្សត្រា ប្រាប់អស់សេនា ឲ្យរៀបអស់គ្រឿងប្រដាប់ ។ នឹងសង់សាលា ប្រាំពីរថ្ងៃណា៎ឲ្យឆាប់ ឲ្យបានប្រញាប់ នៅក្នុងកំណត់ប៉ុណ្ណោះ ។
បទពំនោល
កាលនោះព្រះបាទក្សត្រា បង្គាប់សេនា ស្រេចហើយក៏យាងចូលទៅ ។ សេនាថយចេញទៅក្រៅ ទើបបង្គាប់ទៅ អស់ទាំងភ្នាក់ងារទាំងឡាយ ។ ឲ្យនាំឈើចូលមកថ្វាយ ត្បិតព្រះឆោមឆាយ ព្រះអង្គឲ្យធ្វើសាលា ។ ភ្នាក់ងារស្ដាប់ព្រះអាជ្ញា ហៅគ្នាម្នីម្នា នាំឈើចូលមកឆាប់វៃ ។ ទើបធ្វើឲ្យឆាប់ឲ្យរួចដូចព្រះអាជ្ញា ។ ខំធ្វើប្រញាប់ម្នីម្នា លុះរួចសាលា ទើបចូលទៅក្រាបទូលហោង។ ព្រះបាទព្រហ្មទត្តច្បាស់ច្បង ទ្រង់ជ្រាបហើយហោង ឲ្យហៅអាធុងចូលទៅ ។ អមាត្យរត់ដល់លំនៅ អាធុងហើយហៅ ប្រាប់ទៅដូចព្រះឱង្ការ ។ ទ្រង់មានព្រះបន្ទូលថា ឲ្យទៅម្នីម្នា ឥឡូវដូចព្រះប្រញប្ដិ ។ អាធុងនោះបានស្ដែងស្ដាប់ព្រះបន្ទូលប្រាប់ ប្រញាប់រៀបអង្គអាត្មា ។ ចរចុះដើរទៅម្នីម្នា ដល់ចុងរោងណា៎ ក្រាបថ្វាយបង្គំក្សត្រថ្លៃ ។ ទ្រង់ទតទ្រង់ត្រេកអរក្រៃ ទ្រង់បន្ទូលវៃ ថាឯងរកមនុស្សដាក់សួយ ។ មនុស្សដែលមានទោសដល់មួយ ជីវិតកុំព្រួយដាក់សួយមួយថ្ងៃម្នាក់ហោង ។ អាធុងក្រាបលាជាម្ដងយកមនុស្សទោសផង ដាក់សួយដូចព្រះបង្គាប់ ។ រួចហើយថយចេញប្រញាប់ វិលវឹងក្រឡាប់ ដើរមកផ្ទះទាំងភ័យភ្ញាក់ ។
នឹងថ្លែងតតែងជៀងជាក់ ទៀតទៅឯយក្ស អបលក្ខណ៍ចោរកាចពេកក្រៃ ។ លុះដល់គម្រប់គ្រប់ថ្ងៃ យក្សចោរចង្រៃ មោហោក្លាកាចអប្រិយ ។ មកដល់សាលាហើយខ្មី ចូលឆាប់ម្នាម្នី ហែកស៊ីសាច់មនុស្សនោះទៅ ។ តែសព្វ ៗ ថ្ងៃនិត្យនៅ លុះបានដល់ទៅ ប្រាំថ្ងៃនោះឯងហោងណា៎ ។ យើងស្លេះពុំទាន់ចរចា នេះនឹងថ្លែងថា ទៅឯចៅសាញ់ជាត្រើយ ។ មកដល់ចុងស្រុកនោះហើយ ព្រួយប្រាណពុំស្បើយ បីខែប្រាកដជាម្ដង ។ អត់បាយដើរតែឯងផង បីខែហើយហោង ដើរតែក្នុងព្រៃជាក់ស្ដែង ។ គន់គិតក្នុងចិត្តខ្លួនឯង ថាអ្នកណាតែង សាលាដាក់ទាននៅនេះ ។ ហើយនឹកថាភ័ព្វអញអេះ បានសាលានេះ គ្រាន់ឈប់អាស្រ័យជាម្ដង ។ លុះដើរដល់សាលាហោង ទម្លាក់ឈើផ្គង ក៏ឮសន្ធឹកខ្លាំងក្រៃ ។ នឹងថ្លែងទៅអាធុងនៃ ឮសព្ទលាន់ព្រៃ នឹកថាសន្ធឹកសព្ទអ្វី ។ គិតស្រេចទើបចុះទៅដី ដើរទៅឆាប់ខ្មី ក៏ឃើញអាសាញ់ក្រអេះ ។ ហើយនឹកថាអាចោរនេះ មកពីណាអេះ គួរអញដណ្ដឹងសួរវា ។ គិតស្រេចហើយចរយាត្រា ទៅដល់សាលា ក៏ឃើញនូវឈើនោះហោង ។ ឃើញធំពន់ពេកកន្លង គួរខ្លាចជាម្ដង គួរយកគេជាក្លើអញ ។ គិតស្រេចឡើងទៅឃ្មាតខ្មាញ់ ហៅថាសំឡាញ់ ឯងមកពីស្ថានឯណា ។ អាសាញ់ឮហើយឆ្លើយថា ដោយនូវកិច្ចា អាត្មាក៏ឃ្លានបាយផង ។ រីឯខ្លួនអញនេះហោង ពុំដឹងស្រុកផង ដើរតែក្នុងព្រៃទេណា៎ ។ បីខែលំបាកអាត្មា ទោះទាំងភោជនា នោះក៏ពុំបានបរិភោគ ។ ពុំដឹងទីស្ថានផ្លូវជ្រក ចេះតែដើរមក ទើបឃើញសាលានេះណា៎ ។ នឿយណាស់ចូលឈប់សិនរ៉ា នៅក្នុងសាលា សម្រាកកម្លាំងសិនហោង ។ ចាំតែបាត់ក្ដៅរោយខ្នង នឹងយាត្រាផ្គង ទៅរកលំនៅជាត្រើយ ។ រីឯអាធុងឆ្លាស់ឆ្លើយ ថាសំឡាញ់អើយ ចូរឯងទៅនៅនឹងអញ ។ ទោះទាំងបាយទឹកនេះមិញ ធានានូវអញ នឹងចិញ្ចឹមឯងជាម្ដង ។ អាសាញ់ឆ្លាសឆ្លើយវឹងស្នង ថាអញនេះហោង បរិភោគអាហារច្រើនក្រៃ ។ អាធុងថាអញសង្ស័យ ឯងស៊ីសព្វថ្ងៃ មួយថ្ងៃតើអស់ប៉ុន្មាន ។ អាសាញ់ឆ្លាស់ឆ្លើយវឹងថ្កាន អញស៊ីប្រមាណ តិចទេមួយថ្ងៃបីថាំង ។ អង្ករសម្រិតសម្រាំង មួយថ្ងៃបីថាំង នោះឯងទើបបានគ្រាន់អញ ។ អាធុងឆ្លើយថាអាសំឡាញ់ ធានានូវអញ ចិញ្ចឹមរក្សាឯងហោង ។ អាសាញ់ព្រមតាមជាម្ដង ហើយចុះទៅផ្គង ជាមួយនឹងអាធុងណា៎ ។ លើកឈើលីទៅសោះសា ហើយចរយាត្រា ម្នីម្នាទៅផ្ទះអាធុង ។ ដល់ឃើញទម្លាក់ឮក្នុង មុខផ្ទះអាធុង ក៏បែកខ្ចាត់ខ្ចាយពីគ្នា ។ អាធុងប្រាប់ទៅភរិយា នូវអស់មនុស្សម្នា ឲ្យរកបាយបីខ្ទះត្នោត ។ អស់ខ្ញុំដណ្ដាំបាយសោត បានបីខ្ទះត្នោត ស្រេចឲ្យអាសាញ់បរិភោគ ។ សម្លស្លបន្លែឃ្លោក អាសាញ់បរិភោគ បីខ្ទះក៏អស់ទៅហោង ។ រីមនុស្សម្នានោះផង ។ សឹងស្ញែងកន្លង ព្រោះបរិភោគច្រើនក្រៃ ។ ព្រឹកល្ងាចលុះបានពីរថ្ងៃកម្លាំងច្រើនក្រៃ ។ ដូចកាលពីដើមជៀងជាក់ ។
នឹងថ្លែងចែងទៅឯយក្ស កំណត់វាជាក់ ជាក្ស័យក្នុងថ្ងៃនោះនៃ ។ រសៀលព្រះសុរិយាទ័យ រីអាសាញ់នៃ បរិភោគបាយរួចហើយហោង ។ ទើបអាធុងប្រាប់ដើមទង អាសាញ់ជាម្ដង អញប្រើឯងទៅទារប្រាក់ ។ ត្បិតឪអញគាត់ជំពាក់ ឯងទៅទារប្រាក់ យកមកគ្រាន់ទិញស្រូវស៊ី ។ បន្តិចគាត់មកឯទី សាលានោះខ្មី ឯងនៅចាំគាត់មុខណា៎ ។ អាសាញ់បានស្ដាប់បញ្ជា ទើបចរយាត្រា ទៅឯសាលានោះនៃ ។ លុះថ្ងៃប៉ប្រះមាត់ព្រៃ យក្សចោរចង្រៃ ហោះមកចាប់មនុស្សភោក្ដា ។ យក្សយង់មកដល់សាលា ឡើងឆាប់ម្នីម្នា ដល់ទៅមាត់ទ្វារនោះហើយ ។ អាសាញ់ពុំផ្សូរផ្សងឡើយ ថានៃឪអើយ អាធុងវាឲ្យទារប្រាក់ ។ យក្សថាជំពាក់ប្រាក់អ្វី អញពុំមានក្ដី ជំពាក់ប្រាក់កាសនរណា ។ អាសាញ់ឆ្លាស់ឆ្លើយទៅថា អាធុងចរចា ថាឪជំពាក់ជាម្ដង ។ ប្រាក់មួយកន្តាំងនោះហោង ហេតុនោះជាម្ដងទើបវាប្រើខ្ញុំមកទារ ។ យក្សស្ទាប់ពុំចេញចរចា ស្ទុះទៅប្រវា ចាប់នូវអាសាញ់ខ្ជាប់ហើយ ។ ច្របាច់កមិនលែងឡើយ ទើបអាសាញ់ឆ្លើយ ថាឪលែងអញចេញរ៉ា ។ លេងអ្វីដៃធ្ងន់ម្ល៉េះណា៎ លែងអញឆាប់រ៉ា លេងម្ដេចដៃធ្ងន់អម្បាយ ។ ឲ្យលែងមិនលែងគេងាយ ច្របាច់ស្ទើរធ្លាយ បំពង់កគេជាម្ដង ។ អាសាញ់ប្រាប់ទៅច្រើនដង មិនលែងឡើយហោង ថានៃឪលែងអញចេញ ។ បន្តិចត្រូវកំផ្លៀងមិញ មិនលែងកចេញ អញទះកំផ្លៀងឥឡូវ ។ កុំលេងដៃធ្ងន់ពេកកូវ ទើបថានៃឪ លែងអញឲ្យឆាប់ម្នីម្នា ។ យក្សស្ដាប់ពុំលែងឡើយណា៎ ខំតែប្រវា កាច់កឲ្យបាក់ជាម្ដង ។ អាសាញ់ក្រោធក្រៃកន្លង អត់ពុំបានហោង ក៏ទះនូវកំផ្លៀងយក្ស ។ នោះស្លាប់ទៅប្រាកដជាក់ អាសាញ់លោតធាក់ ថែមត្រូវមួយចុងជើងទៀត ។ ទើបអាសាញ់វាទៅឆ្លៀត ស្ដាប់ដង្ហើមទៀត ក៏ផុតដង្ហើមជាត្រើយ ។ ខ្លួនក៏ត្រជាក់អស់ហើយទើបគិតទៅហើយ ថាអានេះស្លាប់ហើយណា៎ ។ គិតស្រេចចុះពីសាលា ដល់ដីម្នីម្នា យាត្រាទៅទាំងអាធ្រាត្រ ។ ដើរទៅខំស្រូតខ្មីឃ្មាត បើកទ្វារឲ្យអញទៅផង ។ អញវិលមកវិញហើយហោងបើកទ្វារឲ្យផង ត្បិតមូសវាខាំអញណាស់ ។ ហៅពីរបីដងស្រឡះ អាធុងពុំច្បាស់ ភ្ញាក់ឡើងខំផ្ទៀងខ្មីឃ្មាត ។ នរណាហៅទាំងអធ្រាត្រ មានការអ្វីទៀត ក៏ហៅទាំងរាត្រីណា៎ ។ អាសាញ់ឮហើយឆ្លើយថា អញហៅទេណា៎ បើកទ្វារឲ្យអញទៅផង ។ អាធុងស្ដាប់ជាក់ហើយហោង ទើបគិតកន្លង ថាអញប្រើទៅឲ្យស្លាប់ ។ ម្ដេចឡើយវាប្រែក្រឡាប់ ទៅហើយមិនស្លាប់ ក៏រស់មកវិញជាម្ដង ។ ឬមួយខ្មោចអាសាញ់ លងឬមួយម្ដេចម្ដង ក៏យកអង្ករបាចទៅ ។ អាសាញ់ចេះតែស្រែកហៅ នៅឯខាងក្រៅ មូសខាំទះស្ទើររួយដៃ ។ អាធុងបាចអង្គរវៃ ទាំងអំបិលនៃ ក៏អស់មួយពាងទៅហើយ ។ អាសាញ់មិនលែងហៅឡើយ ចេះតែហៅហើយ ច្រើនដងច្រើនគ្រាចៃ ៗ ។ ឆ្កែព្រុសលូ ៗ ឡៃ ។ អាសាញ់ថាឆ្កែ អញទេឯងព្រុសអញថ្វី ។ អាធុងបានឮសំដី អាសាញ់ហើយនៃ ក៏ជឿជាក់ថារស់មែន ។ បើកទ្វារម្នីម្នាមែនទែន ចុះទៅអនអែន កាន់ចន្លុះបំភ្លឺហើយ ។ ឃើញអាសាញ់ជាក់ជាត្រើយ អរឯងឥតស្បើយ នឹកថាអញបានជាធំ ។ ទើបបើកទ្វាររបងធំ រួចហើយក៏សុំ អាសាញ់ឲ្យឡើងគ្រឹហា ។ ទើបសួរទៅអាសាញ់ថា ដូចម្ដេចឬអា សាញ់ឯងទៅទារប្រាក់នោះ ។ អាសាញ់ប្រាយប្រាប់ទៅស្មោះ ថាឪឯងនោះ ម្ដេចក៏កាចក្រៃកន្លង ។ អញប្រាប់ទៅគាត់ច្រើនដង ថាពីឯងហោង ឲ្យមកទារប្រាក់នោះណា៎ ។ គាត់ស្ដាប់ហើយគាត់ឆ្លើយថា ដោយនូវវាចា សំឡេងគាត់នោះធំ ៗ ។ គាត់ថាឯអញនេះពុំ ដែលធ្លាប់ទៅជំ- ពាក់ប្រាក់របស់នរណា ។ ថាហើយស្ទុះមកប្រវា ចាប់កអញណា៎ ច្របាច់ស្ទើរតែនឹងបែក ។ បំពង់កស្ទើររហែក អញប្រឹងតែស្រែក គាត់ប្រឹងច្របាច់ខ្លាំងលន់ ។ អញក្រេវក្រោធ ក្រៃពេកពន់ គាត់រឹតដៃធ្ងន់ អញអត់ពុំបានឡើយណា៎ ។ អញទះកំផ្លៀងដួលផ្ងារ នៅលើសាលា ក៏ស្លាប់តាយហោងទៅហើយ ។ អាធុងស្ដាប់ជាក់ជាត្រើយ អរឯងពេកហើយ ទើបបញ្ឆោតទៅអាសាញ់ ។ ថានៃអាឯងនឹងអញ នេះជាសំឡាញ់ នឹងគ្នាប្រក្រតីមកនៃ ។ យក្សនោះរបស់ក្សត្រថ្លៃ ម្ដេចក៏ហ៊ានក្រៃ ដល់វាយឲ្យវាមរណា ។ ណ្ហើយចុះបើច្នោះចូរអា ទៅអូសយក្សា នោះចោលចេញឲ្យបាត់ទៅ ។ កុំបីអាទុកវានៅ ក្នុងស្រុកនេះកូវ ក្រែងគេដើរទៅឃើញណា៎ ។ សឹមអញទៅទូលក្សត្រា ឲ្យទ្រង់មេត្តា ករុណាអត់ទោសអាម្ដង ។ ទោះព្រមមិនព្រមក្ដីហោង អញនឹងទូលស្នង ដោយនូវសេចក្ដីនេះណា៎ ។ អាសាញ់ស្ដាប់ហើយយាត្រា ទៅឯសាលា អូសខ្មោចយក្សាចៅទៅ ។ ទើបយាត្រាវិលវិញកូវ ដល់ផ្ទះដែលនៅ ឡើងទៅនិទ្រាហើយណា៎ ។ លុះដល់រស្មីសុរិយា រះឡើងកាលណា អាធុងភ្ញាភ្ញាក់ហើយហោង ។ លប់មុខរួចស្រេចតែម្ដង ទើបតែងខ្លួនផង ស្រេចហើយចុះពីផ្ទះទៅ ។ ដើរដល់ទៅចុងរោងក្រៅ ព្រះបាទចមចៅ ព្រះអង្គយាងចេញមកហោង ។ អាធុងក្រាបទូលជាម្ដង បពិត្រច្បាស់ច្បង តាមតែទ្រង់ព្រះមេត្តា ។ រីឯក្រុងយក្សមោហោ នោះខ្ញុំករុណា បានវាយវាស្លាប់ទៅហើយ ។ ព្រះអង្គត្រាស់វិញជាត្រើយ បើដូច្នោះហើយ ឯងធ្វើជាចៅហ្វាយចុះ ព្រះអង្គប្រទានត្រាស្មោះ ទីចៅហ្វាយនោះ មកឲ្យអាធុងហើយណា៎ ។ អាធុងរៀបអស់ភ្ញីផ្កាថ្វាយបង្គំងារ ទទួលត្រាតាំងជាម្ដង ។ បរិបូណ៌សូរេចហើយហោង ទើបវិលវឹងផ្គង កាន់ផ្ទះអាត្មាវិញណា៎ ។ ហើយប្រាប់ទៅអាសាញ់ថា ព្រះមហាក្សត្រា ព្រះអង្គពុំព្រមឡើយនៃ ។ ដូច្នេះឯងវេះទៅព្រៃ ចាំយប់សិននៃ សឹមឯងវិលមកផ្ទះណា៎ ។ អាសាញ់បានស្ដាប់វាចា អាធុងហើយណា៎ ទើបយាត្រាទៅពួនព្រៃ ។ ពួនជិតរន្ធសត្វបក្សី សម្មតតាមនៃ ហៅសត្វឥន្ទ្រីនោះណា៎ ។ លុះដល់ព្រលប់សុរិយា វិលមកគេហា រកបាយបរិភោគស្រេចហើយ ។ ចូលទៅនិទ្រាជាត្រើយ លុះថ្ងៃឡើងហើយ យកបាយទៅស៊ីក្នុងព្រៃ ។ លុះនៅបានប្រាំពីរថ្ងៃ ឯបុត្រីថ្ងៃព្រះបាទព្រហ្មទត្តរាជា ។ កើតក្ដៅក្រហាយអង្គារ នៅវាំងពុំជា ទ្រង់ចង់លើលាលេងព្រៃ ។ ព្រោះគូនឹងអាសាញ់នៃ គិតស្រេចស្រីថ្លៃ ទៅលាមាតាបិតា ។ ព្រះអង្គព្រមបើកហើយណា៎ បង្គាប់សេនា ឲ្យរៀបអស់ពលសេនីយ៍ ។ សេនាស្ដាប់តម្រាស់ខ្មី ថយចេញវៃ ៗ ទៅបង្គាប់អស់យោធា ។ ហើយរៀបព្រះរាជរថ នូវរាជអស្សា ទាហានពលផងសល់សែន ។ អាមាត្យជាអ្នកវៃក្វែន រួតរត់មែនទែន ទៅប្រាប់ទាហានឆាប់វៃ ។ ទាហានរៀបរួចហើយនៃ ខ្លះកាន់ទង់ជ័យ ខ្លះសោតកាន់លំពែងដាវ ។ អមាត្យជាធំចូលទៅ ទូលព្រះចមចៅ បពិត្ររួចហើយក្សត្រថ្លៃ ។ ព្រះអង្គទ្រង់ជ្រាបហើយនៃ ត្រាស់ទៅឆាប់វៃ នឹងរាជបុត្រីពន្លក ។ នាងទៅចូរឆាប់មក ណា៎ស្ងួនពន្លក សំឡាញ់នៃបិតាហោង ។ នាងស្ដាប់ហើយនាងទូលស្នង ដល់រសៀលហោង ខ្ញុំម្ចាស់យាត្រាមកវិញ ។ ទូលភ្លាមទើបនាងយាងចេញ ពលទាហានមិញ អញ្ជើញគង់រាជរថា ។ រីអស់ស្នំស្និទ្ធស្នេហា សឹងជិះរថា ខ្លះជិះរទេះទឹមគោ ។ ស្រេចហើយអស់ពលផងហ៊ោឮសព្ទឆោឡោ លើកចេញទៅព្រៃជាម្ដង ។ នេះនឹងថ្លាថ្លែងទៅត្រង់ តទៅដល់អង្គ ចៅសាញ់និត្យនៅកំព្រា ។ ឃើញអស់ទាំងពលយោធាភ័យក្រៃមហិមា ក្រែងតែគេលើកមកចាប់ ។ ភ័យណាស់រត់ទៅប្រញាប់ សម្ងំពួនថ្កាប់ រន្ធសត្វឥន្ទ្រីនោះអេះ ។ រីឯដំណើរន័យនេះ យើងនឹងឈប់ស្លេះ នៅនេះពុំទាន់ស្រដី។ នឹងថ្លែងឯរាជបក្សី ដែលនៅក្នុងព្រៃ មើលយល់ក្សត្រីសោភា ។ គង់លើព្រះរាជរថា ហើរមកម្នីម្នា ចុះឆាបយកនាងទៅហោង ។ រីឯស្នំស្និទ្ធពលផង យល់ដូច្នោះហោង ក៏ស្រែកប្រាប់ទៅសេនា ។ អើអស់លោកអ្នករាល់គ្នា ហ្នសត្វអ្វីណា៎ ឆាបរាជធីតាទៅហើយ ។ សេនាភិតភ័យធុំស្បើយ លើកគ្នាតាមហើយ ក៏ពុំទាន់សត្វនោះណា ។ ប្រឹងស្រែកប្រទេចផ្ដាសា ដោយនូវក្រោធា ខ្លះនាំគ្នាអង្គុយយំ ។ ថាឪម្ចាស់ថ្លៃឧត្ដម ម្ល៉េះសមយើងខ្ញុំ នឹងក្ស័យជីវិតពុំខាន ។ ត្បិតតែសត្វចោរសាមាន្យ យកម្ចាស់កល្យាណ ទៅបរិភោគមិនលែងឡើយ ។ សេនាត្រឡប់មកហើយ វិលវឹងជាត្រើយ មកដល់ក្នុងវាំងរាជា ។ ស្ដេចទតទៅយល់ហើយណា៎ ទើបត្រាស់សួរថា ម្ដេចកូនពុំងាថ្លើមថ្លៃ ។ កូនអញនាងទៅលេងព្រៃ សប្បាយឬអ្វី ហេតុម្ដេចទើបឆាប់វិលមក ។ សេនាផងសឹងយំសោក រអែករអោកនឹកថានឹងក្ស័យជីវិត ។ ទើបទូលទៅទាំងភ័យភិត ខ្លាចក្ស័យជីវិត ញ័រមាត់ញ័រកប៉ប៉ាប់ ។ ទោះបីព្រះអង្គសម្លាប់ នោះខ្ញុំសូមស្លាប់, ទុករស់ជាខ្ញុំបាទា ។ រីឯនាងនាថធីតា ត្រូវសត្វបក្សា មួយនោះឈ្មោះសត្វឥន្ទ្រី ។ វាមកឆាបយកទៅស៊ី ខ្ញុំនាំគ្នាគ្នី លើកតាមទៅមិនទាន់វា ។ ព្រះអង្គទ្រង់ស្ដាប់វាចា ញ័រព្រះអង្គា សោកស្ដាយព្រះរាជបុត្រី ។ ទើបត្រាស់ដណ្ដឹងទៅខ្មី ថាព្រឹកឡើងវៃ ឯងទៅប៉ាវគងម្នីម្នា ។ រកអ្នកណាមានរឹទ្ធា ទៅយកធីតា កូនអញនោះបានមកហើយ ។ អញនឹងអភិសេកជាត្រើយ ឲ្យសោយរាជ្យហើយ កូនអញឲ្យជាភរិយា ។ លុះព្រឹកព្រាងព្រះសុរិយា អស់ទាំងសេនា ចាត់មនុស្សឲ្យប៉ាវគងផង ។ ស្រែកដូចបង្គាប់ជាម្ដង រៀង ៗ ទៅហោង ពុំមាននរណាឆ្លើយថា ។ នឹងស្លេះទុកនៅសិនរ៉ា យើងនឹងចរចា ទៅឯចៅសាញ់នោះហោង ។ ហៀបនឹងត្រឡប់ជាម្ដងទើបយាត្រាផ្គង មករកលំនៅវិញណា៎។ ទើបអាធុងសួរទៅថា អាសាញ់កាលគ្រា ឯងទៅបានឃើញឬអ្វី ។ នាងនាថដែលសត្វឥន្ទ្រី ឆាបយកទៅស៊ី ឯងបានឃើញទេអាសាញ់ ។ អាសាញ់ឆ្លាស់ឆ្លើយទៅវិញ វាឆាបថ្ងៃមិញ ចូលរន្ធត្រង់មុខអញឯង ។ អាធុងសួរសោកឥតក្រែង បើដូច្នោះឯង ទៅយកបានឬពុំបាន ។ អាសាញ់ឆ្លាស់ឆ្លើយទៅថ្កាន អញទៅយកបាន អញបានចំណាំរន្ធវា ។ អាធុងឆ្លាស់ឆ្លើយទៅថា បើដូច្នោះណា៎ ស្អែកនាំអញទៅយកនៃ ។ លុះព្រឹកព្រះសុរិយាទ័យ អាធុងឆាប់វៃ ទៅទូលព្រះមហាក្សត្រា ។ ថាធានាខ្ញុំករុណា ទៅយកធីតា មកថ្វាយព្រះមហាក្សត្រថ្លៃ ។ ព្រះអង្គទ្រង់ជ្រាបហើយនៃ ទ្រង់ត្រាស់ថាហៃ អាធុងបើឯងទៅយក ។ នាងនាថធីតាពន្លក កូនអញបានមក អញឲ្យឯងសោយរាជ្យហោង ។ រីកូនអញនោះជាម្ដង អញឲ្យឯងផង ជាក់ជាភរិយាឯងប្រាកដ លែងតែបានដូចថា ទាំងរាស្ត្រប្រជាក៏ឲ្យឯងគ្រងប្រាកដ ។ អាធុងស្ដាប់ហើយអរក្ដាត់ បង្គំលាថ្វាត់ មកផ្ទះអាត្មាវិញហោង ។ មកដល់លំនៅដូចប៉ង ទើបប្រាប់ទៅផ្គង ថាហៃអាសាញ់ចូរបា ។ នាំអញទៅយកធីតា បើបានដូចថា ក្សត្រាព្រះអង្គលែងទោស ។ ដែលអាសម្លាប់យក្សនោះ ព្រះអង្គត្រាស់ឆ្ពោះ ថាឲ្យអាឯងទៅយក ។ បើបាននាងនាថនោះមកព្រះអង្គពុំយក ទោសដែលដែលឯងវាយយក្សស្លាប់ ។ ប្រាប់ស្រេចរករៀបប្រដាប់ សង្រែកសម្រាប់ ប្រដាប់ទ្របាតកញ្ជើ ។ មានខ្សែដាក់យោងពីលើ បង្ហូរកញ្ជើ ដាក់ទៅក្នុងរណ្ដៅណា៎ ។ រៀបស្រេចទើបចរយាត្រា លើកពលសេនាទៅក្នុងព្រឹក្សានោះនៃ ។ ដល់ទៅមាត់រន្ធបក្សី ទើបប្រាប់ទៅខ្មី ថាវ៉ើយអាធុងនោះហើយ ។ អាធុងស្ដាប់ជាក់ជាត្រើយ រៀបសង្រែកហើយ ចងខ្សែដាក់កញ្ជើទៅ ។
បទព្រហ្មគីតិ
រីឯរាជបក្សី វាឆាបខ្មីនាងយកទៅ ជួនឈ្មោលវាមិននៅ វាពុំបានបរិភោក្ដា ។ ក្នុងចិត្តរាជបក្សី វាចាំប្ដីវានោះណា៎ វាពុំទាន់ភោក្ដា ត្បិតអាហារត្រកាលក្ដាត់ ។ មិនគឺជាសាច់អ្វី គឺសាច់ស្រីជាតិជាក្សត្រ ប្ដីអញម្ដេចក៏បាត់ គាត់មិនទាន់ឃើញមកខ្មី ។ អាសាញ់ចុះទៅដល់ ក្នុងមណ្ឌលរាជបក្សី ភ្នែកគយគន់រំពៃ យល់បក្សីនៅនោះណា៎ ។ រីឯរាជបក្សី ស្មានជាប្ដីនៃអាត្មា ទទួលឆាប់សួររ៉ា ហើយប្រាប់ថាខ្ញុំទៅព្រៃ ។ ប្រទះនឹងកូនស្ដេច យាត្រាត្រាច់មកលេងព្រៃ ខ្ញុំស្ទុះទៅឃ្មាតខ្មី ឆាបក្សត្រីយកមកណា៎ ។ ខ្ញុំទុកចាំអ្នកឯង មកពីស្វែងរកភោជនា ខ្ញុំមិនទាន់ភោក្ដា ចាំតែអ្នកឯងមកទេ ។ អាសាញ់ស្ដាប់ហើយណា៎ ទើបប្រាប់ថាមើលមេៗ ហងស្លាប់មិនលែងទេ ថានៃមេស្លាប់ចោលប្ដី ។ បក្សីសោតស្ដាប់ជាក់ ទើបភ្ញាភ្ញាក់ខ្លួនថាយី មិនមែនប្ដីទេវ៉ី នេះជាក់ជាមនុស្សទេណា៎ ។ ជាភ័ព្វអញពេកក្រៃ អ្នកដទៃគេសទ្ធា ដាក់មនុស្សមកទៀតណា៎ ជាអាហារអញឆ្ងាញ់ក្រៃ ។ គិតស្រេចស្ទុះទៅឆាប់ ចៅសាញ់ចាប់បានជើងដៃ កន្ត្រាក់មកឆាប់វៃ ហើយក៏កាច់បំបាក់ទៅ ។ ចៅសាញ់ចុះទៅដល់ នាងនិមលរូបឥតសៅ បែរបើកភ្នែកមើលទៅ ឃើញនាងនៅអង្គឯកា ។ ព្រះភក្ត្រក្សត្រីថ្លៃ ក្រៀមក្រំក្រៃឥតឧបមា នឹងដល់ព្រះមាតា ព្រះបិតានៅឯនាយ ។ ចៅសាញ់រំពឹងដល់ នាងនិមលមិនសប្បាយ ទើបមានពាក្យអភិប្រាយ លោកកុំឲ្យនាងភ័យា ។ ថាហៃប្អូនពន្លក បងនេះមកយកប្អូនភ្ងា ទៅថ្វាយព្រះបិតា ព្រះមាតាប្អូនឯនាយ ។ ចូរប្អូនមាសកល្យាណ នាងកម្សាន្តឲ្យសប្បាយ បងយកប្អូនទៅថ្វាយ ចូរនាងទៅនឹងបងរ៉ា ។ នាងស្ដាប់ហើយត្រេកអរ មានអំណរឥតឧបមា ចង់ជួបនឹងបិតា ចិត្តស្នេហាចៅសាញ់ពិត ។ នាងឆ្លើយដោយទំនង ចិត្តនាងប៉ងយកជាមិត្ត នាងនាថរំពឹងគិត តែក្នុងចិត្តនាងនាថនៅ ។ នាងថាឱអ្នកអើយ អ្នកឯងហើយជាក់ជាគូ នឹងខ្ញុំមកលង់យូរ ជាគូព្រេងនឹងគ្នាហើយ ។ ទើបបានអ្នកមកជួយ ខ្ញុំមិនឲ្យដល់ស្លាប់ឡើយ រួចពីសត្រូវហើយ យកខ្ញុំទៅនគរា ។ នាងថាឱអ្នកថ្លៃ មានគុណក្រៃឥតគណនា ឥតអ្វីនឹងឧបមា ប្រៀបនឹងគុណអ្នកនោះបាន ។ ថាបើយើងទៅដល់ ទីមណ្ឌលព្រះរាជស្ថាន បានជួបនឹងក្សត្រក្សាន្ត ឯធនធានមិនខ្វះអ្វី ។ កុំថាទ្រព្យធននោះ ទោះទ្រព្យខ្ពស់ប៉ុន្មានក្ដី ប្រាថ្នាចង់បានអ្វី តាមតែអ្នកប្រាថ្នាយក ។ ចៅសាញ់ឆ្លាស់ឆ្លើយទៅ ថាហៃពៅស្រស់ពន្លក ខ្លួនបងប្រាថ្នាមក យកប្អូនទៅថ្វាយបិតា ។ មាតានាងទន្ទឹង ម្ល៉េះសមនាងសោយសោកា នោះទើបបងយាត្រា មកយកប្អូនទៅថ្វាយហោង ។ កុំឲ្យស្ដេចបារម្ភ កើតទុក្ខធំក្រៃកន្លង ព្រះទ័យក្សត្រច្បាស់ច្បង សោកអាល័យស្ងួនពុំងា ។ កុំប្អូនស្ងួនឧត្ដម គិតបារម្ភបងឡើយណា៎ ឲ្យបានស្ដេចយល់ភក្ត្រ ប្អូនវរលក្ខណ៍ស្រស់ឆោមឆាយ ឲ្យស្ដេចបានសប្បាយ ក្នុងព្រះកាយសុខប្រសើរ ។ ទើបលើកនាងដាក់ទៅ ឲ្យឋិតនៅក្នុងកញ្ជើ នាងថាមកពីលើ រួចហើយតើអ្នកចាំអ្វី ។ ចៅសាញ់ឆ្លើយទៅថា ហៃប្អូនភ្ងាមាសពិសី នាងទៅមុខចុះខ្មី បងទៅក្រោយប្អូនប្រសើរ ។ នាងឆ្លើយថាទេអ្នក ក្រែងគេដាក់តែកញ្ជើ មិនយកអ្នកហើយតើ បាននរណាគេមកយក ។ ចៅសាញ់ឆ្លាស់ឆ្លើយទៅ ថាហៃពៅស្រស់ពន្លក ថាបើគេពុំយក បងនេះទៅក៏ហើយចុះ ។ ឲ្យតែនាងបានទៅ កុំប្អូនពៅគិតរើរុះ ឯបងជាកូនប្រុស យ៉ាងយូរណាស់ត្រឹមបីខែ ។ ចៅសាញ់រុញកញ្ជើ អ្នកឯលើចាប់ទាញខ្សែ បានដល់មកលើឯ ចៅសាញ់នៅក្នុងរូងសត្វ ។ លើកនាងមកដាក់មកលើ ដោះកញ្ជើប្រញាប់ក្ដាត់ នាងនាថប្រាប់ទៅថ្វាត់ ថានែអ្នកម្ដេចដូច្នោះ ។ គ្នានៅក្នុងនោះនៃ ស្រាវមកអ្វីទទេនោះ ម្ដេចមិនទម្លាក់ចុះ យោងយកគ្នាមកប្រញាប់ ។ អាធុងឆ្លើយទៅថា យោងថ្វីអាចោរមុខងាប់ ទុកឲ្យវានៅស្លាប់ ហើយស្រែកថាយើងឃ្មាតខ្មី ។ ចូរទៅឲ្យឆាប់រ៉ា រួសម្នីម្នានៅចាំអ្វី ចូលគាល់ព្រះចក្រី ឲ្យក្សត្រថ្លៃទ្រង់មេត្តា ។ អាសូរប្រោសប្រណី យើងទីទៃរាល់ៗគ្នា ទោះនឹងចង់បានងារ ឬទ្រព្យអ្វីក៏សឹងបាន ។ ទើបលើកពលវិលទៅ ដល់លំនៅរាជស្ថាន ហើយនាំនាងកល្យាណ ចូលទៅគាល់ព្រះរាជា ។ ព្រះអង្គទតមកយល់ នាងនិមលបុត្រពុំងា ទ្រង់ត្រេកអរម្នីម្នា ឱបប្រវាធីតាថ្លៃ ។ ទ្រង់ព្រះកន្សែងសោក សែនអមោក្សពន់ពេកក្រៃ ថាឱកូនមាសថ្លៃ យើងនឹងថាក្ស័យទៅហើយ ។ ឥឡូវកូនពន្លក នាងវិលមកបានស្រាកស្បើយ បានជួបបិតាហើយ នូវមាតាស្ងួនមាសថ្លៃ ។ រីអស់ស្នំស្នេហា សឹងសោការាល់គ្នានៃ ដោយចិត្តគិតអាល័យ យំស្ទើរក្ស័យជន្មជីវិត ។ ឱមាសថ្លៃឧត្ដម សព្វថ្ងៃខ្ញុំព្រួយចិត្តគិត ដល់ម្ចាស់ថ្លៃវរមិត្រ ទន់ស្រយុតអស់កាយា ។ ឥឡូវម្ចាស់មកដល់ ខ្ញុំបានយល់ជាក់ហើយណា៎ សឹងបានស្បើយទុក្ខា បានបម្រើនៅផ្គត់ផ្គង់ ។ លុះស្បើយក្ដីសោកា នាងយាត្រាទៅឯក្នុង ប្រាសាទដែលនាងគង់ នៅជាសុខសប្បាយក្រៃ ។ ឯព្រះបាទព្រហ្មទត្ត បន្ទូលថ្វាត់នឹងមន្ត្រី ឲ្យសង់រាជរោងជ័យ នឹងអភិសេកធីតាស្ងួន ។ ឲ្យមានរបាំណា៎ ដោយភាសាខ្មែរចិនយួន រៀបឲ្យនឹងក្បួន តាមរបៀបច្បាប់ព្រេងនៃ ។ សេនាស្ដាប់បន្ទូល អរស្រុះស្រួលទទួលវៃ ចរចេញមកទីទៃ ប្រាប់ភ្នាក់ងារការដោយឡែក ។ ឲ្យរៀបរោងរបាំ តាមចំណាំអភិសេក ថ្ងៃនេះនូវថ្ងៃស្អែក ហៅគ្នាមកធ្វើទៅហោង ។
បទពំនោល
អស់ទាំងសេនាអឺងកង រៀបធ្វើរោងផង ទាំងយប់ទាំងថ្ងៃសោះសា ។ យើងស្លេះពុំទាន់ចរចាថ្លែងតទៅណា៎ ឯចៅសាញ់វិញជាម្ដង ។ នៅក្នុងរន្ធសត្វនោះហោង យូរក្រៃកន្លង ជិតដល់បីខែហើយណា៎ ។ ទើបបានក្ដៅដល់អាសនា សម្ដេចឥន្ទ្រា- ធិរាជចមចៅក្សត្រក្សាន្ត ។ ទើបស្ដេចបើកទិព្វចក្ខុវិញ្ញាណ ព្រះនេត្រ ថ្កើងថ្កាន ក៏ទតមកដល់ផែនដី ។ ទតសព្វភូមិភពបុរី ពុំមានយល់អ្វី យល់តែចៅសាញ់ជាម្ដង ។ បុណ្យមានបានសោយរាជ្យហោង បារមីកន្លង នឹងបានជាម្ដងប្រាកដ ។ អាធុងនោះឯងកំណត់ អាយុសន្មត នឹងអស់ជន្មានោះហោង ។ គិតស្រេច ស្ដេចហោះចុះផ្គង ដល់ដីជាម្ដង ក៏ប្រែកាឡាឆាប់ក្រៃ ។ រំពេចកើតជាពួរជ្រៃសំយុងទៅនៃ ក្នុងរណ្ដៅនោះឯងណា៎ ។ ចៅសាញ់ឃើញហើយប្រវា ពួរជ្រៃនោះណា៎ ក៏តោងឡើងមកដល់លើ ។ យល់ថ្ងៃរសៀលហើយតើ ទើបចរចេញដើរសំដៅផ្ទះអាធុងពិត ។ រីឯពួរជ្រៃនិម្មិត ព្រះឥន្ទ្រប្រសិទ្ធិ ក៏បាត់ពុំឃើញឡើយហោង ។ ដើរមកដល់ទ្វាររបង ផ្ទះអាធុងហោង ក៏ឡើងទៅលើគ្រឹហា ។ ទើបប្រាប់ទៅអាធុងថា អាធុងអើយអា អញឃ្លានបាយពេកណាស់នៃ ។ មនុស្សម្នាត្រៀបត្រាច្រើនក្រៃ មន្ត្រីផងនៃ ក៏សឹងតែនៅពាសពេញ ។ កណ្ដាលជំនុំនោះមិញ នាហ្មឺនគាល់ពេញ មិនក្រែងមិនខ្លាចខ្លួនឡើយ ។ អាធុងក្រោធក្រៃពុំស្បើយ ស្ដែងស្ដាប់ជាក់ហើយ ទើបប្រាប់ទៅអស់ភ្នាក់ងារ ។ ថាចាំអ្វីមិនចាប់រា អស់ទាំងភ្នាក់ងារ ស្ដាប់ហើយក៏ស្ទុះទៅចាប់ ។ ចៅសាញ់នោះឯងចងខ្ជាប់ ទើបអាធុងប្រាប់ ថាឲ្យនាំចេញទៅឆ្ងាយ ។ ប្រាប់ទៅភ្នាក់ងារទាំងឡាយ ឲ្យដាក់ខ្នោះវាយ ហើយដាក់ច្រវាក់ឃ្នាងផង ។ ទម្រាំតែព្រឹកស្អែកហោង ចូរគ្នាយើងផង នាំវាយកទៅសម្លាប់ ។ កូនក្មួយនោះសោតបានចាប់ ដាក់ច្រវាក់ខ្ជាប់ ឃ្នាងខ្នោះជើងដៃផងណា៎ ។ យើងស្លេះទុកនៅនេះណា៎ ថ្លែងឯមេការ ប្រញាប់ធ្វើរោងនោះនៃ ។ រួចស្រេចបរិបូណ៌ប្រពៃ នាគ្រានោះនៃ រៀបចងនូវគោមកែវផង ។ យើងស្លេះនៅនេះសិនហោង នឹងថ្លែងរំលងទៅឯចៅសាញ់វិញនៃ ។ លុះថ្ងៃបរិបូណ៌ប្រពៃ នាំចេញទៅវៃរៀបគ្រឿងលំពែងជុំនៅ ។ ដង្ហែចៅសាញ់ចេញទៅ បណ្ដើរតាមផ្លូវ ឲ្យស្រែកអាក្រោសទៅហោង ។ យើងស្លេះនៅនេះសិនហោង នឹងថ្លែងទៅផ្គង ឯអង្គអមរិន្រ្ទាថ្លៃ ។ កើតក្ដៅក្រហាយពេកក្រៃ នឹងក្នុងព្រះទ័យ ថាមានហេតុអ្វីច្នេះណា៎ ។ គិតស្រេចសម្ដេចឥន្ទ្រា បើកទិព្វចក្ខា ទតយល់នូវរូបចៅសាញ់ ។ នឹកថាអ្នកនេះដែលអញ ជួយពីមុខមិញ ឥឡូវម្ដេចត្រូវទៅទៀត ។ ចេះនឹងស្លាប់ចោលបង់សៀត អញជួយម្ដងទៀត ឲ្យរួចអំពីទោសា ។ គិតស្រេចហោះចុះមកណា៎ ទើបប្រែកាឡា ជាតាចាស់មួយនាក់នៃ ។ កាន់សាយដៀវមួយប្រពៃ តម្រង់ទៅឰ ត្រង់មុខចៅសាញ់នោះណា៎ ។ ចៅសាញ់ក្រឡេកឃើញតា កាន់សាយដៀវណា៎ ក៏មានចិត្តត្រេកអរក្រៃ ។ ទើបអង្វរទៅថា ហៃ អ្នកពេជ្ឈឃាដថ្លៃ ចូរអ្នកអាណិតខ្ញុំរ៉ា ។ ខ្ញុំស្លាប់ឥឡូវហើយណា៎ សូមអ្នកមេត្តា បើកឲ្យខ្ញុំលេងសិនហោង ។ ខ្ញុំរត់ពុំរួចជាម្ដង ខ្ញុំស្លាប់ហើយហោង ឲ្យខ្ញុំលេងសិនទៅរ៉ា ។ ពេជ្ឈឃាដស្ដាប់នូវវាចាចៅសាញ់ហើយណា៎ ក៏ព្រមបើកឲ្យលេងហោង ។ ទើបប្រាប់អស់ទាំងគ្នាផង បើដូច្នេះហោង ចូរអស់ទាំងគ្នាមកស្រាយ ។ ឲ្យវាលេងឲ្យសប្បាយ អស់គ្នាទាំងឡាយ ឈរឃុំឲ្យជុំខ្លួនវា ។ ក្សិណនោះសម្ដេចឥន្ទ្រា ចរចូលនៃអ្នកតាមេត្តា ។ ឲ្យខ្ញុំខ្លីសាយដៀវរ៉ា ខ្ញុំច្រៀងតិចណា៎ ឲ្យបានសប្បាយសិនហោង ។ តាចាស់ហុចសាយដៀវផ្គង ចៅសាញ់ដេញលេង ស្រេចដេញជាសាច់ភ្លេងហើយ ។ ច្រៀងនៅជើងវាំងជាត្រើយ តាំងចាប់ដើមឡើយ ពីកាលដែលវាយយក្សា ។ លុះទៅពួនក្នុងព្រៃណា៎ ឃើញពលយោធា ដង្ហែនាងទៅលេងព្រៃ ។ ខ្ញុំខ្លាចហើយខ្ញុំភិតភ័យ រត់ទៅពួនវៃ ខាងរន្ធបក្សីនោះណា៎ ។ បក្សីហើររកអាហារ វាឃើញធីតា វាឆាបយកនាងទៅហោង ។ លុះខ្ញុំទៅយកជាម្ដង នាងនាថនោះហោង បានរួចពីក្ស័យជីវិត ។ ហើយខ្ញុំនៅក្នុងរូងសត្វ គេនាំនាងថ្វាត់ មកថ្វាយព្រះមហាក្សត្រថ្លៃ ។ នឹងថ្លែងទៅឯក្សត្រី នាងនាថនោះនៃ បានឮសំឡេងចៅសាញ់ ។ នាងនាថម្នីម្នាស្ទុះចេញ មកឯក្រៅមិញ បានឃើញចៅសាញ់នោះណា៎ ។ នាងនឹកតែក្នុងចិន្ដា ថាអ្នកនេះណា៎ ដែលទៅយកអញឯងនៃ ។ គិតស្រេចសម្ដេចក្សត្រីស្ដេចចូលទៅវៃ ក្រាបទូលព្រះវរបិតា ។ បពិត្រសូមទ្រង់មេត្តា ខ្លួនខ្ញុំនេះណា៎ បានរួចពីក្ស័យជីវី ។ ដោយអ្នកទោសនោះប្រណី សូមព្រះចក្រីបិតាទ្រង់ប្រោសខ្ញុំផង ។ គាត់ទៅយកខ្ញុំជាម្ដង រីអាធុងហោង ។ នៅតែឯលើទេណា៎ ។ ព្រះអង្គជ្រាបហើយក្សត្រា ត្រាស់ប្រើសេនា ថាទៅឃាត់ជាប្រញាប់ ។ នាំចូលមកគាល់អញឆាប់ដូចពាក្យអញប្រាប់ កុំអាលសម្លាប់ឡើយនៃ អញនឹងសួរពាក្យសម្ដី ឲ្យដឹងសេចក្ដីកន្លៀតគន្លោងគំនិត ។ ចូរឯងប្រាប់អញដោយពិត កុំបីឯងបិទ មាត់ជិតនៅស្ងៀមធ្វើអ្វី ។ នោះទាំងវាយយក្សនោះនៃ ឯងលាក់ធ្វើអ្វី ប្រាប់អញឲ្យត្រង់មកណា៎ ។ អាធុងស្ដាប់ព្រះឱង្ការ ព្រះមហាក្សត្រ ត្រាស់សួរមកខ្លួនឯងនៃ ។ នឹកថាសមអញនិងក្ស័យ ជីវិតប្រល័យ, ក្នុងថ្ងៃនេះឯងមែនពិត ។ ទើបចូលទៅទាំងភ័យសេចក្ដីនេះពិត គឺចៅសាញ់នោះមែនហើយ ។ ព្រះអង្គត្រាស់បន្ទូលឆ្លើយ បើដូច្នោះហើយ យកអាធុងទៅសម្លាប់ ។ នាំវាចេញទៅឲ្យឆាប់ សម្លាប់ឲ្យស្លាប់ ឥឡូវនេះឲ្យឆាប់ណា៎ ត្បិតវាចោរចិត្តមោហា ព្រហើនមុសា ទុកវាតទៅពុំបាន ។ អមាត្យស្ដាប់បន្ទូលថ្កាន ក្រោកស្រុះគ្រប់ប្រាណ ចោមចាប់អាធុងយ៉ាងមាំ ហើយចងចំណងទាំងប្រាំ ប្រការរួចនាំ យកទៅកាប់ឯវាលល្បិញ ។ ឯអ្នកផ្ទះវានោះមិញ ទ្រង់ឲ្យចុះចេញ បណ្ដេញទៅនៅស្រុកឆ្ងាយ ។ អស់ទ្រព្យសម្បត្តិទាំងឡាយ ព្រះបាទពណ្ណរាយ ព្រះអង្គឲ្យរឹបយកណា៎ ។ បញ្ចូលក្នុងឃ្លាំងរាជការ ញាតិសន្តានវា បញ្ចូលជាអ្នកងារអស់ ។ អភិសេកចៅសាញ់នោះស្មោះ ឲ្យសោយរាជ្យឆ្ពោះ គ្រប់គ្រងនគរនោះណា៎ ។ ឯអង្គព្រះបាទក្សត្រាស្ដេចដាក់រាជ្យណា៎ ឲ្យចៅសាញ់គ្រងវិញហោង ។ ឯរាជបុត្រីស្នេហ៍ស្នង ព្រះបាទច្បាស់ច្បង អភិសេកជាអគ្គជាយា ។
បទកាកគតិ
ស្ដេចរៀបអភិសេក បុត្រទាំងពីរឯក ឲ្យសោយរាជា មានទាំងរបាំច្រៀងរាំនានា សព្វគ្រប់ភាសា ខ្មែរចាមចិនយួន ។ រៀបលេងដោយសាសន៍ ច្រើនក្រៃដេរដាស ពេញពាសតាមក្បួន ខ្លះលោតអន្ទាក់ ខ្លះលាក់លេងពួន លែងល្បែងដោយខ្លួន ដោយសាសន៍តាមធ្លាប់ ។ ល្ខោនខោលចូលចេញ តាំងចាប់ផ្ដើមមិញគឺស្វាប្រចាប់ ស្វាខ្មៅស្វា-ស ក្បាច់ល្អចំណាប់ ក្បាច់ស្វាប្រចាប់ ចេញបើករោងណា៎ ។ មានទាំងល្ខោនយន្ត រូបរាងទន់ភ្លន់ វិស័យមនុស្សា ងីវចិនល្អលន់ គួរគន់ ទស្សនា ច្រៀងតាមភាសា ដោយបទភ្លេងគេ ។ មានទាំងងីវយន្ត រូបរាងល្អលន់ដូចល្ខោនយន្តខ្មែរ លេងរឿងសាមកុក សៃហាន់បន្លែ លុះព្រះសុរិយេ ព្រលប់ពន់ពេក ។ របាំខេមរា លេងណាំងរចនា មិនលេងងីវស្បែកក្បាច់ក្បូរល្អៗ រៀបអភិសេក ចៅសាញ់ជាឯក នគរនោះណា៎ ។ ទាំងយប់ទាំងថ្ងៃ សប្បាយពេកក្រៃប្រាំពីរទិវា យប់សោតអជុគោម តាមព្រះចន្ទ្រា លុះដល់សុរិយា ភ្លឺស្រាងស្រេចស្រាប់ ។ អភិសេកស្រេចហើយ ស្ដេចពុំព្រងើយ ប្រដៅក្ដីច្បាប់ ដល់បុត្រទាំងពីរតាមវេណីស្រាប់ ឲ្យដឹងសណ្ដាប់ ក្រមក្រឹត្យរាជា ។ អាសាញ់សោយរាជ្យ មែនមានអំណាច លើសព្រះបិតា សឹងបានសាន្តសុខ ឥតទុក្ខភយា ទាំងរាស្ត្រប្រជាឥតមានទុក្ខសោក ។ ខ្លះលក់ទំនិញ ដូចពីមុខមិញ ទិញគ្នាទៅមក គគ្រឹកគគ្រេងរអែករអោក ទិញដូរគ្នាយក តាមធម្មតាហោង ។ ឥតទុក្ខឥតភ័យ រកស៊ីសព្វថ្ងៃសប្បាយឥតហ្មង ចៅសាញ់សោយរាជ្យ អំណាចកន្លង ពុំផ្អើលដល់ម្ដង សុខស្ងប់ក្រៃលែង ។ រឿងព្រេងនិទាន ដែលអញខ្ញុំបាន នាំមកចារចែង តាមបែបទំនងចាស់ផងថ្លាថ្លែង អស់ប៉ុណ្ណេះឯង សូរេចចប់ហោង ។
គូគេចមិនរួច អាយុមិនអស់មិនស្លាប់
រឿង អាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្ដាប់ចាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្ដាប់ចាប៉ី» ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្ដីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អាប៉ាងថា «អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។
ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្ដាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្ដមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្ដីមីកន្តីឲ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។
ល្ងង់មើលតែខ្មោច
រឿងក្មេងកំព្រា
កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុំច្រៀកជាចម្រៀតតូចៗ ល្មមនឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជាជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុច ជាប់ត្រីប៉ុណ្ណោះ ។ ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យ មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ ។ ជួនជាថ្ងៃមួយនោះ ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់ភ្លើង អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់ យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅ កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ ។ ចំណេរចេរកាលមកខាងក្រោយ ឪពុកមានជំងឺជាទម្ងន់ ស្លាប់ទៅ ។ កូនទាំងពីរនៅកំព្រារញង់ ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅ ទើបប្អូននិយាយនឹងបងថា «ឱបងអើយ! កាលពីដើមយើងបានឪពុកទំនុកបម្រុង រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយ ចាំតែបរិភោគស្រាប់ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពិរនាក់សោតទៀត ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង ទាំងបងក៏នៅតូច ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា បើដូច្នេះ តើបងគិតយ៉ាងណា ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែល្ងាចនេះ, ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង! ដើរសូមទានគេឬដូចម្តេចហ៎ះ! ខ្ញុំមិនទៅសូមទេខ្មាសគេណាស់ ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្តេចក៏អូនថាយ៉ាងនេះ?» ។ ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ គំនិតមារយាទ ដូចអ្នកទាំងពួងដែរ» ។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ គំនិតមារយាទដូចង្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់ មិនអាចនឹងពុនរែក កាប់គាស់ លីសែងអ្វីបានឡើយ » ។ «ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក លី សែងឯណាដែរឬ? ម្តេចក៏វាចិញ្ចឹមកូនវារស់ ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀតបាន, ចុះបង ម្តេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង ?» ។ «ប្អូន! លាក់បាំងអី្វ! កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច ប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ បងចាំតែឆ្អិនតែម្ង ។ ម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុច ក៏បងមិនចាំ ហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណា ក៏បងមិនដឹងទាំអអស់, បើដូច្នោះ ឲ្យបងធ្វើដូចម្តេចកើត ឃើញតែការសំទានរកស៊ីឈ្នួលគេហ្នឹងហើយ ដូចជាស្រួលគ្រាន់បើ ប្អូន! ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ ទម្រាំយើងធំល្មរកស៊ីខ្លួនឯងបាន! ។ «ទេ!បង ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ ខ្មាសគេណាស់ ពីព្រោះពូជយើងមិនដែលសុំទាន ឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមក ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆានក៏ដោយ ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ, នៃបង! ប្អូនគិតឃើញថា «កាលបើមានអ្នកសម្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ ក៏បានទៅច្រកកោននឹងចៅហ្វាយនាយ យើងក៏បានស្រួលបន្តិចទៅ, តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សំឡក់ភ្លែកស្លែ ដូចភ្នែកមៀម គំហកគំរាមយើងដូចសត្វតិរិច្ឆាន តើយើងយកមុខទៅទុកឯណា? ម្យ៉ាងទៀត អ្នកចិត្តល្អក្តី អ្នកចិត្តអាក្រក់ក្តី កាលគេហុចរបស់មកឲ្យយើងដោយដៃគេ យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើងមាត់ជាមាត់ ដូចគ្នាទាំងអស់ ម្តេចក៏ដៃគេគ្មានសំពេះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកនា? អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?» ។ «បើដូច្នោះ ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ ។ «អើ! មិនងីទេបង! ប្អូនចាទាំងអស់, បងកុំព្រួយ! កុំគិតទៅសូមទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់ យើងនេះមិនមែនជាសត្វតិរិច្ឆាន គេវាយឯកើតវាយឯលិចដូចសុខនពេកទេ ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយង្វី សត្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង ប្អូនគិតការងារឪពុកទៅចុះ ។ ឯប្អូនជាក្មេងមានប្រាជ្ញា ក៏ប្រារព្ធធ្វើជុចកើត យកទៅដាក់ត្រីបានដូចបំណង ។ លុះថ្ងៃក្រោយកន្លងមកទៀត ប្អូនអង្គុយគិតតែម្នាក់ឯង មិនចេញវាចាប្រាប់បងសោះថា «ឪពុកអញ គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញាគាត់នៅខ្សោយណាស់, បើដូច្នោះ អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វជ្រូកព្រៃ ឈ្លូស រមាំងជាដើម ។ លុះគិតឃើញដូច្នោះហើយ ក៏និយាយប្រាប់បង «បង! យើងគិតទៅរកដាក់ជុចឯព្រៃវិញ ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វធំ ៗ មានសាច់ច្រើន» ។ បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន, ហើយក៏បណ្តើរគ្នាពិរនាក់បងប្អូន ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្តាលព្រៃ បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា «ប្អូន! បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូនឆ្លើយថា «កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹក គាត់តែងជីដីត្រង់កន្លែងណាសើមៗ យូរៗទៅ ចេញទឹកបាន, បើដូច្នេះ បងជីលមើល!» ។ «ជីកឯណាកើត រប់អស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ ចាំដើរទៅខាងមុខបន្តិចសិន ក្រែងជួនប្រទះទឹក» ។ ដើរបានបន្តិចទៅ ក៏ជួបប្រទះត្រពាំងមយយមានទឹកថ្លា ពាសពេញដោយផ្កាឈូកផ្លែឈូក បងប្អូទាំងបិរនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក បេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះ មួយស្របក់ ។ លុះមានកម្លាំងល្មនឹងដើរទៅទៀតបាន ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត មិនដែលមានមនុស្សណាទៅដល់សោះ បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា «បង! យើងឈប់នៅក្នុងព្រៃនេះហើយ មើលទៅព្រៃនេះសម្បូណ៌សត្វម្រឹគិម្រឹគាណាស់, យើងគិតធ្វើជាធ្នះមួយនៅលើចុងឆើ ហើយខ្ញុំរកផ្តៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ» ។ ប្អូនធ្វើហើយ ឲ្យបងនៅអាស្រ័យលើធ្នេះនោះទៅ ខ្លួនទៅរកបោចផ្តៅ យកមកធ្វើជុចដាក់សត្វព្រៃ រៀបធ្វើជាចំណារចារជុំវិញព្រៃ ហើយទុកតែផ្លូវ១ ល្មមសត្វនោះដើរចូលបាន ដូចជាធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ មានជ្រូកព្រៃមួយដើរសំដៅពីនាយមក ហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះ ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់ត្រង់កន្លែងដាក់ជុច ក៏ស្រាប់តែជាប់គ្នុងជុចកុមារ។ ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច ។ មិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ ឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយ ក៏ត្រេកអរពេកណាស់ នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរ ធ្វើជាអាហារបរិភោគ ។ ជូនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏អស់ប្រឆេះរលីង គ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក, បងទាល់គំនិត មិនដឹងគិតធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅព្រៃ បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា ឲ្យកើតជាភ្លើង ដុតអាំងបានតាមប្រាថ្នា ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។ វេលានោះ ប្អូននិយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅ បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ គាត់គាប់ឫស្សីយកមកកួតគ្នា ឲ្យកើតជាភ្លើងបាន, បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះចុះ ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង» ថាតែប៉ុណ្ណេះហើយ ក៏ទៅរកកាប់ឫស្សីបានយកមក ធ្វើតាមតម្រាឪពុកកើតមែន អាំងឆ្អើរជ្រូកនោះទៅតាមបំណង ឆ្អិនបានបរិភោគក្នុងវេលានោះទៅ ។ កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខ សប្បាយ រកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។ ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ តាំងតែពីសត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។ រាត្រីមួយ កុមារប្អូនបានឃើញដំរីស្តមួយយ៉ាងធំ ដើរក្បែររធ្នះនោះ ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា «ខ្ញុំចង់ស៊ីសាច់ដំរីណាស់ ត្បិតមានដំរីស្តមួយយ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បងនិយាយឃាត់ថា «ណ្ហើយប្អូន កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេ ឬថា ប្រសិនជាវាដើរមកជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង, កាលបើវាខឹងហើយ ថ្ងៃក្រោយវាមកព្រេចធ្នះយើង, ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង ស៊ីជាចំណីអាហារ ពុំលែងឡើយ» ។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។ ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្តៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច ដាក់ត្រង់កន្លែងដែលដំរីគោចរ ។ ឯដំរីដែលដើរមកសព្វរាត្រី ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញហើយ គ្មានអ្នកណាជាចំបងលើអញទៀតទេ» ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុច ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្តន់ ខំបម្រះននៀលស្រែករោទិ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច, មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរនាក់ បានឃើញដំរីជាប់ជុចស្លាប់ហើយ បបូលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ ដុតឆ្អើរដំរី ។ វេលានោះ ក្លិយឈ្ងុយសាច់ដំរី ក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្ស ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ អញនឹងទៅរកមើល ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ ហើយដោយស្មានទៅប្រហែលជាច្រើនផង បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់ កុំឲ្យអ្នកឆ្អើនេះនោះវាបានស៊ី » គិតដូច្នេះហើយ ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើងលើអាកាសវេហាស៍ ងាកមើលចុះឡើង ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី, គិតថា«ថ្ងៃនេះ ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់, បើដូច្នេះ តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុន ក្រែងក្មេងនេះវាភ័យនឹងអញ រត់ពួនបាត់តៅ ឥឡូវនឹងស៊ីក្មេង គ្មានអ្វីគ្រាន់ធ្វើជាបង្អែម សម្រាប់លាងមាត់ខាងក្រោយ» ។ នៅទីបំផុតនោះ យក្សសម្រេចចិត្តថា«ណ្ហើយ! អញស៊ីដំរីមុនចុះ ទុកក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ វាមិនមែនរត់ពួនទៅឯណាឡើយ ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ, វាមកពីស្រុកភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះម្ល៉េះហើយ វារត់ទៅណានឹងរួច» ទើបយក្សចូលទៅគម្រាមកុមារដែលកំពុងឆ្អើរដំរីនោះថា « វ៉ីអាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់» ។ កុមារទាំងពីរដើរចេញពីទីនោះទៅ ។ ប៉ុន្តែ កុមារបងមានសេចក្តីភិតភ័យតក្កមា ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹងប្រាកដអំពីសម្នាក់ចាស់ៗ គេនិយាយប្រាប់ថា «យក្សខ្លួនធម មានចង្កូមពីរ សម្រាប់ស៊ីមនុស្សលោក» តែមិនចេញវាចាប្រាប់ប្អូនឡើយ ។ ចំណែកខាងកុមារប្អូនគិតថា «មនុស្សនេះមកពីណា រូបរាងធំគម្រាំង ធ្មេញធំៗ សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់ ដងខ្លួនដូចក្របីដេកភក់ សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់ ពុកចង្កាស្រមេមស្រមាម ដូចបីសាចរាជភូត, អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេ បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ, មិនអីទេ! អាឯងព្រហើនហ៊ានស៊ីដំរី» ។ កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន ទៅឈរមើលយក្សស៊ីដំរី តែក្នុងចិត្តនឹកខ្នាញ់ពេកណាស់ មិនទាន់ចេញស្តី ថាដូចម្តេចៗឡើយ គ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះ ។ ពេលនោះយក្សសួរថា «នៃអាក្មេង! អាឯងធ្វើដូចម្តេច បានជាបានដំរីនេះយកមកឆ្អើរ?» ។ ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា «ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ! កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។ «យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ អញស៊ីអាឯងឥឡូវនេះហើយ» យក្សសួរគំរាមកុមារតូច ។ «អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស ។ «យីអើ! អាឯងធ្វើជុចដូចម្តេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយឲ្យត្រង់កុំហុក តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ, ពូឯងមើលចុះ! ជុចខ្ញុំនៅឯណោះហ្ន៎» ។ «ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន? » យក្សសួរសង្កត់សង្កិនកុមារ ។ «មែន» កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា «ពូឯងចងដឹង ចូលទៅក្នុងជុចខ្ញុំលងមើល!» ។ ដោយហេតុតែការមើលងាយថា «សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ» ថាហើយក៏ត្បុលក្បាលចូលទៅក្នុងជុច ផុតដៃផុតជើងទាំងអស់ ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ បម្រះននៀលបាក់ឈើព្រៃល្អឹតល្អោច ស្រែកទ្រហោរំពងព្រៃ, រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្របូលយកមកអស់ ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្រ្ត ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ រឹតតែតឹងឡើងៗ ស្ទើរនឹងដាច់ខ្យល់រកតែស្តីនិយាយស្ទើរតែមិនរួច ។ យក្សទើបដឹងថា«ជុចក្មេងនេះ ពូកែមែន បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេ នឹងស្លាប់អាសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា «ឱលោកអើយ! កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ, ហេតុតែសេចក្តីមើលងាយនេះហើយ បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ, ហេតុនេះ សូមលោកអាណិតខ្ញុំម្តងទៅចុះខុសម្តងឆ្គងមួយថ្ងៃ សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត កុំឲ្យតែខ្ញុំស្លាប់» ។ ឯកុមារ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា «ម៉េចអាឯងជឿអញទេ? ឥឡូវ មកធ្វើជានិយាយអង្វរ, ឯសាច់ដំរីអញ ឯងស៊ីអស់ ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯងទេ, ល្ងាចនេះ អញគ្មានអ្វីស៊ីសោះ ម្តងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង! ទៅរកកាប់ឫស្សីមកធ្វើត្រណោត ដោតថើ្លមអាខូចនេះអាំងស៊ី» ។ បងក៏ចុះពីធ្នះមកទាំអភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរ សម្បើម ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូននិយាយថា «ឈប់បង! កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន, ហ៎! ញ័រចង់អ្វីទៀតហើយ! កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!» ។ យក្សឮសម្តីកុមារនិយាយនឹងបងដូច្នោះហើយ រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយអង្វរកុមារទៀតថា «ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្តងទៅចុះ, ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមយួ ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត, ត្បិតខ្ញុំជាស្តេចយក្ស គ្រប់គ្រងអាណាប្រជានុរាស្រ្ត បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន ទាំងកូនប្រពន្ធខ្ញុំទឪត ក៏ពុំមានទីពឹង» ។ កុមារប្អូនសួរបញ្ជាក់យក្សថា «ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង កន្លែងនោះ បើបក់បោយទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្តេចខ្លះ?» ។ «តាមតែលោកចង់បានអ្វី បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ ក៏ស្រាប់តែបាត់អស់រលីង» ។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។ «មែន» ។ «ក្រែងកុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក តើឲ្យយើងធ្វើដូចម្តេច? យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្តេចសោយរាជ្យ ក្រែងរួចពីកណ្តាប់ដៃយើងទៅ បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វា អាំងស៊ីសម្រន់សេចក្តីឃ្លាន១ស្របក់ សិន» ។ បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។ យក្សឮកុមារតូចឲ្យបងយកកាំបិត មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់ស្មារតី ហើយនិយាយអង្វរកុមារនោះទៀតថា «សូមលោកទុកតែជីវិតឲ្យចុះ ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រា ហើយនៅធ្វើជាសេនារក្សាលោកទៀត » ។ កុមារប្អូនក៏សួរបញ្ជាក់យក្សថា «បើឯងនិយាយទៀតត្រង់មែន ណ្ហើយ! យើងអត់ទោសឲ្យបាន, តែយើងមិនដឹងជាឯងស្តេចសោយរាច្យនៅនគរណា ចុះធ្វើម្តេចឲ្យយើងទៅតាមយកនគរឯងបាន? » ។ «ឱលោក មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ ឲ្យតែលោកលែងខ្ញុំចុះ ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅរនគរខ្ញុំឯណោះ » ។ «ឯងធ្វើតម្រុយបែបណា?» ។ ខ្ញុំកាច់មែកឈើសស់បោះ ហែៗ តាមផ្លូវទៅកាលបើលោកអញ្ជើញទៅ សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ »។ កុមារទាំងពីរ ក៏ព្រមដោះយកចេញពីជុច ។ ឯយក្សបានរួចខ្លួនពីជុចហើយ ក៏ក្រាបថ្វាយបង្គំកុមារទាំងបីរ ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន ដេលនៅចាំក្លិងទ្វារទាំង ៧ ជាន់ថា «នែវ៉ីយ! ថ្ងៃស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក មកដណ្តើមរាជ្យអញ បើឯងឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូល តែកុំធ្វើទុកបុកម្នេញវាឡើយ គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់ អម្បាលអញដែលមានរឹទ្ធី មានអំណាចច្បាំងដណ្តើមយកនគរឯទៀតៗ បាន មកធ្វើជាប្រទេសរាជទាំងប៉ុន្មាន ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ, តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើវាមិនខ្លាចទេ បើកផ្លូវឲ្យវាចូលមកចុះ» ។ យក្សបានប្រាប់គ្រប់សេនាអ្នកចាក្លោងទ្វារទាំង៧ ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់ ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់ ក៏បណ្តើរគ្នាទៅនគរយក្សតាមតម្រុយមែកឈើ លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង ដែលនៅចាំក្លោងទ្វារទី៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយកម្លាបងឡើងថា «នែបង កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង! ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ» ។ ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន ឥតហ៊ានមាត់កអ្វីសោះ បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់ យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្តាំមួយរយ ខាងធ្វេងមួយរយ ។ ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា «នែ! អានេះក្រោកឡើង ! អញមកដល់ហើយដេកដល់ណាទៀត» ។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេកលក់ដូច្នោះ ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច ក៏ភិតភ័យមហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់ ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្រ្តី ព្រាហ្មព្រឹទ្ធ បុរោហិត បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ ។ លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ យក្សស្រែកប្រកាសថា «អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្តេចមនុស្សទាំងពីរនាក់នេះ ហើយត្រូវគោរពកោតខ្លាចយកចិត្តតុកដាក់ឲ្យដូចជាខ្លួនអញ ត្បិតអញប្រគល់រាជ្យ ឲ្យស្តេចមនុស្សលោកនេះសោយហើយ ។ អញសូមរួចតែខ្លួនប៉ុណ្ណោះទេ, ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្តេចមនុស្សលោកនេះចុះ» ។ ពួករាជសេវកាមាត្យទាំងអស់ ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណាមួយ ហ៊ាននិយាយថាដូចម្តេចឡើយ ។ យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។ ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ។
គិតគ្រប់សព្វដោយផ្លូវ ក្តីចន្លោះកុំបីមាន
Subscribe to:
Posts (Atom)